ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហភាព​​​អាហ្វ្រិក​យល់​ថា​ការ​ចោទ​ប្រកាន់​នៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​​រើស​អើង​


លោកស្រី​ហ្វាទូ​ បេនស៊ូដា (Fatou Bensouda) រដ្ឋអាជ្ញា​រង​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិថ្លែងការណ៍​នៅ​ទីក្រុង​អាប៊ីតចាន​ (Abidjan)ក្រោយ​ពី​ជួប​ជា​មួយ​លោក​ប្រធានាធិបតី​ អាឡាសាន​វូតារ៉ា​ ( Alassane Ouattara) នៃ​ប្រទេស​កូឌីវ័រ​ នៅ​ថ្ងៃ២៨ខែមិថុនា​ ឆ្នាំ​២០

សហភាព​អាហ្វ្រិក​និយាយ​ថាខ្លួន​នឹង​មិនសហការ​ជាមួយ​នឹង​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ (International​ Criminal​ Court)​ ឬ​ហៅ​កាត់​ថា​ ICC ​ ទៅ​លើ​មេដឹកនាំ​ប្រទេស​លីប៊ី ​លោក​ ម៉ូអាម៉ា​ ហ្គាដាហ្វី​ (Moammar​ Gadhafi)​ ទេ​ ។មេដឹកនាំ​អាហ្វ្រិក​មួយ​ចំនួន​មិន​មាន​ជំនឿ​លើ​តុលាការ​អន្តរជាតិ​នេះ។

សហភាព​អាហ្វ្រិក​និយាយ​ថា​ ដីកា​ចាប់​ខ្លួន​មេដឹកនាំ​ប្រទេស​លីប៊ី​ «ធ្វើ​ឲ្យ​ស្មុគ​ស្មាញ​យ៉ាង​ខ្លាំង»​ដល់​កិច្ច​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ចំពោះ​ជម្លោះ​នេះ។

លោក​ ហ្សង់​ ភិង​ (Jean​ Ping)​ ស្នងការ​របស់​សហភាព​អាហ្វ្រិក​ មាន​ប្រសាសន៍​ថាតុលាការ​នេះ​«មាន​ភាព​រើសអើង»​ ដោយ​សារ​តែ​ខ្លួន​តាម​ស្វែង​រក​តែ​ឧក្រិដ្ឋកម្ម​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្តធ្វើ​នៅ​ទ្វីប​អាហ្វ្រិក​ ខណៈ​ដែល​តុលាការ​នេះ​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ដែល​ប្រព្រឹត្ត​ដោយ​មហា​អំណាច​លោក​ខាង​លិច​ នៅ​ប្រទេស​អ៊ីរ៉ាក់​ អាហ្វហ្កានីស្ថាន​ និង​ប៉ាគីស្ថាន។

អ្នក​និតិសាស្រ្ត​ជាតិ​ហ្គាំប៊ៀ​ (Gambia)​ លោកស្រី​ ហ្វាទូ​ បេនស៊ូដា​ (Fatou​ Bensouda)​ ជា​រដ្ឋអាជ្ញា​រង​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។​ លោក​ស្រី​ថ្លែង​ថា​ ទឡ្ហីករណ៍​របស់​សហភាព​អាហ្វ្រិក​ប្រឆាំង​នឹង​តុលាការ​អន្តរជាតិ​ (ICC)​ មិន​អើ​ពើ​អំពី​ថា​តើ​មាន​ជន​ជាតិ​អាហ្វ្រិក​ច្រើន​ប៉ុណ្ណា​ដែល​បាន​មក​រក​តុលាការ​នេះ។

«ពេល​ណា​ខ្ញុំ​ឮ​អំពី​រឿង​នេះ​ គឺ​ការ​ចោទ​ថា​ ICC​ កំណត់​មុខ​សញ្ញា​តែ​ទៅ​លើ​ទ្វីប​អាហ្វ្រិក​ ICC​ ស្វែង​រក​យុត្តិធម៌​ដែល​មាន​ពីរ​ស្រទាប់​ វាធ្វើ​ឲ្យ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ​ ជា​ពិសេស​ក្នុង​ឋានៈខ្ញុំ​ជា​ស្ត្រី​អាហ្វ្រិក​ម្នាក់​ ហើយ​ដោយ​ដឹង​ទៀត​ថា​ជម្លោះ​ទាំង​អស់​នេះ​ភាគ​ច្រើន​កំពុង​កើត​ឡើង​នៅ​លើ​ទ្វីប​អាហ្វ្រិក»។

លោក​ស្រី​ បេនស៊ូដា​ ថ្លែង​ទៀត​ថា​ការ​កាត់​ទោស​ជន​ជាតិ​អាហ្វ្រិក​គឺ​សម្រាប់​ជន​ជាតិ​អាហ្វ្រិក​តែប៉ុណ្ណោះ​ ដោយ​សារ​តែ​ជន​រង​គ្រោះ​តាម​ការ​ចោទ​ប្រកាន់​ ជា​ជន​ជាតិ​អាហ្វ្រិក។

«យើង​និយាយ​ថា​តុលាការ​ ICC​ កំណត់​មុខ​សញ្ញា​តែ​ជន​ជាតិ​អាហ្វ្រិក​ ប៉ុន្តែ​ជន​រងគ្រោះ​ទាំង​អស់​នៅ​ក្នុង​សំណុំ​រឿង​ក្តី​របស់​យើង​នៅ​ទ្វីប​អាហ្វ្រិក​ សុទ្ធ​តែ​ជា​ជន​រងគ្រោះ​អាហ្វ្រិក។​ ពួក​គេ​មិន​មែន​មក​ពី​ទ្វីប​ផ្សេង​ទេ។​ ពួក​គេ​ជា​ជន​រង​គ្រោះ​អាហ្វ្រិក​ ហើយ​ពួក​គេ​ជា​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​អំពើ​ឧក្រិដ្ឋ​កម្ម​ទាំង​នេះ»។

តុលាការ​ ICC​ បាន​ឲ្យ​ដឹង​ថា​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​លីប៊ី​ និង​កូន​ប្រុស​របស់​គាត់​ គឺ​សម្រាប់​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ ហើយ​សំដៅ​ទៅ​លើ​ការ​ធានា​ឲ្យ​ប្រាកដ​ថា​ ពួក​គេ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​តុលាការ​ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​«លែង​បន្ត​រារាំង​និង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ត​ទៅ​ទៀត»។

ក្នុង​ការ​អំពាវនាវ​ដល់​សមាជិក​របស់​ខ្លួន​មិន​ឲ្យ​គោរព​ដីកា​នេះ​ សហភាព​អាហ្វ្រិក​បាន​បង្ហាញ​ជា​ថ្មី​ទៀត​ថា​តើ​ មាន​មេដឹកនាំ​របស់​ខ្លួន​ប៉ុន្មាន​នាក់​ ដែល​មាន​ការ​មិន​ជឿ​ទុក​ចិត្ត​ទៅ​លើ​តុលាការ​នេះ។​ ICC​ បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ប្រធានាធិបតីប្រទេស​ស៊ូដង់​ អូម៉ា​ អាល់-​បាស្ហៀរ​ (Omar​ al-Bashir)​ កាល​ពី​ជិត​មួយ​ឆ្នាំ​មុន​ប៉ុន្តែ​លោក​ធ្វើ​ដំណើរ​នៅ​ទ្វីប​នោះ​ដោយ​សេរី។

ទឡ្ហីករណ៍​ដែល​ចោទ​ថា​តុលាការ​ត្រូវ​បាន​ជំរុញ​ដោយ​ហេតុ​ផល​នយោបាយ​ ក្នុង​ការ​តាម​ចាប់​មេដឹកនាំអាហ្វ្រិក ​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក​ ឃតនៃយ៍​ ហ្គ្រីវហ្វីត​ (Courtenay​ Griffiths)​ មេធាវី​ការពារ​ក្តី​នៅ​ក្នុង​ការ​កាត់​សេចក្តី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ លើ​អតីត​ប្រធានាធិបតី​ប្រទេស​លីបេរី​ (Liberia)​ លោក​ឆាលស៍​ ថេលលើ​ (Charles​ Taylor)​ កាល​ពី​ដើម​ឆ្នាំ​នេះ។

«យើង​ស្នើ​ឡើង​ថា​ វា​ជា​ភាព​អាម៉ាស់​ចំពោះ​ការ​កាត់​សេចក្តី​នេះ​ ដែល​បាន​ធ្វើ​ឲ្យ​អាប់​អោន​ដល់​ឧត្តមគតិ​ដ៏​ខ្ពង់​ខ្ពស់​នៃ​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ដោយ​បាន​ប្រែ​ក្លាយ​រឿង​ក្តី​នេះ​ទៅ​ជា​ទម្រង់​អាណានិគមនិយម​បែប​ថ្មី​នៃ​សតវត្សរ៍​ទី​២១។​ ហើយ​ខ្ញុំ​មិន​សុំ​អភ័យ​ទោស​ចំពោះ​ការ​និយាយ​យ៉ាង​ដូច្នេះ​ទេ»។

លោក​ ហ្គ្រីហ្វីត​ ថ្លែង​ថា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បាន​បង្ហាញ​ពី​ភាព​លម្អៀង​នៅ​ក្នុង​ការ​កាត់​សេចក្តី​លោក​ ថេលលើ។

«ការ​កាត់​សេចក្តី​លើ​រូប​គាត់​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ដោយ​ក្រុម​រដ្ឋ​អាជ្ញា​ ថា​ជា​ការ​បង្ហាញ​អំពី​ការ​បញ្ចប់​និទណ្ឌភាព។​ យើង​យល់​ស្រប។​ ជា​ការ​ពិត​ ការ​កាត់​ទោស​នេះ​មាន​សារ:​សំខាន់​ណាស់​សម្រាប់​ទ្វីប​អាហ្វ្រិក​ និង​សម្រាប់​ដំណើរ​វិវត្តន៍​នៃ​យុត្តិធម៌​អន្តរជាតិ​ ដែល​ក្នុង​នាម​ជា​មេធាវី​ការពារ​ក្តី​ម្នាក់​ យើង​ត្រូវ​តែ​តាំង​ចិត្ត​ដោយ​ឥត​ងាក​រេ។​ ប៉ុន្តែ​ទោះ​ជា​យ៉ង​ណា​ក៏​ដោយ​ យើង​កត់​សម្គាល់​ឃើញ​ថា​ បច្ចុប្បន្ន​នេះ​ មនុស្ស​ដែល​ត្រូវ​កាត់​ទោស​ ឬ​រង់​ចាំ​ការ​កាត់​ទោស​នៅ​ឯ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ គឺ​មាន​មក​ពី​ណា?​ សូម​ទស្សទាយ៍​មើល​ថា​មក​ពី​ណា​ --​ គឺ​មក​ពី​ទ្វីប​អាហ្វ្រិក។​ យើង​មាន​អារម្មណ៍​រំខាន​ដោយ​សារ​រឿង​នេះ»។

លោក​ស្រី​ ប្រេនដា​ ហូលីស​ (Brenda​ Hollis)​ ប្រធាន​រដ្ឋអាជ្ញា​បាន​រំឭក​លោក​ហ្គ្រីហ្វីត​ថា ​គឺ​រដ្ឋាភិបាល​នៅ​ទី​ក្រុង​ហ្វ្រីថោន​ (Freetown) ​ទេ​ ដែល​ជា​អ្នក​ស្នើ​សុំ​ឲ្យ​មាន​តុលាការ​ពិសេស​សម្រាប់​ប្រទេស​សេរ៉ាឡេអូន ​(Sierra​ Leone)។ ​លោក​ស្រី​ហូលីស​ មាន​ប្រសាសន៍​ថា​ មាន​«ភាព​សម​ហេតុ​ផល​ខុស​ប្រក្រតី»​មួយ​នៅ​ក្នុង​ទឡ្ហីករណ៍​របស់​សហភាព​អាហ្វ្រិក​ ប្រឆាំង​នឹង​តុលាការ​ ICC។

«ហើយ ​ភាព​សម​ហេតុ​ផល​នេះ​ហាក់​ដូច​ជា​ថា​ ប្រសិន​ណា​បើ​ប្រមុខរដ្ឋ​អាហ្វ្រិក​នឹង​បង្កើត​តុលាការ​ ឬ​អាច​បង្កើត​តុលាការ​បាន​ ដើម្បី​ដាក់​ទោស​បទ​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​ និង​សូម្បី​តែ​បទ​ឧក្រិដ្ឋកម្ម​ដែល​ប្រពឹត្ត​មក​លើ​យើង​ ដែល​ជា​សមាជិក​នៃ​សហគមន៍​សាកលលោក​នោះ​ក៏​ដោយ​ ប្រសិន​ណា​បើ​ពួក​គេ​អាច​ធ្វើ​កិច្ចការ​នេះ​បាន​ នោះ​អ្នក​ដទៃ​ទៀត​ក្នុង​ពិភពលោក​មិន​គួរ​ចូល​ធ្វើ​អន្តរាគមន៍​ទេ។​ ពីព្រោះ​ថា ​ប្រសិន​បើ​ពួក​គេ​មិន​ធ្វើ​ដូច្នោះ​ទេ​ នោះ​ជន​រង​គ្រោះ​ទាំង​នេះ​ពិត​ជា​មិន​អាច​រក​យុត្តិធម៌បាន​ទេ។​ ពួក​គេ​នឹង​មិន​ទទួល​បាន​នូវ​យុត្តិធម៌​ដ៏​សម​រម្យ​ទេ។​ យើង​សូម​ស្នើ​ទៅ​កាន់​អ្នក​ថា​ នោះ​មិន​មែន​ជា​ករណី​ដែល​កើត​ឡើង​ទេ»។

លោក​ ថេលលើ​ គឺ​ជា​ប្រមុខ​រដ្ឋ​អាហ្វ្រិក​ដំបូង​បង្អស់​ ដែល​ត្រូវ​បាន​កាត់​ទោស​ដោយ​ផ្ទាល់​ខ្លួន។​ សាល​ក្រម​មួយ​នៅ​ក្នុង​រឿង​ក្តី​របស់​លោក​ត្រូវ​បាន​រំពឹង​ថា​នឹង​ចេញ​នៅ​ចុង​ឆ្នាំ​នេះ។

ប្រទេស​ចំនួន​៣១​ក្នុង​ចំណោម​ប្រទេស​ចំនួន​៥៣​នៅ​ទ្វីប​អាហ្វ្រិក​ គឺ​ជា​ហត្ថលេខី​របស់​លក្ខន្តិកៈ​ទី​ក្រុង​រ៉ូម​ ដែល​បង្កើត​ឲ្យ​មាន​អំណាច​របស់​តុលាការ។​ នោះ​ជា​ចំនួន​ប្រទេស​ជិត​មួយ​ភាគ​បី​ ដែល​តុលាការ​ ICC​ មាន​យុត្តាធិការ​គ្រប់​គ្រង។​ ដូច្នេះ​ ប្រសិន​បើ​ពួក​គេ​ទាំង​អស់​គ្នា​មិន​គោរព​តាម​ដីកា​ចាប់​ខ្លួន​លោក​ ហ្គាដាហ្វី​ ទេ​ ប្រការ​នោះ​នឹង​ដាក់​កម្រិត​បន្ថែម​ទៀត​ទៅ​លើ​អំណាច​របស់​តុលាការ។

លោកស្រី​ បេនស៊ូដា​ រដ្ឋអាជ្ញា​រង​ ថ្លែង​ថា​ ការ​រា​រាំង​តុលាការ​នឹង​ការពារ​ដល់​ការ​រំលោភ​បំពាន​អំណាច។

«ហេតុ​អ្វី​ក៏​យើង​មិនពិនិត្យ​មើល​ទៅ​លើ​ចំណុច​វិជ្ជមាន​វិញ?។ ហេតុ​អ្វី​ក៏​យើង​មិន​ពិនិត្យ​មើល​ទៅ​លើ​ការ​ពិត​ដែល​ថា​មេដឹកនាំ​អាហ្វ្រិក​ កំពុង​ប្រកាន់​យក​នូវ​ភាព​ជា​អ្នក​ដឹកនាំ​នៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ? ។ ហេតុ​អ្វី​ក៏​យើង​មិន​ព្រម​និយាយ​ថា​ ICC​ កំពុង​កំណត់​មុខ​សញ្ញា​លើ​អ្នក​ដែល​កំណត់​មុខ​សញ្ញា​មក​លើ​ជន​ជាតិ​អាហ្វ្រិក?​ ពីព្រោះ​ថា​ គឺ​នេះ​ហើយ​ជាកិច្ច​ការ​ដែល​យើង​កំពុង​តែ​ធ្វើ»។

លោក​ លូវីស​ ម៉ូរ៉េណូ​-អូខាមផូ​ (Luis​ Moreno​-Ocampo)​ ប្រធាន​រដ្ឋ​អាជ្ញា​របស់​ ICC​ មាន​ប្រសាសន៍​ថា​ មិន​មែន​តុលាការ​ទេ​ ដែល​សម្រេច​ស៊ើប​អង្កេត​លោក​ ម៉ូអាម៉ា​ ហ្គាដាហ្វី។​ ការ​សម្រេច​នោះ​ផុស​ចេញ​ពី​សេចក្តី​សម្រេចចិត្ត​ជា​ឯកច្ឆ័ន្ទ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​នីហ្សីរីយ៉ា​(Nigeria)​ ហ្គាប៊ុន ​(Gabon)​ និង​អាហ្វ្រិក​ខាង​ត្បូង​ (South​ Africa)​ នៅ​ក្នុង​ក្រុម​ប្រឹក្សា​នោះ​ដែរ៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG