តាមការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលកម្ពុជានិងក្រុមអ្នករៀបចំចាត់ចែងកាលពីថ្ងៃអង្គារនេះឱ្យដឹងថា ការប្រារព្ធពិធីបុណ្យមហាសង្ក្រាន្តរយៈពេលបីថ្ងៃនៅទីក្រុងអង្គរសប្ដាហ៍មុនធ្វើឲ្យមានការចំណេញសេដ្ឋកិច្ចជាតិយ៉ាងហោចណាស់ ៥០លាន ដុល្លារអាមេរិក។
ពិធីបុណ្យអង្គរសង្ក្រាន្តដែលរៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃទី១៤ ១៥ និង១៦ ខែមេសា នេះបានទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុកជាង១លាននាក់។ នេះបើតាមការអះអាងរបស់អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង។
លោកបានបន្ថែមទៀតថាបើគិតជាការចំណាយជាមធ្យម ភ្ញៀវទេសចរណ៍ក្នុងស្រុកម្នាក់អាចយ៉ាងហោចណាស់ ៥០ដុល្លារ អាមេរិក ក្នុងរយៈពេលសង្ក្រាន្តបីថ្ងៃ ដែលធ្វើឲ្យមានចំណូលប្រមាណ៥០លានដុល្លារក្នុងពេលតែបីថ្ងៃនោះ។ ហើយចំនួននេះមិនរាប់បញ្ចូលចំណូលពីភ្ញៀវទេសចរណ៍អន្តរជាតិដែលមកទស្សនាប្រាសាទអង្គរនិងចូលរួមអង្គរសង្ក្រាន្ត ប្រហែលជាង២ម៉ឺននាក់ផ្សេងទៀត។
«ក្នុងរយៈពេលបីថ្ងៃនេះមនុស្សចូលរួមក្នុងសៀមរាបនេះប្រមាណ១លាននាក់។ យើងគិតតែមធ្យមភាគប្រមាណ៥០ដុល្លារក្នុងម្នាក់ វាអាចបានប្រហែលជា៥០លានដុល្លារដែរ។ ចំណូលហ្នឹងគឺវាគ្រប់មុខទាំងអស់ ទាំងការស្នាក់នៅហូបចុកអីគ្រប់មុខ»។
ជាមួយគ្នានេះដែរ លោក សោម រតនា អ្នកនាំពាក្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំពិធីអង្គរសង្ក្រាន្តនេះបានប្រាប់វីអូអេខេមរភាសាថាភ្ញៀវទេសចរណ៍ដែលមកទស្សនាសង្ក្រាន្តឆ្នាំនេះកើនឡើងជាគំហុក បើប្រៀបធៀបទៅឆ្នាំ២០១៤ ដែលមានត្រឹមតែ ៣៨ម៉ឺននាក់ប៉ុណ្ណោះ។ លោកបានបន្តថាការកើនឡើងនេះដោយសារតែមានការផ្សព្វផ្សាយមុនព្រឹត្តិការណ៍និងការរៀបចំកម្មវិធីកម្សាន្តជាច្រើន។
«ចំនួនអ្នកចូលរួមទស្សនាព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាឆ្នាំនេះគឺមានការកើនឡើងច្រើនបើប្រៀបធៀបទៅឆ្នាំទៅ។ ព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះគឺសុទ្ធតែជាព្រឹត្តិការណ៍ពិសេសៗ ដូចជាការដាក់នំអន្សមចូលក្នុងកំណត់ត្រាពិភពលោក ការរាំចង្វាក់ម៉ាឌីហ្សូនចូលកំណត់ត្រាហ្គីណេស Guinness»។
លោកបានបន្ថែមថា វត្តមានរបស់ប្រមុខដឹកនាំគណបក្សធំទាំងពីរគឺ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងពិធីនោះ ក៏ជាហេតុ ញ៉ាំងឲ្យមានភ្ញៀវទេសចរណ៍ចូលរួមក្នុងពិធីអង្គរសង្ក្រាន្តច្រើនផងដែរ។
លោក ហូ វណ្ណឌី សហប្រធាន ក្រុមការងារវិស័យទេសចរណ៍និងឯកជន ជាមួយរដ្ឋាភិបាលបានឱ្យដឹងថាការរៀបចំពិធីអង្គរសង្ក្រាន្តនេះគឺផ្តល់ផលចំណេញយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិព្រោះវាធ្វើឲ្យមានការចាយវាយច្រើន ដែលញ៉ាំងឲ្យមានដំណើរការសេដ្ឋកិច្ចបន្ថែមទៀត ទៅលើអ្វីដែលធ្លាប់មានរួចហើយ។ ជាពិសេសទៀតនោះប្រាក់ចំណូលជាង៥០លានដុល្លារនោះគឺបានទៅប្រជាពលរដ្ឋដែលប្រកបវិស័យទេសចរណ៍នៅក្នុងពេលនោះ។
«អ្នកដែលបានច្រើនជាងគេគឺបីទេ គឺកន្លែងដែលទទួលផ្គត់ផ្គង់ស្នាក់នៅ មានសណ្ឋាគារផ្ទះសំណាក់ ទី២គឺអ្នកដឹកជញ្ជូន ទីបីគឺភោជនីយដ្ឋាននេះឯង។ ចំពោះអ្នកដែលទទួលបានបន្ទាប់បន្សំនោះវិញគឺជាអ្នកលក់នំនែក កំប៉ិកកំប៉ុក ឬអ្នកលក់វត្ថុអនុស្សាវរីយ៍»។
ជាមួយគ្នានេះដែរ លោក ហូ វណ្ណឌី បានស្នើឲ្យមានការរៀបចំពិធីបុណ្យបែបអង្គរសង្ក្រាន្តនេះឲ្យបានច្រើនទៀតនៅពេលបុណ្យជាតិនានា ដើម្បីឲ្យមានការចរាចរណ៍សាច់ប្រាក់និងការចំណេញសេដ្ឋកិច្ច។
ឆ្នាំនេះគឺជាឆ្នាំទីបីក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប។ ក្នុងនោះមាន ការលេងល្បែងប្រជាប្រិយខ្មែរ ការរាំរបាំ ប្រគុំតន្ត្រី ការដាក់បង្ហាញផលិតផលខ្មែរ និងពិធីបណ្ដែតគោមពេលរាត្រីផងដែរ៕