ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពង្រឹង​ការ​អប់រំ​របស់​ស្ត្រី​ជួយ​សមភាព​យេនឌ័រ​នៅ​កម្ពុជា


សិស្ស​ស្រី​កំពុង​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​កេសរារាម​ ក្រុង​សៀមរាប កាល​ពី​​ព្រឹក​ថ្ងៃសុក្រ ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)

កាលពី​ខែធ្នូ ឆ្នាំ​២០១៤ ក្រសួង​កិច្ចការ​នារី​បាន​បង្កើត​គម្រោង​«‍នារីរតនៈ​ទី៤»​ ដែល​ជា គម្រោង​យុទ្ធសាស្ត្រ​រយៈពេល​៥ឆ្នាំ​សម្រាប់​ការអនុវត្ត​គោលនយោបាយ​នៅ​តាម​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។ អ្នក​ជំនាញ​អបអរ​សាទរ​នឹង​ការ​អនុម័ត​គម្រោង​លើក​ទី៤​នេះ តែ​យល់​ថា ការ​ពង្រឹង​ការអប់រំ​របស់​ស្ត្រី​អាច​ជួយ​សមភាព​យេនឌ័រ​នៅ​កម្ពុជា​មួយ​កម្រិត​ទៀត។

ការ​អប់រំ​សម្រាប់​ស្ត្រី​នៅតែ​មាន​កម្រិត​នៅ​ឡើយ បើ​ប្រៀប​ធៀប​នឹង​ការ​អប់រំ​របស់​បុរស ដែល​នេះ​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​មាន​វិសមភាព​យេនឌ័រ​នៅ​កម្ពុជា។

លោកស្រី រស់ សុភាព នាយិកា​អង្គការ​យេនឌ័រ​ និង​ការ​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ឲ្យ​ដឹង​ថា «‍ការ​អប់រំ​របស់​យើង​មិន​ទទួល​បាន​ស្មើគ្នា​រវាង​បុរស និង​ស្ត្រី​ទេ។ ហើយ​កាល​ណា​មិន​ទទួល​បាន​ស្មើ​គ្នា ធ្វើ​ឲ្យ​មាន​វិសមភាព​យេនឌ័រ​ក្នុង​សង្គម។ កាល​ណា​មាន​វិសមភាព​យេនឌ័រ​ក្នុង​សង្គម ធ្វើ​ឲ្យ​សង្គម​អភិវឌ្ឍ​មិន​បាន​ជឿន​លឿន​ទៅ​មុខ ដោយ​រលូន»។

កាលពី​ចុង​ឆ្នាំ២០១៤​កន្លង​ទៅ​នេះ ក្រសួង​កិច្ចការ​នារី​បាន​អនុម័ត​គម្រោង​«‍នារី​រតនៈ​ទី៤»​ ដែល​ជា​គម្រោង​៥ឆ្នាំ ដើម្បី​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​គោលនយោបាយ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សមភាព​យេនឌ័រ​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

តាមរយៈ​គម្រោង​«‍នារីរតនៈ​ទី៤»​នេះ ក្រសួង​កិច្ចការ​នារី​សង្ឃឹម​ថា នឹង​លុប​បំបាត់​នូវ​គំនិត​ចាស់​គំរិល​ទាក់ទង​នឹង​ការ​អប់រំ​របស់​ក្មេងស្រី និង​ជួយ​ឲ្យ​ក្មេងស្រី និង​ស្ត្រី​ទទួល​បាន​ចំណេះដឹង និង​ជំនាញ​ក្នុង​កម្រិត​មួយ​ឲ្យ​ដូច​គ្នា​នឹង​បុរស​ដែរ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រសួង​កិច្ចការ​នារី សហការ​ជាមួយ​នឹង​អង្គការ​ដៃ​គូ​អភិវឌ្ឍន៍ នឹង​បន្ត​លុប​បំបាត់​អំពើ​ហិង្សា ការ​បង្ខំ​ឲ្យ​កូនស្រី​រៀបការ​ក្នុង​វ័យ​ក្មេង និង​កត្តា​ប្រឈម​ជា​ច្រើន​ទៀត ដែល​ក្មេងស្រី និង​ស្ត្រី​ជួប​ប្រទះ។

អ្នក​ស្រី​ Susan Markham អ្នក​សម្របសម្រួល​ជាន់​ខ្ពស់​សម្រាប់​សមភាព​យេនឌ័រ​និង​ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្រ្តី​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ​ ផ្តល់​បទ​សម្ភាស​ផ្តាច់​មុខ​ដល់​ VOA នៅ​ឯ​ស្ថានទូត​អាមេរិក​ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​អ្នកស្រី​មក​កាន់​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា/VOA)
អ្នក​ស្រី​ Susan Markham អ្នក​សម្របសម្រួល​ជាន់​ខ្ពស់​សម្រាប់​សមភាព​យេនឌ័រ​និង​ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្រ្តី​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ​ ផ្តល់​បទ​សម្ភាស​ផ្តាច់​មុខ​ដល់​ VOA នៅ​ឯ​ស្ថានទូត​អាមេរិក​ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​អ្នកស្រី​មក​កាន់​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា/VOA)

លោកស្រី Susan Markham មន្ត្រី​សម្របសម្រួល​ជាន់​ខ្ពស់​នៃ​គម្រោង​សមភាព​យេនឌ័រ និង​ការ​ពង្រឹង​អំណាច​ស្ត្រី​របស់ USAID ឲ្យ​ដឹង​ថា ការ​អប់រំ និង​អភិបាលកិច្ច​គឺជា​កត្តា​គន្លឹះ​ក្នុងការ​ជំរុញ​ឲ្យ​មាន​សមភាព​យេនឌ័រ​ក្នុង​សង្គម។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «‍យើង​ចាំបាច់​ត្រូវការ​មនុស្ស​ចេះដឹង ហើយ​ដឹង​ថា ចំណេះដឹង​មាន​សារៈសំខាន់​បំផុត​សម្រាប់​បំពេញ​ការងារ​ផ្សេងៗ»។

កាល​ពី​ខែ​មិនា​កន្លង​ទៅ​នេះ លោក​ស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជាំ ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​១១ ដែល​នឹង​អនុវត្ត​គម្រោង​ផ្តួច​ផ្តើម​របស់​សេតវិមាន​របស់​សហរដ្ឋអាមេរិក​ដើម្បី​ឲ្យ​ក្មេង​ស្រី​បាន​ចូល​រៀន ឬ ‍(Let Girls Learn) ដើម្បី​ពង្រឹង​អំណាច​ស្ត្រី​នៅ​តាម​តំបន់​ជនបទ តាមរយៈ​ការ​អប់រំ។

លោក​ស្រី Michelle Obama មាន​ប្រសាសន៍​ថា៖ «‍កាល​ណា​ក្មេង​ស្រី​ទទួល​បាន​ការ​អប់រំ អាច​អាន សរសេរ និង​គិត នោះ​ពួកគេ​អាច​តតាំង និង​និយាយ​អំពី​ភាព​អយុត្តិធម៌ និង​ទាមទារ​ឲ្យ​មាន​ភាព​ស្មើគ្នា»។

ក្មេង​សិស្ស​ស្រី​កំពុង​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​កេសរារាម​ ក្រុង​សៀមរាប កាល​ពីព្រឹក​ថ្ងៃសុក្រ ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)
ក្មេង​សិស្ស​ស្រី​កំពុង​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​កេសរារាម​ ក្រុង​សៀមរាប កាល​ពីព្រឹក​ថ្ងៃសុក្រ ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)

ស្ត្រី​អាច​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជួយ​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​ជាតិ ក៏​ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​ត្រូវតែ​ចាប់​ផ្តើម​ពី​ឪពុក​ម្តាយ ដោយ​បញ្ជូន​កូនស្រី​ឲ្យ​ទៅ​ចូល​រៀន​បាន​គ្រប់ៗ​គ្នា។ នេះ​បើ​យោង​តាម​លោក ហេង ឌីណា សេដ្ឋវិទូ​ខ្មែរ​មួយ​រូប​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក ឌីណា ថា៖ «‍ស្ត្រី​ប្រើ​៨០ ទៅ​៩០​ភាគរយ​នៃ​ប្រាក់​ចំណូល​របស់​ខ្លួន ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ហើយ​មាន​ស្ត្រី​ជាច្រើន​ដែល​បាន​ទទួល​ជោគជ័យ​ក្នុងការ​សិក្សា។ ទោះ​បី​ជា​ឧទាហរណ៍​ទាំង​នេះ​នៅ​មាន​កម្រិត​ក៏ដោយ ក៏​អាច​ផ្តល់​ជា​គំរូ​ដល់​ស្ត្រី​សម្រាប់​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ការ​បំបាត់​គំនិត​ចាស់​គំរិល​ទៅ​លើ​ស្ត្រី​ដែរ»។

សម្រាប់​ឆ្នាំ២០១៥ ក្នុង​ចំណោម​ថវិកាជាតិ​សរុប​ចំនួន៣ពាន់​៩០០​លាន​ដុល្លារ ក្រសួង​អប់រំ​នឹង​ទទួល​បាន​ថវិកា​ចំនួន​៤៥៣លាន​ដុល្លារ ដែល​កើន​ពី​ថវិកាជាតិ​អណត្តិមុន​ចំនួន​៣៣៥លាន​ដុល្លារ។

សង្គម​ស៊ីវិល​បាន​អបអរ​សាទរ​ចំពោះ​គម្រោង​នារីរតនៈ​ទី៤​នេះ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​សមភាព​យេនឌ័រ​បន្ថែម​ទៀត​នៅ​កម្ពុជា ក៏​ប៉ុន្តែ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ពី​ការ​ខ្វះ​ធនធាន​ថវិកា​ក្នុង​ការ​អនុវត្ត​គម្រោង​៥ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់ លោកស្រី រស់ សុភាព។

«‍នៅ​ពេល​ដែល​យើង​មាន​គោលនយោបាយ និង​មាន​ផែនការ​សម្រាប់​ការ​អនុវត្ត​គោល​នយោបាយ​ហ្នឹង ប៉ុន្តែ បើ​យើង​មិន​មាន​ថវិកា​ទេ មិន​អាច​ធ្វើ​ឲ្យ​គោលនយោបាយ និង​ផែនការ​នោះ​អាច​ទទួល​បាន​ជោគជ័យ​ទៅ​តាម​ការ​កំណត់​ទេ»។

ការ​អនុវត្ត​គម្រោង​នារីរតនៈ​ទី៤​នេះ​ត្រូវការ​ទឹកប្រាក់​ចំនួន​ប្រមាណ​៣១លាន​ដុល្លារ ដែល​នឹង​ផ្តល់​ឲ្យ​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​សហការ​អភិវឌ្ឍ​ន៍​អន្តរជាតិ​ផេ្សងៗ៕

ខាងក្រោមនេះគឺជាខ្សែវីដេអូឯកសារ​ខ្លី​របស់​ក្រសួង​កិច្ចការនារី​ឈ្មោះ «‍ដំណើរឆ្ពោះទៅមុខ» ដើម្បីសមភាពយេនឌ័រ និង​ការ​ពង្រឹង​អំណាច​របស់​ស្ត្រី។

XS
SM
MD
LG