ការផ្ទុះដ៏ខ្លាំងមួយដែលធ្វើឲ្យរង្គើតំបន់ Chelsea នៃសង្កាត់ Manhattan ក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ ដែលបានធ្វើឲ្យមនុស្សចំនួន ២៩ នាក់រងរបួស គឺជា «សកម្មភាពដែលធ្វើឡើងដោយចេតនា» នេះបើតាមការបញ្ជាក់របស់អាជ្ញាធរក្រុងញូវយ៉ក។
អភិបាលក្រុងញូវយ៉កលោក Bill DeBlasio បានប្រកាសពេលដែលលោកកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាននៅតាមផ្លូវជិតកន្លែងផ្ទុះនោះថា ការផ្ទុះនេះគឺធ្វើឡើងដោយចេតនា។ ប៉ុន្តែ លោកបានបញ្ជាក់បន្ថែមថា គ្មានករណីអំពើភេរវកម្មណាមួយពាក់ព័ន្ធជាមួយនឹងការផ្ទុះនេះទេ។
លោកបន្តថា ប៉ូលិស និងមន្ត្រីអាជ្ញាធរផ្សេងទៀត មិនមានតំរុយណាមួយអំពីការគំរាមកំហែងផ្នែកភេរវកម្មនាពេលឥឡូវនេះចំពោះទីក្រុងញូវយ៉ក ដែលជាទីក្រុងដ៏ធំមួយបំផុតនៅក្នុងសហរដ្ឋអាមេរិកនោះទេ។ មេដឹកនាំពិភពលោកនានាបានធ្វើដំណើរមកកាន់ក្រុងញូវយ៉ករយៈពេលប៉ុន្មានថ្ងៃនេះ សម្រាប់កិច្ចប្រជុំកំពូលរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលធ្វើឡើងក្នុងសប្តាហ៍នេះ។
ការផ្ទុះនៅក្នុងតំបន់ Chelsea បានធ្វើឲ្យភ័យខ្លាចដល់មនុស្សរាប់រយនាក់ និងបានធ្វើឲ្យបែកកញ្ចក់បង្អួចផងដែរ។ គ្រាប់ផ្ទុះនេះ ត្រូវបានគេដាក់នៅក្នុងឡាំងលោហៈមួយ ដែលមានប្រវែងប្រហែល ២ ម៉ែត្របួនជ្រុង ដែលត្រូវមនុស្សភាគច្រើនថាអាចជាឡាំងដាក់សំរាម ឬឡាំងផ្ទុកឥវ៉ាន់ផ្សេងៗ ដែលប្រើដោយកម្មករដែលជួសជុលអគារក្បែរនោះ។
ប៉ូលិសបានបញ្ជាក់ថា អ្នករបួសនៅក្នុងហេតុការណ៍នេះទាំងអស់ មិនមានប៉ះពាល់ដល់អាយុជីវិត ទោះបីជាអ្នករបួសម្នាក់រងរបួសធ្ងន់ក៏ដោយ។
ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោងប្រហែលជា ៨ កន្លះយប់ថ្ងៃសៅរ៍ម្សិលមិញ ហើយសំឡេងផ្ទុះនេះត្រូវបានគេឮរហូតដល់រាប់រយម៉ែត្រឆ្ងាយពីកន្លែងផ្ទុះនេះទៅទៀត។ ការផ្ទុះនេះបានធ្វើឲ្យមានការជ្រួលច្របល់ និងធ្វើឲ្យមនុស្សម្នាមានការងឿងឆ្ងល់យ៉ាងខ្លាំង៕