អ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិម្នាក់កំពុងអំពាវនាវឲ្យបញ្ជូនករណីរបស់ប្រទេសមីយ៉ា់ន់ម៉ាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងបានព្យាយាមចោទ ប្រកាន់មីយ៉ាន់ម៉ាពីបទឧក្រិដ្ឋកម្មអន្តរជាតិ រួមទាំងការធ្វើទុក្ខបុកម្នេញលើក្រុមជនជាតិភាគតិចដែលបានបង្ខំឲ្យពួកគេរាប់លាននាក់ភៀសខ្លួនដោយបារម្ភពីអាយុជីវិតរបស់ពួកគេ។
អ្នកស៊ើបអង្កេតរូបនោះបានបញ្ជូនរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ា ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
នេះគឺជារបាយការណ៍ចុងក្រោយរបស់អ្នកស្រី Yanghee Lee ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងនាមជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ពេលអ្នកស្រី Leeទទួលតំណែងរបស់អ្នកស្រីកាលពី៦ឆ្នាំមុន អ្នកស្រីបាននិយាយថា អ្នកស្រីមានសុទិដ្ឋិនិយមដែលឥឡូវនេះតម្លៃលទ្ធិប្រជាធិបតេយ្យត្រូវបានបង្កើតឡើងយ៉ាងរឹងមាំនៅក្នុងប្រទេស។ អ្នកស្រីបានថ្លែងទៅកាន់ក្រុមប្រឹក្សាតាមរយៈវីដេអូពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
អ្នកស្រី Lee បានថ្លែងថា៖ «ប៉ុន្តែការបំផ្លិចបំផ្លាញនិងសោកនាដកម្មបានកើតឡើងពេញមួយអាណត្តិនៃការងាររបស់ខ្ញុំ ជំនួសឲ្យការរកឃើញប្រទេសដែលការពារនិងគោរពសិទ្ធិមនុស្ស ពិភពលោកនៅបន្តឃ្លាំមើល ខណៈការរំលោភសិទ្ធិមនុស្សនៅកើតឡើងជាប្រចាំ ហើយប្រទេសមីយ៉ាន់ម៉ាត្រូវបានចោទពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្រោមច្បាប់អន្តរជាតិ»។
អ្នកស្រី Lee បានបញ្ជាក់ពីការចោទប្រកាន់រំលោភសិទ្ធិមនុស្សជាច្រើន ដែលកើត ចេញពីជម្លោះរវាងយោធាមីយ៉ាន់ម៉ា និងក្រុមកងទ័ពបះបោរ Arakan ដែលឥឡូវនេះការប្រយុទ្ធនៅក្នុងរដ្ឋ Rakhine នេះ ឈានចូលដល់ឆ្នាំទីពីរហើយ។ កងទ័ព Arakanត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៩ និងបានប្រយុទ្ធនៅក្នុងរដ្ឋ Rakhine ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល។
អ្នកស្រី Lee បានថ្កោលទោសការកាត់ផ្តាច់ប្រព័ន្ធអ៊ិនធឺណិតដោយរដ្ឋាភិបាលកាល ពី៨ខែកន្លងទៅ។ អ្នកស្រីបាននិយាយថាការកាត់ផ្តាច់នេះបានធ្វើឲ្យប៉ះពាល់ដល់មនុស្ស១លាននាក់ ដែលភាគច្រើនគឺជាក្រុមជនជាតិភាគតិចនៅក្នុងរដ្ឋ Rakhine រួមទាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមផងដែរ។ អ្នកស្រី Lee ថ្លែងបន្តថា ទោះបីជាមានការកាត់ផ្តាច់នេះក៏ដោយ ក៏អ្នកស្រីនៅតែអាចទទួលបានរបាយការណ៍ប្រចាំថ្ងៃអំពីការដុតបំផ្លាញភូមិនានា ពលរដ្ឋរត់ភៀសខ្លួនចេញពីផ្ទះសម្បែង និងការបាត់បង់ជីវិតមនុស្សជាច្រើន។
អ្នកស្រី Lee បានថ្លែងថា៖ «ខណៈរដ្ឋាភិបាលបដិសេធពីការធ្វើទុក្ខបុកម្នេញដែលកំពុងបន្តកើតឡើងនេះ កាលពីប៉ុន្មានខែមុន មានជនជាតិរ៉ូហ៊ីងយ៉ារាប់រយនាក់ត្រូវបានស្ទាក់ចាប់នៅលើគោកឬតាម សមុទ្រ ដោយពួកគេសុខចិត្តប្រថុយនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាង មិនថាត្រូវគេចាប់ខ្លួន ដាក់គុក និងចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌយ៉ាងណាក៏ដោយ ឲ្យតែពួកគេអាចភៀសខ្លួនចេញពីស្រុកកំណើតបាន។ ខ្ញុំសូមឲ្យអ្នកពិចារណា តើកត្តាអ្វីបង្ខំឲ្យ ពួកគេសុខចិត្តរើសយកវិធីនេះ?»។
ការធ្វើទុក្ខបុកម្នេញនិងអំពើហិង្សាជាប់ពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ាកាលពីខែសីហាឆ្នាំ២០១៧ គឺជាមូលហេតុបង្កឲ្យជនជាតិរ៉ូហ៊ីងយ៉ាជាង៧សែននាក់ភៀសខ្លួនទៅប្រទេសបង់ក្លាដេស។
អ្នកស្រី Lee បានស្នើដល់សហគមន៍អន្តរជាតិឲ្យចាត់វិធានការយ៉ាងណាធ្វើឲ្យ មីយ៉ាន់ម៉ាទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលពួកគេបានប្រព្រឹត្ត។ អ្នកស្រីបានបញ្ជាក់បន្ថែមថា ប្រទេសនេះនឹងមិនអាចប្តូរទៅរករបបប្រជាធិបតេយ្យបានទេ លុះត្រាតែមានការបញ្ចប់និទណ្ឌភាព។ អ្នកស្រីថ្លែងបន្តថាជនល្មើសនៃការរំលោភសិទ្ធិមនុស្សនិងឧក្រិដ្ឋកម្មអន្តរជាតិត្រូវតែប្រឈមចំពោះមុខច្បាប់។
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវ លោក Kyaw Moe Tunបានថ្លែងថា វាជាការសំខាន់បំផុត ដែលអ្នករាយការណ៍ពិសេសស្តាប់ពីភាគីទាំងអស់អំពីវិបត្តិនេះប្រកបដោយវិជ្ជាជីវៈនិងភាពស្មោះត្រង់ដើម្បីធ្វើការសន្និដ្ឋានដោយអព្យាក្រឹត។
ដោយមិននិយាយចំឈ្មោះអ្នកស្រី លោកឯកអគ្គរដ្ឋទូតរូបនេះបានចោទកាន់អ្នកស្រី Lee ថាមិនបានធ្វើដូច្នេះ ដែលនេះជាការរំលោភលើអាណត្តិរបស់អ្នកស្រី ហើយអ្វីដែលអ្នកស្រីកំពុងធ្វើនេះគឺជាផ្នែកមួយនៃការបង្កើតបញ្ហា មិនមែនជាផ្នែកមួយនៃដំណោះស្រាយទេ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា