ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​បន្ថែម​លើ​អ្នក​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា


រូបឯកសារ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។

​លោកស្រី Heather Nauert បាន​និយាយ​ថា៖ «ការ​ពង្រីក​បន្ថែម​នូវ​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​នេះ អាច​ដាក់​លើ​បុគ្គល​ទាំង​នៅ​ក្នុង និង​ក្រៅ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ទង្វើ​ប្រឆាំង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ដំណាក់​កាល​មុន​ថ្ងៃ​បោះ​ឆ្នោត​ថ្ងៃ​ទី ២៩ ខែ​កក្កដា‍»។

សហរដ្ឋ​អាមេរិក​នឹង​ពង្រីក​បន្ថែម​នូវ​ការ​ដាក់​កំហិត​ទិដ្ឋាការ​ដែល​ខ្លួន​បាន​ដាក់​កាល​ពី​ចុង​ឆ្នាំ​មុន លើ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង «ការ​បំផ្លិចបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា‍»។

ការ​ប្រកាស​ដូច​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​ឈ្នះ​បាន​អាសនៈ​ទាំង ១២៥ នៃ​រដ្ឋសភា។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោកស្រី Heather Nauert បាន​និយាយ​ថា៖ «ការ​ពង្រីក​បន្ថែម​នូវ​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​នេះ អាច​ដាក់​លើ​បុគ្គល​ទាំង​នៅ​ក្នុង និង​ក្រៅ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ទង្វើ​ប្រឆាំង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ដំណាក់​កាល​មុន​ថ្ងៃ​បោះ​ឆ្នោត​ថ្ងៃ​ទី ២៩ ខែ​កក្កដា‍»។

លោកស្រី​បាន​បន្ថែម​ថា៖ «ក្នុង​ករណី​ខ្លះ ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​នោះ​ក៏​ទទួល​នូវ​ការ​ដាក់​កំហិត​នេះ​ផង​ដែរ‍»។

ដោយ​ហៅ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថា​ជា​ការ​បោះ​ឆ្នោត «មិន​សេរី និង​យុត្តិធម៌» ក្រសួង​ការបរទេស​អាមេរិក​បាន​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ឲ្យ «រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ជាក់ស្ដែង​នានា​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ‍ ដោយ​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​បំពេញ​តួនាទី​សំខាន់​របស់​ពួកគេ​ដោយ​គ្មាន​ការ​រារាំង ដោះលែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត​ជា​បន្ទាន់ និង​បញ្ចប់​នូវ​ការ​ហាមឃាត់​គណបក្ស​ប្រឆាំង‍»។

ការ​បោះ​ឆ្នោត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ដាច់​ដោយ​ទទួល​បាន​អាសនៈ​រដ្ឋសភា​ទាំង​អស់​នេះ បាន​ធ្វើ​ឡើង​ដោយ​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ចម្បង​បំផុត​ចូលរួម បន្ទាប់ពី​គណបក្ស​ប្រឆាំង​នេះ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

ជ័យជំនះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឲ្យ​លោក ហ៊ុន សែន អាច​បន្ត​កាន់​អំណាច ៥ ឆ្នាំ​បន្ថែម​ទៀត។ នៅ​ក្នុង​សារ​លើ Facebook កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក ហ៊ុន សែន បាន​ការពារ​ការ​បោះ​ឆ្នោត​នេះ​ថា​ជា​ការ​បោះ​ឆ្នោត​សេរី និង​យុត្តិធម៌ និង​បាន​សរសើរ​ប្រជាពលរដ្ឋ​កម្ពុជា​ថា​បាន​ជ្រើសរើស​យក​សន្តិភាព និង​ការ​អភិវឌ្ឍ។

លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស បាន​ចោទ​ប្រកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថា ​បាន​បំប៉ោង​ចំនួន​អ្នក​ចេញ​មក​បោះ​ឆ្នោត។

លោក​បាន​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត «លេង​ល្បិច‍» ជាមួយ​នឹង​លទ្ធផល​បោះ​ឆ្នោត ដោយសារតែ​គណៈកម្មាធិការ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

XS
SM
MD
LG