កន្លែងបង់ថ្លៃពេលរថយន្តឆ្លងកាត់ Lekki ដែលជាកន្លែងប្រមូលផ្តុំមួយនៅលើមហាវិថីដ៏មហាញឹកក្នុងទីក្រុង Lagos បានក្លាយទៅជាកន្លែងប្រមូលផ្តុំគ្នាបង្ហាញពីទុក្ខសោករបស់ប្រជាជននីហ្សេរីយ៉ាដែលទាមទារឱ្យមានកំណែទម្រង់ស្ថាប័នប៉ូលិស។
នៅយប់ថ្ងៃទី២០ ខែតុលា សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា កងកម្លាំងសន្តិសុខ បានបើកការបាញ់ប្រហារលើក្រុមអ្នកតវ៉ាដែលធ្វើបាតុកម្មប្រឆាំងនឹងអង្គភាពពិសេសនីហ្សេរីយ៉ាប្រឆាំងអំពើប្លន់ ឬត្រូវបានគេស្គាល់ថា SARS។ បើយោងតាមអង្គការ Amnesty International មនុស្សយ៉ាងហោចណាស់១២នាក់ ត្រូវបានសម្លាប់នៅកន្លែងបង់ថ្លៃពេលរថយន្តឆ្លងកាត់ Lekki និងកន្លែងមួយផ្សេងទៀត ទោះបីជារដ្ឋាភិបាលនិយាយថា ប៉ូលិស២រូប បានស្លាប់ក៏ដោយ។
លោក Ephraim Osinboyejo អាយុ៣៩ឆ្នាំ ដែលជាអ្នកជំនួញម្នាក់ បានប្រាប់សារព័ត៌មាន Reuters ថា «កន្លែងនេះជាកន្លែងប៉ះទង្គិចគ្នា ប៉ុន្តែភាគច្រើន កងទ័ពធ្វើការបាញ់ប្រហារទៅលើជនស៊ីវិល ដែលមិនមានអាវុធ។ ពួកគេជាជនស៊ីវិលដែលធ្វើសកម្មភាពដោយសន្តិវិធី និងអនុវត្តសិទ្ធិធម្មនុញ្ញរបស់ពួកគេ»។
ការប្រឈមមុខដាក់គ្នារវាងប៉ូលិស និងក្រុមអ្នកតវ៉ា កើតមានជាច្រើនថ្ងៃ។ ការប៉ះទង្គិចនេះ បានបង្កឱ្យជនស៊ីវិលយ៉ាងហោចណាស់៥១នាក់ ប៉ូលិស១១នាក់ និងទាហាន៧នាក់ស្លាប់ នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាល។
រដ្ឋាភិបាលនីហ្សេរីយ៉ាបានសន្យាថា នឹងធ្វើការស៊ើបអង្កេត និងកំណែទម្រង់ស្ថាប័នប៉ូលិស។ រដ្ឋាភិបាលបានបញ្ឈប់អង្គភាព SARS ចាត់តាំងមន្ត្រីក្នុងអង្គភាពនេះទៅអង្គភាពផ្សេង និងសន្យាបណ្តុះបណ្តាលផ្នែកសិទ្ធិមនុស្សបន្ថែមទៀត។
មានការស៊ើបអង្កេតជាច្រើន កំពុងត្រូវបានធ្វើឡើងដើម្បីពិនិត្យមើលការរំលោភបំពានអំណាចរបស់ប៉ូលិសដែលត្រូវបានគេចោទប្រកាន់។ កាលពីខែវិច្ឆិកា ក្រុមមន្ត្រីបានទទួលស្គាល់ថា ទាហានពិតជាបានប្រើប្រាស់កាំភ្លើងគ្រាប់ពិតនៅកន្លែងបង់ថ្លៃពេលរថយន្តឆ្លងកាត់ Lekki ប៉ុន្តែពួកគេនៅតែទទូចថា កងកម្លាំងមិនមានបាញ់ប្រហារទៅលើហ្វូងមនុស្ស និងបានធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន។
លោក Lai Mohammed រដ្ឋមន្ត្រីព័ត៌មាននីហ្សេរីយ៉ាបានថ្លែងនៅក្នុងសន្និសីទកាសែតមួយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៩ ខែវិច្ឆិកាថា «នៅត្រង់ចំណុចនេះ វាមានសារៈសំខាន់ណាស់ក្នុងការនិយាយថា រដ្ឋាភិបាលសហព័ន្ធពេញចិត្តនឹងតួនាទីរបស់ទីភ្នាក់ងារសន្តិសុខ ជាពិសេសយោធា និងប៉ូលិសនៅក្នុងវិបត្តិបញ្ឈប់អង្គភាព SARS។ ទីភ្នាក់ងារសន្តិសុខមានវិជ្ជាជីវៈ និងមានកម្រិតក្នុងការឆ្លើយតបរបស់ខ្លួន។ សូម្បីតែនៅពេលដែលអាយុជីវិតរបស់ពួកគេប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ ពួកគេបានអនុវត្តនូវសកម្មភាពដោយប្រុងប្រយ័ត្នខុសពីធម្មតាដែរ»។
