ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បាតុករ​បក្ស​ប្រឆាំង​បាន​ដាក់​ញត្តិ​ទៅ​ទូត​បស្ចិម​ប្រទេស​សុំ​អន្តរាគមន៍


មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៤ តុលា ដឹកនាំ​អ្នក​គាំទ្រ​ដង្ហែរ​ទៅ​ដាក់​ញត្តិ​នៅ​​ស្ថានទូត​លោក​ខាង​លិច ដើម្បី​ទទូច​ឲ្យ​ពួក​គេ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន និង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ទៅ​លើ​ភាពមិន​ប្រក្រតី​ក្នុង​ការ​​​​បោះឆ្នោត​កាល​ពី​ខែ​កក្កដា។ (ហេង រស្មី/វីអូអេ)
មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៤ តុលា ដឹកនាំ​អ្នក​គាំទ្រ​ដង្ហែរ​ទៅ​ដាក់​ញត្តិ​នៅ​​ស្ថានទូត​លោក​ខាង​លិច ដើម្បី​ទទូច​ឲ្យ​ពួក​គេ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន និង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ទៅ​លើ​ភាពមិន​ប្រក្រតី​ក្នុង​ការ​​​​បោះឆ្នោត​កាល​ពី​ខែ​កក្កដា។ (ហេង រស្មី/វីអូអេ)
គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​អះអាង​ថា​បណ្តា​ប្រទេស​មហា​អំណាច​សំខាន់ៗ​ចំនួន​បី​ដែល​រួម​មាន​សហរដ្ឋ​អាមេរិក​ បារាំង​ និង​ ប្រទេស​អង់​គ្លេស​បាន​សន្យា​ថា​នឹង​ជួយ​ជំរុញ​ឱ្យប្រទេស​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពេញ​លេញ​ពិត​ប្រាកដ​បន្ទាប់​ពី​បាន​ទទួល​ញ្ញត្តិ​ដែល​មាន​ស្នាម​ផ្តិត​មេដៃ​ប្រជា​ពលរដ្ឋប្រមាណ​ជាង​២លាន​នាក់​ដែលមិន​សុខ​ចិត្ត​និង​លទ្ធផល​ឆ្នោត។​

ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ដែល​បាន​បង្ហាញ​ឱ្យឃើញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​និង​បាន​ដឹកនាំ​ទាំង​ស្ថាប័ន​រដ្ឋសភា​និង​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​ដែល​ផ្ទុយ​និង​កិច្ច​ព្រម​ព្រៀង​សន្ធិ​សញ្ញាក្រុង​ប៉ារីស​តម្រូវ​ឱ្យមាន​រដ្ឋាភិបាល​ពហុបក្ស។ ​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ជាបន្ត​បន្ទាប់​ដើម្បី​ទាមទារ​ឱ្យរដ្ឋា​ភិបាល​គោរព​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស។​

ការ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ​ជាលើក​ទី​បី​បាន​ឈាន​ដល់​ថ្ងៃ​ទី​ពីរ​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថ្នាក់​ដឹកនាំ​គណបក្ស​រាប់​ទាំង​ហ្វូង​មនុស្ស​ជាច្រើនរាប់​ម៉ឺន​នាក់​បាន​ដង្ហែរ​ញត្តិ​ទៅ​កាន់​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស។​

លោក​ សម រង្ស៊ី​ មុន​ពេល​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាន​ទូត​បារាំងបាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​ដែល​ព័ទ្ធ​ជុំជិត​ដោយ​ក្រុម​បាតុករ​ថា​ប្រទេស​បារាំង​ជា​សហ​ប្រធាន​នៃ​សន្និសីទ​អន្តរជាតិ​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា​ដូច្នេះ​ប្រទេស​បារាំង​មាន​តួនាទី​ដ៏​សំខាន់​ជំរុញ​រដ្ឋាភិបាល​កម្ពុជាគោរព​នូវ​កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស​និង​គោរព​តាម​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ប្រាប់​ក្រោយ​ពី​បាន​ដាក់​ញ្ញត្តិ​ទៅ​កាន់​ស្ថានទូត​បារាំង​ថា​ប្រទេស​បារាំង​បាន​ទាមទារ​ឱ្យប្រទេស​កម្ពុជា​ត្រូវ​គោរព​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។​

លោក​និយាយ​ថា៖​«គេជំរុញ​ឱ្យមាន​ការ​ចរចា​រវាង​ភាគី​ខ្មែរ​ទាំង​អស់​ដើម្បី​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី​ប្រកប​ដោយ​យុត្តិធម៌ដូច្នេះ​ជំនួប​នេះ​ល្អ​មែន​ទែន​សូម​អរ​គុណ​បង​ប្អូន​ទាំង​អស់​ដែល​បាន​ធ្វើ​ដំណើរ​មក​ជាមួយ​យើង។​យើង​នឹង​បន្ត​ដំណើរ​យើង​ឆ្ពោះទៅ​ស្ថាន​ទូតចក្រក្រភពអង់​គ្លេស»។​

ប្រទេស​បារាំង​ដែល​ជា​ប្រទេស​សហប្រធាន​នៃ​សន្ធិសញ្ញា​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​បាន​ស្វាគមន៍​លទ្ធផល​ឆ្នោត​ក៏ប៉ុន្តែ​បាន​ជំរុញ​ឱ្យគណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​បន្ត​ការ​ចរចា​គ្នា​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ។​

ក្បួន​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​មាន​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​នាំមុខ​បាន​បន្ត​ដំណើរ​ពី​ស្ថាន​ទូត​បារាំង​ឆ្ពោះ​ទៅ​កាន់​ស្ថាន​ទូត​អង់គ្លេស​និង​សហរដ្ឋ​អាមេរិក​ក៏​ប៉ុន្តែ​ក្បួន​ដង្ហែរ​នេះ​គ្មាន​ការ​រារាំង​ពី​កម្លាំង​សមត្ថកិច្ច​ទេ​ពោល​គឺ​បាន​បញ្ចប់​ដោយ​សន្តិ​វិធី​គ្មាន​អំពើ​ហិង្សា។​

លោក​ សម រង្ស៊ី​និង​លោក​កឹម សុខា​ ក្រោយ​ពីបាន​ដាក់​ញ្ញត្តិ​ទៅ​កាន់​ស្ថាន​ទូត​អង់​គ្លេសបាន​បន្ត​ទៅ​កាន់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក។​

មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​មក​ទទួល​ញ្ញត្តិ​នៅ​ខាង​ក្រៅ​របង​ស្ថាន​ទូត។​លោក​ សម រង្ស៊ី​ប្រធាន​គណបក្ស​បាន​ប្រកាស​ប្រាប់​អ្នក​កាសែត​ថា​លោក​បាន​ដាក់​ញត្តិ​និង​លិខិត​ដោយ​ឡែក​មួយ​ទៀត​ផ្ញើ​ជូន​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់​ អូបាម៉ា។​

លោក​បាន​បញ្ជាក់​ថា​លិខិត​លោក​ស្នើ​សុំ​ឱ្យប្រធានាធិបតី​អាមេរិក​ជំរុញ​ឱ្យមាន​ការ​គោរព​នូវ​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

លោក​និយាយ​ថា​៖«​ជំហរ​របស់​សហរដ្ឋ​អាមេរិក​សំខាន់​ជាង​គេ​នៅ​ពេល​នេះ​គឺ​គេទទូច​ឱ្យមាន​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​ដើម្បី​លាត​ត្រដាង​ ការ​ពិត​ហើយ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី។​យើង​ថ្លែង​អំណរ​គុណ​ចំពោះ​សហរដ្ឋ​អាមេរិក​ដែល​មាន​ជំហរ​ដ៏ច្បាស់​លាស់​ដ៏រឹង​មាំ​ហើយ​ដែល​ជួយ​ឱ្យលទ្ធិ​ប្រជា​ធិបតេយ្យ​ចាក់​ឫស​ ចាក់​គល់​ពិត​ប្រាកដ​នៅ​កម្ពុជា»។​

ក្រុម​បាតុករ​ដែល​បាន​ចូល​រួម​ដង្ហែរ​ញ្ញត្តិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ចំនួន​ច្រើន​រាប់​ម៉ឺន​នាក់​ដូច​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ។​ក្រុម​បាតុករ​បាន​ស្រែក​តាម​ដង​ផ្លូវ​ថា៖​«​ចុះ​ចេញ​ទៅ​ និង​ដូរៗ»។​

ក្រុម​បាតុករ​ខ្លះ​បាន​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​បាន​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​ជាតិ​ស្ទើរ​តែ​ទាំង​អស់។​

«លក់​ដី​ព្រៃ​ឈើ ដី​ប្រជា​ពលរដ្ឋ​ លួច​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​ លួច​សន្លឹក​ឆ្នោត​ប្រជា​ពលរដ្ឋ​ ល្មម​ហើយ»​។​

ក្បួន​បាតុកម្ម​ក្រោយ​ពី​បាន​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាន​ទូត​អាមេរិក​ បារាំង​និង​អង់​គ្លេស​បាន​វិល​ចូល​ទីលាន​ប្រជាធិបតេយ្យ​វិញ​និង​បន្ត​កម្មវិធី​ដូច​ធម្មតា។​

លោក​ កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​មហា​បាតុកម្ម​និង​ដង្ហែរ​មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ជាង​ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ។​
លោក​និយាយ​ថា៖«ស្អែក​ដើរ​ជាមួយ​គ្នា​ទៀត​ហើយ​ស្អែក​ដើរ​ធំម្តង​គឺដើរ​វែង​ ដើរ​ឆ្ងាយ​ ដើរ​ច្រើន​តែម្តង។​ណាបង​ប្អូន​ណា​ សូម​មក​ឱ្យបាន​ច្រើន​សូម​អរគុណ»។​

នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ជាថ្ងៃ​បញ្ចប់​ការ​ធ្វើ​មហា​បាតុកម្ម​លើក​ទី​បី​គណបក្ស​សង្គ្រោះជាតិ​គ្រោង​នឹង​យក​ញត្តិ​ទៅ​កាន់​ស្ថាន​ទូត​អូស្ត្រាលី ជប៉ុន ​រុស្ស៊ី​ ឥណ្ឌូនេស៊ី​ និង​ប្រទេស​ចិន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG