ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​បញ្ជា​ទិញ​នៅ​អាមេរិក​អាច​ចង់​ឃើញ​ជីវភាព​កម្មករ​ប្រសើរ​និង​មិន​រងការ​ធ្វើទុក្ខ​ទោស

  • ម៉ែន គឹមសេង

H&M ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ដែល​​​បញ្ជាទិញ​ទំនិញ​ពី​ឧស្សាហកម្ម​កាត់​ដេរ​សម្លៀក​បំពាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​
ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​ម៉ាក​ល្បីៗ​ដែល​មាន​ដាក់​លក់​នៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក​នៅ​បន្ត​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​និង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ឱ្យ​វិល​ត្រឡប់​ទៅ​តុ​ចរចា​ជាមួយ​នឹង​ក្រុម​សហជីព​ឱ្យ​បាន​ឆាប់​ដើម្បី​បញ្ចប់​វិវាទ​ជាមួយ​នឹង​កម្មករ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នេះ​គឺជា​អន្តរាគមន៍​លើក​ទីមួយ​ក្នុង​ទ្រង់​ទ្រាយ​ធំបំផុត​និងធ្ងន់​ធ្ងរមួយដែល​ក្រុម​ហ៊ុន​បញ្ជាទិញ​ទំនិញ​ពី​ឧស្សាហកម្ម​កាត់​ដេរ​សម្លៀក​បំពាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​លូក​ដៃ​យ៉ាង​ជ្រៅ​ចូលក្នុង​ទំនាស់​ដ៏​ជូរចត់​រវាង​ថៅកែ​រោងចក្រ​ កម្មករនិង​រដ្ឋាភិបាល​កម្ពុជា។​ ក្រុមហ៊ុន​ទាំង​នោះ មាន​ H&M ​អាឌីដាស ​ហ្កែប ​កូឡំប៊ីយ៉ា ​ភូម៉ា ​លីវ៉ាយស្ត្រៅ ​និង​អ៊ីនឌីធេក។

ការលូកដៃ​ដ៏​កម្រ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ការ​បង្រ្កាប​យ៉ាង​ហិង្សា​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​កាលពី​ចុង​សប្តាហ៍​មុនលើក្រុម​កម្មករ​ដែល​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់ខែ​គោល​ពី​៨០​ដុល្លារ​ដល់​១៦០​ដុល្លារ ​ដោយ​បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​មនុស្សចំនួន​៥​នាក់និងរបួស​ជាង​៤០​នាក់ព្រម​ទាំង​ចាប់​ខ្លួនជាង​២០​នាក់។​

លោកស្រី​ ឡូរ៉ា វីលគីនសុន(Laura Wilkinson)​អ្នកនាំ​ពាក្យ​នៃ​ក្រុម​ហ៊ុន​ Gap ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​សារអេឡិកត្រូនិក​ថា៖

«យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​និង​សន្តិសុខ​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​កម្ពុជា។ យើង​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​ហើយ​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ចរចា​ជាមួយ​នឹង​ភាគីពាក់​ព័ន្ធ​ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ​ដោយ​សន្តិវិធី»។

ចំណែក​ក្រុមហ៊ុន​កូឡំប៊ីយ៉ា បាន​សម្តែង​នូវ​ការ​រំខាន​ចិត្ត​ចំពោះ​ហេតុការណ៍​ហិង្សា​នេះ​ហើយ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ដែល​មាន​អ្នក​ស្លាប់​បាត់​បង់​ជីវិ​ត​និង​រងរបួស។

តាម​រយៈ​សារ​អេឡិកត្រូនិក​មក​កាន់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក ​លោក រ៉ន ផាហាម(Ron Parham) នាយក​ជាន់​ខ្ពស់​នៃ​ផ្នែក​ទំនាក់​ទំនង​អ្នក​វិនិយោគ​និង​សារគមនាគមន៍​បាន​បញ្ជាក់​ថា៖

«យើង​ជឿថា​គ្រប់​កម្មករ​មាន​សិទ្ធិ​ធ្វើ​ការ​នៅ​ក្នុង​បរិយាកាស​សុវត្ថិភាព​និង​សន្តិសុខ​ហើយ​នឹង​ប្រមូល​ផ្តុំ​ រៀបចំ​ និងសុំ​ចរចា​រួម​តាម​ច្បាប់​និង​សន្តិវិធី​ដោយ​មិន​ទទួល​រងការ​ពិន័យ ការរំខាន​ ឬ​ការ​ភ័យ​ខ្លាច​ឡើយ។ ទាំងនេះ​រួម​ទាំង​សិទ្ធិ​ចរចា​សុំ​ដំឡើង​ប្រាក់​បៀវត្សរ៍​អប្បបរមាផងដែរ»។

លោក​ រ៉ន ផាហាម ​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖

«យើង​ក៏​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្រុមប្រឹក្សា​ការងារ​ដើម្បី​អនុវត្ត​នូវ​យន្ត​ការ​ត្រួត​ពិនិត្យ​មើល​ប្រាក់​ខែ​គោល​ឱ្យ​បាន​ប្រសើរ​ដោយ​ផ្អែក​លើ​ការអនុវត្ត​ល្អ​កម្រិត​អន្តរជាតិ ​ដោយ​ប្រើ​ប្រាស់​លក្ខណៈ​វិនិច្ឆ័យ​និង​ទិន្នន័យ​មិន​លម្អៀង»។

ដូចគ្នា​នេះ​ដែរ​ក្រុមហ៊ុន ​សម្លៀក​បំពាក់​ H&M ​បាន​ប្រកាស​ដាក់​ខ្លួន​នៅ​ឆ្ងាយ​ពី​អំពើ​ហិង្សា​ដែល​បាន​កើត​មានឡើង​ហើយ​ទទូច​ឱ្យ​មាន​ការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់។

លោកស្រី​ អាណា អេរិកសុន (Anna Eriksson)​ អ្នកនាំ​ពាក្យ​នៃ​ក្រុមហ៊ុន​ H&M ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​សារអេឡិកត្រូនិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖

«យើង​សង្ឃឹម​ថា​ជម្លោះ​នេះ​នឹង​អាចត្រូវ​បាន​ដោះស្រាយ​ក្នុ​ង​ពេល​ឆាប់ៗ​នេះ​ ហើយ​ការចរចា​ដោយ​សន្តិវិធី​អំពី​ប្រាក់​បៀវត្សរ៍​នឹង​អាច​អាច​ផ្តើម​បាន​ក្នុង​ភាព​ស្មោះត្រង់​និង​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ទាំងអស់»។

ក្រុម​ហ៊ុន​ H&M ​បាន​បញ្ជាក់​ថា​បុគ្គលិក​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្វើការ​ទាក់​ទង​ជា​ប្រចាំ​ជាមួយ​នឹង​សហជីព​និង​សមាគម​កាត់ដេរ​ហើយ​តាម​ដាន​ការវិវត្តន៍​នៅ​ក្នុង​ប្រទេសកម្ពុជា​ដោយ​ដិតដល់​បំផុត។

យ៉ាង​ណា​ក៏​ដោយ​មិន​មាន​ក្រុមហ៊ុន​ណា​មួយ​ដែល​វីអូអេ​បាន​ទាក់​ទង​សម្តែង​នូវ​ចេតនា​ក្នុង​ការ​ចង់​ឈប់​បញ្ជា​ទិញ​ពី​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។​

លោកស្រី​ Anna Eriksson ​បាន​បញ្ជាក់​ក្នុង​សារ​អេឡិកត្រូនិក​ថា៖

« H&M នៅ​តែ​ប្តេជ្ញា​ជួយ​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​មួយ​ដែល​យើង​បាន​បញ្ជា​ទិញ​ទំនិញ​ដ៏​សំខាន់​មួយ​ ហើយ​ក្នុ​ងនាម​ជា​អ្នក​បញ្ជាទិញ​ដ៏​សំខាន់​មួយ​ក្នុង​វិស័យ​ឧស្សាហកម្មកាត់​ដេរ​កម្ពុជា​ យើង​នឹង​បន្ត​លើក​ទឹកចិត្ត​គ្រប់​ភាគី​ពាក់ព័ន្ធ​ឱ្យ​ធ្វើ​ការ​ចរចា​ជាថ្មី​និង​សម្រេច​ឱ្យ​បាន​នូវ​ដំណោះស្រាយ​មួយ​ដែល​មាន​ការ​យល់​ព្រម​នឹង​គ្នា​ទៅវិញ​ទៅ​មក​លើ​ជម្លោះ​ដែល​មាន​នេះ»។ ​

ក្រុមហ៊ុន​ធំៗ​ដទៃ​ទៀត​ដែល​វីអូអេ​បាន​ទាក់​ទង​ដែល​មាន​ដូច​ជា​ ភូម៉ា ​និង​អាឌីដាស ​បាន​បញ្ជាក់​ដូចៗ​គ្នា​ថា​គេ​នៅ​រក្សា​ជំហរ​តាម​លិខិត​ដែល​ខ្លួន​បាន​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​និង​សមាគម​រោងចក្រកាត់​ដេរ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៧​ខែ​មករា។

នៅពេល​ដែល​វីអូអេ​សាកសួរ​អំពី​លទ្ធភាព​នៃ​ការដែល​ក្រុម​ហ៊ុន​ធំៗ​ទាំង​នោះ​បញ្ឈប់ការ​បញ្ជា​ទិញ ​ពី​ប្រទេស​កម្ពុជា​លោក​ស្រី ឡូរ៉េន ឡែមគីន (Lauren Lamkin) ​ខាងផ្នែក​ទំនាក់​ទំនង​សាធារណៈរបស់​ក្រុមហ៊ុន ​អាឌីដាស ​បាន​បញ្ជាក់​ថា​ចម្លើយ​គឺ​ដូចនៅ​ក្នុង​លិខិត​ចំហ​កន្លង​មក​ដដែល។

លិខិត​ចំហ​នោះ​បាន​បញ្ជាក់​ថា​៖

«ក្រុមហ៊ុន ​ដែល​មាន​ម៉ាកល្បីៗ​នៅ​តែ​ប្តេជ្ញា​ជួយ​ដល់​កម្ពុជា​ ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រយៈ​ពេល​យូរ​របស់​ប្រទេស​នេះ ​និង​ចំពោះ​ភាព​រុងរឿង​របស់​ពលរដ្ឋ​កម្ពុជា»។​

មាន​កម្មករ​ភាគច្រើន​បាន​វិល​ត្រឡប់​ចូល​ទៅ​ធ្វើ​ការ​វិញ​ហើយ​បន្ទាប់​ពី​ពួកគេ​រាប់​ម៉ឺននាក់​ដើរ​ចេញ​ពី​ការងារចាប់​តាំងពី​ថ្ងៃ​ទី​២៤​ខែ​ធ្នូ​មក​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការសម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​ការងារ​ក្នុង​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ត្រឹមតែ៩៥​ដុល្លារ​និង​ក្រោយ​មក​ត្រូវ​បាន​ក្រសួង​ការងារ​សម្រេច​ជា​ឯកតោ​ភាគី​ដំឡើង​ដល់​១០០​ដុល្លារ។ រហូត​មក​ដល់​ពេល​នេះ​ក្រុម​សហជីព​នៅ​បន្ត​រក្សា​ជំហរ​តវ៉ា​ដដែល​បើ​ទោះបី​ជា​អាច​ប្រឈម​មុខ​នឹង​បណ្តឹង​ទៅ​តុលាការ​ដែល​ប្តឹង​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​រងការវាយ​បំផ្លាញ​ដោយ​ក្រុម​ហ្វូង​មនុស្ស​ដែល​ក្រេវក្រោធ ហើយ​សហជីពសុំ​ឱ្យ​រដ្ឋាភិបាល​និង​ម្ចាស់​រោងចក្រ​វិល​មក​តុ​ចរចា​ឱ្យ​បាន​ឆាប់។​

វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​កម្ពុជា​គឺជា​ឆ្អឹង​ខ្នង​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​ដោយ​បាន​នាំចេញ​ក្នុង​ទំហំ​ថវិកា​ចំនួន​ជាង​៥ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​និង​បង្កើត​ការងារ​ដល់​កម្មករ​ជាង​៤០០.០០០​នាក់​ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ក្មេងៗ​មក​ពី​ជនបទ​នៃ​ប្រទេស​កម្ពុជា។
ការតវ៉ា​របស់​ពួកគេ​ទទួល​បាន​ការចាប់​អារម្មណ៍​ខ្លាំង​ដោយ​សារ​ស្ថានភាព​បច្ចុប្បន្ន​មាន​ការ​ជាប់​គាំ​ង​នយោបាយ​ហើយ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការទាមទារ​របស់​ពួកគេ។

សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ជំហរ​ជាច្រើន​ដង​ចាប់​តាំង​ពី ​ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​ដោយ​រួម​មាន​ការ​ស្នើ​សុំ​ការ​អនុញ្ញាត​សុំ​ដឹក​សម្ភារៈ​ផលិត​ចេញ​ពី​ប្រទេស​កម្ពុជា​និង​ថា​ទ្វារ​សម្រាប់​ការ​ចរចា​ដំឡើង​ប្រាក់​ខែ​បាន​បិទ​ជា​ស្ថាពរ​ជាដើម។ ប៉ុន្តែ​នៅ​ក្នុង​ជំហរ​ចុងក្រោយ​បន្ទាប់ពី​មាន​សម្ពាធ​ពី​អ្នក​បញ្ជាទិញ​លោក​ ខេន លូ​ អគ្គ​លេខាធិការ​នៃ​សមាគម​នេះ​បាន​បញ្ជាក់​ថា៖

«សំខាន់យើងមើលទៅលើរដ្ឋាភិបាល។ ប្រសិន​បើ​រដ្ឋាភិបាល​ចេញ​ប្រកាស​ថ្មី ​បញ្ជាក់​ថា​ប្រាក់​ខែ​គោល​ឡើង​ដល់​ប៉ុន្មាន​ទៀត ​អញ្ចឹង​រោងចក្រ​សហគ្រាស​ទាំង​អស់​ត្រូវ​តែ​គោរព​ហើយ ព្រោះ​យើងគោរពច្បាប់»។

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​កំណត់​ថា​នឹង​ជួប​ចរចា​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។ លោក​អ៊ុំ មាន​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ងារ​បញ្ជាក់​ថា​លោក​កំពុង​ជាប់​រវល់​នៅ ពេល​វីអូអេ​ទាក់​ទង​នៅ​ថ្ងៃ​សុក្រ​នេះ។

ក្រុម​ហ៊ុនធំៗទាំង​នោះ ​ក៏​ត្រូវការ​រក្សា​កេរ្តិ៍​ឈ្មោះ​របស់​គេ​ចំពោះ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​អាច​នឹង​ធ្វើ​ពហិកា​មិន​ទិញ​ទំនិញ​បាន​ប្រសិន​បើ​មាន​ការមិន​គោរព​ច្បាប់​និង​រំលោភ​សិទ្ធិ​កម្មករ​នៅ​ក្នុង​ប្រទេស​ដែល​ខ្លួន​បាន​បញ្ជា​ទិញទំនិញ​ទាំង​នោះ​ហើយ​បើ​តាម​ខ្លឹម​សារ​លិខិត​ចំហ​កន្លង​មក​នេះ​គឺ​ពួកគេ​ចង់​បាន​ដំណោះស្រាយ​យូរ​អង្វែង​មួយ​ដោយ​មាន​ការបង្កើត​នូវ​យន្ត​ការ​ត្រួត​ពិនិត្យ​ការដំឡើង​ប្រាក់​បៀវត្សរ៍​ជា​ប្រចាំ​ដើម្បី​ជាមូល​ដ្ឋាន​ក្នុង​ការ​ចរចា​បញ្ហា​ប្រាក់​ខែ​នេះ​ដោយ​សន្តិវិធី​ក្នុង​ពេល​អនាគត៕
XS
SM
MD
LG