ទោះជាយ៉ាងនេះក្តី ខណៈដែលក្រុមប្រឹក្សាយុត្តិធម៌នីហ្សេរីយ៉ានៅបន្តការស៊ើបអង្កេតរបស់ខ្លួនលើការប្រើប្រាស់កម្លាំងហួសហេតុរបស់ប៉ូលិស អង្គការចំនួន ១៥៤ នៅជុំវិញពិភពលោក បានស្នើសុំឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិនៅក្នុងទីក្រុងឡាអេ ឱ្យធ្វើការស៊ើបអង្កេតដោយឡែកមួយទៀត។
អង្គការសិទ្ធិមនុស្សនិយាយថា អង្គភាព SARS គឺជាសញ្ញា និងឧទាហរណ៍ការប្រើប្រាស់កម្លាំងហួសហេតុ។
លោក Adotei Akwei នាយកគ្រប់គ្រងផ្នែកទំនាក់ទំនងរដ្ឋាភិបាលរបស់អង្គការ Amnesty International នៅសហរដ្ឋអាមេរិកបានប្រាប់ VOA ថា «អង្គភាពនេះមានជាប់ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធ និងដ៏អាក្រក់មួយ រួមទាំងការធ្វើទារុណកម្ម ការសម្លាប់ដោយមិនមានការកាត់ទោសពីតុលាការ និងការឃុំខ្លួនតាមទំនើងចិត្ត។ ពួកគេស្ទើរតែមិនខ្វល់ពីការរិះគន់ និងបានក្លាយជាគោលដៅនៃក្តីបារម្តរបស់ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសិទ្ធិមនុស្សអន្តរជាតិ និងក្នុងស្រុកអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។
លោកបានបន្ថែមថា «ដូច្នេះនៅពេលដែលមានការប្រកាសថា អង្គភាពនេះនឹងត្រូវបញ្ឈប់ មួយផ្នែកវាតំណាងឱ្យការវិវត្តទៅមុខដ៏សំខាន់មួយ។ ប៉ុន្តែគិតមួយបែបទៀត វាមិនមានន័យអ្វីនោះទេ។ វាធ្វើឱ្យមានការតវ៉ា ដែលជាប់ពាក់ព័ន្ធទៅនឹងការអំពាវនាវឱ្យមានកំណែទម្រង់ក្នុងវិស័យសន្តិសុខជាប្រព័ន្ធ និងទូលំទូលាយមួយ និងកំណែទម្រង់ស្ថាប័នប៉ូលិស»។
ក្រុមអ្នកតវ៉ានិយាយថា ការបញ្ឈប់អង្គភាព SARS មិនគ្រប់គ្រាន់នោះទេ។ ពួកគេកំពុងអំពាវនាវឱ្យមានកំណែទម្រង់ប៉ូលិសរយៈពេលវែងនៅគ្រប់កម្រិត ហើយពួកគេនិយាយថា ការទាមទាររបស់ពួកគេមិនទាន់ត្រូវបានធ្វើតាមនៅឡើយទេ។
មានការចោទប្រកាន់ថា កងកម្លាំងសន្តិសុខនីហ្សេរីយ៉ានៅបន្តប្រើប្រាស់យុទ្ធសាស្ត្រដោយប្រើកម្លាំងខ្លាំងៗប្រឆាំងនឹងសាធារណជន និងបានធ្វើដូច្នេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
នៅក្នុងការបិទសកម្មភាពសង្គមដោយសារជំងឺកូវីដ១៩កាលពីរដូវក្តៅ គណៈកម្មាការសិទ្ធិមនុស្សនីហ្សេរីយ៉ាថ្នាក់ជាតិបានរកឃើញថា កងកម្លាំងសន្តិសុខបានសម្លាប់មនុស្ស១៨នាក់។ អង្គការសិទ្ធិមនុស្សនិយាយថា វប្បធម៌នៃការរំលោភបំពានរបស់ប៉ូលិសមាននៅគ្រប់ទីកន្លែង។
នៅក្នុងប្រទេសក្នុងទ្វីបអាហ្រ្វិកដែលមានប្រជាជនច្រើនជាងគេនេះ អ្នកតវ៉ាជាច្រើនជាមនុស្សវ័យក្មេង។ អ្នកវិភាគនិយាយថា ការខឹងសម្បាជាសាធារណៈរបស់ពួកគេ ទំនងនឹងបន្តកើតឡើងតទៅទៀត។
អ្នកស្រី Chiedo Nwankwor ដែលមានសញ្ជាតិនីហ្សេរីយ៉ា និងជានាយកកម្មវិធី SAIS Women Lead ដែលជាកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅសាកលវិទ្យាល័យ Johns Hopkins បាននិយាយក្នុងន័យដើមថា «មានរឿងច្បាស់ ត្រូវទេ? អ្វីដែលច្បាស់គឺថា យុវជននៅនីហ្សេរីយ៉ាចាប់ផ្តើមក្រោកឡើង។ ពួកគេបានសម្រេចចិត្តថា ពួកគេមានសំឡេងមួយ ហើយរដ្ឋាភិបាលត្រូវស្តាប់សំឡេងរបស់ពួកគេ ឬពួកគេធ្វើការតវ៉ា»។
កិច្ចប្រឹងប្រែងនៃប្រទេសនីហ្សេរីយ៉ាក្នុងការធ្វើកំណែទម្រង់ កំពុងត្រូវបានតាមដានយ៉ាងដិតដល់នៅក្នុងសហរដ្ឋអាមេរិក ទីដែលក្រុមអ្នកតវ៉ាក៏បានដើរក្បួននៅក្នុងឆ្នាំនេះផងដែរ ដើម្បីទាមទារឱ្យមានកំណែទម្រង់ប៉ូលិស។
បន្ទាប់ពីការតវ៉ាបានរាលដាលនៅទូទាំងប្រទេសនីហ្សេរីយ៉ានៅក្នុងខែតុលា អ្នកស្រី Sheila Jackson Lee សមាជិកសភាសហរដ្ឋអាមេរិកក្នុងរដ្ឋ Texas បានដើរក្បួនជាមួយនឹងអ្នកគាំទ្ររបស់អ្នកស្រីនៅអគារសហព័ន្ធ Mickey Leland នៅក្នុងក្រុង Houston ដើម្បីបង្ហាញពីការរួបរួមជាមួយនឹងអ្នកតវ៉ានីហ្សេរីយ៉ា។
អ្នកស្រី Lee បានថ្លែងក្នុងន័យដើមថា «ពួកគេចង់បានប្រទេសនីហ្សេរីយ៉ាដែលមានសេរីភាព សន្តិភាព មិនមានការសម្លាប់មនុស្សដែលមិនមានទោស។ ពួកគេក្តៅក្រហាយជាមួយនឹងអំពើហិង្សា ការដុតផ្ទះសម្បែងដែលពួកគេបានឃើញ និងការសម្លាប់នៅទីកន្លែងដែលពួកគេបានឆ្លងកាត់។ ពួកគេមានវីដេអូបង្ហាញពីការបាញ់ប្រហារភ្លាមៗរបស់មន្ត្រីយោធា ដែលអាចធ្វើឱ្យអ្នកខ្លោចចិត្ត ដោយសារតែអ្នកដឹងថា មនុស្សមិនមានអាវុធទាំងនោះ ដែលបានបាត់បង់ជីវិតនៅយប់នោះជាកូនប្រុស ឬកូនស្រីរបស់អ្នកណាម្នាក់»។
អ្នកស្រី Opal Tometi សកម្មជនសិទ្ធិមនុស្សអាមេរិកាំងដើមកំណើតនីហ្សេរីយ៉ា និងជាសហស្ថាបនិកនៃចលនាជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ ឬ Black Lives Matter នៅក្នុងសហរដ្ឋអាមេរិកនិយាយថា នីហ្សេរីយ៉ាត្រូវអនុញ្ញាតឱ្យមានការបង្ហាញពីការមិនពេញចិត្តរបស់សាធារណជន។
អ្នកស្រី Tometi បានប្រាប់ VOA ថា «ភាពឃោរឃៅដែលក្រុមអ្នកតវ៉ាបានជួបប្រទះមិនមានហេតុផលត្រឹមត្រូវនោះទេ។ ពួកគេមានសិទ្ធិជួបប្រជុំ ពួកគេមានសិទ្ធិធ្វើការតវ៉ា។ ក្នុងករណីជាច្រើន វាជាតួនាទីរបស់ពួកគេក្នុងការតវ៉ា នៅពេលពួកគេត្រូវធ្វើដូច្នេះ គឺនៅពេលពួកគេទៅដល់ចំណុចមួយដែលពួកគេមិនមានជម្រើស»៕