ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នីហ្សេរីយ៉ា​ព្យាយាម​ក្លាយ​ជា​​ប្រទេស​នាំចេញ​ស្បៀង​​អាហារ​


ប្រធានាធិបតីនីហ្សេរីយ៉ា​ ហ្គោដឡាក់ ចូណាថាន និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន។
ប្រធានាធិបតីនីហ្សេរីយ៉ា​ ហ្គោដឡាក់ ចូណាថាន និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន។

អាហ្រ្វិក​ខាង​លិច​បាន​នាំ​ចូលស្បៀងអាហារ​យ៉ាង​ច្រើន​ តប​តាម​តម្រូវការរបស់​ទ្វីប​នេះ​ ដែល​បណ្តាល​ឲ្យ​តំបន់នេះងាយទទួល​រងគ្រោះ​ដោយ​សារតម្លៃ​ទីផ្សា​រអន្តរជាតិប្រកបដោយអស្ថិរភាព ដែល​អាច​បង្ក​ឲ្យ​មាន​កុប្បកម្ម សូម្បី​តែនៅតាមប្រទេស​សន្តិភាពក៏ដោយ។

ជា​រៀង​រាល់​ឆ្នាំ ប្រទេស​នីហ្សេរីយ៉ា​ចំណាយ​ប្រាក់ជាង​៨.២​ពាន់​លាន​ដុល្លា​ ដើម្បី​នំាចូល​អាហារមូលដ្ឋាន​ មានដូច​ជា ស្ករ ត្រី និង​ស្រូវ​សាលីជាដើម។

ប្រធានាធិបតីនីហ្សេរីយ៉ា​ ហ្គោដឡាក់ ចូណាថាន (Goodluck Jonathan) ​បាន​ពណ៌នា​កំណើន​ចំនួន​១១​ភាគរយ​នៅ​ក្នុង​ឆ្នាំ​នេះនៃ​ការ​នាំចូលស្បៀងអាហារ ថា​«គ្មាន​និរន្តភាព» ហើយ​បាន​សន្សា​ថា​នឹងប្រែក្លាយប្រទេស​នីហ្សេរីយ៉ា​ទៅ​ជា​ប្រទេស​នាំចេញ​អាហារ​ដ៏​សំខាន់​មួយ ​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយនេះ។

លោក យ៉ាកូបូ យូ​ម៉ារូបាដ (YakubuUmaruBarde) សមាជិករដ្ឋ​សភា ​ថ្លែង​ថា​ ការ​នាំចូល​ស្បៀង​អាហារ​ មាន​កម្រិតខ្ពស់ ដោយ​សារតែកម្រិត​នេះ អាច​បង្កើន​ប្រាក់​ចំណេញ​នៅ​ក្នុងការ​នាំចូល​ ច្រើនជាង​ការ​ដាំដុះ​ដោយខ្លួន​ឯង។ ​ជាពិសេសលោក​មាន​ប្រសាសន៍​ថា ប្រសិនបើអ្នក​គឺជា​អ្នក​ជំនួញ​មាន​ទំនាក់​ទំនង​ល្អ ដែល​ ​អាចទទួលបាន​ប្រាក់កម្ចី​សម្រាប់​កសិកម្ម​ក្នុងអត្រាការប្រាក់​ទាប បើ​ទោះជា​អ្នក​មិន​មែន​ធ្វើ​កសិកម្មក៏ដោយ។

«​វាកាន់​តែមាន​ភាពងាយ​ស្រួលជាងមុន។ វាផ្តល់​ប្រាក់ចំណេញ​កាន់តែ​ច្រើនសម្រាប់​ខ្ញុំ​ក្នុង​ការ​នាំចូល​អង្ករ​ ដោយ​ប្រើ​ប្រាស់ប្រាក់​កម្ចី ដែល​ខ្ញុំ​ទទួល​បានសម្រាប់ធ្វើកសិកម្ម។ ដើម្បី​ទទួល​បាននូវ​ការ​លើកលែង​ ខ្ញុំ​ត្រូវ​នាំ​អង្ករចូល​ទៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយ​លក់​អង្ករ​នោះទៅ​។ ការ​នាំចូល​ពិត​ជា​ងាយ​ស្រួលណាស់។ កាន​នាំចូល ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​បាន​ថវិការច្រើន​។»

