ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​គ្រោង​បង្កើត​ក្រុម​ការងារ​ចរចា​ប្រាក់​ខែ​កម្មករ​នៅ​សប្តាហ៍​ក្រោយ

  • គង់ សុឋានរិទ្ធ

ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យ​ស្លោក​​ ​និង​កាន់​​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)

រដ្ឋា​ភិបាល​គ្រោង​នឹង​បង្កើត​ក្រុម​ការងារ​ពិសេស​ត្រី​ភាគីមួយ​សម្រាប់​ជជែក​ស្វែង​រក​ដំណោះ​ស្រាយការ​ដំឡើង​ប្រាក់​ខែ​ឆ្នាំ​២០១៥ សម្រាប់​ក្រុម​កម្មករ​រោង​ចក្រ។​ នេះ​បើ​យោង​តាម​លោក​អ៊ិត សំហេង ​រដ្ឋម​ន្ត្រី​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​អង្គារ​នេះ។​

លោក ​អ៊ិត សំហេង​ ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​យ៉ាង​ដូច្នេះ ​ក្រោយ​ពីបាន​ចូល​បំភ្លឺ​ដល់​គណៈ​កម្មការ​ទី​៨​នៃ​រដ្ឋ​សភា​ជុំ​វិញ​ដំណោះ​ស្រាយ​ជម្លោះ​ក្នុង​រោងចក្រ​ CWKH។​

ក្រុម​កម្មករ​រោង​ចក្រ​កាត់ដេរ​សម្លៀកបំពាក់ ​រោង​ចក្រ​ស្បែកជើង​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ច្រើន​ជាង​៦០​ម៉ឺន​នាក់។ ​ពួកគេ​បាន​ទាមទារ​ការ​ដំឡើងប្រាក់​ខែ​អប្បបរមា​ ឬ​ ប្រាក់​ខែ​មូលដ្ឋាន​ឲ្យ​ដល់​ចំនួន​១៧៧​ដុល្លារ​អាមេរិក។​ ការតវ៉ា​នេះ​ធ្វើ​ឡើង​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៣ ​មក​ម្ល៉េះ ​ហើយ​រហូត​មក​ទល់​ពេល​នេះ​ ភាគី​ថៅ​កែ​រោង​ចក្រ​យល់​ព្រម​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​ចំនួន​១១០​ដុល្លារ​ក្នុង​មួយ​ខែ​ រីឯ​ក្រុម​សហជីព​ទាមទារការ​ដំឡើង​ប្រាក់​ខែ​នេះ​ឲ្យ​បាន​តិច​បំផុត​ក៏​១៥០​ដុល្លារ​ក្នុង​មួយ​ខែ​ដែរ។​

លោក​អ៊ិត សំហេង​ថ្លែង​ថា​ ក្រុម​ការងារ​ពិសេស​នេះ​មក​ពី​ភាគី​សហជីព​ ភាគី​ថៅកែ​រោង​ចក្រ ​និង​ភាគី​ខាង​រដ្ឋា​ភិបាល។​

«ចាប់​ពី​ថ្ងៃ​ទី​២០​(ខែ​តុលា)​ទៅ ​ក្រសួង​នឹង​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​សម្រាប់​ជជែក​ជា​លក្ខណៈ​ត្រី​ភាគី​ ដែល​មាន​តំណាង​ខាង​សហជីព​ពាក់​ព័ន្ធ​៩​នាក់​ ខាង​និយោជក​៩​នាក់​និង​ខាង​តំណាង​រដ្ឋាភិបាល​ចំនួន​៩​នាក់»។​

មានសហជីពចំនួន​ប្រាំបី​កំពុង​ធ្វើ​ការ​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​រោង​ចក្រ​ចំនួន​៧​យ៉ាងចម្រូង​ចម្រាស់។​ ពួក​គេនឹង​ត្រូវ​ជួប​ប្រជុំជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​គឺ​លោក​អ៊ិត ​សំហេង​នៅ​ថ្ងៃព្រហស្បតិ៍​ទី​១៦​ខែ​តុលា​នេះ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​លើ​ការ​ទាម​ទារ​នេះ។​

