លោក ជុំ សុជាតិ សវនករជាន់ខ្ពស់នៃក្រុមហ៊ុន KPMG ដែលជាក្រុមផ្តល់សេវាគណនេយ្យប្រកបដោយវិជ្ជាជីវៈ បានប្រាប់កម្មវិធីសំឡេងថ្មីនៃវីអូអេកាលពីថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា កន្លងមកនេះថា «ក្រុមហ៊ុនដែលមានរបាយការណ៍ហិរញ្ញវត្ថុល្អនឹងទាក់ទាញដៃគូពាណិជ្ជកម្ម និងមានលទ្ធភាពខ្ចីប្រាក់ពីធនាគារ»។
លោកបន្តថា ការរីកចម្រើនផ្នែកនេះអាចនាំដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម៖ «បើមានបរិយាកាសពាណិជ្ជកម្មល្អគឺមានអ្នកវិនិយោគច្រើនចូលមកធ្វើវិនិយោគនៅក្នុងប្រទេស ហើយនឹងនាំឲ្យប្រទេសមានស្ថានភាពសេដ្ឋកិច្ចប្រសើរ។»
លោក ជុំ សុជាតិ ថ្លែងថា ជាទូទៅប្រជាពលរដ្ឋកម្ពុជាធ្វើពាណិជ្ជកម្មបែបគ្រួសារ ដែលគេពុំមានរបាយការណ៍ឬប្រព័ន្ធហិរញ្ញវត្ថត្រឹមត្រូវ ដែលអាចជួយឲ្យពាណិជ្ជកម្មក្នុងស្រុករីកចម្រើនទេ។ លោក សុជាតិ បន្តទៀតថា ប៉ុន្តែលទ្ធភាពកំណើន លទ្ធភាពនៃការខ្ចីលុយ និងការទាក់ទាញដៃគូពាណិជ្ជកម្ម គឺជារឿងសំខាន់ ជាពិសេសនៅពេលដែលកម្ពុជាធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន។
នាង ញ៉ែម ចាន់ស៊ីវត្ថា ដែលជាគណនេយ្យករសាធារណៈម្នាក់ធ្វើការនៅទីក្រុងញូវយ៉ក បានប្រាប់វីអូអេខ្មែរតាមទូរស័ព្ទថា គណនេយ្យសំខាន់សម្រាប់គ្រប់ក្រុមហ៊ុននៅក្នុងគ្រប់ប្រទេសមិនថាមានឬក្រនោះទេ។ ប្រព័ន្ធគណនេយ្យល្អបង្កើនតម្លាភាពនិងបន្ថយអំពើពុករលួយ។
«របាយការណ៍ហិរញ្ញវត្ថុមិនមែនគ្រាន់តែជាតួលេខនៅលើក្រដាសទេ តែវាឆ្លុះបញ្ចាំងចំណុចខ្លាំងនិងចំណុចខ្សោយរបស់ដំណើរការនៃក្រុមហ៊ុន ឬប្រទេសមួយ»។
ក៏ប៉ុន្តែ នាង ចាន់ស៊ីវត្ថា បញ្ជាក់ថា កម្ពុជាគួរតែអនុវត្តតាមប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាដែលខុសពីប្រព័ន្ធគណនេយ្យរបស់សហរដ្ឋអាមេរិក ពីព្រោះពេលនេះ សហរដ្ឋសហរដ្ឋអាមេរិកក៏កំពុងពិចារណាប្តូរទៅប្រព័ន្ធគណនេយ្យអន្តរជាតិដែរ៕