ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកសម រង្ស៊ី​ត្រឡប់​ពី​គៀងគរ​ការ​គាំទ្រ​​ក្រៅ​ប្រទេស​ហើយ​ប្តេជ្ញា​ធ្វើ​បាតុកម្ម​បន្ត​ទៀត

  • ហេង រស្មី

លោក សម រង្ស៊ី ដឹកនាំ​បាតុកម្ម​មួយ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​កាល​ពី​​ថ្ងៃ​ទី​១៥ កញ្ញា ២០១៣។ (រូបថត៖ គង់ សុឋានរិទ្ធ)
មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​សារ​ជាថ្មី​ថា​លោក​ប្តេជ្ញា​ទាមទារ​រហូត​ដល់​មាន​ការ​ផ្លាស់​ប្តូរ​និង​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ឱ្យទាល់​តែ​បានក៏ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​នៅតែ​គ្មាន​ជំនឿ​ទៅ​លើ​ការ​អះអាង​ទាំង​នេះ​ទេ។​

មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ក្រោយ​ពី​បាន​វិល​ត្រឡប់​ពី​សហគមន៍​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​វិញលោក​ សម រង្ស៊ី​បាន​បញ្ជាក់​ជំហរ​សារ​ជាថ្មី​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​គឺទាមទារ​រក​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត​រហូត​ទាល់​តែមាន​ការ​ផ្លាស់​ប្តូរ។

លោក​និយាយ​ថា៖ «យើង​ត្រូវ​តែជំរុញ​ឱ្យមាន​ការ​ផ្លាស់​ប្តូរ​ឱ្យទាល់​តែបាន​តាម​ឆន្ទៈ​ប្រជា​រាស្ត្រ​ខ្មែរ»។​

ការ​ផ្លាស់​ប្តូរ​ដែល​លោក​ សម រង្ស៊ី​ លើក​យក​មក​អះអាង​នៅ​ពេល​នេះ​បើ​ទោះ​បី​ជាលោក​មិន​បាន​បញ្ជាក់​ថា​ផ្លាស់​ប្តូរនេះ​អ្វី​ក៏ដោយ​ក៏​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មាន​បំណង​តែ​មួយ​គត់​គឺទាមទារ​ឱ្យមានការ​ផ្លាស់​ប្តូរ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បច្ចុប្បន្ន​នេះ។​

លោក​ សម រង្ស៊ី​ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​កាល​ពី​ដើម​ខែនេះ​រយៈពេល​ចំនួន​ជាង​ពីរ​សប្តាហ៍​ទៅ​បណ្តា​ប្រទេស​មួយ​ចំនួន​នៃ​សហគមន៍​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ដើម្បី​ស្វះ​ស្វែង​រក​អន្តរាគមន៍​ពីអន្តរជាតិ​មក​ធ្វើ​ការ​គាប​សង្កត់​និងមិន​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។​

មាន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រាប់​ពាន់​នាក់​បាន​មក​ស្វាគមន៍​លោក​សម រង្ស៊ី​នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ។

លោក​ សម រង្ស៊ី​មិន​បាន​ជិះ​រថយន្ត​ភ្លាមៗ​ទេ ​លោក​បាន​ដើរ​ចម្ងាយ​ផ្លូវប្រមាណ​ជិត​៥០០​ម៉ែត្រ​ដោយ​ថ្មើរ​ជើង​ព្រមទាំងមាន​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ​ស្រែក​ស្វាគមន៍។​

«ជយោ!​ឯក​ឧត្តម​សម រង្ស៊ី! ជយោ!!ៗ»។​



លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​គ្មាន​ជំនឿ​ថា​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​សម្រេច​ទេ​ដោយ​សារ​តែ​រដ្ឋា​ភិបាល​បាន​តែង​តាំង​ឡើង​ដោយ​ស្រប​ច្បាប់ទៅ​តាម​រដ្ឋធម្មនុញ្ញ។​

លោក​និយាយ​ថា៖​ «ខ្ញុំ​យល់​ថា ​ការ​ទាមទារ​គឺ​ជា​សិទ្ធិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​និង​នីតិ​រដ្ឋ​គឺ​កម្ពុជា​បាន​ធ្វើ​ផ្ទាល់​ខ្លួន​ឯង​រួច​ទៅ​ហើយ​តាំង​ពីរ​គឺ​នីតិប្បញ្ញតិ​គឺ​សភា​ ហើយ​យើង​មាន​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​មួយ​កំពុង​តែ​ដំណើរការ​ដោយ​រលូន»។​
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ជាង​លើក​មុនៗ​រយៈ​ពេល​បី​ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ពុធ​ទី​២៣​រហូត​ដល់ថ្ងៃទី​២៥​ខែ​តុលា​នៅ​ទីលាន​ប្រជាធិបតេយ្យ។​

ការ​ធ្វើ​មហា​បាតុកម្ម​លើក​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ដង្ហែរ​ញត្តិ​ដែល​មាន​ស្នាម​ផ្តិត​មេដៃ​របស់​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​១លាន​នាក់​ទៅកាន់​ស្ថានទូត​នានា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញដើម្បី​ទាមទារ​រក​យុត្តិធម៌​ក្រោយ​ពី​ការ​បោះ​ឆ្នោត។​

ក្រសួង​មហា​ផ្ទៃ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​អនុញ្ញាត​ឱ្យមាន​ការ​ជួប​ប្រជុំ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​តែមិន​អនុញ្ញាត​ឱ្យមាន​ការ​ដើរ​ហែ​ក្បួន​ទេ។ ​ចំនួន​អ្នក​ចូល​រួម​ក្រសួង​មហាផ្ទៃ​បាន​អនុញ្ញត​ឱ្យចូលរួមមួយ​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG