ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​​ជា​កត្តា​ចាំបាច់​សម្រាប់​ដោះស្រាយ​វិវាទ​រវាង​កម្មករ​និង​និយោជក


លោក​ សុខ ឡោ​ និស្សិត​ថ្នាក់​អនុបណ្ឌិត​ច្បាប់​កម្មវិធី​ច្បាប់​ថ្នាក់​ក្រោយ​ឧត្តមសិក្សា​នៃ​សាលា​ច្បាប់​សាកលវិទ្យាល័យ​ហាវើដ (Harvard University) បាន​ចូល​ជា​ភ្ញៀវ​នៅ​ក្នុង​កម្មវិធី​សំឡេង​ជំនាន់​ថ្មី (ហេឡូវីអូអេ) ដើម្បី​ពិភាក្សា​អំពី​ការ​កែ​លម្អ​ស្ថិរភាព​ទំនាក់ទំនង​វិជ្ជាជីវៈ​សម្រាប់​ការ​រីកចម្រើន​រួម​គ្នា​របស់​កម្ពុជា។ (រូបថត​ផ្តល់​ឲ្យ​ដោយ សុខ ឡោ)
លោក​ សុខ ឡោ​ និស្សិត​ថ្នាក់​អនុបណ្ឌិត​ច្បាប់​កម្មវិធី​ច្បាប់​ថ្នាក់​ក្រោយ​ឧត្តមសិក្សា​នៃ​សាលា​ច្បាប់​សាកលវិទ្យាល័យ​ហាវើដ (Harvard University) បាន​ចូល​ជា​ភ្ញៀវ​នៅ​ក្នុង​កម្មវិធី​សំឡេង​ជំនាន់​ថ្មី (ហេឡូវីអូអេ) ដើម្បី​ពិភាក្សា​អំពី​ការ​កែ​លម្អ​ស្ថិរភាព​ទំនាក់ទំនង​វិជ្ជាជីវៈ​សម្រាប់​ការ​រីកចម្រើន​រួម​គ្នា​របស់​កម្ពុជា។ (រូបថត​ផ្តល់​ឲ្យ​ដោយ សុខ ឡោ)

បច្ចុប្បន្ន​នេះ​កម្ពុជាមិន​ទាន់​មាន​ការ​សិក្សា​ណា​ស្តី​អំពី​ប្រាក់​ឈ្នួល​អប្បបរិមា​ដែល​អាច​ទទួល​យក​បាន​ដោយ​ភាគី​ទាំង​សង​ខាងទេ។ នេះ​បើ​តាម​សម្តី​របស់​លោក សុខ ឡោ ដែល​បច្ចុប្បន្ន​ជា​និស្សិត​អនុបណ្ឌិ​ច្បាប់​នៃ​សាកលវិទ្យាល័យ Harvard សហរដ្ឋ​អាមេរិក ថ្លែង​នៅ​ក្នុង​កម្មវិធី​សំឡេង​ជំនាន់​ថ្មី​របស់​វីអូអេ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​តុលា ឆ្នាំ​២០១៤។ (ចុច​ស្តាប់​កម្មវិធី​ទាំង​ស្រុង)

លោក​ថ្លែង​ថា៖ «យើង​ត្រូវ​មាន​ការ​សិក្សា​មួយ​ដែល​ទទួល​ស្គាល់​ដោយ​ភាគី​ទាំង​សង​ខាង​ដើម្បី​កំណត់​មើល​ថា តើ​កម្រិត​ត្រឹម​ណា​ដែល​ជា​កម្រិត​ដែល​អាច​ទទួល​យក​បាន។ ហើយ​ការ​សិក្សា​នោះ​គួរ​តែ​ដាក់​កង្វល់​ទាំង​អស់​របស់​ភាគី​ទាំង​អស់​នៅ​លើ​តុ។ ឧទាហរណ៍​ទី​១​ ទាក់​ទង​នឹង​លទ្ធភាព​នៃ​ការ​ផលិត។ ទី២​តើ​មាន​គិត​អំពី​ការ​ប្រកួត​ប្រជែង​ក្នុង​ទី​ផ្សារ​តំបន់​ឬ​ទី​ផ្សារ​អន្តរ​ជាតិ​ដែរ​ឬ​ទេ។ បន្ទាប់​មក​ថា​ តើ​មាន​ដែល​គិត​អំពី​ថ្លៃ​ចាយវាយ​របស់​កម្មករ​ដែរ​ឬទេ។ និង​ប្រាក់​ចំណេញ​របស់​អ្នក​វិនិយោគ​ត្រូវ​បាន​យក​មក​គិត​ក្នុង​កម្រិត​ណា?»។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ សុខ ឡោ​ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​សំឡេង​ជំនាន់​ថ្មី​ថា ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្តក្នុងកាត់​បន្ថយ​ភាព​ក្រីក្រ​និង​ជំរុញ​ឲ្យ​មាន​ការ​រីក​ចម្រើន គឺការ​ព្យាយាម​លើក​ទឹកចិត្ត​វិនិយោគិន​បរទេស​ឲ្យ​ចូល​មកវិនិយោគ​នៅក្នុង​ប្រទេស។​ ថ្លែង​នៅ​ក្នុង​កម្មវិធី​សំឡេង​ជំនាន់ថ្មី​របស់​វីអូអេ​ លោក សុខ ​ឡោ ​បញ្ជាក់​ថា កត្តា​សំខាន់​មួយ​សម្រាប់​ទាក់​ទាញ​វិនិយោគិន​បរទេស​ឲ្យ​ចូល​មក​កម្ពុជានោះ​គឺ​ តម្លៃកម្លាំង​ពលកម្ម​កម្ពុជា​នៅមាន​តម្លៃ​ទាបបើប្រៀបធៀប​នឹង​ប្រទេស​ផ្សេងៗ។ តម្លៃ​ទាប​នៃ​ពលកម្ម​ក្នុង​វិស័យ​កាត់​ដេរ​បាន​ទាក់​ទាញ​វិនិយោគ​។ លោក​ថា វិស័យកាត់​ដេរ​សម្លៀកបំពាក់​និង​សែ្បកជើង​បាន​ផ្តល់​ការងារ​បាន​ប្រមាណ​៦សែននាក់។

លោក​ សុខ ឡោ និយាយ​ថា អស្ថិរភាព​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​រវាងសហជីព​និង​និយោជកបណ្តាល​មក​ពី​ការ​ពិភាក្សា​ដែល​មាន​ភាព​ចម្រូងចម្រាសលើ​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ដេរ​ស្បែក​ជើង​ ការ​បំពានបទដ្ឋាន​ការងារ​ និង​កូដកម្ម​ខុសច្បាប់​ ដែល​មិន​ត្រឹម​តែ​រំខាន​ដល់​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ប៉ុណ្ណោះ​ទេ​ តែថែម​ទាំង​ជះ​ឥទ្ធិពល​ជា​អវិជ្ជមានដល់​វិស័យ​ឧស្សាហកម្ម​ផ្សេងៗ​ទៀតនៅ​ក្នុងប្រទេស។​

លោក​ សុខ ឡោ បាន​បា្រប់​កម្មវិធី​សំឡេង​ជំនាន់​ថ្មី​ថា ​ទំនាក់ទំនង​វិជ្ជាជីវៈគឺ​ជា​បញ្ហា​ស្មុគ្រស្មាញ តែ​ចំបាច់​ត្រូវ​យក​មក​ពិភាក្សា​ដើម្បី​ដោះស្រាយ​វិវាទ។

លោក​ សុខ ឡោ បញ្ជាក់​ថា ការ​ចរចា​ប្រចាំ​ឆ្នាំ​ស្តី​អំពី​ប្រាក់​ឈ្នួល​មាន​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន។

«វា​អាច​បើក​ឱកាស​ឲ្យ​ខាង​កម្មករ​បាន​ប្រាក់​ខែ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ តែ​ដោយ​សារ​តែ​ប្រព័ន្ធ​របស់​យើង​អត់​មាន​ស្តង់ដា​ច្បាស់​លាស់​សម្រាប់​ការ​ចរចា ពេល​ចរចា​ម្តងៗ​ ភាគី​ទាំង​សង​ខាង​ភ័យ​ទាំង​អស់​គ្នា។ ភ័យ​នោះ​គឺ​ថា តើ​ការ​ចរចា​នោះ​អាច​នាំ​ឲ្យ​មាន​ការ​តវ៉ា​តាម​ផ្លូវ​ថ្នល់​ដែល​នាំ​ឲ្យ​ស្ទះ​សង្វាក់​ផលិតកម្ម»។​

លោក​ សុខ ឡោ ថ្លែង​ថា ជា​ទូទៅ​ការ​ដោះស្រាយ​វិវាទ​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​ត្រូវ​បាន​ទទួល​ស្គាល់​ច្រើន​និង​មាន​ការ​គោរព​ប្រព័ន្ធ​នៃ​ស្ថាប័ន​នេះ។ លោក សុខ ឡោ ថា ឆ្នាំ​២០១៤​នេះ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ទទួល​បាន​ជិត​៣០០​សំណុំរឿង​ហើយ ដែល​តួលេខ​នេះ​បញ្ជាក់​ថា មាន​ការ​អនុវត្ត​និង​ប្រើប្រាស់​សេវា​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​ច្រើន​សម្រាប់ដោះ​សា្រយវិវាទ៕

XS
SM
MD
LG