ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បញ្ជា​ការដ្ឋាន​យោធា​នីហ្សេរីយ៉ា​ផ្លាស់​​ទៅ​កាន់​តំបន់​ជា​បេះ​ដូង​នៃ​ពួក​បះបោរ​ Boko Haram


លោក Muhammadu Buhari (កណ្តាល អាវស) ប្រធានាធិបតី​នីហ្សេរីយ៉ា​ នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​បណ្តា​មេបញ្ជាការ​កងទ័ព​របស់​លោក​ នៅ​ក្នុង​ទីក្រុង​ Abuja ប្រទេស​នីហ្សេរីយ៉ា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។

យោធា​នីហ្សេរីយ៉ា​បាន​ផ្លាស់​ប្តូរ​បញ្ជា​ការដ្ឋាន​របស់​ខ្លួន​ទៅ​កាន់ទីក្រុង ​Maiduguri ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ ដែល​ជា​ទីចាប់​កំណើត​នៃ​ក្រុម​បះបោរ ​Boko Haram។

នេះ​គឺជា​សេចក្តី​ប្រកាស​ដ៏​សំខាន់​លើក​ដំបូង​ហើយ​របស់​លោក​ប្រធានាធិបតី​ Muhammadu Buhari ក្នុង​យុទ្ធនាការ​រយៈ​ពេល​ប្រាំមួយ​ឆ្នាំ​ដើម្បី​អនុវត្ត​ច្បាប់​ Sharia​ ដ៏​តឹងរឹង​ទាក់​ទង​នឹង​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ ដែល​បាន​បំផ្លិច​បំផ្លាញ​ភាគ​ឦសាន​នៃ​ប្រទេស​នេះ។

នៅ​ក្នុង​សុន្ទរកថាចូលកាន់តំណែងកាល​ពី​ខែ​មុន​ លោក​បាន​ប្រកាស​ថា​ បញ្ជា​ការដ្ឋាន​របស់​យោធា​នីហ្សេរីយ៉ាត្រូវ​បាន​ផ្លាស់​ប្តូរ​ពី​ទីក្រុង​ Abuja ទៅ​កាន់​ទីក្រុង​ Maiduguri ​ជា​ទីក្រុង​ដែល​ពួក​ Boko Haram ​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​ ហើយ​បាន​ព្យាយាម​ពង្រីក​ក្រុម​របស់​ពួក​គេ​ម្តង​ហើយ​ម្តង​ទៀត។

លោក​ Yan St. Pierre​ នៃ​ក្រុមហ៊ុន​សន្ដិសុខ​ MOSECON មាន​ទីស្នាក់​ការ​នៅ​ទីក្រុង​ប៊ែកឡាំង​ បាន​និយាយ​ថា ​វា​ជា​ជំហាន​មួយ​ដ៏​វែង​ឆ្ងាយ​ដែល​មិន​ទាន់​សម្រេច​បាន​នៅ​ឡើយ​សម្រាប់យោធា​នីហ្សេរីយ៉ា។

«នេះ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ។ បើ​តាម​គំនិត​របស់​ខ្ញុំ វា​ជា​ការ​វិវត្ត​ដ៏​ឆ្លាត​វៃ​មួយ ​និង​គួរ​តែ​ត្រូវ​បាន​ធ្វើជា​យូរ​មក​ហើយ។ ទោះ​បី​ជា​ វា​គ្រាន់​តែ​ជា​ការ​ផ្លាស់​ប្តូរ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ​ក៏​ដោយ ប៉ុន្តែ​វា​ជា​វិធីដ៏​ល្អ​មួយ ​ដែល​នឹង​អាច​កាត់​បន្ថយ​ការ​សម្រេច​ចិត្ត​តាម​បែប​ការិយាធិបតេយ្យ។ វា​នឹង​បង្កើន​ល្បឿន​នៃ​ដំណើរ​ការ​ ហើយ​វា​នឹង​ក្លាយ​ជា​ការ​ជំរុញ​មួយ​ដល់​ពួក​ទាហាន​ ដោយសារ​ពួក​គេដឹង​ថា ​មេបញ្ជាការពួក​គេ​ក៏​ពិត​ជា​នៅ​នឹងកន្លែង​នោះ​ដែរ»។

លោក​ Buhari ​បាន​ប្រើប្រាស់​ករណី​ពួក ​Boko Haram ​ដើម្បី​យក​ជ័យជម្នះ​លើ​អតីត​ប្រធានាធិបតី​ Goodluck Jonathan ដែល​ក្រោម​ការ​ដឹមនាំ​របស់អតីត​ប្រធានាធិបតី ​ក្រុម Boko Haram ​មួយ​នេះ ​អាច​រាតត្បាត​យ៉ាង​ទូលំទូលាយនៅ​ភាគ​ឦសាន។ ទើប​តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ នៅ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ប្រទេស​នីហ្សេរីយ៉ា​កាល​ពី​ខែ​មីនា​ ដែល​ទឹក​ដី​ភាគ​ច្រើន​ត្រូវ​បាន​វាយយក​មក​វិញ ដោយ​មាន​ការជួយ​គាំទ្រ​ពីទាហាន​មក​ពី​ប្រទេស​ជិត​ខាង​ និង​ទាហាន​ស៊ី​ឈ្នួល​បរទេស។

លោក​ Alkasim Abdulkadir អ្នក​កាសែត​ឯករាជ្យ ​និង​ជា​អ្នក​វិភាគ​ផ្នែក​សន្តិសុខ​ និយាយ​ថា ដោយសារ​បុគ្គលិក​របស់​លោក​ប្រធានាធិបតី​ឥឡូវ​នេះស្ថិត​នៅ​ក្នុង​ទីតាំង​របស់​ពួក​បះបោរ​នោះ​ លោក​ Buhari ​គួរ​តែ​អាច​គ្រប់​គ្រងបាន​លើ​ការ​ចំណាយ​ប្រាក់​ និង​ការ​ប្រើប្រាស់​យុទ្ធសាស្រ្ត​ ដែល​ពួក​ទាហាន​បាន​ប្រើ។

«គ្មាន​ការ​ត្រួត​ពិនិត្យ​ល្អិតល្អន់​ទាល់​តែ​សោះ​ ទាក់​ទង​នឹង​ការ​ចំណាយ​ផ្នែក​ការ​ពារ​ ហើយក៏​គ្មាន​ការ​ត្រួត​ពិនិត្យ​លើ​យុទ្ធសាស្រ្ត​ដើម្បី​ប្រឆាំង​នឹង​ពួក​បះ​បោរ​ទេ។ ដូច្នេះ ​អ្វី​ដែល​យើង​អាច​មើល​ឃើញ​នៅ​ទី​នេះ​ គឺ​លោក​ប្រធានាធិបតី​ ដែលជា​អតីត​ឧត្តមសេនីយ៍កង​ទ័ព។ គឺ​លោក​ដឹង​ថា​ តើ​រឿង​ទាំង​នេះ​ត្រូវ​រៀបចំ​ដោយ​របៀប​ណា»។

លោក​ប្រធានាធិបតី ​Buhari ​និង​ឧត្តមសេនីយ៍​ជា​ច្រើន​របស់​លោក​ ​បាន​កាត់​បន្ថយ​ការងារ​របស់​ពួក​គេ​បាន​យ៉ាង​ច្រើន។ ចាប់តាំង​ពី​ការ​បើក​សម្ពោធ​កាល​ពី​ថ្ងៃ​ទី29 ​ខែឧសភា​មក​ ក្រុម​នេះ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ជា​ច្រើន​ រួម​ទាំង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ និង​ការ​បាញ់​គ្រាប់បែក​រ៉ុកកែត​នៅ​ក្នុង​ទីក្រុង​ Maiduguri ផងដែរ៕

ប្រែ​សម្រួល​ដោយ ឆាយ គីម​ហ៊ង

XS
SM
MD
LG