លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រកាសថា នឹងគ្មានការដោះលែងលោកកឹម សុខា មេបក្សប្រឆាំងដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុងនៅថ្ងៃទី៣០ ខែសីហាឆ្នាំទៅនោះទេ។
លោកហ៊ុន សែនថ្លែងបែបនេះ ក្រោយមានការរំពឹងថា លោកកឹម សុខា ប្រធានគណបក្សប្រឆាំង ដែលត្រូវបានឃុំខ្លួនអស់រយៈពេលជិតមួយឆ្នាំមកហើយនោះនឹងត្រូវបានដោះលែងនៅថ្ងៃទី៣០ខែសីហានេះ បន្ទាប់ពីអ្នកជាប់ឃុំ ដែលត្រូវបានគេហៅថាជា «ចំណាប់ខ្មាំងនយោបាយ»មួយចំនួនត្រូវបានលើកលែងទោសជាបន្តបន្ទាប់។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តីថ្លែងថា លោកកឹម សុខា ដែលជាមេបក្សប្រឆាំងកំពុងជាប់ឃុំគឺស្ថិតក្នុងនាមជាពិរុទ្ធជន មិនមែនជាទណ្ឌិតនោះទេ។ លោកបន្ថែមថា ជនដែលស្ថិតនៅជាពិរុទ្ធជនមិនទាន់កាត់ទោសនោះ មិនអាចស្នើឲ្យមានការលើកលែងទោសបានទេ។
លោកហ៊ុន សែនថ្លែងដោយមិនចំឈ្មោះអ្នកដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុងទេ តែសំដៅលើលោកកឹម សុខាថា៖
«ខ្ញុំសូមបញ្ជាក់ អ្នកនៅត្រពាំងផ្លុងនៅឋិតនៅក្នុងក្របខណ្ឌពិរុទ្ធជននៅឡើយ មិនមែនជាទណ្ឌិតទេ។ សូមផ្តាំ កុំភ្លើពេក។ នៅជាពិរុទ្ធជនទេ គ្មានអ្នកណាដោះលែងទេ»។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនក៏បានព្រមានឲ្យសមត្ថកិច្ចចាប់ខ្លួនអ្នកដែលបំផុសឲ្យមានការទៅរង់ចាំទទួលលោកកឹម សុខាពីពន្ធនាគារត្រពាំងផ្លុងផងដែរ។
លោកបញ្ជាក់ថា៖
«ខ្ញុំធ្វើនាយករដ្ឋមន្រ្តី យ៉ាងណាក៏ខ្ញុំមានព័ត៌មានគ្រប់គ្រាន់ដែរ។ អ្នកខ្លះទៅដេកត្បូងឃ្មុំល្ងាចនេះ ដើម្បីព្រឹកស្អែកគេទទួលគ្នាគេចេញពីគុក។ អាណាដោះលែង? បើគេមិនទាន់កាត់ទោសផង តើមានទោសឯណាសម្រាប់លើកឲ្យវា? ឯលើកលែងការចោទប្រកាន់ អត់ទេ! អ្នកណាជាអ្នកលើកលែង? រឿងនេះក្តីក្តាំក្នុងទោសក្បត់ជាតិ។ អ្នកណាជាអ្នកទទួលលើកលែងការចោទប្រកាន់? ក្នុងឋានៈខ្ញុំជារាជរដ្ឋាភិបាល ខ្ញុំនៅតែបន្តប្តឹងដាច់ខាត»។
កាលពីដើមខែ កញ្ញាឆ្នាំ២០១៧ លោក កឹម សុខាត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្តាលយប់យកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ដោយចោទថា លោកបានឃុបឃិតជាមួយបរទេស រៀបចំផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ រហូតមកដល់ពេលនេះ លោកកំពុងត្រូវបានឃុំខ្លួនរយៈពេលជិតមួយឆ្នាំ បន្ទាប់ពីការឃុំខ្លួនរយៈពេល៦ខែម្តង ត្រូវបានធ្វើឡើងជាបន្តបន្ទាប់។
ព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការជំនុំជម្រះ ទាំងនៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំដើម្បីសម្រេចថា ត្រូវបន្តឃុំខ្លួនលោកកឹម សុខាទៀត ឬយ៉ាងណា។
ក្រោយការប្រកាសរបស់លោកហ៊ុន សែន តែប៉ុន្មានម៉ោង ស្នងការនគរបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃពុធនេះ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយសរសេរភ្ជាប់នឹងវីដេអូនៃការបញ្ជារបស់លោកហ៊ុន សែនក្នុងន័យដើមថា៖«នគរបាលខេត្តត្បូងឃ្មុំ សូមគោរពទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រាប់យកទៅអនុវត្តឲ្យបានសម្រេចជោគជ័យមួយរយភាគរយ»។
ទន្ទឹមនឹងការប្រកាសថា មិនដោះលែងលោកកឹម សុខា លោកហ៊ុន សែនក៏បានព្រមានប្ដឹងលោកគឹម សុខ អ្នកវិភាគនយោបាយ ដែលទើបត្រូវបានដោះលែង ដើម្បីយកទៅដាក់ពន្ធនាគារវិញ ប្រសិនបើមិនបង់ប្រាក់សំណង៨០០លានរៀល ឬស្មើនឹងប្រមាណជា២០ម៉ឺនដុល្លារទៅគណបក្សប្រជាជនកម្ពុជាទេនោះ។
លោកបញ្ជាក់ថា៖
«អ្នករួចទោសដោយសាលក្រមផុតរលត់ត្រូវតែសងលុយជំពាក់គេ។ អីចឹង អ្នកណាដែលរួចទោសបែបនេះ គណបក្សប្រជាជនត្រូវគេជំពាក់គណបក្សប្រជាជន៨០០លានរៀល អីចឹងត្រូវរកលុយសង។ បើមិនសងលុយទេ ប្រហែលជាចូលគុកវិញ ព្រោះអ្នកឯងមិនសងលុយ។ អ្នកឯងជាប់ទោស រួចតែទោសទេ។ ប៉ុន្ដែលុយត្រូវសង។ បើករណីលើកលែងទោស អាហ្នឹងត្រូវរួចទាំងអស់។ អីចឹងត្រូវបែងចែកគ្នាឲ្យច្បាស់»។
ការព្រមានចាប់លោកគឹម សុខដាក់ពន្ធនាគារវិញធ្វើឡើងខណៈដែលលោកគឹម សុខនៅបន្តរិះគន់រដ្ឋាភិបាលរបស់លោកហ៊ុន សែនជាបន្តបន្ទាប់ ក្រោយចេញពីពន្ធនាគារនាពេលថ្មីៗ។
លោកគឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីអនុវត្តទោសចប់សព្វគ្រប់រយៈពេល១៨ខែ។
លោកគឹម សុខ កាលពីថ្ងៃទី១០ ខែសីហាឆ្នាំ២០១៧កន្លងទៅ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ និងពិន័យប្រាក់ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍ ដែលមានគណបក្សប្រជាជនកម្ពុជាជាដើមបណ្តឹង។
លោកគឹម សុខ អ្នកវិភាគនយោបាយដែលទើបត្រូវបានដោះលែងចេញពីពន្ធនាគារ ប្រាប់ VOA នារសៀលថ្ងៃពុធនេះថា លោកមិនមានប្រាក់សងលោកនាយករដ្ឋមន្រ្តីហ៊ុន សែននោះទេ។ លោកបន្ថែមថា លោកនៅតែបន្តការងារជាអ្នកវិភាគដើម្បីបង្ហាញពីភាពអវិជ្ជមានក្នុងសង្គម ហើយថា លោកបានត្រៀមខ្លួនជាស្រេចថា លោកនឹងត្រូវបានរដ្ឋាភិបាលរបស់លោកហ៊ុន សែនចាប់ខ្លួនដាក់ពន្ធនាគារម្តងទៀត។
លោកបញ្ជាក់ថា៖
«ការដោះលែងខ្ញុំ ដោះលែងដោយខ្ញុំបានអនុវត្តទោស១៨ខែគ្រប់ហើយ គ្រាន់តែជាការស្ទាបស្ទង់មើលទេថា ខ្ញុំចេញមកហ្នឹងធ្វើការងារបន្តទៀតអត់? ធ្វើការងារដែលខ្ញុំធ្លាប់ធ្វើបន្តទៀតអត់? បើខ្ញុំនៅតែបន្តធ្វើការងាររបស់ខ្ញុំ ខ្ញុំត្រូវប្រឈមនឹងអ្វីដែលដូចលោកនាយករដ្ឋមន្រ្តីមានប្រសាសន៍អីចឹង»។
ការដោះលែងសកម្មជននយោបាយ ការដោះលែងអ្នកការពារសិទ្ធិដីធ្លី និងការដោះលែងអ្នកសារព័តមានជាបន្តបន្ទាប់នេះធ្វើឡើងក្រោយលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនឈ្នះដាច់នឹងឈានទៅដឹកនាំប្រទេសដោយឯកបក្ស។
សហគមន៍អន្តរជាតិធំៗ ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រមទាំងបណ្តាអង្គការអន្តរជាតិធំៗមួយចំនួន នៅតែទទូចឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនដោះលែងលោកកឹម សុខាចេញពីពន្ធនាគារ អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ រស់ឡើងវិញ និងលើកលែងការព្យួរសិទ្ធិនយោបាយរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន១១៨រូប។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននៅតែអះអាងថា ខ្លួនអនុវត្តច្បាប់ទៅតាមបែបបទលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បើទោះបីជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកព្រមានដកការអនុគ្រោះពន្ធពីកម្ពុជា ដែលជាពន្ធផ្តល់ឲ្យកម្ពុជានូវប្រាប់ចំណេញរាប់រយលានដុល្លារក្នុងមួយឆ្នាំក្តី៕