ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​ជាតិ​និង​អន្តរជាតិ​បន្ត​ថ្កោលទោស​ការបាញ់​សម្លាប់​កម្មករ​រោងចក្រ​កាត់​ដេរ


កងកម្លាំង​​ប្រដាប់​អាវុធ​​កម្ពុជា​​កំពុង​រុលចូល​បង្ក្រាប​កម្មករ​ដែលធ្វើកូដកម្ម​​ (140103)
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ចំនួន​៦៥នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ប្រកាស​ថ្កោល​ទោស​ទៅ​លើ​ការ​បាញ់​សម្លាប់​បាតុករ​ជា​កម្មករ​រោងចក្រ​កាល​ពី១០​ថ្ងៃ​មុន​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​រងរបួស​ជា​ច្រើន​នាក់។

អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​រួម​មាន​អង្គការ​អាដហុក ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អង្គការ​តម្លាភាព​អន្តរជាតិ ​និង​អង្គការ​អុកស្វាម​របស់​សហរដ្ឋ​អាមេរិក​ជា​ដើម។

ក្នុង​សេចក្តី​ប្រកាស​រួម​របស់​ខ្លួន ​ក្រុម​អង្គការ​សង្គម​បាន​បរិហារ​ធ្ងន់​ៗ​យ៉ាង​ដូច្នេះ​ថា៖​«​យើង​ខ្ញុំ​សូម​ថ្កោល​ទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ប្រើ​ប្រាស់​កម្លាំង​ដ៏​លើស​លុប ​និង​យ៉ាង​សាហាវ ​ការ​ចាប់​ខ្លួន​ដោយ​បំពាន ​ការ​សម្លាប់ ​និង​ការ​ប្រព្រឹត្តិ​យ៉ាង​អមនុស្ស​ធម៌​ដោយ​អាជ្ញាធរ​កម្ពុជា»។

ការ​ថ្កោលទោស​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​បង្ក្រាប​ដោយ​កម្លាំង​យោធា​លើ​បាតុករ​ជា​កម្មករ​រោងចក្រ​នៅ​តំបន់​សួន​ឧស្សាហកម្ម​ពិសេស​តាម​ផ្លូវ​ជាតិ​លេខ​៤​កាល​ពី​ថ្ងៃ​ទី២ ​ខែ​មករា​ ដែល​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​១០​នាក់។ មួយ​ថ្ងៃ​ក្រោយ​មក​ក្រុម​សមត្ថកិច្ច​បាន​បាញ់​បង្ក្រាប​ដោយ​ប្រើ​គ្រាប់​ពិតទៅ​លើ​ហ្វូង​បាតុករ​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាត់ដេរ​កាណាឌីយ៉ា​ដែល​នាំ​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៤​នាក់​បាន​ស្លាប់ ​របួស​៣៩​នាក់​និង​ចាប់​ខ្លួន​ចំនួន​១៣​នាក់។

ក្នុង​សេចក្តី​ប្រកាស​ដដែល​នេះ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ជនជាប់​ចោទ​ទាំង​២៣​នាក់​ដោយ​គ្មាន​លក្ខខណ្ឌ ​និង​បង្កើត​គណៈកម្មាធិការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ដើម្បី​វែក​មុខ​រក​ជន​ដែល​ទទួល​ខុស​ត្រូវ​លើ​អំពើ​ហិង្សា​នេះ ​ហើយ​កាត់​ទោស​ជន​ទាំង​នោះ​ដោយ​មិន​បង្អង់ ​និង​ត្រូវ​ផ្តល់​សំណង​ដល់​អ្នក​រងរបួស ​និង​គ្រួសារ​នៃ​អ្នក​ដែល​ត្រូវ​គេ​សម្លាប់។

លោក យ៉េង វីរៈ ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នេះ​ថា​អង្គការ​របស់​លោក​កំពុង​រៀបចំ​មេធាវី​ដើម្បី​រក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ។

«ការ​បំពាន​អំណាច​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ដោយ​យោធា​ដោយ​កង​ទ័ព​នឹង​មិន​អាច​រួច​ផុត​ពី​សំណាញ់​ច្បាប់​ទេ។ ក្រុម​អ្នក​ច្បាប់​យើង​ក៏​កំពុង​ជួយ​ដល់​ជនរងគ្រោះ​ក្នុង​ការ​ដាក់​បណ្តឹង ​ក្នុង​នាម​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី ​ទាំង​ក្រុម​គ្រួសារ​អ្នក​ស្លាប់​ទាំង​ក្រុម​គ្រួសារ​អ្នក​រង​របួស ​អ្នក​ដែល​បាត់បង់​ប្រយោជន៍​ដោយ​ការ​បង្ក្រាប​ដោយ​ហិង្សា​នេះ»។

ការ​បង្ក្រាប​ដ៏​ហិង្សា​កាល​ពី​ថ្ងៃ​ទី​២​និង​ទី​៣​ខែ​មករា​នា​ពេល​កន្លង​មក​ក៏​បាន​នាំ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល ​សហគមន៍​អន្តរជាតិ​ដែល​មាន​ប្រទេស​អ្នក​ផ្តល់​ជំនួយ​សំខាន់ៗ​ដូចជា​សហរដ្ឋ​អាមេរិក ​សហគមន៍​អឺរ៉ុប ​និង​ប្រទេស​ជប៉ុន ​និង​រហូត​ដល់​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំ​ៗ​ដូចជា​ក្រុមហ៊ុន​Adidas Levi's Gap ​និង​ក្រុមហ៊ុន​Puma​ជា​ដើម។

លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ ​អ្នកនាំពាក្យ​នៃ​ក្រសួង​មហាផ្ទៃ ​ថ្លែង​ថា​ចំណាត់ការ​លើ​ជនជាប់​ចោទ​ទាំង​២៣​នាក់​ជា​ដែន​សមត្ថកិច្ច​ផ្តាច់មុខ​របស់​ស្ថាប័ន​តុលាការ។

«នេះ​មិន​ស្ថិត​នៅ​ក្នុង​អធិការ​របស់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ដាច់​ដោយ​ឡែក​មួយ​ទៀត​គឺ​ស្ថាប័ន​តុលាការ​។ បង​មិន​អាច​ឆ្លើយ​ជំនួស​ស្ថាប័ន​តុលាការ​បាន​ទេ»។

លោក ខៀវ សុភ័គ ​បញ្ជាក់​បន្ថែម​ថា​រដ្ឋាភិបាល​នា​កាល​ពី​សប្តាហ៍​មុន​បាន​បង្កើត​គណៈកម្មាធិការ​ចំនួន​បី​រួច​មក​ហើយ​ដើម្បី​ស៊ើប​អង្កេត​លើ​ការ​បាញ់​បង្ក្រាប​នេះ ​ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា​តើ​ការ​ស៊ើប​អង្កេត​នេះ​ដំណើរការ​ដល់​ណា​ហើយ​នោះ​ទេ។

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ​របស់​លោក​នៅ​កម្ពុជា ​លោក សុរិយ៉ា ប្រាសាទ​ស៊ូប៊ែឌី ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ក៏​បាន​សន្យា​នឹង​លើក​យក​ករណី​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​និង​ស្នើ​ឱ្យ​ដោះលែង​ជនជាប់ចោទ​ទាំង​២៣​នាក់​នេះ​ក្នុង​ជំនួប​របស់​លោក​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG