ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីក្រុប​វិទ្យា​ជួយ​ព្យាបាល​ជំងឺ​មនុស្ស​ជាតិ


កញ្ញា ហូ សៀងហួយ បរិញ្ញាបត្រ​ជាន់​ខ្ពស់​ឯកទេស​មីក្រូជីវសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ Rutgers សហរដ្ឋ​អាមេរិក (រូបផ្តល់​ឲ្យ​ដោយ ហូ សៀងហួយ)
កញ្ញា ហូ សៀងហួយ បរិញ្ញាបត្រ​ជាន់​ខ្ពស់​ឯកទេស​មីក្រូជីវសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ Rutgers សហរដ្ឋ​អាមេរិក (រូបផ្តល់​ឲ្យ​ដោយ ហូ សៀងហួយ)
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន៖ មីក្រុប​វិទ្យា​ជួយ​វេជ្ជ​បណ្ឌិត​កំណត់​អំពី​មូលហេតុ​នៃ​ជំងឺ។​ នេះ​បើ​តាម​សម្តី​របស់​នាង ហូ ស៊ាងហួយ ដែល​ជា​និស្សិតទើប​តែ​បញ្ចប់​ការ​សិក្សាថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ឯកទេសមីក្រូជីវសាស្ត្រ​នៃ​សាកលវិទ្យាល័យ Rutgers សហរដ្ឋ​អាមេរិក​។ នាង ស៊ាងហួយ បាន​ប្រាប់​កម្មវិធីសំឡេងជំនាន់​ថ្មី New Voices ប្រចាំ​ខែរបស់​វីអូអេ​ថា មីក្រុប​វិទ្យា​ក៏​ជួយ​ដល់​ការ​ស្រាវ​ជ្រាវ​សម្រាប់​ផលិត​ឱសថ​ និង​វ៉ាក់សាំង។

«ផ្នែក​មីក្រុប​វិទ្យា​ហ្នឹង​ យើង​អាច​សិក្សា​ស្រាវជ្រាវ​ទាញ​យក​អង់ទីប៊ីយូទិក​ ឬ​ថ្នាំ​ថ្មីៗតាម​រយៈចំណេះ​ដឹង​មីក្រុប​វិទ្យា​នេះ​ផង​ដែរ។ មីក្រុប​វិទ្យា​ក៏​ជួយ​ធ្វើ​ឲ្យ​មាន​ការ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​មួយ​ចំនួន​ដូចជំងឺ​កញ្ជ្រឹល ឬ​ជំងឺ​ស្វឹត​ដៃ​ជើង​ជា​ដើម»។

នាង អាំ សោភា និស្សិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​មីក្រុបវិទ្យា ឬមីក្រូ​ជីវសាស្ត្រ​នៃ​សាកលវិទ្យាល័យ RMIT University នៃ​ប្រទេស​អូស្ត្រាលី បានប្រាប់​វីអូអេ​តាម​ទូរសព្ទថា ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​មីក្រុប​វិទ្យា​នៅ​មាន​កម្រិត​ទាប​បំផុត និង​ទទូច​ឲ្យ​ក្រសួង​សុខាភិបាល​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​វិស័យ​នេះ។

«មាន​តែ​មន្ទីរ​ពេទ្យ​ធំៗ​ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មន្ទីរ​ពិសោធ​ផ្នែក​មីក្រូជីវសាស្ត្រ។ តាម​មន្ទីរពេទ្យ​ទូទៅ​អត់​មាន​តែ​ម្តង។ ប៉ុន្តែ​ពេល​នៅ​ឃើញ​មាន​បណ្តើរៗ​ដូច​ជា​នៅ​ខាង​កំពង់ចាម បាត់ដំបង​ និង​សៀមរាប។ តែ​ពេល​នេះ​ខ្ញុំ​ឃើញ​មាន​ក្រសួង​សុខាភិបាល​ជំរុញ​ឲ្យ​បង្កើត​មន្ទីរពិសោធ​បណ្តើរៗ​ហើយ»។

ដោយ​សារ​តែ​មាន​សិស្សានុសិស្ស​តិច​តួច​មាន​ចំណាប់​អារម្មណ៍​លើ​មុខ​វិទ្យាសាស្ត្រ នាង​ ហូ ស៊ាងហួយ​ តាម​រយៈកម្មវិធី​សំឡេង​ជំនាន់​ថ្មី​របស់​វីអូអេ បាន​ស្នើ​ឲ្យ​ក្រសួង​អប់រំ​លើក​ទឹក​ចិត្ត​និង​បណ្តុះ​បណ្តាល​ផ្នែក​វិទ្យាសាស្ត្រ​ដល់​ក្មេង​ៗ​តាំង​ពី​ថ្នាក់​ក្រោម​និង​បង្កើត​មន្ទីរ​ពិសោធ​វិទ្យាសាស្ត្រ​ឲ្យ​បានច្រើន ដើម្បី​ជា​កត្តា​ជំរុញ​ឲ្យ​មាន​កូន​ខ្មែរ​ចាប់​យក​អាជីព​ខាង​វិទ្យាសាស្ត្រ​ឲ្យ​បាន​ច្រើន។

«នៅ​ពេល​គាត់​បាន​ធ្វើ​ដោយ​ខ្លួន​ឯង​ គាត់​ចាប់​ផ្តើម​មាន​ចំណាប់​អារម្មណ៍។ ជៀសវាង​ការ​ប្រើ​ប្រាស់​តែ​ទ្រឹស្តី​អត់​មាន​ការ​អនុវត្ត។ បើ​គាត់​បាន​ធ្វើ​ដោយ​ផ្ទាល់​ដៃ​និង​បង្ហាញ​គាត់​ឲ្យ​ឃើញ​អំពី​សារៈសំខាន់​នៃ​វិទ្យាសាស្ត្រ គឺ​ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង»។

ទាំង​នាង ហូ ស៊ាងហួយ និង​នាង​ អាំង សោភា ក្រោយ​បញ្ចប់​ការ​សិក្សា សុទ្ធតែ​ប្តេជ្ញា​ចិត្ត​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ជួយ​ផ្តល់​វិភាគទាន​ដល់​ការ​អភិវឌ្ឍ​ផ្នែកមីក្រូជីវសាស្ត្រ​នេះ៕
XS
SM
MD
LG