ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ស ខេង ថា​ព័ត៌មាន​អំពី​ការ​បូម​ឈាម​បុរស​ជនជាតិ​ចិន​នៅ​កម្ពុជា​ជា​«ព័ត៌មាន​ក្លែង​ក្លាយ»​


រូប​ឯកសារ៖ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ឡើងថ្លែងសុន្ទរកថានៅសាលាខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុកលោក ស ខេង)
រូប​ឯកសារ៖ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ឡើងថ្លែងសុន្ទរកថានៅសាលាខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ស ខេង​បាន​ហៅ​របាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​បូម​ឈាម​បុរស​ជនជាតិ​ចិន​ម្នាក់​និង​ស្ត្រី​ថៃ​ម្នាក់​ដែល​ត្រូវ​បាន​គេ​សង្គ្រោះ​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ខែ​មីនា​នោះ​ថា​ជា​«ព័ត៌មាន​ក្លែង​ក្លាយ»​និង​ធ្វើ​ឱ្យខូច​ខាត​មុខមាត់​ប្រទេស​កម្ពុជា។​

ព័ត៌មាន​ក្លែង​ក្លាយ​ដែល​លោក​ស ខេង​បាន​លើក​ឡើង​ខាង​លើ​នោះ​ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេស​ថៃ​រាយ​ការណ៍​ចន្លោះ​ខែ​កុម្ភៈ​និង​ខែ​មីនា​ឆ្នាំ​២០២២។​

ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ធ្វើ​ឡើង​កាលពី​ថ្ងៃពុធ​លោក​ ស ខេង​ប្រាប់​ក្រុម​មន្ត្រី​កម្ពុជា​ថា​ការ​ផ្សព្វផ្សាយ​កន្លង​មក​ពាក់ព័ន្ធ​នឹង​បុរស​ជនជាតិ​ចិន​នោះ​បាន​បង្ក​ការ​ភាន់ច្រឡំ​ដែល​តោង​ឱ្យ​លោក​ត្រូវ​ទាក់​ទង​ជាមួយ​អាជ្ញាធរ​សន្តិសុខ​ប្រទេស​ចិន​ដើម្បី​ផ្តល់​ការ​បំភ្លឺ​និង​ច្រាន​ចោល​ព័ត៌មាន​មិន​ពិត​នេះ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា៖​ «អាហ្នឹង​យើង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​យ៉ាង​ហ្មត់​ចត់​ទៅ​គឺ​ជា​ព័ត៌មាន​មិន​ពិត​បាទ។​ព័ត៌មាន​ក្លែង​ក្លាយ។​វា​ប្រតិដ្ឋ​ឡើង។​ប៉ុន្តែ​ទោះ​បី​ពិនិត្យ​យ៉ាង​ម៉េច​ក៏​ដោយ​គឺ​នៅ​ស្រុក​ចិន​បាន​ផ្សាយ​គឺ​ថា​ទូទាំង​ប្រទេស​ចិន​ហើយ​អ្នក​ដែល​comment​[ផ្តល់​យោបល់]​អីណា​រាប់លាន​នាក់​…​រាប់សិប​លាន​នាក់​នៅ​ស្រុក​ចិន​ផ្សាយ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្នឹង។​ ប៉ុន្តែ​ធាតុ​ពិត​វា​អា​fake news ​[ព័ត៌មាន​ក្លែង​ក្លាយ]​ហ្នឹង​សោះ​…​ព័ត៌មាន​ក្លែង​ក្លាយ»។

លោក​បន្ថែម​ថា៖​«បាន​ន័យ​ថា​ជា​ព័ត៌មាន​ប្រតិដ្ឋ។​ អ្នក​ហ្នឹង​រក​ទៅ​ថា​ ចូល​ទៅ​កម្ពុជា​ខុស​ច្បាប់​ហើយ​ពេល​មាន​បញ្ហា​ទៅ​ដេក​នៅ​មន្ទីរ​ពេទ្យ​គេ​យក​ឈាម​ទៅ​ពិនិត្យ​ធម្មតា​តែ​មិន​អ៊ីចឹង​ថា​យក​ឈាម​ទៅ​លក់។​អ៊ីចឹង​វាខូច​កិត្តិយស​មុខមាត់​ខ្មែរ​យើង​….​មិន​ធម្មតា​ទេ»។

ពាក់​ព័ន្ធ​នឹង​ស្ត្រី​ជនជាតិ​ថៃ​ដែល​ត្រូវ​គេ​សង្គ្រោះ​ចេញពី​កម្ពុជា​កាលពី​ខែ​មីនាលោក ​ស ខេង​ ថ្លែង​ថា​លោក​បាន​ស្នើ​ឱ្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​នាយ​ឧត្តម​សេនីយ៍​នេត សាវឿន​ចាត់​សមត្ថកិច្ច​ជំនាញ​ទាក់ទង​អាជ្ញាធរ​ថៃ​នៅ​ទីក្រុង​បាងកក​ឱ្យ​បំភ្លឺ​រឿង​ស្ត្រី​ជាតិ​ថៃ​ដែល​ត្រូវ​គេ​រាយការណ៍​ស្រដៀង​គ្នា​នឹង​រឿង​របស់​បុរស​ជនជាតិ​ចិន​នោះ​ដែរ។​

បើ​តាម​លោក​ ​ស ខេង​ ក្រោយ​មក​អាជ្ញាធរ​ថៃ​បាន​បញ្ជាក់​ថា​ព័ត៌មាន​អំពី​ស្ត្រី​ជន​ជាតិ​ថៃ​នោះ​ក៏​ជា​ព័ត៌មាន​ក្លែង​ក្លាយ​ផង​ដែរ។​

លោក​ស ខេង​លើក​ឡើង​ថា៖​«ដូច​គ្នា​រឿង​… ប្រហែល​គ្នា​ហ្នឹង​ហ្មង។​ ហើយ​ថា​ មាន​ជន​ជាតិ​ថៃ​ម្នាក់​ហ្នឹង​គឺ​នាំ​នាង​ហ្នឹង​មក​រក​ការងារ​ធ្វើ​នៅ​ប៉ោយប៉ែត​ហើយ​បន្ទាប់​មក​ទៀត​ថា​នៅ​ភ្នំពេញ។​ បើ​តាម​ចម្លើយ​ថា​ទៅ​ដល់​កំពង់សោម​ប៉ុន្តែ​ការណ៍​ពិត​ទៅ​អត់​ដល់​កំពង់សោម​ទេ។​វា​ទៅ​អ៊ីចឹង!ហើយ​ថា​ គេ​យក​មក​បូម​ឈាម​ទៅ​លក់។​ ហើយ​រឿង​ដូច​ងាយៗ​ណាស់! រួច​ហើយ​គ្រាន់​តែ​មួយ​ភ្លែត​ចុះពី​លើ​ឡាន​ទៅ​ទាក់ទង​សង្សារ​ទាក់ទង​អី។​ ខ្ញុំមើល​ទៅ​រឿង​ដូច​មិន​ស្រូវ​ស្រួល​ទេ​មើល​ទៅ!​ឱ្យ​ឆែក​មើល​មែន​ទែន!មើល​ទៅ​អ្នក​សួរ​យើង​ជួន​អី​គ្នា​ខ្វះ​ជំនាញ​ដែរ»។​

លោក​រដ្ឋមន្ត្រី​មហាផ្ទៃ​បន្ថែម​ថា៖​ «អ៊ីចឹង​បាន​ឱ្យ​វឿន​ចាត់​អ្នក​ជំនាញ​មែន​ទែន​ សហការ​ជាមួយ​ខាង​នគរបាល​បាងកក​ថៃ។​ ខាង​ថៃ​ហ្នឹង​គឺ​ខាង​នគរបាល​ថៃ​ហ្នឹង​គាត់​ក៏​សហការ​ជាមួយ​យើង​ល្អ​ដែរ​….​ដល់​បញ្ជាក់​ឡើង​វិញ​បាន​ព្រមព្រៀង​ឯកភាព​ថា​អ្ហូ៎​អាហ្នឹង ​fake news ​[ព័ត៌មាន​ក្លែងក្លាយ]​ដែរ​…​ប្រតិដ្ឋ​តែហ្មង!​ប្រតិដ្ឋ​រឿង!​អាហ្នឹង​សុទ្ធ​តែ​ទាសករ​លក់​ឈាម រឿង​អ៊ីចឹង»។

កាល​ពី​ខែមីនា​កាសែត​អនឡាញ​ថៃ​មួយ​ឈ្មោះ​ Thai Examiner ​បាន​ចេញ​សេចក្តី​រាយការណ៍​មួយ​បង្ហាញ​ថា​មាន​ស្ត្រី​ជនជាតិ​ថៃ​មួយ​រូប​ត្រូវ​បាន​សង្គ្រោះ​ដោយ​អាជ្ញាធរ​កម្ពុជា​ក្រោយ​ទំនាក់ទំនង​របស់​ស្ត្រី​រូប​នោះ​ជា​មួយ​ស្ត្រីថៃ​ម្នាក់​ទៀត​បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​ល្បួង​ឱ្យ​មក​ធ្វើការ​នៅ​មណ្ឌល​ផ្តល់​សេវា​ទូរសព្ទ​ខុស​ច្បាប់​មួយ​ក្នុង​ក្រុង​ព្រះ​សីហនុដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុម​មួយ​ដែល​ប៉ូលិស​ថៃ​អះអាង​ថា​ ជា​ក្រុម​ជន​អន្ធពាល​ចិន។​

បើ​តាម​សារ​ព័ត៌មាន​អនឡាញ​ថៃ ​Thai Examiner នៅ​ពេល​ស្ត្រី​រូប​នោះ​ទៅ​ដល់​ប្រទេស​ថៃ​គាត់​បាន​ប្រាប់​ប៉ូលិស​ថៃ​ថា​គាត់​បាន​ប្រឈម​មុខ​នឹង​ការ​ប៉ុនប៉ង​វះកាត់​យក​សរីរាង្គ​ដោយ​ក្រុម​ជន​អន្ធពាល​ចិន​ដែល​គាត់​ចោទ​ថា​បាន​បូម​យក​ឈាម​គាត់​ប្រមាណ​៣​ទៅ​៤​ប្លោក​ផង​ដែរ។​

របាយ​ការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ស្ត្រី​ជនជាតិ​ថៃ​រូប​នេះ​កើត​មាន​ឡើង​មួយ​ខែ​ក្រោយ​ពី​បុរស​ជន​ជាតិ​ចិន​មួយ​រូប​ត្រូវ​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​គឺ​សំឡេង​ប្រជា​ធិបតេយ្យ​(VOD)​រាយ​ការណ៍​ថា​ ត្រូវ​បាន​គេ​បង្ខាំង​និង​បូម​ឈាម​ខ្សោះ​ខ្លួន​នៅ​តំបន់​ China Town​ ដ៏​អាស្រូវ​មួយ​ជិត​ឆ្នេរ​អូត្រេះ​ខេត្ត​ព្រះសីហនុ។

ក្រោយ​មាន​ការ​ចេញ​ផ្សាយ​ដំណឹង​នោះនគរបាល​កម្ពុជា​បាន​បើក​ការ​ស្រាវជ្រាវ​ហើយ​បាន​រក​ឃើញ​ថា​ព័ត៌មាន​ខាង​លើ​នោះ​ជា​«ព័ត៌មាន​ប្រតិដ្ឋ»​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ជនជាតិ​ចិន​ឈ្មោះ​Li Ya Yuan Lun ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​និង​អ្នក​ពាក់ព័ន្ធ​ចំនួន​៣​នាក់​ផ្សេង​ទៀត។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក ​អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​អាជ្ញាធរ​កម្ពុជា​គួរ​បើក​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចង់​ក្នុង​សំណុំ​រឿង​ខាង​លើ​និង​បង្ហាញ​លទ្ធផល​ជាក់​លាក់​មួយ​ដល់​សាធារណ​ជន​ទូទៅ​ដើម្បី​ធានា​ថា​ កម្ពុជា​មិន​មែន​ជា​ទីតាំង​សម្រាប់​ប្រតិបត្តិការ​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដូច​ជា​ការ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ឬ​ក៏​ការ​បង្ខាំង​ឱ្យ​ធ្វើ​ពលកម្ម​ជា​ដើម។​

លោក​បញ្ជាក់​ថា៖ «គឺ​ត្រូវ​បើក​កិច្ច​សហ​ប្រតិបត្តិការ​ហើយ​ធ្វើការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់​ចត់​ដើម្បី​ទប់​ស្កាត់​និង​បង្ការ​រាល់​ទម្រង់​បទ​ល្មើស​ឧក្រិដ្ឋ​និង​បទល្មើស​ផ្សេង​ទៀត​រវាង​ជន​បរទេស​ឬ​នឹង​ជន​បរទេស​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​នឹង​ជន​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ករណី​ហ្នឹង»។

យ៉ាង​ណាក៏ដោយ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​អះអាង​ថា​ អាជ្ញាធរ​មាន​សមត្ថ​កិច្ច​កម្ពុជា​បាន​បើក​ការ​ស៊ើប​អង្កេត​និង​បង្រ្កាប​ជន​ដែល​ប្រតិដ្ឋ​ព័ត៌មាន​ខាង​លើ​ដោយ​មាន​កិច្ច​សហការ​ពី​ប្រទេស​ពាក់​ព័ន្ធ។​

នៅ​ក្នុង​សំណុំ​រឿង​ស្ត្រី​ជនជាតិ​ថៃ​លោក​ ខៀវ សុភ័គ ​ថា​ អាជ្ញាធរ​ថៃ​បាន​សម្រេច​ដាក់​ស្ត្រីរូប​នោះ​ក្នុង​ពន្ធនាគារ​ចំពោះ​ព័ត៌មាន​ដែល​នាង​បាន​ប្រតិដ្ឋឡើង​ដើម្បី​ឱ្យ​មាន​ការ​ជួយ​យក​នាង​ចេញ​ពី​កម្ពុជា។ លោក​ថ្លែង​ថា៖​«នារី​ហ្នឹង​ត្រូវ​បាន​សមត្ថ​កិច្ច​ថៃ​គេ​…គេ​ចាត់​ចែង​តាម​ច្បាប់​របស់​ថៃ​ហើយដូច​ជា​ត្រូវ​ជាប់​គុក​…​ជាប់​ទោស​នៅ​ថៃ​ហ្នឹង​ហើយ​…​ជាប់​គុក​នៅ​ថៃ។​ពី​ពេល​ចេញ​ទៅ​ពេល​ខាង​កម្ពុជា​យើង​ស្នើ​ឱ្យ​ស៊ើប​អង្កេត​ឡើង​វិញ​រឿង​ហ្នឹង​គាត់​និយាយ​…​គាត់​សារភាព។​ គាត់​ជាប់​ទោស​នៅ​ថៃ​បើតាម​ពូដឹង»។

ទាក់​ទិន​ករណី​បូម​ឈាម​បុរស​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ លោក​ ខៀវ សុភ័គ​ បញ្ជាក់​ថា​បុរស​រូប​នោះ​និង​អ្នក​ពាក់ព័ន្ធ​៣​នាក់​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ​រង់ចាំ​ការ​កាត់​ទោស។​

លោក ​ខៀវ សុភ័គ ​ស្នើថា​ អង្គការ​សង្គម​ស៊ីវិល​គួរ​ជួយ​ផ្សព្វផ្សាយ​អ្វី​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​បាន​ធ្វើ​កន្លង​មក​ជា​ជាង​គ្រាន់​តែ​លើក​សំណើ​ឡើង៕​

XS
SM
MD
LG