ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ធ្វើ​ដំណើរ​ស្វែង​យល់​អំពី​ខ្លួន​ឯង​ជួយ​យុវជន​រក​ឃើញ​គោលដៅ​ជីវិត


លោក ត្រាំ លីរតនៈ អ្នក​ថត​រូប​បែប​ទេសចរណ៍​ និង​ជា​អ្នក​ថត​រូប​ខ្មែរ​ដំបូង​មួយ​រូប​ដែល​ប្រើ​បច្ចេកវិជ្ជា​យន្តហោះ​គ្មាន​មនុស្ស​បើក (drone) ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ផលប្រយោជន៍​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ស្វែង​យល់​អំពី​ខ្លួន​ឯង​ (soul-searching traveling) សម្រាប់​យុវជន​កម្ពុជា​នៅ​ក្នុង​កម្មវិធី​សំឡេងជំនាន់​ថ្មី (ហេឡូវីអូអេ) កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​មករា ឆ្នាំ​២០១៥។ (លឹម​សុធី/VOA)
លោក ត្រាំ លីរតនៈ អ្នក​ថត​រូប​បែប​ទេសចរណ៍​ និង​ជា​អ្នក​ថត​រូប​ខ្មែរ​ដំបូង​មួយ​រូប​ដែល​ប្រើ​បច្ចេកវិជ្ជា​យន្តហោះ​គ្មាន​មនុស្ស​បើក (drone) ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ផលប្រយោជន៍​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ស្វែង​យល់​អំពី​ខ្លួន​ឯង​ (soul-searching traveling) សម្រាប់​យុវជន​កម្ពុជា​នៅ​ក្នុង​កម្មវិធី​សំឡេងជំនាន់​ថ្មី (ហេឡូវីអូអេ) កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​មករា ឆ្នាំ​២០១៥។ (លឹម​សុធី/VOA)

ការ​ធ្វើ​ដំណើរ​កម្សាន្ត​ដើម្បី​ស្វែង​យល់​អំពី​ខ្លួន​ឯង​ (soul-searching trip) ជា​ការ​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ដែល​អាច​ជួយយុវជន​កម្ពុជា​ឲ្យ​រក​ឃើញ​ចំណង់​ចំណូល​ចិត្ត ពិតប្រាកដ​និង​អាជីព​ដែល​ពួក​គាត់​ចង់​បាន​នៅ​ពេល​អនាគត។ នេះ​ជា​ការ​អះអាង​របស់​លោក ត្រាំ លីរតនៈ អ្នក​ថត​រូប​បែប​ទេសចរណ៍​និង​ជា​អ្នក​ថត​រូប​ខ្មែរ​ដំបូង​មួយ​រូប​ដែល​ប្រើ​បច្ចេកវិជ្ជា​យន្តហោះ​គ្មាន​មនុស្ស​បើក (drone)។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ត្រាំ​ លីរតនៈ ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចំនួន​២៣​រួច​ទៅ​ហើយ​នោះ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​សំឡេង​ជំនាន់​ថ្មី (ហេឡូវីអូអេ) កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៤ ថា​នៅ​ប្រទេស​នានា​អាយុ​ល្អ​សម្រាប់​ធ្វើ​ដំណើរ​បែប​នេះមិន​មាន​កំណត់​ជាក់លាក់​ទេ​ ប៉ុន្តែ​លោក​ផ្តល់​យោបល់​ថា៖

«សម្រាប់​យុវជន​កម្ពុជា ខ្ញុំ​គិត​ថាគួរ​ធ្វើ​ដំណើរ​នៅ​ពេល​ដែល​ខ្លួន​ឯង​ទើប​តែ​រៀន​ចប់​ថ្នាក់​ទី​១២។ ប្រសិន​បើ​អាច​ទៅ​រួច​គឺ​ប្រហាក់ប្រហែលថ្នាក់​ទី​១១ ចូល​ថ្នាក់​ទី​១២ នៅ​ពេលវ៉ាកង​(វិសមកាល)​ធំ រយៈ​ពេល​៣​ខែ​វា​សមរម្យ​គួរសម​ដែរ គឺ​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ស្វែង​យល់​អំពី​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ច្បាស់ ថា​ខ្លួន​ឯង​ស្រឡាញ់​អ្វី ចង់​បាន​អ្វី​ក្នុង​អនាគត។»

លោក​ថ្លែង​ថា​ សិស្ស​វិទ្យាល័យ​អាច​មាន​ការ​លំបាក​ក្នុង​ការ​សម្រេច​ចិត្ត​ថា​នឹង​រៀន​មុខ​ជំនាញ​អ្វី​នៅ​ពេល​ចូល​មហាវិទ្យាល័យ ហើយ​សូម្បី​យុវនិស្សិត​ដែល​កំពុង​សិក្សា​នៅ​តាម​មហាវិទ្យាល័យ​នានា​ក៏​អាច​ជួប​ប្រទះ​នឹង​ការ​មិន​ពេញ​ចិត្ត​នឹង​ជំនាញ​ដែល​ខ្លួន​កំពុង​រៀន​នោះ​ឬ​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ។ នេះ​គឺ​ដោយសារ​ការ​សម្រេច​ចិត្ត​របស់​គាត់​បាន​ទទួល​ឥទ្ធិពល​ពី​គ្រួសារ​ ឬ សង្គម ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​បាន​ដឹង​ពី​គោលបំណង​ពិត​ប្រាកដ​របស់​ពួក​គេ​ទេ។

សព្វ​ថ្ងៃ លោក រតនៈ ​បម្រើការខាង​ផ្នែក​ថត​រូប ដែល​ខុស​ខ្លាំង​ពី​ការងារ​ដែល​លោក​ធ្លាប់​បាន​បម្រើ​ការ​នៅ​ក្រសួង​ការ​បរទេស។​ ម្យ៉ាង​ទៀត​លោក​ក៏​បាន​ទទួល​សញ្ញាប័ត្រ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គោលនយោបាយ​សាធារណៈ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​បរិញ្ញាប័ត្រ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​បង្រៀន​ភាសា​អង់គ្លេស។

លោក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ប្តូរ​អាជីព​បែប​នេះ​នៅ​ក្រោយ​លោក​បាន​ធ្វើ​ដំណើរ​ soul-searching នេះ ដែល​ចុង​ក្រោយ​គឺ​រយៈ​ពេល​រហូត​៦ខែ​នៅ​សហរដ្ឋ​អាមេរិក។ លោក​ថា​ការ​ធ្វើ​ដំណើរ​បែប​នេះ​ផ្តល់​ប្រយោជន៍​ជាង​ការ​ធ្វើ​តេស្ត​សាកល្បង​ខ្លួន​ឯង​នៅ​សាលារៀន ដែល​ជា​កន្លែង​យើង​មាន​ការ​ស៊ាំ​រួច​ទៅ​ហើយ (comfort zone)។

«វាធ្វើ​ឲ្យ​យើង​ឆ្លង​កាត់​បទពិសោធន៍​ថ្មីៗ​ផ្សេងៗ​ជាក់​ស្តែង​តែ​ម្តង ជួប​មនុស្ស​អស្ចារ្យ​ជា​ច្រើន ហើយ​អាច​ជួប​សកម្មភាព​ទេសភាព ឬ​ក៏​វប្បធម៌​សង្គម​នានា ដែល​ក្រៅ​ពី​សង្គម​ខ្មែរ​យើង។ ដូច្នេះ​វា​បើក​ទូលាយ​ចិត្ត​យើង​ឲ្យ​យើង​ដឹងខ្លួន​ឯង​កាន់​តែ​ច្បាស់ ហើយ​យើង​នឹង​សម្រេច​ចិត្ត​សម្រាប់អនាគត​យើង​កាន់​តែ​ល្អ​ជាង​មុន។»

អ្នក​ថត​រូប​អាជីព​រូប​នេះ​ទទួល​ស្គាល់​ថា យុវជន​កម្ពុជា​អាច​មាន​ការ​លំបាក​ខ្លះ​ក្នុង​ការ​រៀប​ចំធ្វើ​ដំណើរ​បែប​នេះ​ជា​លើក​ដំបូង​ដោយ​ជួប​ប្រទះ​នឹង​កង្វះ​ថវិកា​ក៏​ដូច​ជា​កង្វល់​អំពី​សន្តិសុខ​ជា​ដើម។ ប៉ុន្តែ​លោក​ថា នៅ​ប្រទេស​មួយ​ចំនួន រួម​ទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ មាន​ការ​រៀច​ចំ​ជា​ផ្ទះសំណាក់​ឬ​សណ្ឋាគារ​យុវជន (youth hostel) ដែល​មាន​តម្លៃ​ថោក​សមរម្យ ហើយ​យុវជន​ក៏​អាច​ពិនិត្យ​លទ្ធភាព​ការ​ប្រើ​បណ្តាញ​ស្នាក់​នៅ​តាម​ផ្ទះ​ពលរដ្ឋ​សាមញ្ញ​ Couch Surfing ជា​ដើម។

ទោះ​បី​ការ​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ជា​លើក​ដំបូង​នេះ​អាច​មាន​ការ​លំបាក​ច្រើន​ក្តី ក៏​លោក ត្រាំ​ លីរតនៈ មិន​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​ដំណើរ​ជាមួយ​ក្រុមគ្រួសារ​ឬ​មិត្ត​ភក្តិ​ទេ ព្រោះ​ការ​ធ្វើ​ដំណើរ​ជា​ក្រុម​នេះ នឹង​មិន​អាច​ផ្តល់​បទពិសោធន៍​នៃ​ការ​នៅ​ដាច់​ពី​មជ្ឈដ្ឋាន​ដែល​យើង​ស្គាល់​ហើយ​នោះ​ទេ ដើម្បី​ឲ្យ​យើង​អាច​ដឹង​អំពី​ខ្លួន​ឯង​ច្បាស់​ជាង​មុន៕

XS
SM
MD
LG