ប្រែសម្រួលដោយ ឌី ខាំបូលី
អភិបាលក្រុងទាំងឡាយរបស់ប្រទេស នីហ្សេរីយ៉ា (Nigeria) កំពុងពិភាក្សាគ្នាអំពីផែនការដ៏ចម្រូងចម្រាស់ ដើម្បីធ្វើវិមជ្ឈការកងកម្លាំងសន្តិសុខរបស់ប្រទេសនេះ ដោយបង្កើតនាយកដ្ឋានប៉ូលីសនៅតាមរដ្ឋនីមួយៗ។ មន្រ្តីមួយចំនួននិយាយថា កងកម្លាំងប៉ូលីសក្នុងតំបន់អាចបង្កើនសន្តិសុខ ប៉ុន្តែក្រុមមន្រ្តីផ្សេងទៀតមានការព្រួយបារម្ភថា ចំណាត់ការបែបនេះ អាចនាំប្រទេសនេះទៅរកសង្រ្គាមស៊ីវិលឡើងវិញ។
ប្រទេស នីហ្សេរីយ៉ា មិនបានបំភ្លេចសង្គ្រាមស៊ីវិលរបស់ខ្លួនឡើយ។ រយៈពេលពីរឆ្នាំកន្លះរវាងឆ្នាំ១៩៦៧និងឆ្នាំ១៩៧០ដែលពោរពេញទៅដោយអំពើរឃោរឃៅ ជនស៊ីវិលនិងទាហានជាងមួយលាននាក់ បានស្លាប់ដោយសារការវាយប្រយុទ្ធគ្នានិងគ្រោះទុរ្ភិក្ស។ អំពើហិង្សាផ្នែកជាតិពន្ធុនៅតែបន្តយាយីប្រទេសនេះដដែល។
ថ្ងៃនេះ ពាក្យថា«ការរួបរួម» អាចត្រូវបានមើលឃើញនៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងរដ្ឋធានី ដូចជានៅតាមស្លាកសញ្ញាតាមដងផ្លូវ ផ្ទាំងបិតប្រកាស និងនៅលើបបូរមាត់របស់ក្រុមមេដឹកនាំនយោបាយទៀតផង។
អតីតអគ្គអធិការប៉ូលីស លោក មូហាមម៉ាឌូ ហ្គាមបូ (Muhammadu Gambo) និយាយថា ការធ្វើវិមជ្ឈការកងកម្លាំងសន្តិសុខ តាមរយៈការបង្កើតនាយកដ្ឋានប៉ូលីសនៅតាមរដ្ឋទាំងឡាយ អាចគំរាមកំហែងដល់ការរួបរួមនេះ ដោយផ្តល់កងជីវពលទៅឱ្យក្រុមមេដឹកនាំក្នុងតំបន់ទាំងនោះ។
លោកនិយាយថា មុនពេលមានសង្រ្គាមស៊ីវិល នាយកដ្ឋានប៉ូលីសរបស់រដ្ឋ បានទប់ស្កាត់ក្រុមអ្នកនយោបាយ មិនឱ្យធ្វើសកម្មភាព ឃោសនានៅតាមតំបន់ទាំងឡាយ ដែលគូបដិបក្ខរបស់ខ្លួនគ្រប់គ្រង។
«មានចលនាកងទ័ពយ៉ាងធំធេងនិងសកម្មភាពផ្សេងៗទៀត ដើម្បីធានាឱ្យប្រាកដថានឹងមិនមានរឿងអ្វីកើតឡើង។ ប្រសិនបើអ្នកចង់បំបែកប្រទេស នីហ្សេរីយ៉ា អ្នកអាចលើកទឹកចិត្តតាមរបៀបនេះទៅ។ នីហ្សេរីយ៉ា នឹងរលាយបាត់ជាក់ជាពុំខាន»។
លោក ហ្គាមបូ និយាយថា រដ្ឋភាគច្រើននៅក្នុងចំណោមរដ្ឋទាំង៣៦របស់នីហ្សេរីយ៉ា មិនអាចផ្តល់ហិរញ្ញវត្ថុទៅឱ្យនាយកដ្ឋានប៉ូលីសបានទេ ប្រសិនបើរដ្ឋទាំងនេះមាននាយកដ្ឋាននេះ។
ប៉ុន្តែ ក្រុមមន្រ្តីឆ្នើមៗផ្សេងទៀត ដែលរួមទាំងអតីតប្រធានាធិបតី លោកឧត្តមសេនីយ អ៊ីប្រាហីម បាបានហ្គីដា (Ibrahim Babangida) និយាយថា ការភ័យខ្លាចពីសង្រ្គាមស៊ីវិល គឺហួសសម័យទៅហើយ។ ពួកគេនិយាយថា នាយកដ្ឋានប៉ូលីសតាមតំបន់ មានសារសំខាន់ណាស់ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយបាននិយាយយោងទៅ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ថាជាប្រទេសដែលមានទាំងកងកម្លាំងសន្តិសុខក្នុងតំបន់ផងនិងថ្នាក់ជាតិផង។
កងកម្លាំងសន្តិសុខរបស់ហ្សេរីយ៉ា កំពុងប្រយុទ្ធប្រឆាំងនឹងកងជីវពលនៅភាគខាងជើង ធ្វើការចាប់ពង្រាត់នៅភាគខាងត្បូង និងអំពើហិង្សាជាតិពិន្ធុ ដែលបានសម្លាប់ប្រជាពលរដ្ឋរាប់ពាន់នាក់ នៅ«តំបន់ខ្សែក្រវ៉ាត់កណ្តាល(Middle Belt)» របស់នីហ្សេរីយ៉ា ។
លោក ប៉ូលលៃ អូណាហ្ស (Paul-light Onah) និស្សិតដែលទើបបញ្ចប់ការសិក្សាពីមហាវិទ្យាល័យនាពេលថ្មីៗនេះ ថ្លែងថា ដូចប្រជាពលរដ្ឋ នីហ្សេរីយ៉ា ជាច្រើនទៀតដែរ លោកត្រូវការសន្តិសុខខ្លាំងជាងមុន ហើយថាការបង្កើតនាយកដ្ឋានប៉ូលីស និងអគ្គអធិការប៉ូលីស នៅតាមរដ្ឋនីមួយៗ អាចជួយសង្រ្គោះជីវិតមនុស្ស។
«ប្រសិនបើនាយកដ្ឋាននេះមិនមានអំពើពុករលួយទេ វានឹងកាត់បន្ថយបទឧក្រិដ្ឋកម្មនៅក្នុងប្រទេស នីហ្សេរីយ៉ា។ វានឹងបង្កភាពស្រួលនិងឆាប់រហ័សក្នុងការចូលទៅកាន់កន្លែងកើតអំពើឧក្រិដ្ឋកម្ម។ ខ្ញុំជឿជាក់ថា ប្រសិនបើរដ្ឋនីមួយៗមានអគ្គអធិការប៉ូលីស យ៉ាងហោចណាស់ វានឹងធ្វើឳ្យការដើរល្បាតមានភាពងាយស្រួល ហើយពួកគេយល់អំពីរដ្ឋនោះបានយ៉ាងល្អទៀតផង»។
អភិបាលរដ្ឋទាំងឡាយរបស់ប្រទេស នីហ្សេរីយ៉ា នឹងជួបប្រជុំដើម្បីពិភាក្សាបញ្ហានេះ។ ឥឡូវនេះ អភិបាលរដ្ឋទាំងនេះ កំពុងតែមានភាពបែកខ្ញែកគ្នាជាសាធារណ គឺដូចជាប្រទេស នីហ្សេរីយ៉ាដែរ ដែលមានការបែងចែករវាងភាគខាងជើងនិងភាគខាងត្បូង។
ក្រុមអភិបាលរដ្ឋមកពីភាគខាងជើងដែលគ្របដណ្តប់លើសលប់ទៅដោយក្រុមអ្នកកាន់សាសនាអ៊ីស្លាម ប្រឆាំងទៅនឹងការបង្កើតនាយកដ្ឋានប៉ូលីសនៅតាមរដ្ឋ ខណៈពេលដែលក្រុមអភិបាលរដ្ឋ មកពីភាគខាងត្បូងដែលភាគច្រើនជាអ្នកកាន់សាសនាគ្រិស្តវិញ គាំទ្រគំនិតនេះ៕