មេដឹកនាំម្នាក់នៃបណ្ដាញអ្នកការពារសិទ្ធិមនុស្សវ័យក្មេងនៅកម្ពុជា ថ្លែងថា យុវជនដែលចូលរួមក្នុងការងារការពារសិទ្ធិមនុស្ស ត្រូវតែមានការលះបង់និងត្រូវត្រៀមខ្លួនជាស្រេច ដោយសារពួកគេ អាចនឹងប្រឈមមុខ នឹងការចោទប្រកាន់និងការចាប់ខ្លួនពីសំណាក់អាជ្ញាធរ ដូចករណីដែលបានកើតឡើងចំពោះសកម្មជនការពារសិទ្ធិមនុស្សមុនៗមួយចំនួនស្រាប់។
លោក ស ម៉ូរី អនុប្រធានបណ្ដាញយុវជនកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធី«Hello VOA»នៅថ្ងៃចន្ទទី១៣ ខែមីនានេះថា៖
«យើងត្រូវតែមានការលះបង់ ហើយយើងត្រូវតែទទួលស្គាល់ថាបញ្ហាទាំងអស់ហ្នឹង យើងអាចនឹងជួបប្រទះ ហើយយើងត្រូវតែត្រៀមខ្លួនឯងជាមុន បើជួបបញ្ហាទាំងអស់ហ្នឹង»។
ការថ្លែងបែបនេះ ធ្វើឡើង ក្រោយពីមន្ត្រីសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុកចំនួន៤រូបនិងមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ទៀត ដែលជាអតីតមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុកនេះដែរ ត្រូវបានឃុំខ្លួនអស់រយៈពេលជាច្រើនខែមកហើយ ក្រោមបទចោទប្រកាន់ទាក់ទងនឹងការសូកប៉ាន់សាក្សី និងការសមគំនិតសូកប៉ាន់សាក្សី នៅក្នុងសំណុំរឿងចោទប្រកាន់រឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងលោក កឹម សុខា ដែលបច្ចុប្បន្នជាប្រធានគណបក្សសង្គ្រោះជាតិ និងនារីកាត់សក់វ័យក្មេងម្នាក់។
អ្នកទាំង៥ ដែលកំពុងជាប់ឃុំរួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោកស្រី លឹម មុនី និងលោក នី ចរិយា។
នៅថ្ងៃចន្ទដដែលនេះ តុលាការកំពូលបានច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្សទាំង៤រូបនៃសមាគមអាហុក ដែលកំពុងស្ថិតក្នុងពន្ធនាគាររង់ចាំការជំនុំជម្រះក្តី ទៅតាមបទចោទប្រកាន់នោះ ទោះបីជាមានការអំពាវនាវពីបណ្ដាអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន៧៨អង្គការ ឲ្យដោះលែងអ្នកទាំង៥ក៏ដោយ។
លោក ស ម៉ូរី នៃបណ្ដាញយុវជនកម្ពុជា ដែលបានបង្កើតក្រុមអ្នកការពារសិទ្ធិមនុស្សវ័យក្មេងនៅកម្ពុជាកាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថា ទោះបីជាការងារការពារសិទ្ធិមនុស្សនេះ ត្រូវប្រឈមនឹងបញ្ហាជាច្រើនរួមទាំងសន្តិសុខផ្ទាល់ខ្លួនក៏ដោយ ក៏លោកថ្លែងថា ក្រុមរបស់លោក បានព្យាយាមធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរក្សាសុវត្ថិភាពដល់យុវជនដែលចូលរួមក្នុងសកម្មភាពសិទ្ធិមនុស្សនេះតាមដែលអាចធ្វើទៅបានដែរ។
«សម្រាប់ការងាររបស់យើងគឺយើងព្យាយាមបង្កើតបណ្ដាញរបស់យើងឲ្យបានច្រើន ហើយ សកម្មភាពដែលយើងអាចធ្វើបាន គឺធ្វើយ៉ាងម៉េចធានាបរិយាកាសដែលមានសុវត្ថិភាពដល់យុវជនដែរ»។
លោកបន្ថែមថា៖ «ប៉ុន្តែ ទោះជាយ៉ាងណា សកម្មភាពសិទ្ធិមនុស្ស យើងត្រូវតែមានការលះបង់»៕