ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ស្រីលង្កា​ចុះ​កិច្ច​ព្រមព្រៀង​ចំនួន​ពីរ​ដើម្បី​ពង្រឹង​ចំណង​ទាក់​ទង​ការទូត​និង​ពាណិជ្ជកម្ម


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃជាមួយលោកប្រធានាធិបតី Maithripala Sirisena នៃប្រទេសស្រីលង្កា មុនកិច្ចប្រជុំមួយ នៅវិមានរដ្ឋាភិបាល ក្នុងក្រុងភ្នំពេញ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។

កម្ពុជា​និង​​​ស្រី​លង្កា​ទើប​តែ​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​ដើម្បី​ពង្រឹង​ចំណង​ការ​ទូត​និង​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​រួម​គ្នា។​ ប៉ុន្តែ​អ្នកវិភាគ​​ថា​ កម្ពុជា​​​ពិបាក​​​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​​​​ដោយសារ​ប្រទេស​ទាំងពីរ​មាន​កម្លាំង​ផលិត​ប្រហាក់​ប្រហែល​គ្នា​ក្នុង​វិស័យ​ឧស្សាហ​កម្ម​ និង​កសិកម្ម។

នៅ​ថ្ងៃ​ទីពីរ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​ប្រទេស​ស្រីលង្កា​នេះ​ ប្រទេស​កម្ពុជានិង​ប្រទេស​ស្រី​លង្កា​បាន​ចុះ​ហត្ថលេខា​លើអនុស្សរណៈ​យោគយល់​ចំនួន​ពីរ​ សំដៅ​ពង្រឹង​ទំនាក់​ទំនង​ការ​ទូតនិង​ជំរុញ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។​

អនុស្សរណៈ​យោគ​យល់​គ្នា​ទាំង​ពីរ​រួម​មាន​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់ ​រវាង​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំងពីរ​ និង​ អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នារវាង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ និង​សភា​ពាណិជ្ជ​កម្ម​ក្រុង​កូឡំបូ។

ប្រទេស​កម្ពុជា​និង​ប្រទេស​ស្រីលង្កា​បាន​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​គ្នានៅ​ឆ្នាំ​១៩៥២ ​ប៉ុន្តែ​ចំណង​ការ​ទូត​នេះ​បាន​ផ្តាច់​វិញ​ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​សង្គ្រាម​ស៊ីវិល​ដ៏​ច្របូក​ច្របល់​អំឡុង​ទសវត្ស១៩៧០។​ បន្ទាប់​មក​ប្រទេស​ទាំង​ពីរ​ភ្ជាប់​ទំនាក់​ទំនង​ការទូត​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៦។​

ដោយ​ឡែកការ​ដោះដូរពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំង​ពីរ​ស្ថិត​ក្នុង​កម្រិត​ទាប​នៅ​ឡើយ។​

យោង​តាម​របាយ​ការណ៍​ផ្លូវ​ការ​របស់​រដ្ឋា​ភិបាល​ បណ្តូរ​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំង​ពីរ​កាលពី​ឆ្នាំ​២០១៨​មាន​ទំហំ​៤​លាន​ដុល្លារ​គឺ​តិច​ជាង​ឆ្នាំ​២០១៧​ជិត​មួយ​លាន​ដុល្លារ​អាមេរិក។​

នាយក​រដ្ឋ​មន្ត្រីកម្ពុជា​លោក​ហ៊ុន សែន​ និង​លោក​លោក​ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena)​ ​ប្រធានាធិបតីស្រីលង្កា​ ​បាន​ធ្វើ​ជាអធិបតី​ក្នុង​ពិធីចុះហត្ថលេខា​លើអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ការ​ទូត​និង​ជំរុញ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ទៅវិញ​ទៅ​មក​ខាង​លើ​នេះ។​

មុនពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នោះ​ ប្រមុខ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​ជួប​សន្ទនា​គ្នាដើម្បី​ដោះ​ដូរ​ទស្សន​វិស័យ​រវាង​គ្នា។​

លោក​អ៊ាង សុផល្លែត ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ ប្រទេស​កម្ពុជានិង​ប្រទេសស្រីលង្កា​នឹង​ធ្វើការ​រួមគ្នា​បន្ថែម​ទៀតដើម្បី​ជំរុញ​ការ​ដាក់​ទុន​វិនិ​យោគ។

លោកអ៊ាង សុផល្លែត បញ្ជាក់​ថា ​ក្នុង​កិច្ច​សន្ទនា​ទ្វេភាគី​នោះ ​ លោក​ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ពីរពង្រីក​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឲ្យ​បាន​ធំជាង​កម្រិត​បច្ចុប្បន្ន​ផង​ដែរ។

«សម្តេច​បាន​មាន​ប្រសាសន៍​ថា​ ទំហំ​ពាណិជ្ជ​កម្ម​រវាងប្រទេស​ទាំងពីរគឺនៅ​តូច​នៅ​ឡើយ​ ដូច្នេះ​ប្រ​ទេស​ទាំង​ពីរ​គប្បី​ពិនិត្យ​លើ​លទ្ធភាពដទៃ​ទៀត​ ដើម្បី​ជំរុញ​ឲ្យ​មាន​ទំហំ​ពាណិជ្ជ​កម្ម​កាន់​តែ​ធំឡើង​ថែមទៀត​ និង​វិនិយោគ​កាន់តែច្រើន​ឡើង​ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ»។​

នៅ​ក្នុង​វេទិកា​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ម្សិលមិញ​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​ស្នើ​ឲ្យ​ប្រទេស​កម្ពុជា​និង​ប្រទេស​ស្រីលង្កា​សម្លឹង​មើល​ឱកាស​វិនិយោគ​ទៅវិញ​ទៅមក ​ព្រម​ទាំង​ស្វែង​រក​ឱកាស​ទីផ្សារ​ក្នុង​សមាគម​អាស៊ាន​ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​៦០០​លាន​នាក់​ផង​ដែរ។​

លោក​បណ្ឌិតឈាង វណ្ណារិទ្ធ​ នាយក​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ មាន​ប្រសាសន៍​ប្រាប់​ VOA ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ថា​ ការ​ពង្រីក​ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​អាច​មាន​ការ​ពិបាក​ ដោយសារ​សមត្ថភាព​នៃការ​ផលិត​ទំនិញ​របស់ប្រទស​ទាំងពីរ​នៅមាន​កម្រិត​នៅ​ឡើយ។​

«លទ្ធភាព​នៃ​ការ​ពង្រីក​ពាណិជ្ជកម្ម​ ​វា​នៅ​មាន​កម្រិត​ ពីព្រោះ​ថា​ ផលិត​ផល​វា​ប្រហាក់​ប្រហែល​គ្នា។​ វា​ស្រដៀង​នឹង​នេប៉ាល់​ដែរ។​ កាល​លើក​មុន​ ថ្នាក់​ដឹកនាំ​នេប៉ាល់គាត់​មក​ធ្វើ​ទស្សន​កិច្ច​កម្ពុជា​ហ្នឹង​ ក៏​ផ្នែក​កម្ពុជាជំរុញ​ផ្នែក​ពាណិជ្ជ​កម្ម​ហ្នឹង​ដែរ​ ក៏ប៉ុន្តែ​បើ​យើង​មើល​ទៅវា​ សក្តា​នុពល​ ក្នុង​ការ​ជំរុញ​ហ្នឹង​ វា​មាន​កម្រិត​នៅ​ឡើយ»។​

បើ​តាម​លោក​បណ្ឌិតឈាង​ វណ្ណារិទ្ធ​ ​កម្ពុជាអាច​ពិនិត្យ​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​មីក្រូហិរញ្ញ​វត្ថុទេសចរណ៍​ និង​វិស័យ​កម្មន្តសាល​ ដែល​រួម​មាន​ការ​ផលិត​គ្រឿង​បន្លាស់​សម្រាប់​ការ​នាំ​ចេញ។​ ដោយ​ឡែក​លើ​ចំណុច​ពង្រឹង​ទំនាក់​ទំនងទ្វេភាគី​វិញ ​លោក​យល់​ថា​ ​ប្រទេស​ទាំង​ពីរ​មានជំហរ​រួម​ដែល​បាន​គាំទ្រ​«គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជ​កម្ម»​ឬ ​BRI ​របស់​រដ្ឋាភិបាល​ប្រទេស​ចិន ​ដែល​ជំរុញ​ឲ្យ​ធ្វើ​សហប្រតិបតិ្ត​ការ​ទាំង​ពហុភាគី និង​ទេ្វភាគី។​

លោកម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា​ ប្រធានាធិបតី​ស្រីលង្កា​ បាន​ចាប់​ផ្តើម​ទស្សន​កិច្ច​រយៈពេល​បួន​ថ្ងៃ​របស់​លោក​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃពុធ​ម្សិល​មិញ​នេះ។ ​លោកបាន​ចូលរួម​វេទិកា​ធុរកិច្ច​កម្ពុជា​ និង​ស្រីលង្កា។​

នៅថ្ងៃ​នេះ​លោក​បាន​ចូល​គាល់​ព្រះ​មហា​ក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី ​និងជួប​សន្ទនា​ជាមួយ​លោក​នាយក​ដ្ឋ​មន្ត្រី​ហ៊ុន សែន។ ​លោក​គ្រោង​នឹង​ទៅ​ទស្សនាប្រាសាទ​អង្គរវត្ត​ និង​ប្រាសាទ​បាយ័នក្នុង​ខេត្ត​សៀមរាប​ មុន​នឹង​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​សិង្ហបុរី៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG