នៅមួយថ្ងៃមុនទស្សនកិច្ចជាប្រវត្តិសាស្ត្រនៃលោកស្រី Michelle Obama ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក អាជ្ញាធរខេត្តសៀមរាបដែលជាខេត្តទេសចរណ៍ដ៏សំខាន់បំផុតរបស់កម្ពុជា បានរិតបន្តឹងសន្តិសុខនៅតាមតំបន់សំខាន់ៗនៅក្នុងក្រុង។ ប៉ុន្តែមានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែល VOA បានសម្ភាសកាលពីយប់ថ្ងៃព្រហស្បតិ៍ បានដឹងអំពីទស្សនកិច្ចរបស់លោកស្រី។
លោក មាស វណ្ណៈ មន្ត្រីប៉ូលិសសណ្តាប់ធ្នាប់និងជាអនុប្រធានការិយាល័យសណ្តាប់ធ្នាប់ខេត្តសៀមរាប បានថ្លែងប្រាប់ VOA កាលពីយប់ថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលដែលលោកកំពុងបំពេញភារកិច្ចនៅសង្កាត់កម្សាន្តពេលរាត្រី «ផាប់ស្ទ្រីត» (Pub Street) ថា លោកបានទទួលបញ្ជាឲ្យប្រុងប្រយ័ត្នយាមកាមទ្វេដងនៅកន្លែងនោះ។
លោក វណ្ណៈ ថ្លែងថា៖ «ស្នងការប៉ូលិសខេត្តសៀមរាបបានចេញបញ្ជាឲ្យយើងខ្ញុំបំពេញភារកិច្ចប្រចាំការ២៤ម៉ោង ដើម្បីធានាថានឹងមិនមានអ្វីមិនល្អកើតឡើង»។ លោកបន្ថែមថាមន្ត្រីប៉ូលិសត្រូវប្រចាំការនៅកន្លែងដែលគេកំណត់ឲ្យ។
លោក មាស វណ្ណៈ បន្តថា លោកនឹងមានការរវល់កាន់តែខ្លាំងឡើងថែមទៀតនៅពេលលោកស្រី Michell Obama មកដល់នៅយប់ថ្ងៃសុក្រ ដើម្បីរក្សាសន្តិសុខធានានិងធានាថានឹងមិនមានអ្វីរំខានដល់ដំណើរទស្សនកិច្ចរបស់លោកស្រី។
«ភារកិច្ចរបស់យើងខ្ញុំគឺបើកផ្លូវដល់គណៈប្រតិភូនិងធានាថាមិនមានអ្វីរំខានដល់ក្បួនគណៈប្រតិភូ»។
លោកស្រី Michelle Obama ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកនឹងអញ្ជើញមកដល់កម្ពុជានៅយប់ថ្ងៃសុក្រ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃក្នុងគោលបំណងបើក«គម្រោងផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា» ឬ «Let Girls Learn» ដែលជាគម្រោងមួយមានគោលដៅលើកតម្កើងតួនាទីសង្គមស៊ីវិលនិងកិច្ចការអភិបាលកិច្ចល្អ។
ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស១១ដែលចូលរួមនៅក្នុងគម្រោង «Let Girls Learn» ដែលត្រូវអនុវត្តដោយកម្មវិធីក្រុមអ្នកស្ម័គ្រចិត្ត Peace Corps របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយនឹងត្រូវចាត់ចែងដោយលោកស្រី Michelle Obama ផ្ទាល់។
មានអ្នកក្រុងសៀមរាបតិចតួចប៉ុណ្ណោះក្នុងចំណោមពលរដ្ឋដែល VOA បានសម្ភាសកាលពីយប់ថ្ងៃព្រហស្បតិ៍ដែលបានដឹងអំពីទស្សនកិច្ចរបស់លោកស្រី Michelle Obama។ ប៉ុន្តែពួកគេទាំងអស់បានអបអរចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី និងគម្រោង «Let Girls Learn» របស់លោកស្រី។
នាង រ៉ាន់ រ័ត្ន អាយុ២០ឆ្នាំ អ្នកធ្វើម៉ាស្សានៅតាមផ្លូវជិតផ្សាររាត្រីក្រុងសៀមរាប និយាយថា នាងមិនបានដឹងអំពីដំណើរទស្សនកិច្ចរបស់លោកស្រី Michelle Obama ទេ ប៉ុន្តែថា នាងមានការរីករាយចំពោះការណ៍ដែលលោកស្រីភរិយាប្រធានាធិបតីអាចជួយក្មេងស្រីរាប់ពាន់នាក់ឲ្យបានចូលសាលារៀន។
«ខ្ញុំមិនបានដឹងអំពីដំណើរទស្សនកិច្ចនេះទេ។»
ប៉ុន្តែក្រោយពីបានទទួលដំណឹងថា លោកស្រីភរិយាប្រធានាធិបតីអាមេរិកនឹងអនុវត្តគម្រោង «Let Girls Learn» នៅប្រទេសកម្ពុជា នាង រ៉ាន់ រ័ត្ន និយាយថា៖ «ខ្ញុំរីករាយចំពោះដំណឹងនេះ»។
នាង រ៉ាន់ រ័ត្ន បានឈប់រៀនកាលពី៣ឆ្នាំមុន ដោយសារគ្រួសារមានការខ្វះខាត។ នាងជាកូនស្រីទី៣ក្នុងចំណោមកូន៦នាក់។
«ខ្ញុំបានឈប់រៀនដោយសារគ្រួសារខ្ញុំក្រីក្រ។ បើអាចទៅរួចខ្ញុំប្រាថ្នាឲ្យគាត់(លោកស្រី Michelle Obama)ជួយឲ្យខ្ញុំបានចូលសាលារៀនវិញ។»