ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​សី្រលង្កា​មាន​ការគាំទ្រ​តិចតួច​ពី​កសិករ​ដោយសារ​ទិន្នផល​ស្រូវ​ធ្លាក់ចុះ​ខ្លាំង


រូបឯកសារ៖ ប្រធានាធិបតី​ស្រីលង្កាលោក Gotabaya Rajapaksa ថ្លែង​សុន្ទរកថា​អំពី​គោលនយោបាយ​របស់​លោក​នៅក្នុង​សភា​ក្នុង​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។ (AP Photo/Eranga Jayawardena)
រូបឯកសារ៖ ប្រធានាធិបតី​ស្រីលង្កាលោក Gotabaya Rajapaksa ថ្លែង​សុន្ទរកថា​អំពី​គោលនយោបាយ​របស់​លោក​នៅក្នុង​សភា​ក្នុង​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។ (AP Photo/Eranga Jayawardena)

ប្រជា​កសិករ​របស់​ប្រទេស​ស្រីលង្កា​ធ្លាប់ជា​អ្នក​គាំទ្រដ៏​ខ្លាំង​ដល់​គណបក្រ​គ្រប់គ្រង​អំណាច​របស់លោក Rajapaksa ប៉ុន្តែ​ការដាក់​បម្រាម​ការនាំចូល​ជី​កសិកម្ម​ពី​បរទេស​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ដំណាំ​របស់​ពួក​គេ ក៏​ដូច​ជា​ប៉ះ​ពាល់​ដល់​ការ​គាំទ្រ​របស់​ពួ​គេ​ទៅ​លើ​គណបក្ស​នយោបាយ​ដែល​ធ្លាប់តែ​មាន​អំណាច ​និងការពេញ​និយម​ពី​ប្រជាពលរដ្ឋ​ស្រី​លង្កា​ក្នុង​ពេល​កន្លង​ទៅ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋាភិបាលរបស់​ប្រធានាធិបតី​ស្រីលង្កា​លោក Gotabaya Rajapaksa កាល​ពី​ឆ្នាំ​ទៅ​បាន​ដាក់​បម្រាមដល់​ការនាំចូលជី​កសិកម្មគីមី​ពី​ក្រៅ​ប្រទេស​ក្នុង​គោលបំណង​ដើម្បីរក្សា​រូបីយវត្ថុ​បរទេស​ និង​ជៀស​វាងការធ្លាក់​ចូល​ក្នុង​បំណុល​កាន់​តែជ្រៅ​ថែម​ទៀត។

លោក​ប្រធានាធិបតី Rajapaksa ចង់​ជំរុញ​ស្រីលង្កា​ឲ្យ​ក្លាយ​ជា​ប្រទេស​ទី​មួយ​ដែលធ្វើ​កសិ កម្ម​ដោយ​ប្រើប្រាស់​ជីសរីរាង្គ​ទាំង​ស្រុង។

ប៉ុន្តែការ​ប៉ុនប៉ង​របស់​លោក​នេះ​បាន​ក្លាយ​ជា​ការ​អន្តរាយ​មួយ។ ការប្រមូលផលពី​ដំណាំ​កសិ កម្ម​របស់​ប្រជា​ពលរដ្ឋ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ប្រាក់​ចំណូល​របស់​កសិករ​ស្រីលង្កា​ និង​ប៉ះពាល់​លើ​តម្រូវការ​សំខាន់ៗប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ដូចជា​ប្រេងឥន្ធនៈ​ ម្ហូបអាហារ ថ្នាំ​ពេទ្យ​ដែល​របស់​ទាំង​អស់​នេះ​កំពុង​មាន​ការខ្វះខាតនៅ​លើ​ទីផ្សារ ហើយ​មាន​តម្លៃ​ខ្ពស់​ខ្លាំង​ពេក។

លោក S Jaliyagoda អាយុ​៦៦​ឆ្នាំ​ ប្រធាន​សមាគម​កសិករស្រូវ​របស់​ស្រីលង្កា​និយាយ​ថា
«មហន្តរាយ​នេះ​គឺ​ជា​លទ្ធផល​នៃ​នយោបាយ​ ដែល​ដាក់​ចេញ​ដោយ​ក្រុម​មនុស្ស​ដែល​កំពុង​អង្គុយ​ក្នុងបន្ទប់​ម៉ាស៊ីនត្រជាក់​ដែលអត់​យល់​ពីការធ្វើ​ស្រែ​ចម្ការ​នោះឡើយ»។

ដោយ​ហៅ​ផែន​ការ​នោះ​ថា«ជា​ភាពល្ងង់ខ្លៅ​នោះ» ប្រធាន​សមាគម​កសិកររូប​នេះ​ និយាយ​ថា​ក្រុម​អ្នក​ជំនាញ​បាន​រិះគន់​ចំណាត់​ការ​នោះ ​ហើយ​ក្រុម​ប្រជាកសិករ​បាន​សម្តែង​នូវ​ការ​ជំទាស់​របស់​ពួក​គេ​ទៅ​លើផែន​ការ​នោះ។

លោក​បានថ្លែង​ប្រាប់ទីភ្នាក់​ងារ​ព័ត៌មាន AFP ថា «ក៏ប៉ុន្តែ​បើ​ទោះ​បី​ជា​មាន​ការ​ជំទាស់ ​និង​រិះ គន់​យ៉ាង​ណា​ក្តី ក៏​រដ្ឋាភិបាល​ស្រីលង្កា​នៅតែ​អនុវត្ត​ផែន​ការ​របស់​គេដោយ​ដាក់ចេញ​នូវគោលការណ៍​ដ៏​តឹង​រឹង​ហើយ​បង្ខំ​យើង​ឱ្យ​អនុវត្ត​វា និង​នៅ​ទីបញ្ចប់ ផែនការ​នេះ​ក៏​ត្រូវ​ទទួលបរាជ័យ»។

លោកបាន​ថ្លែង​ប្រាប់ទី​ភ្នាក់ងារ​ព័ត៌មាន AFP បន្ត​ទៀត​ថា «ទំនិញ​សព្វសារពើ​ឡើង​ថ្លៃយ៉ាង​ខ្លាំង។ ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​មាន​ការលំបាក​ខ្លាំង​ឡើងៗ​ ហើយ​ភាពអត់ឃ្លាន​បាន​ក្លាយ​ជា​រឿងទូទៅ​មួយ។ ដូច​នេះ​នៅ​ពេល​នេះ ប្រជាពលរដ្ឋ​បាន​បដិសេធ​មិន​គាំទ្រ​រដ្ឋាភិ បាល​ទៀត​នោះ​ទេ។

ប្រជាជន​ស្រីលង្កា១ភាគ៤​នៃ​ប្រជាពលរដ្ឋសរុប​ចំនួន​២២​លាន​នាក់​របស់​ប្រទេស​នេះ​ រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម៕

XS
SM
MD
LG