ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិស្ស​សាលា​នីហ្សេរីយ៉ា​ចូលរួម​ចលនា​សកលលោក​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ


រូបភាព​ឯកសារ៖ យុវជន​នីហ្សេរីយ៉ា​ប្រមូលផ្តុំ​គ្នា​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ នៅ​ក្នុង​ក្រុង​អាប៊ូហ្សា ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ យុវជន​នីហ្សេរីយ៉ា​ប្រមូលផ្តុំ​គ្នា​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ នៅ​ក្នុង​ក្រុង​អាប៊ូហ្សា ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។

ចលនា​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែល​គេ​ស្គាល់​ថា «Friday for Future‍» ឬថ្ងៃ​សុក្រ​ដើម្បី​អនាគត​ បាន​រីករាលដាល​ដល់​ប្រទេស​នីហ្សេរីយ៉ា​ ដែល​នៅ​ទីនោះ​ចលនា​នេះ​ដឹក​នាំ​ដោយ​យុវតី​សិស្ស​សាលា​អាយុ​១៦ឆ្នាំ​ម្នាក់​ឈ្នោះ Faithwins Iwuh។

ចលនា​ដែល​បាន​ចាប់​ផ្តើម​ឡើង​ដោយ​យុវតី​ជនជាតិ​ស៊ុយអ៊ែត​ឈ្មោះ Greta​Thurnberg​ នេះ​ ឥឡូវ​នេះ​មាន​ការ​ចូលរួម​ពី​សិស្សសាលា​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ដែល​កំពុង​ទាមទារ​ឲ្យ​ចាត់វិធានការ​ជា​បន្ទាន់​ទប់ទល់​នឹង​ការឡើង​កម្តៅ​ផែនដី។

នាង Faithwins Iwuh សកម្មជន​បរិស្ថាន​អាយុ១៦ឆ្នាំ​ ដែល​ពេល​ខ្លះ​ត្រូវ​បាន​គេ​ប្រដូច ទៅ​យុវតី Greta Thunberg សម្រាប់​ប្រទេស​នីហេ្សរីយ៉ា​ ចង់​ឲ្យ​ប្រទេស​នីហ្សេរីយ៉ា

ចូលរួម​នៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជា​សាកល​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ។
ដើម្បី​អាច​សម្រេច​តាម​បំណង ​នាង Iwuh បាន​ចាប់ផ្តើម​ដាំ​ដើមឈើ​នៅ​ជុំវិញ​សាលា​រៀន​របស់​នាង​ និង​ជុំវិញ​សហគមន៍​ដែល​នាង​រស់នៅ​ និង​បាន​ចាប់ផ្តើម​កែច្នៃ​ថង់​ប្លាស្ទិក​ធ្វើ​ជាថង់​សម្រាប់​គ្រប​ក្បាល​ពេល​ងូតទឹក។

នាង Iwuh មាន​ក្តី​កង្វល់​អំពី​បរិស្ថាន​ជាច្រើន​ឆ្នាំមក​ហើយ។ នាង Iwuh បាន​និយាយ​ថា៖ «ខ្ញុំ​ចាប់​ផ្តើម​មាន​អារម្មណ៍​មិន​ស្រឡះចិត្ត​ទាល់​តែ​សោះ​ រាល់​ពេល​ដែល​ខ្ញុំ​ឃើញ​នរណា​ម្នាក់​បោះ​ចោល​សំរាម​តាម​បង្អួច​ឬ​ក៏​ឃើញ​មនុស្ស​ដាក់​សំរាម​ខុស​របៀប។ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ពួកគេ​កំពុង​ធ្វើ​បាប​ខ្ញុំ​អ៊ីចឹង​ ដោយសារ​តែ​វា​ជា​អនាគត​របស់​ខ្ញុំ។ បើ​សិន​ជា​ខ្ញុំ​មិន​ចាត់​វិធានការ​អ្វី​នៅ​ពេល​នេះ​ទេ​ នោះ​ប្រហែល​ជា​អ្នកជំនាន់​ក្រោយ​នឹង​ប្រឈម​នឹង​បញ្ហា​អាកាសធាតុ​កាន់​តែធ្ងន់ធ្ងរ​ជាង​នេះ»។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​សិស្ស​សាលា​នីហ្សេរីយ៉ា​រាប់រយ​នាក់​បាន​ចូលរួម​នៅក្នុង​កូដកម្ម​អន្តរជាតិ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ឈ្មោះ​ថា Fridays For Future ​ឬ​ថ្ងៃសុក្រ​សម្រាប់​អនាគត​ ដែល​ធ្វើ​ឡើង​ដោយ​ពួក​សិស្សសាលា។

មាន​ការ​ប៉ាន់ស្មាន​ថា​សិស្សសាលា​ប្រហែល​៤លាននាក់​បាន​ចូលរួម​ក្នុង​ចលនា​នេះ ដែល​វា​បាន​ចាប់ផ្តើម​ដំបូង​កាល​ពី​ខែសីហាឆ្នាំ២០១៨ដោយ​នាង Thunberg។

កាល​ពីពេល​ថ្មីៗ​នេះ​ សិស្សសាលា​៣០០នាក់​មក​ពី​សាលារៀន​ចំនួន១០​នៅ​ប្រទេស​នីហ្សេរីយ៉ា​ បាន​ដើរ​ចេញ​ពី​ថ្នាក់រៀន​របស់​ពួកគេ។ អ្នកស្រី Fanny Nyalander អនុប្រធាន​បេសកកម្ម​ការទូត​ស៊ុយអ៊ែត​ប្រចាំ​ប្រទេស​នីហេ្សរីយ៉ា​បាន​ថ្លែង​ថា៖

«ខ្ញុំគិតថា​ វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​ឃើញ​ក្មេងៗ​ជំនាន់​ក្រោយ​មាន​ការ​ទទួល​ខុស​ត្រូវ​និង​ទាមទារ​ឲ្យ​មាន​វិធានការ​ម៉ឺងម៉ាត់​ដោះស្រាយ​ចំពោះ​បញ្ហា​បម្រែបម្រួលអាកាសធាតុ​ ពីព្រោះ​ថា​វា​គឺ​ជា​អនាគត​របស់​ពួកគេ​ និង​អនាគត​ភពផែនដី​របស់​ពួកគេ ដែល​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់។ ដូច្នេះ​វាជា​រឿង​អស្ចារ្យ​ និង​ជា​ការជំរុញ​ទឹកចិត្ត​មួយ​ក្នុង​ការណ៍​ដែលឃើញ​ថា​យុវវ័យ​ក្មេងៗ​នៅ​ប្រទេស​នីហ្សេរីយ៉ា​កំពុង​ក្រោកឈរ និង​ទាមទារ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ»។

សិស្សសាលា​នីហេ្សរីយ៉ា​នានា​ ដូចជា​នាង Iwuh កំពុង​ស្ថិត​នៅ​ជួរមុខ​នៃ​កូដកម្ម​របស់​សាសារៀន។ ប៉ុន្តែ​នាង Iwuh បារម្ភ​ថា​ការ​យល់ដឹង​របស់​មនុស្ស​ទូទៅ​អំពី​ការគំរាម​កំហែង​ដល់​បរិស្ថាន​នៅ​មាន​កម្រិត​ទាប។ នាង Iwuh បាន​និយាយ​ថា៖ «មិនមែន​មនុស្ស​ច្រើន​ទេ​ដឹង​អំពី​បញ្ហា​នេះ។ មាន​តែ​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ដឹង​អំពី​បញ្ហា​នេះ។ សំណាង​ល្អ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​ដែល​ដឹង​អំពី​បញ្ហា​នេះ​ ហើយ​ខ្ញុំ​កំពុង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​របស់ខ្ញុំ​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​យល់​ថា​ វា​ជា​ការចាំបាច់​ក្នុង​ការសង្គ្រោះភពផែនដី។

នីហ្សេរីយ៉ា​គឺ​ជា​ប្រទេស​នាំចូល​ម៉ាស៊ីន​ភ្លើង​ដែល​ប្រើ​ប្រេងឥន្ធនៈ​ធំជាង​គេ​បំផុត​នៅ​ទ្វីបអាហ្វ្រិក​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​កា្លយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​បំភាយ​ឧស័្មនផ្ទះ​កញ្ចក់​ខ្លាំង​ជាង​គេ​បំផុត។ ក្រុមអ្នកជំនាញ​ផ្នែក​បរិស្ថាន​ដូចជា​លោក David Michael​ ជាដើម​ បាន​ថ្លែង​ថា​ការប្រែប្រួល​អាកាស​ធាតុ​បាន​ប៉ះពាល់ធ្ងន់ធ្ងរ​នៅ​ប្រទេស​នីហេ្សរីយ៉ា។

លោក David Michael​ បាន​ថ្លែងថា៖ «ទ្វីបអាហ្វ្រិក​រួម​ចំណែក​តិចតួច​ប៉ុណ្ណោះ​ក្នុងការ​ធ្វើ​ឲ្យ​មាន​ការប្រែប្រួល​អាកាសធាតុ​គឺ​តិច​ជាង​៣ភាគរយ​ទៅទៀត​ ប៉ុន្តែ​ជា​អកុសល​ យើង​គឺ​ជា​ទ្វីប​ដែល​ងាយរងគ្រោះ​បំផុត ​ហើយ​ជា​ពិសេស​គឺ​ប្រទេស​នីហ្សេរីយ៉ា​តែ​ម្តង​ដែល​ទទួល​រងផល​ប៉ះពាល់​នៅ​គ្រប់​ទី​កន្លែង​ពាសពេញ​ប្រទេស​ ដូចជា​តំបន់​រាំងស្ងួត​ហួតហែង​នៅ​ភាគ​ខាង​ជើង​ កម្ពស់​ទឹក​សមុទ្រ​កើនឡើង​នៅភាគ​ខាងត្បូង និង​វិបត្តិ​រវាង​កសិករ​ និង​អ្នកឃ្វាលគោ​នៅ​ភាគកណ្តាល»។

នៅ​ឯ​សន្និសីទ​មួយ​កាល​ពី​ខែធ្នូ​ឆ្នាំមុន​ នីហេ្សរីយ៉ា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​និង​ដែនដី​ចំនួន​១៩៥ ​ដែល​បាន​យល់​ព្រម​ចាត់​វិធានការ​ទប់ស្កាត់​ការ​ឡើង​កម្តៅ​ផែនដី​ឲ្យ​នៅ​ត្រឹម​១,៥អង្សាសេ។ នៅ​ក្នុង​ពិភព​នយោបាយ​ជាក់ស្តែង​ ការសន្យា​នេះ​ទំនង​ជា​នឹងអាច​សម្រេច​បាន​ប្រសិន​បើ​មាន​សិស្សសាលា​កាន់​តែ​ច្រើន​ដូចជា​នាង Iwuhទាមទារ​ឲ្យ​មាន​វិធានការ​ជា​បន្ទាន់​ដើម្បី​ឆ្ពោះ​ទៅ​សម្រេចឲ្យបាន​នូវ​គោលបំណង​នេះ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG