នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃពុធនេះ បានជំរុញអ្នកជំនួញរបស់កម្ពុជា និងប្រទេសស្រីលង្កា ឲ្យសម្លឹងមើលឱកាសវិនិយាគរវាងប្រទេសទាំងពីរនិងឱកាសវិនិយោគក្នុងទីផ្សារនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា ASEAN។
សមាគមអាស៊ានដែលមានប្រជាជនសរុបប្រមាណជា៦០០លាននាក់និងមានដៃគូពាណិជ្ជកម្មពីប្រទេសសេដ្ឋកិច្ចធំៗប្រចាំតំបន់ដូចជាចិន ឥណ្ឌា កូរ៉េខាងត្បូង អូស្រ្តាលី នូវ៉ែលហ្ស៊េឡង់ដ៍និងជប៉ុនជាដើម។ នេះបើយោងតាមលោកនាយករដ្ឋមន្ត្រីខ្មែរ។
លោក ហ៊ុន សែន ជំរុញយ៉ាងដូច្នេះក្នុងវេទិកាធុរកិច្ចកម្ពុជា និងស្រីលង្កា រៀបចំនៅរាជធានីភ្នំពេញ គឺភ្លាមៗក្រោយពីគណៈប្រតិភូស្រីលង្កាដែលដឹកនាំដោយលោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា(Maithripala Sirisena)បានមកដល់ប្រទេសកម្ពុជា។
«ដូច្នេះសក្កានុពល វាធំណាស់ វិនិយោគនៅកម្ពុជា ក៏ដូចជាក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលនឹងមានដៃគូដ៏ធំ ហើយដែលមានប្រជាជនប្រមាណ៣ពាន់លាននាក់ ឯណោះ បើបូកចិន និងឥណ្ឌា បូកនឹងបណ្តាប្រទេសអាស៊ាន និងប្រទេសដទៃទៀតគឺទីផ្សារមួយនេះគឺពិតជាធំ»។
ក្នុងឱកាសនេះដែរ លោកប្រមុខរដ្ឋាភិបាលខ្មែរបានលើកឡើងថា គិតត្រឹមឆមាសទី១ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានគម្រោងវិនិយាគចំនួន១៥៣ដែលស្មើនឹងទំហំទឹកប្រាក់សរុបចំនួនប្រាំពាន់ពីររយលានដុល្លារអាមេរិក($5,2 billion)។
ជាមួយគ្នានោះ លោក ហ៊ុន សែន ក៏បានលើកពីកំណើនភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រទេសកម្ពុជា ជាពិសេសកំណើនទេសចរស្រីលង្កាផងដែរ។
យ៉ាងណាក៏ដោយ លោក វ៉ាសាន់ថា សេនាណាណាយ៉ាកា រដ្ឋលេខាធិការក្រសួងការបរទេសស្រីលង្កា បានថ្លែងក្នុងវេទិកាធុរកិច្ចនោះ ដោយផ្តល់ការកត់សម្គាល់ថា បច្ចុប្បន្ននេះកម្ពុជា និងស្រីលង្កាបានធ្វើការនាំចេញ និងនាំចូលទៅមករវាងប្រទេសទាំងពីរផ្តោតសំខាន់លើស្រូវសាលី ក្រណាត់ប៉ាក់ កៅស៊ូ និងសម្លៀកបំពាក់។ លោកថា ប្រទេសទាំងពីរអាចសំឡឹងមើលសក្តានុពលផ្សេងទៀត ដូចជាការកែច្នៃ ភេសជ្ជៈ គ្រឿងអគ្គិសនី អេឡិចត្រូនិក ចំណីអាហារ ភេសជ្ជៈគ្មានសារធាតុអាល់កុល ហើយនិងឧបករណ៍បញ្ជាអេឡិចត្រូនិក និងពង្រីកផលិតកម្មដែលមានស្រាប់ដូចជា ថង់ប្លាស្ទិក កៅស៊ូឆ្អិន ក្រដាស និងក្រដាសកាតុងជាដើម។
តួលេខផ្លូវការបង្ហាញថា បណ្តូរពាណិជ្ជកម្មទេ្វភាគីកម្ពុជាស្រីលង្កាមានចំនួនតិចតួចនៅឡើយ។
ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ២០១៨កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីមានទំហំ១,៧លានដុល្លារអាមេរិក។ ដោយឡែកពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំ២០១៧មានទំហំ៤,៧លានដុល្លារអាមេរិក។
នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់ប្រធានាធិបតីស្រីលង្កាលោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា តាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ក្នុងដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃនេះ លោកគ្រោងនឹងចូលគាល់ព្រះមហាក្សត្រខ្មែរ ចូលរួមវេទិកាធុរកិច្ចនៃប្រទេសទាំងពីរ។បន្ថែមពីនោះលោកប្រធានាធិបតីគ្រោងនឹងចូលគាល់សម្តេចសង្ឃព្រះតេជគុណ សៅ ចាន់ធុល និងទៅទស្សនាមជ្ឈមណ្ឌលវិបស្សនានៅភ្នំឧត្តុង្គ។ បន្ទាប់មក លោកប្រធានាធិបតីនឹងបន្តដំណើរទៅកាន់ប្រទេសសិង្ហបុរីវិញ៕