អ៊ីស្រាអែលនិយាយនៅថ្ងៃពុធម្សិលមិញថា ខ្លួនមិនទាន់កំណត់ពេលវេលាជាក់ច្បាស់ណាមួយក្នុងការបញ្ចប់នូវការប្រយុទ្ធគ្នាក្នុងតំបន់ Gaza របស់ប៉ាឡេស្ទីននោះទេ ខណៈការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល និងការបាញ់ផ្លោងរបស់ក្រុម Hamas កំពុងបន្តនៅឡើយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ទោះបីជាយ៉ាងនេះក្តី គេឃើញមានសញ្ញាជឿនលឿនខាងការទូតមួយ ដែលត្រូវបានលើកឡើងដោយប្រភពកងកម្លាំងសន្តិសុខអេហ្ស៊ីបថា ភាគីទាំងពីរបានយល់ព្រមគ្នាទៅលើគោលការណ៍នៃបទឈប់បាញ់មួយ បន្ទាប់ពីមានការជួយសម្របសម្រួលពីភាគីកណ្តាល ប៉ុន្តែភាពលម្អិតនៃកិច្ចព្រមព្រៀងឈប់បាញ់នោះ កំពុងស្ថិតក្នុងការចរចាគ្នាជាសម្ងាត់នៅឡើយ ហើយមានការបដិសេធជាសាធារណៈ។
មន្ត្រីពេទ្យប៉ាឡេស្ទីនលើកឡើងថា រហូតមកដល់ពេលនេះ មានមនុស្សប្រមាណ ២១៩នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេល១០ថ្ងៃកន្លងទៅនៃការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ដែលបានបំផ្លាញផ្លូវថ្នល់ អគារជាច្រើនកន្លែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក៏ដូចជាធ្វើឲ្យស្ថានភាពមនុស្សធម៌ដែលកំពុងតែលំបាកស្រាប់ក្នុងតំបន់ Gaza កាន់តែធ្ងន់ធ្ងរថែមទៀត។
ដោយឡែកអាជ្ញាធរអ៊ីស្រាអែលវិញលើកឡើងថា មានមនុស្សប្រមាណ១២នាក់ក្នុងប្រទេសរបស់ខ្លួន ត្រូវបានសម្លាប់ដោយគ្រាប់រ៉ុក្កែតរបស់ក្រុម Hamas ដែលបានបាញ់ផ្លោងឆ្លងព្រំដែនទៅលើអ៊ីស្រាអែលនោះ។
ដោយឡែក ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវនៅថ្ងៃពុធឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu «បន្ថយយ៉ាងខ្លាំងនូវភាពតានតឹង» បន្ទាប់ពីរយៈពេល១០ថ្ងៃនៃការប្រយុទ្ធគ្នារវាងភាគីទាំងពីរ។
នេះជាការដាក់សម្ពាធសាធារណៈដ៏ខ្លាំងបំផុតរបស់លោក Biden មកទល់ពេលនេះ លើសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួន ដោយលោកប្រធានាធិបតីអាមេរិក បានស្នើសុំក្នុងការសន្ទនាតាមទូរស័ព្ទឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលឆ្ពោះទៅរក«មាគ៌ាទៅកាន់បទឈប់បាញ់មួយ»។ នេះបើយោងទៅលើសេចក្តីថ្លែងការណ៍របស់សេតវិមាន ជុំវិញកិច្ចសន្ទនានោះ។
ការដាក់សម្ពាធបានកើនឡើងលើប្រធានាធិបតីអាមេរិក ក្នុងការធ្វើការឲ្យបានខ្លាំងជាងនេះ ខណៈការប្រយុទ្ធគ្នានេះ បានសម្លាប់ជីវិតមនុស្សអស់ជាង២០០នាក់ហើយនោះ៕