លោក បាដ បាន​ឲ្យ​ដឹង​ថា គម្រោង​ក្នុងតម្លៃ​ជាង៤០​លាន​ដុល្លារ​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​បំបាត់ការ​នាំចូល​អង្ករ​ នៅត្រឹម​ឆ្នាំ​២០១៥ អាច​មាន​ភាព​ប្រាកដ​និយមប្រសិន​បើ​រដ្ឋាភិបាល​អាច​លុប​បំបាត់​អំពើរ​ពុក​រលួយ​នៅ​ក្នុងវិស័យ​ឧស្សាហកម្ម។

នីហ្សេរីយ៉ា​ គឺ​ជា​ប្រទេស​នាំចូល​អង្ករធំបំផុតលំដាប់ទី​២​របស់​ពិភពលោក​ពីបណ្តាប្រទេសទាំងឡាយ មានដូច​ជា​ប្រទេស​ចិន( China) និង​ថៃ​(Thailand) ដោយប្រើ​ប្រាស់​អង្ករ​ចំនួន​២​លាន​តោន​ម៉ែត្រក្នុង​មួយ​ឆ្នាំ។ លោក អលាបូបាការ ការី (Abubakar Kari) សាស្ត្រាចារ្យជាន់​ខ្ពស់ខាងសង្គមវិទ្យា​នៃ​សកលវិទ្យា​ល័យ​អាបូចា (University of Abuja, Abubakar Kari) ​ថ្លែងថា ការ​នាំចូល​អង្ករចូល​នីហ្សេរីយ៉ា​ គឺ​មិន​ចាំបាច់​ទាល់តែសោះ។

«នីហ្សេរីយ៉ា​ មិន​ត្រឹម​តែ​មាន​សមត្ថភាព​ផលិត​អាហារ​គ្រប់​គ្រាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំងអាចផ្គត់​ផ្គង់​អាហារ​នៅទូ​ទាំង​អាហ្រ្វិក​ខាង​លិច​ទាំង​មូលតែម្តង។ យើង​មានតំបន់ទំនាប​សម្រាប់​ដំណាំ​ស្រូវ​ជាច្រើននៅ​ក្នុង​ប្រទេស​ដែល​យើង​អាច​ផលិត​អង្ករ​បានច្រើន​តាម​ដែលយើង​ត្រូវការ ប្រសិនបើ​ទទួល​ការ​លើក​ទឹក​ចិត្ត។»

លោក ការី (Kari) ពណ៌នា​ឈ្មួញ​កណ្តាល​ដ៏​មានឥទ្ធិពល​ដែលគ្រប់​គ្រងឧស្សាហកម្ម​នាំចួលអង្ករ​ ​ថាជា«ក្រុមមនុស្ស» ​ដែលធ្វើ​ឲ្យទីផ្សារក្នុង​ស្រុក​ជោរជន់ ដោយ​បង្ខំ​ ​កសិករ​ខ្នាតតូច​ដែលភាគ​ច្រើន​ជា​កសិករ​នៅប្រទេស​នីហ្សេរីយ៉ា ឲ្យ​បោះ​បង់​ចោល​ទស្សនវិស័យ​ពាណិជ្ជកម្ម។ លោក​មានប្រសាសន៍ថា រដ្ឋាភិបាល​ ហាក់​ដូច​ជា​គ្មាន​ឆន្ទះ​នយោបាយនិង​សមត្ថភាព ដែល​មិន​អើពើ​ផល​ប្រយោជន៍​ពិសេសៗ​និង​ផ្តល់​កសិករ​នូវ​ជំនួយ ដែលប្រជាកសិករ ​ត្រូវ​ធ្វើ​ពាណិជ្ជកម្ម មាន​ដូច​ជា ​ជី​និង​ប្រព័ន្ធ​ធារាសាស្រ្ត។

«ប្រសិនបើ​រដ្ឋាភិបាល​ ​ផ្តល់ការ​យក​ចិត្ត​ទុក​ដាក់ដ៏ត្រឹមត្រូវ អាច​មានឆន្ទះនយោបាយពិតប្រាកដ​ ​រដ្ឋាភិបាលអាចហាម​ប្រាម​ការ​នាំចូល​ស្រូវយ៉ាង​ងាយស្រួល​ មិនអើ​ពើ​ផលប្រយោជន៍​រួមក្នុង​វិស័យ​ស្រូវអង្ករ និងផ្តល់កម្លាំង​ជម្រុញ​ដ៏​ចាំបាច់​ជូន​ដល់​កសិករ។»

គ្រោះ​ថ្នាក់​ចំបងក្នុងការអនុញ្ញាតឲ្យស្បៀងអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវ​បាននាំចូល ​គឺថា​វា​បង្កឲ្យ​សន្តិសុខស្បៀង​អាហារ​ជាប់​ជាមួយ​តម្លៃ​ទីផ្សា​រអន្តរជាតិ។ នៅ​ឆ្នាំ​២០០៨ អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍អំពី​កុប្បកម្ម​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក បន្ទាប់​ពី​ការឡើងថ្លៃ​ស្បៀង​អាហារយ៉ាង​ខ្លាំង។

អង្គការ​សហ​ប្រជាជាតិ​ បានឲ្យដឹងថា ​តម្លៃ​ស្បៀង​អាហារ​ មាន​តម្លៃ​ខ្ពស់យ៉ាង​ខ្លាំង ​នៅតំបន់សាហេល(Sahel) ដែល​ជា​តំបន់​ពាក់​កណ្តាល​រំាង​ស្ងួតដែលស្ថិត​នៅជាប់​ប្រទេស​នីហ្សេរីយ៉ា​ភាគ​ខាង​ជើង(Nigeria) នីហ្សេ(Niger) ម៉ាលី(Mali) ឆាដ(Chad) បូគីណាហ្វាសូ(Burkina Faso) មូរីតានី(Mauritania) សេណាហ្គាល់​ភាគ​ខាង​ជើង(Senegal) និងកាមេរូ​ខាង​ជើង(Cameroon)។

ក្រុម​មន្ត្រី​មាន​ប្រសាសន៍ថា ស្បៀង​អាហារ​ដែល​ដាំដុះក្នុងប្រទេស នឹងបង្កើត​ការងារ ធ្វើ​ឲ្យ​ស្ថិរភាពតម្លៃ​ស្បៀងអាហារ ​និង​ជួយ​កសាង​នូវការ​បែង​ចែក​ធនធានប្រកប​ដោយសមភាព​។ លោក សេហូ សានី (ShehuSani) ប្រធាន​សមាជ​ស្តីពី​សិទ្ធ​ស៊ីវិល​របស់​នីហ្សេរីយ៉ា (Nigeria's Civil Rights Congress) បាន​ថ្លែង​ថា ការ​កាត់​បន្ថយ​យ៉ាង​គំហុក​នូវ​ការ​នាំចូលស្បៀងអាហារ នឹងជួយ​ប្រទេសនេះ​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ​លោកបាន​ដឹងរឿងនេះពី​មុន​មក​ដែរ។

លោក សានី​ ថ្លែង​ទៀតថា គោល​នយោបាយ​កសិកម្ម​នៅ​នីហ្សេរីយ៉ា ទោរទន់​ទៅ​រក​ការ​ផ្តល់​ផលប្រយាជន៍ដល់អ្នក​មាននិង​អ្នក​មាន​អំណាច​។ លោក​និយាយ​បន្ថែម​ថា សម្រាប់​ក្រុមមន្ត្រី​ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​ គោលនយោបាយនេះ​ បាន​ធ្វើ​ឲ្យ​ការអនុវត្តគោលនយោបាយ​ថ្មីនេះ មានភាព​លំបាក​កាន់​តែ​ខ្លាំង ដោយសារ​តែ​ក្រុមអ្នកមាន​ទ្រព្យសម្បត្តិ​ទាំងនេះ ​ផ្តល់​ប្រាក់​ដើម្បី​ធ្វើយុទ្ធនា​ការ​របស់​ពួកគេ៕

ប្រែ​សម្រួល​ដោយ សៀក អេង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG