ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គភាព​ប៉ូលិស​ពិសេស​ប្រឆាំង​នឹង​ការ​ឆក់ប្លន់​នៃ​ប្រទេស​នីហ្សេរីយ៉ា​ត្រូវ​បាន​លុបចោល​ បន្ទាប់​ពី​មាន​ការ​តវ៉ា


មន្ត្រីប៉ូលិសនីហ្សេរីយ៉ាចាប់ខ្លួនបាតុករម្នាក់ នៅក្បែរច្រកទ្វារ Lekki toll ក្នុងទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

នៅ​ក្នុង​សុន្ទរកថា​នៅ​ពាក់​កណ្តាល​ខែ​តុលា លោក Muhammadu Buhari នាយករដ្ឋមន្ត្រី​នីហ្សេរីយ៉ា​ បាន​និយាយ​ថា ប៉ូលិស​នៅ​ក្នុង​អង្គភាព​ពិសេស​ប្រឆាំង​អំពើ​ប្លន់​ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​ខុស​ឆ្គង​របស់​ខ្លួន និង​ត្រូវ​មាន​យុត្តិធម៌។ លោក​បាន​និយាយ​ថា ការ​បញ្ឈប់​អង្គភាព​នេះ ​គឺ​ជា​ជំហាន​ដំបូង​ក្នុង​កំណែ​ទម្រង់​ប៉ូលិស​ទ្រង់ទ្រាយ​ធំ​ដើម្បី​ធានា​ថា តួនាទី​ចម្បង​របស់​ប៉ូលិស ​គឺ​ការពារ​អាយុជីវិត​និង​ជីវភាព​របស់​ពលរដ្ឋ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Davvyd Moore ដែល​អ្នក​ចម្រៀង និង​អ្នក​និពន្ធ​ចម្រៀង​ បាន​ចូលរួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​អង្គភាព​ប៉ូលិស​នៅ​ក្នុង​ក្រុង Lagos កាលពី​ថ្ងៃទី១២ ខែតុលា។ លោក​បាន​និយាយ​ថា ការ​សន្យា​ណា​មួយ​របស់​រដ្ឋាភិបាល​ត្រូវ​តែ​មាន​ការ​អនុវត្ត​ពិតប្រាកដ ដោយសារ​តែ​ពលរដ្ឋ​នីហ្សេរីយ៉ា​បាន​ឃើញ​ថា ការ​សន្យា​ចំពោះ​កំណែ​ទម្រង់​ប៉ូលិស​កាលពី​មុន ​មិន​ត្រូវ​បាន​អនុវត្ត​នោះ​ទេ។

លោក Moore ជឿជាក់​ថា រដ្ឋាភិបាល​គ្រាន់​តែ​ព្យាយាម​ធ្វើ​ឱ្យ​បាតុករ​ឈប់​ខឹង​តែ​ប៉ុណ្ណោះ។

អ្នក​និពន្ធ​ចម្រៀង​រូប​នេះ និង​សកម្មជន​ផ្សេង​ទៀត​កំពុង​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​លើ​ប៉ូលិស​ដែល​ប្រព្រឹត្ត​ខុស និង​ដាក់​ទណ្ឌកម្ម​ដោយ​ស្ថាប័ន​ឯករាជ្យ​មួយ និង​ត្រូវ​មាន​ការ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ពេល​ធ្វើ​ការ​តវ៉ា​ ដែល​កំពុង​តែ​កើត​ឡើង​នេះ។​

លោក​បាន​និយាយ​ថា ក៏​ត្រូវ​មាន​យុត្តិធម៌​សម្រាប់​មនុស្ស​ដែល​ប៉ូលិស​បាន​សម្លាប់ ឬ​រំលោភ​បំពាន​ផង​ដែរ។

លោក Moore បាន​និយាយ​ថា ​របាយការណ៍​នៃ​ការ​ចាប់​ខ្លួន ការ​រំលោភបំពាន និង​ការ​ស្លាប់​នៅ​ក្នុង​ការ​តវ៉ា​មិន​បាន​ធ្វើ​ឱ្យ​មាន​ការ​រាថយ​នោះ​ទេ។

លោក Moore បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «វា​នឹង​មិន​បញ្ឈប់​យើង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​ជា​ការ​ជំរុញ​ទឹក​ចិត្ត​យើង។ សាក​ស្រមៃ​មើល​ពី​មូលហេតុ​ដែល​ការ​ស្លាប់​របស់​យើង​មាន​តម្លៃ។ អ្នក​ឃើញ​មនុស្សម្នា​ស្លាប់ ហើយ​អ្នក​ដឹង​ថា មាន​មនុស្ស​ស្លាប់។ អ្វី​ដែល​យើង​បាន​ចាប់​ផ្តើម ប្រសិនបើ​យើង​មិន​បញ្ចប់​វា​នោះ​ទេ នោះ​ជា​រឿង​ដ៏​កំសាក។ យើង​នឹង​មិន​ដកថយ​នោះ​ទេ ទោះ​ជា​មួយ​វិនាទី​ក៏​ដោយ។ យើង​នឹង​បន្ត​ទៅ​មុខ រហូត​រដ្ឋាភិបាល​ផ្តល់​ឱ្យ​យើង​នូវ​អ្វី​ដែល​យើង​ទាមទារ»។

រូបឯកសារ៖ យុវជននីហ្សេរីយ៉ាធ្វើបាតុកម្មប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលិស នៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ យុវជននីហ្សេរីយ៉ាធ្វើបាតុកម្មប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលិស នៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។

អ្នកស្រី Osai Ojigho នាយិកា​ការិយាល័យ​អង្គការ Amnesty International នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ បាន​និយាយ​ថា អង្គការ​សិទ្ធិ​មនុស្ស​មើល​ឃើញ​ពី​និន្នាការ​នៃ​ការ​យក​យុវជន​វ័យ​ក្មេង​ជា​គោលដៅ​របស់​ប៉ូលិស​នៃអង្គការ​ពិសេស​នេះ។

អង្គការ Amnesty International បាន​កត់ត្រា​ករណី​គំរាមកំហែង​និង​ការ​ធ្វើ​ទារុណកម្ម និង​ការ​បរាជ័យ​របស់​អាជ្ញាធរ​នីហ្សេរីយ៉ា​ ក្នុង​ការ​នាំ​ជន​បង្ក​ឱ្យ​មក​ទទួល​ទោស។

អ្នកស្រី Osai Ojigho បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ដើម្បី​បញ្ចប់​វប្បធម៌​និទណ្ឌភាព​នៃ​អង្គភាព​ពិសេស​ប្រឆាំង​ការ​ឆក់ប្លន់​របស់​ស្នងការ​ប៉ូលិស អ្នក​ត្រូវ​ផ្លាស់ប្តូរ​អង្គភាព​ទាំង​មូល។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ការ​រំលាយ ឬ​លុបចោល​អង្គភាព​ពិសេស​នេះ​ជា​ការ​វិវត្ត​ដែល​ត្រូវ​បាន​គេ​ស្វាគមន៍។ ប៉ុន្តែ​វា​ត្រូវ​ការ​ការ​ផ្លាស់ប្តូរ​ស៊ីជម្រៅ​ជាង​នេះ​ទៀត ដោយសារ​តែ​នេះ​មិន​មែន​ជា​លើក​ទី ១​ ទេ​ ដែល​រដ្ឋាភិបាល​បាន​ហាមឃាត់​អង្គភាព​ពិសេស ​និង​ហាមឃាត់​ពួកគេ​មិន​ឱ្យ​អនុវត្ត​សកម្មភាព​ដដែលៗ ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត ម្តង​ហើយ​ម្តង​ទៀត»។​

អង្គការ Amnesty International កំពុង​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ និង​ម៉ត់ចត់​មួយ​ទៅ​លើ​បទល្មើស​ទាំង​នេះ និង​ពេលវេលា​សម្រាប់​អនុវត្ត​វិធានការ រួម​ជាមួយ​នឹង​ជំហាន​ជាក់លាក់​ផង​ដែរ។

អ្នកស្រី Osai Ojigho បាន​និយាយ​ថា មាន​ទំនាក់ទំនង​រវាង​ការ​តវ៉ា​ដែល​លើក​ឡើង​ពី​ក្តីបារម្ភ​អំពី​ឥរិយាបថ​ខុស​ច្បាប់​របស់​ប៉ូលិស និង​ចលនា​ «ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​តម្លៃ» ដែល​មាន​ទ្រង់ទ្រាយ​ធំ​ជាង​នេះ ហើយ​យុវជន​ក្មេងៗ​បាន​ឆ្លងកាត់ និង​កាន់​តែ​យល់​ដឹង​អំពី​អំពើ​ហិង្សា​របស់​រដ្ឋ និង​តម្រូវការ​សម្រាប់​រដ្ឋ​ក្នុង​ការ​ការពារ​ពួកគេ មិន​មែន​គាបសង្កត់​ពួកគេ​នោះ​ទេ។

លោក David Agbee អ្នក​ជំនាញ​សន្តិសុខ​ក្នុង​ប្រទេស​ហ្គាណា​បាន​តាមដាន​ការ​តវ៉ា និង​ក្តីបារម្ភ​អំពី​សកម្មភាព​របស់​ប៉ូលិស​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​នេះ។ លោក​បាន​និយាយ​ថា អង្គភាព​ពិសេស​ប្រឆាំង​ការ​ឆក់ប្លន់​នេះ​មាន​បញ្ហា​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​អង្គភាព​ប៉ូលិស​នៅ​ទូទាំង​នីហ្សេរីយ៉ា​ត្រូវ​ធ្វើ​កំណែទម្រង់ រួម​ទាំង​ការ​បណ្តុះបណ្តាល​និង​ធនធាន​ល្អ​ជាង​មុន។​

លោក David Agbee បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ប៉ូលិស​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ត្រូវ​បាន​គេ​រំពឹង​ថា​ គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។ ពួកគេ​ត្រូវ​ធានា​ថា ពួកគេ​ផ្តល់​ការ​ការពារ។ ពួកគេ​ត្រូវ​ធានា​ថា ពួកគេ​មិន​ចាប់​ជំរិត​ពលរដ្ឋ​នោះ​ទេ។ នៅ​ពេល​ពលរដ្ឋ​ធ្វើ​ការ​រិះគន់ និង​ចោទ​សួរ​ពី​សកម្មភាព​វិជ្ជាជីវៈ​របស់​ពួកគេ វា​បង្ហាញ​ថា មាន​អ្វី​ម្យ៉ាង​ដែល​អ្នក​ត្រូវ​ធ្វើ»។

ខណៈ​ដែល​បាតុកម្ម​នៅ​តែ​បន្ត​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា មាន​របាយការណ៍​កាន់​តែ​ច្រើន​នៃ​ការ​ប្រើប្រាស់​កងកម្លាំង​ប៉ូលិស​ប្រឆាំង​នឹង​ក្រុម​អ្នក​តវ៉ា។ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​ត្រូវ​បាន​សម្លាប់ ​ចាប់​តាំង​ពី​បាតុកម្ម​បាន​ចាប់ផ្តើម​មក ហើយ​ប៉ូលិស​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​ការ​បើក​ការ​បាញ់​ប្រហារ​និង​ប្រើប្រាស់​ឡាន​ទឹក និង​ឧស្ម័ន​ទឹក​ភ្នែក។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក លោក Buhari បាន​និយាយ​ថា នឹង​មាន​ការ​ស៊ើបអង្កេត​ចំពោះ​ការ​សម្លាប់​នេះ ប៉ុន្តែ​បាន​បន្ទោស «មនុស្ស​អាក្រក់​មួយ​ក្រុម​តូច» ចំពោះ​ទង្វើ​ខុស​ឆ្គង​របស់​ប៉ូលិស​នីហ្សេរីយ៉ា។

លោក​បាន​ទទួល​ស្គាល់​ពី «ក្តីបារម្ភ​ពិតប្រាកដ» ​របស់​ពលរដ្ឋ​នីហ្សេរីយ៉ា «អំពី​ការ​ប្រើប្រាស់​កម្លាំង​ហួសហេតុ និង​នៅ​ក្នុង​ករណី​មួយ​ចំនួន ការ​សម្លាប់​ដោយ​មិន​មាន​ការ​កាត់​ទោស​ពី​តុលាការ របស់​កងកម្លាំង​ប៉ូលិស​នីហ្សេរីយ៉ា»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG