ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​លុប​បំបាត់​ទាសភាព​ ដែល​ផ្តើម​ចេញ​ពីការ​បង្ខាំងមនុស្ស​ឱ្យធ្វើ​ការ


រូបឯកសារ៖ បុរសជនជាតិចិន​ម្នាក់​ដើរ​កាត់​សំណង់​អគារ​ជាច្រើន ដែល​ស្ថិត​នៅក្នុង​ដំណើរការ​សាងសង់​នៅក្នុង​ក្រុងព្រះសីហនុ ដែល​បច្ចុប្បន្ន​ក្លាយជា​តំបន់​ដែល​កំពុង​រីក​លូតលាស់​ដោយ​អគារ​ធំតូច​ស្កឹមស្កៃ ស្រប​ពេល​ដែល​មាន​ការ​ហូរ​ចូល​នៃ​ទំហំ​វិនិយោគ​យ៉ាង​គំហុក​របស់ក្រុមហ៊ុនចិន។
រូបឯកសារ៖ បុរសជនជាតិចិន​ម្នាក់​ដើរ​កាត់​សំណង់​អគារ​ជាច្រើន ដែល​ស្ថិត​នៅក្នុង​ដំណើរការ​សាងសង់​នៅក្នុង​ក្រុងព្រះសីហនុ ដែល​បច្ចុប្បន្ន​ក្លាយជា​តំបន់​ដែល​កំពុង​រីក​លូតលាស់​ដោយ​អគារ​ធំតូច​ស្កឹមស្កៃ ស្រប​ពេល​ដែល​មាន​ការ​ហូរ​ចូល​នៃ​ទំហំ​វិនិយោគ​យ៉ាង​គំហុក​របស់ក្រុមហ៊ុនចិន។

ខេត្ត​ព្រះសីហនុ​និងខេត្តមួយ​ចំនួន​ទៀត​របស់​កម្ពុជា​ត្រូវ​បាន​កំណត់​ថាជា​ទីតាំង​នៃ​ការ​បង្ខាំង​មនុស្សប្រើ​ប្រាស់​ក្នុង​ការងារ​ដែល​ជា​ញឹក​ញាប់​ទាក់​ទង​នឹង​ប្រតិបត្តិការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ិនធឺ​ណិត​ដែល​ដាក់​គោល​ដៅ​លើ​ជន​បរទេស​រស់​នៅ​ខាង​ក្រៅ​ប្រទេស​កម្ពុជា​។​នេះជាការ​រក​ឃើញ​របស់​សង្គម​ស៊ីវិល​មួយចំនួន​ដែល​បាន​ចងក្រង​សកម្មភាព​បំពាន​សិទ្ធិមនុស្ស​នេះ​ដោយ​ផ្អែកលើសេចក្តី​រាយការណ៍​មួយ​ចំនួន​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​និង​គណនី​បណ្តាញ​សង្គមរបស់​ជន​រង​គ្រោះ​។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​សង្គម​ស៊ីវិល​ចុះ​ថ្ងៃទី​១០​ខែ​មីនា​ឆ្នាំ​២០២២​ការ​រាយ​ការណ៍​តាមប្រព័ន្ធ​ផ្សព្វ​ផ្សាយនិង​គណនី​របស់​ជន​រង​គ្រោះ​បង្ហាញ​ថា​ការ​រំលោភ​បំពាន​ទាំង​នេះ​ពាក់​ព័ន្ធ​នឹង​ជន​បរទេស​ដែល​ត្រូវ​បាន​ចាប់​ជំរិត​លក់​ ជួញ​ដូរ​ឬ​ត្រូវ​បាន​បោក​បញ្ឆោត​ឱ្យ​ទទួល​បាន​ការងារ​ក្នុង​ប្រទេស​កម្ពុជា​។

សេចក្តី​ថ្លែង​ការណ៍​រួម​បញ្ជាក់​ថា​៖ «​យើង​ខ្ញុំ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​ឱ្យ​បាន​ពេញ​លេញ​នូវ​ការ​រំលោភ​បំពាន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ព្រម​ទាំង​លុបបំបាត់​រាល់​ទីតាំង​ទាំង​អស់​ដែល​ជាប់​ទាក់​ទង​នឹង​ល្បែង​ស៊ីសង​ខុសច្បាប់​និង​ប្រតិបត្តិការ​បោក​បញ្ឆោត​ក៏ដូច​ជា​ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​ទាស​ភាព​ឬការ​ធ្វើ​ទារុណកម្ម»។

ក្រុម​សង្គម​ស៊ីវិល​សង្កត់​ធ្ងន់​ថា​ការ​បន្ត​ឱ្យកើត​មាន​ឡើង​នៃ​ប្រតិបត្តិការ​ទាំង​នេះ​គឺ​ជា​សោក​នាដកម្ម​មួយ​ហើយ​ក៏​ជា​ការ​សោក​ស្តាយ​មួយ​យ៉ាង​ខ្លាំង​ដែល​ប្រទេស​កម្ពុជា​កំពុង​ត្រូវបាន​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​ភាព​អ​មនុស្ស​ធម៌​បែប​នេះ។

លោក​អំ សំអាត​នាយករង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ដែល​ចូលរួម​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា​សកម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​អ៊ិន​ធឺណិត​និង​ការ​បញ្ចេញ​ព័ត៌​មាន​ក្លែងក្លាយ​ពាក់ព័ន្ធនឹង​ឱកាស​ការងារ​នៅកម្ពុជា​ជា​ពិសេស​នៅ​ក្នុង​បន​ល្បែង​ស៊ីសង​ឬ​កាស៊ីណូ​ ឬ​ទី​តាំង​ពាណិជ្ជ​កម្ម​ផ្សេង​ទៀត​បាន​លេច​ចេញ​ឡើង​នៅ​ក្នុង​បរិ​បទ​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺកូវីដ​១៩​ហើយ​ជន​បង្ក​ភាគ​ច្រើនមិន​មែន​ជា​ពលរដ្ឋ​ខ្មែរ​ឡើយ។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះបន្ត​ថា​ជន​រងគ្រោះ​ដែល​ភាគច្រើន​ជាជន​បរទេស​ផងនោះត្រូវបាន​គេ​ដាក់​ឱ្យធ្វើ​កា​រ​នៅ​តាម​ទី​តាំង​ខុ​សច្បាប់ដូចជា​អគារ​កាស៊ីណូ​ឬ​ក៏​អគារ​ពាណិជ្ជកម្ម​ផ្សេងទៀត​ហើយ​ទីតាំង​ខុសច្បាប់​ទាំង​នោះ​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ការ​ចាប់ជំរិតតាម​ប្រព័ន្ធ​អ៊ិនធឺណេតនិង​មាន​ការ​ជួញដូរកេង​ប្រវ័ញ្ចលើ​កម្លាំង​ពលកម្ម​ក៏​ដូច​ជា​ការ​ធ្វើ​ទារុណកម្ម​ផង​ដែរ​។

បើ​តាម​លោក​អំ សំអាតអាជ្ញាធរ​ចិន​បាន​បង្ហាញ​ចេតនា​សហការ​ប្រតិបតិ្តការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ដើម្បី​បង្ក្រាប​បទល្មើស​ខាងលើ​ដោយ​ប្រើ​ប្រាស់​កម្លាំង​របស់​ខ្លួន​ប៉ុន្តែ​កិច្ច​សហការ​នោះ​មិន​អាចធ្វើទៅបាន​បន្ទាប់​ពីរដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​ផ្តល់​ការ​ពន្យល់​ថា​កម្ពុជា​ត្រូវ​ការ​ការពារ​អធិបតេយ្យ​របស់​ខ្លួន​។

លោក​ថ្លែង​ថា​៖ «អាជ្ញាធរ​ចិន​គេ​ចង់មក​អនុវត្ត​នៅ​លើ​ទឹក​ដី​កម្ពុជា​ប៉ុន្តែ​សម្តេច​បាន​បញ្ជាក់​អំពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ដែល​មិន​អាច​ធ្វើ​ទៅបាន​អ៊ីចឹង​គឺ​បាន​ត្រឹម​តែ​កិច្ច​សហប្រតិបត្តិការ​គឺ​អាជ្ញាធរ​កម្ពុជា​ជា​អ្នក​បង្ក្រាប​ហើយ​និង​កិច្ច​សហ​ការ​ជាមួយ​នឹងប្រទេស​ចិន​អី​ជា​ដើម​ហ្នឹង។ អាហ្នឹង​គឺយើង​ឃើញថា អាជ្ញាធរ​មាន​ការ​បង្កើន​នូវកិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ការ​បង្ក្រាប​ក្នុងការ​ទប់​ស្កាត់»។

លោក​បន្ថែម​ថា​៖«យ៉ាង​ណា​ក៏​យើង​ឃើញ​បញ្ហា​នេះ​គឺ​កើត​មាន​ឡើង​នៅ​លើ​ទឹកដី​កម្ពុជា​មួយ​ចំនួន​រួច​ទៅ​ហើយ​។ អា​ហ្នឹង​ដែល​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​លុប​បំបាត់​និង​ការ​ទប់​ស្កាត់​កុំ​ឱ្យ​កើត​មាន​ឡើង​នៅ​លើ​ទឹក​ដី​របស់​ប្រទេស​កម្ពុជា​យើង​ហ្នឹង​។​ហើយយើង​ឃើញ​ថា​ ជន​រង​គ្រោះ​គឺ​ច្រើនគ្រាន់តែ​ជាប្រទេស​ថៃ​មួយ​គេ​ថា​ គេ​បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​គេ​ជាង​១០០​នាក់​ទៅ​ហើយហើយ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​គេ​ចេញ​ការ​ព្រមាន​ទៅ​ដល់​ពលរដ្ឋ​គេ​ឱ្យមានការ​ប្រុងប្រយ័ត្ន​នឹង​ផង​»។

យោង​តាម​សេចក្តី​ការណ៍​រួម​របស់​ក្រុមអង្គការ​សង្គមស៊ីវិល​នៅ​ពេល​ដែល​មក​ដល់​ប្រទេស​កម្ពុជា​ជន​រង​គ្រោះ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​បរិវេណ​អគារ​ធំ​ៗ​និង​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​កា​រ ដែល​ការងារ​ទាំងនោះ​ជារឿយៗ​ជាប់​ទាក់​ទង​នឹង​ប្រតិបត្តិ​ការ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ហើយអ្នក​ដែលបាន​រត់​គេចខ្លួន​បាន​រាយការណ៍​ថា​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត និង​អំពើ​ហិង្សា​ដែល​ប្រព្រឹត្ត​ដោយ​អ្នក​ចាប់​បង្ខាំង​ពួក​គេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​យោង​ទៅតាម​របាយ​ការណ៍​មួយ​ចំនួនដែល​បាន​បង្ហាញថា​ភាគ​ច្រើន​នៃ​បរិវេណ​អគារ​ទាំង​នោះ​គឺ​ស្ថិត​នៅក្នុង​ខេត្ត​ព្រះសីហនុ​ប៉ុន្តែ​ក៏មាន​ការ​រំលោភ​បំពាន​ស្រដៀងគ្នានេះ​ដែលត្រូវបាន​គេ​រាយ​ការណ៍ថា​បាន​កើត​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​ខេត្តពោធិ៍សាត់​ កោះកុង​និង​ខេត្ត​ផ្សេង​ទៀត។

ប្រទេស​ជា​ច្រើន​បាន​ប្រតិកម្ម​ទៅនឹង​ការពិត​ដ៏គ្រោះថ្នាក់​មួយនេះ​រួមមាន​ឥណ្ឌូនេស៊ី​ដែល​ចេញ​ការ​ព្រមាន​មួយឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ភាព​នេះ​កាល​ពីខែមករា ឆ្នាំ​២០២១​ចំណែក​វៀត​ណាម​ និង​ថៃ​ក៏បាន​ចេញ​ការព្រមាន​ស្រដៀង​គ្នានេះ​កាលពី​អំឡុង​ឆ្នាំ​២០២១​ខណៈ​ស្ថានទូត​ប៉ាគីស្ថាន​បាន​សង្គ្រោះ​ពលរដ្ឋ​ខ្លួន​ចំនួន​៤នាក់​កាលពី​ខែមករា ​ឆ្នាំ​២០២២។ ប្រទេស​ចិន​ក៏បាន​ចេញការ​ព្រមាន​ជាច្រើន​ដង​ដែរ​ទៅនឹង​ប្រតិបតិ្តការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ិន​ធឺណិត​និង​សកម្មភាពឧក្រិដ្ឋ​ផ្សេង​ទៀត​។ នេះ​បើតាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល។​

វីអូអេ​មិនអាច​សុំការ​អត្ថាធិប្បាយ​ពីអ្នក​នាំពាក្យ​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ លោក​ឆាយ​គឹម​ខឿន​ បាន​ទេ​នៅ​ថ្ងៃ​សុក្រនេះ​។

ចំណែក​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​អ្នក​ស្រី ​ជូ ប៊ុនអេង​ បដិសេធផ្តល់​ការ​អត្ថា​ធិប្បាយ​ដោយ​ថា​ជាប់​រវល់​។

ដោយ​ឡែក​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ​ប្រាប់​វីអូអេ​នៅ​ថ្ងៃសុក្រ​ថា​លោក​មិន​ទាន់​បាន​ឃើញ​សេចក្តី​ថ្លែង​ការណ៍​របស់សង្គមស៊ីវិល​ទេ​និង​ថា​ទង្វើ​បំពាន​សិទ្ធិការងារ​ជា​សមត្ថកិច្ច​របស់​ក្រសួង​ការងារ​ដែល​ជា​អ្នក​ទទួល​បន្ទុក​ដោះ​ស្រាយ។

«មហាផ្ទៃ​គ្រប់​គ្រង​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​និង​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​អានេះ​ការ​ប្រើ​ប្រាស់​កម្លាំង​ពលករ ពលកម្ម​អីតើ! អញ្ជើញ​ទៅក្រសួង​ការងារ»។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការងារ លោក ហេង សួរ​មិនទាន់​ឆ្លើយតប​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ដែល​បាន​ផ្ញើ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​WhatsApp នៅថ្ងៃសុក្រនេះ។

គួរ​បញ្ជាក់ថា​កាល​ពី​ថ្ងៃទី​៩ ខែមីនា​អភិបាល​ខេត្ត​ព្រះ​សីហនុ​លោក​ គួច ចំរើន បាន​ថ្លែង​ក្នុង​ពិធីមួយ​ថា​អាជ្ញាធរ​ពាក់ព័ន្ធបាន​ដាក់​ចេញ​វិធាន​ការ​មួយ​ចំនួន​ក្នុង​ការ​អនុវត្តដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះដែល​រួមមានការ​គ្រប់​គ្រង​អាជីវ​កម្ម​ការ​គ្រប់​គ្រង​ការ​ស្នាក់​នៅ​របស់​ជន​បរទេស​និង​ការ​ត្រួត​ពិនិត្យ​តាម​ទី​តាំង​កា​ស៊ី​ណូ​នៅ​តាម​តំបន់​តូច​ៗ និងតាម​ដង​ផ្លូវ​ជាដើមដើម្បី​ទប់​ស្កាត់​បទ​ល្មើស​នានារួម​មាន​ការរត់​ពន្ធ​មនុស្ស​និងការ​ជួញ​ដូរ​កម្លាំង​ពល​កម្ម​ជា​ដើម​។ លោក​ក៏​ស្នើ​ឲ្យមាន​ចំណាត់​ការ​រហ័ស​ពីស្ថាប័ន​តុលាការផង​ដែរ៕​

XS
SM
MD
LG