ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ក្រៅ​រដ្ឋាភិបាល​ចង់​​ឲ្យ​គោលដៅ​របស់​អ.ស.ប​​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ


រូបថតឯកសារ៖ អ្នកស្ម័គ្រចិត្ត​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ធ្វើការ​លើ​ដំណោះ​ស្រាយ​បញ្ហា​ហិង្សាផ្លូវ​ភេទ​លើ​កុមារ​ បាន​ប្រើប្រាស់​តុក្កតា​ដើម្បី​បង្រៀន​ក្មេងៗ​អំពី​ការ​ប៉ះពាល់​មិន​សមរម្យ​ និង​ការ​រំលោភបំពាន​ផ្លូវ​ភេទ​ នៅក្នុង​ថ្នាក់​មតេយ្យ​មួយ​នៅ​ទីក្រុង​ Cape Town ប្រទេស​អាហ្វ្រិកខាង​ត្បូង។
រូបថតឯកសារ៖ អ្នកស្ម័គ្រចិត្ត​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ធ្វើការ​លើ​ដំណោះ​ស្រាយ​បញ្ហា​ហិង្សាផ្លូវ​ភេទ​លើ​កុមារ​ បាន​ប្រើប្រាស់​តុក្កតា​ដើម្បី​បង្រៀន​ក្មេងៗ​អំពី​ការ​ប៉ះពាល់​មិន​សមរម្យ​ និង​ការ​រំលោភបំពាន​ផ្លូវ​ភេទ​ នៅក្នុង​ថ្នាក់​មតេយ្យ​មួយ​នៅ​ទីក្រុង​ Cape Town ប្រទេស​អាហ្វ្រិកខាង​ត្បូង។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ចំនួន​ពីរ​អះអាង​ថា ​អំពើ​ហិង្សា​ប៉ះពាល់​ដល់​ក្មេង​ប្រហែល​១ពាន់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​ផល​ប៉ះពាល់​នេះ​ធ្វើ​ឲ្យ​ខាត​បង់​ប្រាក់​ប្រចាំ​ឆ្នាំ​អស់​៧លាន​លាន​ដុល្លារ​អាមេរិក។ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​ខណៈ​ដែល​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​និង​ក្មេង​ស្រី​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង​មុន អំពើ​ហិង្សា​ទៅលើ​ក្មេង​ប្រុស​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ។ នេះ​ជា​មូល​ហេតុ​ចម្បង​បណ្តាល​ឲ្យ​មាន​ការ​ស្លាប់​របស់​ក្មេង​ប្រុស​ជំទង់​នៅ​ក្នុង​បណ្តា​តំបន់​ជា​ច្រើន​ទូទាំង​ពិភពលោក។

អង្គការមាន​ឈ្មោះ​ថា​ «គ្មាន​អំពើ​ហិង្សា»​និង​អង្គការ​«រួមគ្នា​ដើម្បី​ក្មេង​ស្រី»​ បាន​លើក​ឡើង​ថា​ អំពើ​ហិង្សា​លើ​កុមារ​គឺ​ជា​បញ្ហា​ប្រឈម​ចម្បង​បំផុត​សម្រាប់​ការ​អភិវឌ្ឍ។ ក្រុម​ដដែល​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ «ការ​បន្ត​ជួប​ប្រទះ​នឹង​អំពើ​ហិង្សា​ជា​ចំ​ហរ​របស់​កុមារ ​ទោះ​បី​ជា​ជនរងគ្រោះ​ ឬជា​អ្នក​បាន​ឃើញ​ព្រឹត្តិការណ៍​ក៏​ដោយ ​វា​បង្ក​ផល​ប៉ះពាល់​ដល់​ខួរ​ក្បាល​របស់​ពួក​គេ»។ ផល​ប៉ះពាល់​ទាំង​នោះ​រួម​មាន​បញ្ហា​ភ័យ​បាក់ស្បាត​ដែល​នាំឲ្យ​មាន​បញ្ហា​សង្គម​ បញ្ហា​ផ្លូវ​អារម្មណ៍​ និង​បញ្ហា​អាកប្បកិរិយា​ជា​ដើម។

អ្នកស្រី​ Lisa Witter គឺជា​នាយក​ប្រតិបត្តិ​អង្គការ​«គ្មាន​អំពើ​ហិង្សា» ​ឬ​ក៏​តាម​ការ​ដែល​នាង​ហៅ​ខ្លួនឯង​ថា​ជា​ «ប្រធាន​ក្រុម​សុទិដ្ឋិនិយម»។​

អ្នកស្រី​ Witter ​និយាយ​ថា៖ «អំពើ​ហិង្សា​ប្រឆាំង​នឹង​កុមារ​គឺ​ជា​បញ្ហា​ដែល​កើត​ឡើងនៅ​ពាស​ពេញ​ពិភពលោក​នៅ​គ្រប់​ប្រទេស​ទាំង​អស់ នៅ​តាមផ្ទះ​គ្រប់​កម្រិត​ជីវភាព​ បើ​ទោះបីជា​ឳពុក​ម្តាយ​ទទួល​បាន​ការ​អប់រំ​ឬ​អត់​ក៏ដោយ។ ហើយ​អំពើ​ហិង្សា​ប្រឆាំង​កុមារ​នេះ​ កើត​ឡើង​គ្រប់ទី​កន្លែង។ យើង​បាន​រៀនសូត្រ​ពីការ​ពិភាក្សា​គ្នា​អំពី​បញ្ហា​ហិង្សា​នេះ​ ដែល​មនុស្ស​ផ្សេង​គ្នា​ផ្តល់​និយម​ន័យ​ខុសៗ​គ្នា​ចំពោះ​ពាក្យ​ថា​ ហិង្សា​ប្រឆាំង​កុមារ។ តើ​វា​ជា​ការ​បំពារ​បំពាន​ផ្លូវចិត្ត? តើ​វា​ជាការ​រំលោភ​បំពាន​លើ​រូប​រាង​កាយ?​ តើ​វា​ជា​ការ​ធ្វើ​ទារុណកម្ម​លើ​រូបរាង​កាយ? វា​គឺ​ជា​អំពើ​ទាំងអស់​នេះ​ឯង។​ យើង​កំពុង​តែ​សម្លឹង​មើល​លើ​ការ​កាត់​បន្ថយ​ហិង្សា​ប្រឆាំង​កុមារ​គ្រប់​រូបភាព​ទាំងអស់»។

អ្នកស្រី Witter បាន​ឲ្យ​ដឹង​ដែរ​ថា​ ក្មេង​ស្រី​ជា​អ្នក​ងាយ​រងគ្រោះ​បំផុត​ចំពោះ​ហិង្សា​ផ្លូវភេទ​ និងការ​បង្ខំ​ឲ្យ​រៀបការ​ទាំង​វ័យ​ក្មេង ដែល​នាង​ចាត់ទុក​ការ​បង្ខំ​ឲ្យ​រៀបការ​នៅ​វ័យក្មេង​នេះ​ក៏ជា​ទម្រង់មួយ​នៃ​អំពើ​ហិង្សា​ផង​ដែរ។

«ក្មេង​ស្រី​ភាគច្រើន​ប្រឈម​នឹង​ការ​រៀបការ​នៅ​អាយុ​ក្រោម​១៨ឆ្នាំ ច្រើន​ជាង​ក្មេង​ប្រុស។ ហើយ​នេះ​ជា​សកម្មភាព​ហិង្សា​មួយ​ប្រាកដ​ណាស់។ ការ​រៀប​ការ​ទាំង​នៅ​វ័យ​ក្មេង​នេះ​ មិន​មែន​ជាឆន្ទៈ​ពួក​គេទេ​ ហើយ​ពួក​គេ​គួរ​តែ​បន្ត​នៅ​ជាក្មេង​ស្រី ​មិន​មែន​កូន​ក្រមុំ​នោះ​ឡើយ»។

សម្រាប់​ក្មេង​ប្រុស​វិញ អ្នកស្រី​ Witter​ បាន​បញ្ចាក់​ថា៖ «ក្នុង​ចំណោម​ជនរង​គ្រោះ​ដោយ​ករណី​មនុស្ស​ឃាត​៥នាក់​ មាន​ម្នាក់​ជា​កុមារ​ ហើយ​ក្មេង​ប្រុស​មាន​ប្រហែល​ជា​៧០​ភាគរយ​ក្នុងចំណោម​ពួកគេ​ទាំងនោះ។​ អំពើ​ហិង្សា​ពិត​ប្រាកដ​និង​ដោយ​ភាព​ព្រៃផ្សៃ​ គឺ​ជា​បញ្ហា​ធំ​សម្រាប់​ក្មេង​ប្រុស។ ហិង្សា​ផ្លូវភេទ​ដូច​ដែល​ខ្ញុំបាន​និយាយ​អញ្ចឹង គឺ​ជា​បញ្ហា​ធំ​មួយ​សម្រាប់​ក្មេងស្រីៗ​ ក៏​ប៉ុន្តែ មាន​ក្មេង​ប្រុស​៧៣​លាន​នាក់​ អា​យុ​ក្រោម​១៨​ឆ្នាំ​ ជួបនឹង​អំពើហិង្សា​ផ្លូវភេទ​ដែរ។ ដូច្នេះ​ នៅ​ខណៈដែល​ក្មេង​ស្រីៗ​មាន​កត្តា​ហានិភ័យ​ខ្ពស់​ដោយ​អំពើ​ហិង្សា​ផ្លូវ​ភេទ​ ក៏ប៉ុន្តែ ​វា​ទៅ​ជា​បញ្ហា​សម្រាប់​ក្មេង​ប្រុស​ទៅវិញ។ ហើយ​ក្រៅ​ពីនេះ ​បញ្ហា​ផ្សេង​ទៀត​ដែល​យើង​ខ្វាយ​ខ្វល់​ខ្លាំង​ដែរ​នោះ​គឺ​ទាហាន​កុមារ។ យ៉ាង​ហោច​ណាស់​មាន​កុមារ​ប្រមាណ​២៥​ម៉ឺន​នាក់ ​បម្រើ​ការ​ជា​ទាហាន​នៅ​លើ​ពិភពលោក​ទាំង​មូល ហើយ​៩០​ភាគរយ​នៃ​ពួក​គេ​ជា​ក្មេង​ប្រុស»។

អ្នកស្រី​ Witter ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ មាន​បុរស​១៥៦​លាន​នាក់​ដែល​មាន​ជីវិត​បច្ចុប្បន្ន​ ត្រូវ​បាន​រៀប​ការ​តាំង​ពី​កុមារ។

អ្នកស្រី Witter និង អ្នកស្រី​ Michele Moloney-Kitts ប្រធានអង្គការ​រួមគ្នា​ដើម្បី​ក្មេង​ស្រី បាន​សរសេរ​អត្ថបទ​បញ្ចេញ​ជា​មតិ​យោបល់​ថា៖ «អំពើ​ហិង្សា​ប្រៀប​ដូច​ជា​ជំងឺឆ្លង​ ហើយ​គេព្យាករណ៍​ទុកមុន​ថា ការ​លូត​លាស់​ធំធាត់​ក្នុង​បរិស្ថាន​ដែល​មាន​ហិង្សា​កើត​ឡើង​ជុំវិញ​នោះ​ នឹង​ធ្វើ​ឲ្យ​កុមារ​ក្លាយ​ជា​ជនរង​គ្រោះ​ ឬក្លាយជា​មនុស្ស​ប្រើ​ហិង្សា​នៅ​ពេល​ដែល​គេ​ធំ​ពេញ​វ័យ»។

អ្នក​ទាំង​ពីរ​បាន​បន្ថែម​ថា​ បទដ្ឋាន​ទាក់ទង​នឹង​បញ្ហា​ភេទ​ ធ្វើ​ឲ្យ​ក្មេង​ប្រុស​មាន​ការ​ពិបាក​ក្នុង​ការ​សារ​ភាពថា​ ខ្លួន​ជា​ជនរង​គ្រោះ​ដោយ​សារ​អំពើ​ហិង្សា។ ជាការពិត​ ជា​មធ្យម​ បុរស​ៗដែល​ជា​ចុង​ក្រោយ​សុខ​ចិត្ត​បង្ហើប​ឲ្យគេ​ដឹង​ថា​ខ្លួន​បាន​រង​ការ​បំពា​របំពានផ្លូវ​ភេទ​នោះ​ គឺ​នៅ​រយៈពេល​២២​ឆ្នាំ ក្រោយ​ពេល​ខ្លួន​ត្រូវ​គេ​ធ្វើ​បាប។ រយៈ​ពេល​នៃ​ការ​ទម្លាយ​ឲ្យ​ដឹង​ពី​បញ្ហា​នេះ ​កើត​ឡើង​យឺត​ជាង​ស្ត្រី​ប្រហែល​១០ឆ្នាំ។

ដើម្បី​ជួយ​ក្មេង​ប្រុស​កុំ​ឲ្យ​ក្លាយ​ជា​មនុស្ស​ងាយ​រងគ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ទាំង​ពីរ​ បាន​ផ្តល់​អនុសាសន៍​ឲ្យ​មាន​កម្មវិធី​ធ្វើ​ជា​ឪពុកម្តាយ​សម្រាប់​អ្នក​ថែទាំ​កុមារ។ ​អង្គការ​ទាំងពីរ​បាន​បញ្ជាក់ថា ​វា​ជា​កម្មវិធី​សិក្សា​នៅ​តាម​សាលា​ដែល​អាច​បង្រៀន​ក្មេង​វ័យ​ជំទង់​អំពី​«សុវត្ថិភាព​នៃការ​ណាត់​ជួបគ្នា»។ កម្មវិធី​ណែនាំ​ប្រៀន​ប្រដៅ​ បាន​បង្ហាញ​ពីភាពជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ករណី​មនុស្ស​ឃាត​និង​ការ​ចូល​ជាមួយ​ក្រុម​បង​តូច​បងធំ​ជាដើម។​

ក្រុម​អង្គការ​ទាំង​នេះចង់​ឲ្យ​បញ្ហា​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​គោលដៅ​ថ្មី​នៃ​អភិវឌ្ឍន៍​ជា​និរន្តរភាព​របស់​អង្គការ​សហប្រជាជាតិ​ ដែល​គោល​ដៅ​ថ្មី​នេះ​នឹង​ត្រូវអនុម័តនៅ​ខែ​កញ្ញា​ខាងមុខ​ក្នុង​ទីក្រុង​ញូវយ៉ក។ អ្នក​ស្រី​ Witter ​បាន​ឲ្យដឹង​ថា ជីវិត​អាច​នឹង​ប្រសើរ​ឡើង​សម្រាប់​ក្មេងៗ​គ្រប់​គ្នា ​ប្រសិន​បើ​សមាជិក​អង្គការ​សហប្រជាជាតិ​រួមគ្នា​លុបបំបាត់​អំពើ​ហិង្សា​ទាំងនេះ។

«ខ្ញុំ​បារម្ភ​អំពី​ក្មេងប្រុស​និង​ក្មេងស្រី​ជាខ្លាំង។​ ខ្ញុំ​ចង់​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ក្មេងស្រី​ៗ​ ហើយ​ខ្ញុំ​ក៏​ចង់​កាត់​បន្ថយ​បញ្ហា​ហិង្សា​លើ​ក្មេង​ប្រុស​ៗ​ដូចគ្នា​ដែរ។ ខ្ញុំ​ជា​ម្តាយ​ក្មេង​ប្រុស​តូចៗពីរនាក់​ ដែល​មា្នក់​មាន​អាយុ​៦ឆ្នាំ​ និង​ម្នាក់​ទៀត​មាន​អាយុ៨​ឆ្នាំ។ ដូច្នេះ​ បញ្ហា​នេះ​វា​ដូច​ជា​រឿង​ផ្ទាល់​ខ្លួន​ដូច្នេះ​ឯង​សម្រាប់​ខ្ញុំ។ យើង​មិន​អាច​បញ្ឈប់​អំពើ​ហិង្សា​ដែល​កើត​ឡើង​បន្ត​កន្ទុយ​គ្នា​បែប​នេះ​ទេ ប្រសិន​បើ​យើង​មិន​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ក្មេង​ប្រុស​និង​ក្មេង​ស្រី​ទេ​នោះ។ អ្វី​ដែល​យើង​ចង់​ធ្វើគឺ​គ្រាន់តែ​បន្តការ​ប្រឆាំង​នឹង​ហិង្សាតាម​រយៈ​ដំណើរការ​អង្គការ​សហប្រជាជាតិ​ និង​តាម​រយៈការ​ជជែក​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន ​សហគមន៍​ និង​ជួយ​បង្កើត​វិធាន​ការ​ដែល​យើង​ជឿ​ជាក់​ថា​ អាច​ប្រើប្រាស់​បាន​ដើម្បីកាត់​បន្ថយ​អំពើ​ហិង្សា»។

ទាក់ទិន​នឹងព័ត៌មាននេះ​ដែរ ​កិច្ចសហការ​ក្នុង​ភាព​ជា​ដៃ​គូ​សាកល​មួយ​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ប្រឆាំង​នឹង​កុមារ​ ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​អន្តរជាតិលើក​ទី៣​ ស្តីពី​ការ​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ Addis Ababa ​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា​កន្លងទៅ៕

ប្រែសម្រួល​ដោយ​ សៅ ផលនិស្ស័យ

XS
SM
MD
LG