ដោយ​ឡែក​ការ​សម្រេច​ជា​ផ្លូវ​ការ​លើ​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​នឹង​ធ្វើ​ឡើង​នៅ​ខែ​វិច្ឆិកា។​

លោកស្រី ​កែ សុវណ្ណរតន៍​ ប្រធាន​គណៈ​កម្មការ​សុខា​ភិបាល ​សង្គម​កិច្ច​ អតីត​យុទ្ធជន ​និតិ​សម្បទា​ បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​និង​កិច្ចការ​នារី ​ដែល​ជា​គណៈ​កម្មការ​ទី​៨​របស់​រដ្ឋ​សភា។​

លោកស្រី​បញ្ជាក់​ថា​ ក្នុង​ជំនួប​ជាមួយ​លោក​រដ្ឋមន្ត្រី​អ៊ិត សំហេង​នៅ​ព្រឹកថ្ងៃ​អង្គារ​នេះ ​លោកស្រី​បាន​លើក​ពី​តម្រូវ​ការ​ដំឡើង​ប្រាក់​ខែ​នេះ​ ​ជា​ពិសេស​តម្រូវ​ការ​របស់​ក្រុម​សហជីព។​

«សំណូម​ពរ​ពី​ខាង​សហជីព​យើង​បាន​ជំរាប​ជូន​ឯក​ឧត្តម​រដ្ឋមន្ត្រី​អស់​ហើយ។​ ហើយ​ឯក​ឧត្តម​រដ្ឋ​មន្ត្រី​លោក​នឹង​ព្យាយាម​ជជែក​គ្នា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ក្នុង​នាម​សហជីព​ជាមួយ​នឹង​ថៅ​កែ​រោង​ចក្រ»។

ជាមួយ​គ្នា​នេះ​ដែរ ​លោក​អ៊ិត សំហេង​លើក​ឡើង​ថា ​ក្រុម​សហជីព​ដែល​ជា​ភាគី​តំណាង​ផល​ប្រយោជន៍​ឲ្យ​កម្មករ ​និង​ក្រុម​ថៅកែ​រោង​ចក្រ​នៅ​មាន​ជំហរ​ឃ្លាត​គ្នា​ច្រើន ​ហើយ​ត្រូវ​ការ​ពេលវេលា​ចរចា​បន្ថែម​ទៀត។​

កាល​ពី​សប្តាហ៍​មុន​ លោក​រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​បានអះអាង​ថា ​នៅមុន​ពេល​ដែល​មាន​ការ​សម្រេច​ជាផ្លូវ​ការ​ក្នុងការ​ផ្តល់​ប្រាក់​ខែ​អប្បបរមា​ដល់​ក្រុម​កម្មករ​នៅ​ខែ​ក្រោយ​ ក្រុម​សហជីព​នឹង​ធ្វើ​យុទ្ធនា​ការ​ជា​ប្រចាំ​ដើម្បី​បង្ហាញ​ពីការ​ទាមទារ​ការ​ដំឡើង​ប្រាក់ខែ​នេះ។ ​យុទ្ធ​នាការ​នេះ​បាន​ធ្វើ​រួច​ម្តង​ហើយ​កាល​ពី​ខែមុន។​

អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​ហៅ​កាត់​ថា​ ILO បាន​រក​ឃើញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ​ក្រុមកម្មករ​រោង​ចក្រជាង​៤០​ភាគរយ​មាន​ជំងឺ​ឈាម​ចុះ​ខ្សោយ​ ស្លេក​ស្លាំងដោយសារ​មាន​របប​អាហារ​មិន​គ្រប់​គ្រាន់។ ​ហើយ​មាន​តែ​កម្មករ​ប្រមាណ​៣​ភាគ​រយ​តែ​ប៉ុណ្ណោះ​ដែល​មាន​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​បរិភោគ៕

XS
SM
MD
LG