ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៩​នាក់​ត្រូវ​បាន​ចាក់​ដោយ​កាំបិត​នៅ​ឯ​ហាង​លក់​ទំនិញ​មួយ​ក្នុង​សហរដ្ឋ​អាមេរិក


រូបភាពពីខាង​ក្រៅ​នៅ​កន្លែង​ដែល​មនុស្ស​ត្រូវ​បាន​គេ​ចាក់​ដោយ​ប្រើ​កាំបិត​នៅ​ហាង​លក់​ទំនិញ Crossroads Center ក្នុង​ក្រុង​​Saint Cloud រដ្ឋ Minnesota។
រូបភាពពីខាង​ក្រៅ​នៅ​កន្លែង​ដែល​មនុស្ស​ត្រូវ​បាន​គេ​ចាក់​ដោយ​ប្រើ​កាំបិត​នៅ​ហាង​លក់​ទំនិញ Crossroads Center ក្នុង​ក្រុង​​Saint Cloud រដ្ឋ Minnesota។

ពួក​ប៉ូលិស​បាន​និយាយ​ថា​ មនុស្ស​៩​នាក់​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​ចាក់​ដោយ​កាំបិត​នៅ​ក្នុង​អាគារ​មួយ​មាន​ហាង​លក់​ទំនិញ​ច្រើន​កាល​ពី​យប់ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​ Saint Cloud ​ក្នុង​រដ្ឋ​ Minnesota ​សហរដ្ឋ​អាមេរិក។

ការិយាល័យ​ FBI ​កំពុង​ស៊ើប​អង្កេត​ការ​ចាក់​នេះ​ដែល​អាច​ជា​«សកម្មភាព​ភេរវកម្ម​មួយ»។

ពួក​មន្ត្រី​ផ្នែក​ពង្រឹង​ច្បាប់​នៃ​ក្រុង​ Saint Cloud ​បាន​ធ្វើ​សកម្មភាព​ក្នុង​ពេល​៥​នាទី​ក្រោយ​ការ​ហៅ​ទូរស័ព្ទ​ទី​មួយ​ប្រាប់​អំពី​ហេតុការណ៍​នេះ​ ហើយ​ប៉ូលិស​ម្នាក់​ដែល​ផុត​ពី​ការ​បំពេញ​ការងារ​ហើយបាន​ឋិត​នៅ​ក្នុងអាគារ​មាន​ហាង​លក់​ទំនិញ​ច្រើន​នោះ​បាន​បាញ់​សម្លាប់​ជន​ជាប់​សង្ស័យ ​នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ដោយ​អាជ្ញាធរ។​

អភិបាលក្រុង​ និង​មេប៉ូលិស​ក្រុង​នេះ​ បាន​និយាយ​ថា​ បើ​គ្មាន​សកម្មភាព​«ប្រកប​ដោយ​វីរភាព»​របស់​ប៉ូលិស​រូប​នេះ​ទេ ស្ថានការណ៍​អាច​អាក្រក់​ជាង​នេះ។​

ទី​ភ្នាក់ងារ​ព័ត៌មាន​របស់​ពួក​រដ្ឋ​ឥស្លាម​ បាន​និយាយ​ថា​ការ​វាយ​ប្រហារ​ដោយ​ការ​ចាក់​នឹង​កាបិត​នេះត្រូវ​បាន​ធ្វើ​ឡើង​ដោយ​«ទាហាន​ម្នាក់​នៃ​ពួក​រដ្ឋ​ឥស្លាម»។

ពួក​ប៉ូលិស​បាន​និយាយ​ថា​ ជន​រង​គ្រោះ​ទាំង​៩​នាក់​បាន​ទទួល​ការ​ព្យាបាល​របួសប៉ុន្តែ​របួស​ទាំង​នោះ​មិនគំរាម​កំហែង​ដល់​ជីវិត​ទេ។​

លោក​ William Blair Anderson ​មេប៉ូលិស​ក្រុង​ Saint Cloud ​បាន​និយាយ​ថា​អ្នក​វាយ​ប្រហារ​បាន​ត្រូវ​រាយការណ៍​ថា​បាន​និយាយ​យោង​ដល់​ព្រះ​អាឡស់​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​កាំបិត​នេះ​នៅ​ឯ ​Crossroads​ Center​ ហើយ​បាន​សួរ​មនុស្ស​ម្នាក់​ថា​ គាត់​ជា​អ្នក​កាន់សាសនា​ឥស្លាម​ឬទេ។​

លោក​ Anderson ​មិន​បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា​ជា​សកម្មភាព​ភេរវកម្ម​ទេដោយ​សារ​ហេតុ​ដែល​ជំរុញ​ឱ្យ​មាន​ការ​វាយ​ប្រហារ​នេះ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ លោក​បាន​ថ្លែង​ថា៖ «យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ក្លា​និង​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់​អំពី​ការវាយ​ប្រហា​រនេះ»។

ពួក​រដ្ឋ​ឥស្លាម​ បាន​លើក​ទឹក​ចិត្ត​អ្វី​ដែល​ហៅ​ថា​ «ការ​វាយ​ប្រហារ​ដោយ​មនុស្ស​តែ​ឯក​ឯង​គ្មាន​ទាក់​ទិន​នឹង​នរណា» ក៏​ប៉ុន្តែ​ពួក​នេះ​ក៏​បាន​អះអាង​ទាមទារ​ថា​ ការ​វាយ​ប្រហារ​កាល​ពី​ពេល​មុនៗ​ជា​សកម្មភាព​របស់​ពួក​គេ​ដែរ​ ទោះ​ណា​ជា​គេជឿ​ថា​ការ​វាយ​ប្រហារ​ទាំង​នោះ​មិនត្រូវ​បាន​គ្រោង​ធ្វើ​ដោយ​ពួក​នោះ​ក៏​ដោយ។

ក្រុង​ Saint Cloud ​ឋិត​នៅ​ចម្ងាយ​ប្រមាណ​១១២គ.ម.​ទិស​និរតី​នៃ​ក្រុង​ Minneapolis ​ដែល​ជា​ធានី​នៃ​រដ្ឋ​ Minnesota៕

XS
SM
MD
LG