ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​វង់​តន្រ្តី​ជាតិ Tal របស់​ប្រទេស​នីហ្សេ​ព្យាយាម​បង្រួបបង្រួម​ប្រទេស


ក្រុម​តន្រ្តី​ជាតិ Tal របស់​ប្រទេស​នីហ្សេ​ សម្តែង​នៅ​ក្នុង​ក្រុង Lafayette រដ្ឋ Louisiana។
ក្រុម​តន្រ្តី​ជាតិ Tal របស់​ប្រទេស​នីហ្សេ​ សម្តែង​នៅ​ក្នុង​ក្រុង Lafayette រដ្ឋ Louisiana។

ក្រុម​តន្រ្តី​ជាតិ​ Tal កំពុង​ធ្វើ​ដំណើរ​សម្តែង​នៅ​វាល​ខ្សាច់​​របស់​ប្រទេស​នីហ្សេ​អស់​រយៈពេល​១៥​ឆ្នាំ​កន្លង​មក​ហើយ​ និង​កំពុង​ខិត​ខំ​បង្កើត​ឲ្យ​មាន​ឈ្មោះ​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ។​ ប៉ុន្តែ​ ក្រុម​តន្រ្តី​នេះ​ មិន​ត្រឹមតែ​ចង់​ឲ្យ​មាន​ការ​សម្តែង​តន្ត្រី​អស្ចារ្យ​ប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​ចង់​បង្កើត​ឲ្យ​មាន​ការ​រួប​រួម​គ្នា​នៅ​ក្នុង​ប្រទេស​នីហ្សេ ខណៈពេល​ដែល​ប្រទេស​នេះ​កំពុង​មាន​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។​

ដោយ​មិន​គិត​ផ្ទៃ​ប្រទេស​ ប្រទេស​នីហ្សេ​មិន​បាន​ផលិត​តន្រ្តី​លំដាប់​ពិភពលោក​ច្រើន​ដូច​ប្រទេស​ម៉ាលី​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន​នោះឡើយ។​ មាន​ក្រុម​តន្រ្តី Bombino និង​បន្ទាប់​មក​ទៀត​មាន​ក្រុម​ Mamar Kassey ប៉ុន្តែ​ ក្រៅ​ពី​ក្រុម​តន្រ្តី​ទាំង​ពីរ​នេះ​ មិន​មាន​តន្រ្តី​ផ្សេង​ដែល​កើត​ចេញ​ពី​ប្រទេស​នេះ​ទេ។

ការ​ផ្លាស់​ប្តូរ​ កំពុងតែ​កើត​ឡើង​...

ក្រុម​តន្រ្តី​នេះ​ធ្វើ​ការ​ប្រគុំ​តន្រ្តី​ទៅ​កាន់​អ្នក​ចូល​រួម​យ៉ាង​ច្រើន​នៅ​ក្នុង​ស្តាត​កីឡា​ ដែល​មនុស្ស​ម្នា​មក​ពី​គ្រប់​ទីកន្លែង ចាប់​ពី​រដ្ឋធានី​នីយ៉ាម៉េ (Niamey) ទៅ​ដល់ក្រុង Agadez នៅ​ភាគ​ខាង​ជើង​ និង​ក្រុង Zinder នៅ​ខាង​កើត។

ការ​ចាប់​ផ្តើម​របស់​ក្រុម​តន្រ្តី​ជាតិ L'Orchestre Tal National de Niger នៅ​ដើម្ប​សតវត្សរ៍​នេះ​មាន​ការ​លំបាក​ច្រើន។​ ពេល​ខ្លះ​តន្ត្រីករ​ទាំង​នោះ​ត្រូវ​ដើរ​ទៅ​កាន់​កន្លែង​ប្រគុំ​តន្រ្តី ឬ ដើរ​លក់​ថាស​ចម្រៀង​ខ្លួនឯង​នៅ​តាម​ផ្លូវ។ ប៉ុន្តែ​ លោក Hamadal Moumine Issoufou ប្រធាន​ក្រុម​តន្រ្តី​នេះបាន​និយាយ​ថា​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​ ពី​ព្រោះ​វត្តមាន​របស់​ពួក​គេ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​គំនិត​ដ៏​អស្ចារ្យ​មួយ។

លោក Moumine និយាយ​ថា​ ប្រទេស​របស់​លោក​ មិន​ដូច​ប្រទេស​ម៉ាលី​ ឬ​ហ្គីណេ​ ដែល​មាន​វង់​តន្រ្តី​ជាតិ​នោះ​ឡើយ។​ លោក​និយាយ​នេះ​សំដៅ​ទៅ​លើ​ វង់​ដែល​អាច​លេង​ភ្លេង​សម្រាប់​មនុស្ស​ទាំង​អស់​នៅ​ប្រទេស​នីហ្សេ​ប្រៀបដូច​ជា​ក្រុម Tuareg ក្រុម​អារ៉ាប់ ឬ​ក្រុម Peul ឬ​ក៏ ក្រុម Zarma យ៉ាង​ដូច្នោះ​ដែរ។​

ប្រទេស​នីហ្សេ​មាន​ប្រជាជន​ប្រាំបី​ក្រុម​ធំៗ​ ហើយ​វង់​តន្រ្តី​ជាតិ Tal បាន​បំពេញ​បេសកម្ម​របស់​ខ្លួន​ ក្នុង​ការ​ច្រៀង​ចម្រៀង​ជា​ភាសា​ក្នុង​ស្រុក​ជា​ច្រើន ព្រម​ទាំង​លេង​ចង្វាក់​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

សមិទ្ធិផល​ដែល​បង្កើត​ចេញ​នោះ​គឺ​ក្រុម​ចម្រុះ​ដោយ​អ្នក​ភ្លេង​ពោរពេញ​ទៅ​ដោយ​ថាមពល ដែល​នាំ​មុខ​ដោយ​ចង្វាក់​ប្រពៃណី អ្នក​លេង​ហ្គីតា​បាស់​ និង​អ្នក​លេង​ស្គរ​ដែល​ច្នៃ​ដំបង​វាយ​ស្គរ​ដោយ​ខ្លួន​ឯង។​ វា​ក៏​ជា​រឿង​ល្អ​ដែរ៖​ គាត់​ធ្វើ​បាន​ប្រហែល​ប្រាំ​បី​គូ​ក្នុង​មួយ​ល្ងាច។

នោះ​ហើយ​គឺ​ជា​ភ្លេង​នោះ។ ប៉ុន្តែ ​តើ​ពួកគេ​ច្រៀង​អំពី​អ្វី​ទៅ?

លោក​ Moumine និយាយ​ថា​ការ​រួប​រួម​ជាតិ​ គឺ​ជា​ប្រធានបទ​សំខាន់។ នេះ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ ដោយសារ​តែ​ប្រទេស​នីហ្សេ​ ត្រូវ​បាន​ធ្វើ​ឲ្យ​ចលាចល​ដោយ​ក្រុម​ប៉ះបោរ​ និង​ឡោមព័ទ្ធ​ដោយ​ការ​គំរាម​កំហែង​ពី​ក្រុម​ភេវរកម្ម​នៅ​ប្រទេស​ម៉ាលី​ នីហ្សេរីយ៉ា​ និង​លីប៊ី។​ ប៉ុន្តែ​ក៏​មាន​ប្រធានបទ​ចម្រៀង​ផ្សេង​ទៀត​ដូចជា​សន្តិភាព ការ​អត់ធ្មត់ សេចក្តី​ស្នេហា​ និង សម្រស់​ស្រ្តី​នៃ​ប្រទេស​នីហ្សេ។​ លោក​ Moumine និយាយ​ថា​ប្រធានបទ​ចុង​ក្រោយ​នេះ​ធ្វើ​ឲ្យ​វង់​តន្រ្តី​មាន​បញ្ហា​ខ្លះ​ពាក់ព័ន្ធ​ពួក​អ្នក​ដឹកនាំ​សាសនា​ ដែល​ចាប់ផ្តើម​តវ៉ា​ថា​អត្ថន័យ​ចម្រៀង​និយាយ​អំពី​កាម​តណ្ហា​នៅ​ក្នុង​បទ​ចម្រៀង​របស់​ពួក​គេ។

ប៉ុន្តែ​ បញ្ហា​នេះ​មិន​បាន​បញ្ឈប់​ពួកគេ​ក្នុង​ការ​លេង​តន្រ្តី​របស់​ពួកគេ​នៅ​គ្រប់​កន្លែង​នោះ​ទេ។ ពួកគេ​នៅ​តែ​លេង​នៅ ទី​កន្លែង​ជាច្រើន​រួម​មាន៖​ នៅ​ក្នុង​ឡាន​ ក្នុង​រថយន្ត​តាក់ស៊ី​ តាម​ទីផ្សារ​ នៅ​ផ្ទះ និង​នៅតាម​រថយន្ត​ក្រុង​ជាច្រើន​ទៀត​នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​នីហ្សេ។

ក្រុម​តន្រ្តី​ជាតិ​ Tal National បាន​ខិតខំ​ធ្វើការ​យ៉ាង​ខ្លាំង​ដើម្បី​ទទួល​បាន​ជោគជ័យ។​ ពួកគេ​សម្តែង​រយៈពេល​ប្រាំ​ម៉ោង​ ជារៀង​រាល់​យប់​ ពេល​ខ្លះ​ថែម​ទាំង​ចែក​ជា​ពីរ​ផ្នែក​ ដើម្បី​ប្រគុំ​នៅ​កន្លែង​ខុស​គ្នា​ ក្នុង​ពេល​តែ​មួយ​ទៀត​ផង។

ពួក​គេ​មាន​អាល់ប៊ុម​អន្តរជាតិ​ចំនួន​ពីរ​ក្រោម​កម្មសិទ្ធិ​របស់​ពួកគេ ដែល​ថត​នៅ​នីញ៉ាម៉េ ដោយ​ក្រុម​វិស្វករ​សំឡេង Jamie Carter ប្រចាំ​នៅ​ទីក្រុង Chicago។ ពួក​គេ​ក៏បាន​ធ្វើ​ដំណើរ​សម្តែង​នៅ​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​ជា​រឿយៗ​ផង​ដែរ។

ទន្ទឹម​នឹង​នេះ​ លោក Moumine ប្រធាន​ក្រុម​តន្រ្តី​នោះ ដែល​មាន​ឈ្មោះ​នៅ​លើ​ឆាក​ថា Almeida បាន​ប្រឹងប្រែង​ដើម្បី​ធានា​ថា​ក្រុម​តន្រ្តីករ​អាច​ចិញ្ចឹម​ជិវិត​បាន​ដោយ​ស្នាដៃ​សិល្បៈ​របស់​ពួក​គេ។​ វា​ពិតជា​ជួយ​ពួកគេ ​ដោយសារ​លោក​ជា​មេធាវី​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ និង​ជា​ចៅក្រម​ថ្នាក់​ខ្ពស់​នៅ នីញ៉ាម៉េ។

លោក​និយាយ​ថា​លោក​កំពុង​ធ្វើ​ការ​លើ​រឿង​ពួក​ចោរ​សមុទ្រ​ ដែល​ចែក​រំលែក​តន្រ្តី​ និង​បាន​ប្រាក់​ចំណេញ​ចូល​ហោប៉ៅ។ តាម​ដែល​លោក​និយាយ​គឺ​លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច​រួច​មក​ហើយ។ នោះ​ជា​ការ​ចាប់ផ្តើម។​ លោក​និយាយ​ថា​ ពួក​យើង​មិន​ទាន់​មាន​ចំណូល​ទេ​ ប៉ុន្តែ​ សង្ឃឹម​ថា​អ្នក​ជំនាន់​ក្រោយ​អាច​ទទួល​ផល​តប​ស្នង​ជា​ហិរញ្ញវត្ថុ​ពី​ស្នាដៃ​របស់​ពួក​គេ។

ក្រុម​ប្រគុំ​តន្រ្តី​នេះ​ កំពុង​រៀបចំ​ថត​អាល់ប៊ុម​ទី​៣​ និង​ចាប់​ផ្តើម​ការ​ធ្វើ​ដំណើរ​សម្តែង​ជា​សាកល​ថ្មី​មួយ​ទៀត។

ប្រែ​សម្រួល​ដោយ៖​ សើ​ សាយ្យាណា

XS
SM
MD
LG