អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានមានប្រសាសន៍នៅឯមហាសន្និបាតអង្គការសហប្រជាជាតិថា ពិភពលោកកំពុងតែចាញ់សមរភូមិប្រយុទ្ធជាមួយនឹងការប្រែប្រួលអាកាសធាតុ ប៉ុន្តែនៅតែមានពេលវេលាដើម្បីប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលនៃគ្រោះធម្មជាតិសកលលោកមួយនេះ។
លោក Guterres បាននិយាយថា៖ «យើងកំពុងតែឃើញមានសីតុណ្ហភាពមិនធ្លាប់មានពីមុនមក ព្យុះសង្ឃរាឥតឈប់ឈរនិងលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រដែលមិនអាចបដិសេធបាន។ ពិភពលោកកំពុងតែវិវត្តន៍ទៅមុខ ថ្វីត្បិតតែមិនស្ថិតក្នុងល្បឿនលឿនគ្រប់គ្រាន់មួយ ប៉ុន្តែក្នុងទិសដៅដ៏ត្រឹមត្រូវមួយ គឺការឃ្លាតឆ្ងាយពីការប្រើប្រាស់ប្រេងឥន្ធនៈផូស៊ីលនិងឈានទៅរកការប្រើប្រាស់ថាមពលផលិតឡើងវិញបាន»។
លោក Guterres បាននិយាយថា ដំណោះស្រាយចំពោះអ្វីដែលលោកហៅថាគឺជា«វិបត្តិអាកាសធាតុ» ត្រូវបានពិភាក្សានៅកិច្ចប្រជុំកំពូលស្ដីពីវិធានការចំពោះអាកាសធាតុរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទ។ លោកបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់មេដឹកនាំពិភពលោកក្នុងការស្វែងរកដំណោះស្រាយដើម្បីរក្សាឲ្យសីតុណ្ហភាពពិភពលោកកើនឡើងត្រឹម១,៥អង្សារសេ និងរក្សាតុល្យភាពការបញ្ចេញឧស្ម័នកាបូនិចត្រឹមឆ្នាំ២០៥០។
លោក Guterres បានអំពាវនាវឲ្យឈប់ប្រើប្រាស់ប្រេងឥន្ធនៈផូស៊ីលនិងបញ្ឈប់ការសាងសង់រោងចក្រផលិតថាមពលធ្យូង។ លោកក៏បាននិយាយថា ដល់ពេលដែលត្រូវជួយថវិកាបដិភាគដល់ឧស្សាហកម្មប្រេងឥន្ធនៈផូស៊ីលនិងឈប់យកពន្ធលើប្រាក់ចំណូលប្រចាំខែ ប៉ុន្តែយកពន្ធពីឧស្សាហកម្មដែលបំពុលបរិស្ថានជំនួសវិញ៕