ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​ប្រវត្តិសាស្ត្រ​ជា​មេរៀន​សម្រាប់​អភិវឌ្ឍ​ជាតិ

  • អ៊ឹម សុធារិទ្ធ

លោក ធុន ធារ៉ា បេក្ខជន​បណ្ឌិត​ខាង​ប្រវត្តិសាស្ត្រ​អាស៊ីអាគ្នេយ៍​ នៅ​វិទ្យាស្ថាន​ Yenching សាកលវិទ្យាល័យ Harvard នៃ​កម្មវិធី​រួម​ជាមួយ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី។ (ផ្តល់​ឲ្យ​ដោយ ធុន ធារ៉ា)

ប្រវត្តិសាស្ត្រ​មិន​មែន​អំពី​តែ​ព្រះ​មហាក្សត្រ​ ឬ​ចម្បាំង​ទេ។ ប្រវត្តិសាស្ត្រ​គឺ​និយាយ​អំពី​ការ​វិវត្ដ​នៃ​សង្គម​ ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់កាល​មួយ​។ នេះ​បើ​តាម​សម្តី​របស់លោក ធុន ធារ៉ា និស្សិត​ថ្នាក់​បណ្ឌិត​ផ្នែក​ប្រវត្តិសាស្ត្រ​អាស៊ីអាគ្នេយ៍​នៃ​វិទ្យាស្ថាន Harvard Yenching នៃ​សាកលវិទ្យាល័យ​ជាតិ​សឹង្ហបូរី ដែល​ជា​កម្មវិធី​សិក្សា​ថ្នាក់​បណ្ឌិត​រួម​ជាមួយ​នឹង​សាកលវិទ្យាល័យ​ Harvardនៃ​សហរដ្ឋ​អាមេរិក។ តាមរយៈកម្មវិធី​សំឡេង​ជំនាន់​ថ្មី​ប្រចាំ​ខែ​របស់​វីអូអេ លោក ធុន ធារ៉ា ឲ្យ​ដឹង​ថា ការ​យល់​ដឹង​អំពី​អតីតកាល​ខ្លួន​ឯងក៏​នាំឲ្យ​មានការ​រួប​រួម​ជាតិ។

លោក​ថ្លែង​ថា៖ «យើង​ស្វែង​យល់​អំពី​រឿង​រ៉ាវ​ទាំងសប្បាយ​ និ​ង​ឈឺ​ចាប់​ដែល​កើត​ឡើង​ក្នុង​សង្គម។ រឿង​រ៉ាវ​ទាំង​នេះ​ក្លាយ​ជា​បទពិសោធន៍​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ក្នុង​ការ​រៀន​ទាំង​ពីចំណុច​ល្អ​ និងចំណុចអាក្រក់​ពី​ថ្នាក់​ដឹកនាំ​ខ្មែរ​ជំនាន់​មុនៗ​ដើម្បី​ពង្រឹង​ការ​ដឹក​នាំ​ជាតិ​ក្នុង​ពេល​អនាគត»។

លោក ធារ៉ា បន្ត​ថា ប្រវត្តិសាស្ត្រក៏​ផ្តល់​ការ​យល់​ដឹង​អំពី​ប្រទេស​ជិត​ខាង​ដែល​ការ​យល់​ដឹង​នេះ​អាច​ជួយ​កសាង​វប្បធម៌​សន្តិភាព ដើម្បី​រស់នៅជាមួយ​គ្នា​ ស្រប​ទៅ​នឹង​គោលនយោបាយ​ដែល​ត្រូវ​អនុវត្ត​សម្រាប់​សមាហរណកម្មអាស៊ាន​នៅ​ពេល​នេះ។

ទាក់​ទង​នឹង​ការ​បាត់​បង់​ទឹក​ដី​របស់​កម្ពុជា​ទៅ​វៀត​ណាម​ និង​ថៃ លោក ធុន ធារ៉ា បាន​ប្រាប់​សំឡេង​ជំនាន់​ថ្មី​ថា ការ​បាត់​បង់​នេះ​គឺ​ជា​ការ​ពិបាក​នឹង​ទាមទារ​ត្រឡប់​មក​វិញ​ ដោយ​ហេតុ​ថា ទឹក​ដី​ទាំង​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ ដោយ​សហគមន៍​អន្តរជាតិ​និង​ដោយ​កម្ពុជា​ខ្លួន​ឯងថា ទឹក​ដី​ទាំង​នោះ​ស្ថិត​ក្នុង​បូរណភាព​របស់​ប្រទេស​ថៃ​ និង​វៀតណាម​ហើយ។

ការ​សរសេរ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នេះ គឺ​ប្រទេស​ថៃ​មិនផ្តោតលើ​ការ​ឈ្លានពាន​តាម​សង្គ្រាម​ទេ តែ​គេ​ផ្តោត​លើ​លទ្ធភាព​របស់​ខ្លួនក្នុងការ​ទាញ​ខេត្ត​មួយ​ចំនួន​ដែល​ធ្លាប់​ជា​របស់​កម្ពុជា​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​ខ្លួន​ដោយ​សារ​តែ​ឧត្តមភាព​របស់​ព្រះរាជាណាចក្រ​របស់​គេ។ ​ចំណែក​ឯ​វៀតណាម​វិញ​សរសេរ​ប្រវត្តិសាស្ត្រ​របស់​គេ ​ទាក់​ទង​នឹង​ទឹក​ដី​កម្ពុជា​ក្រោម​ដោយផ្តោត​លើ​ការ​បង្រួបបង្រួម​ប្រជាពលរដ្ឋ​ចម្រុះ​ពូជសាសន៍នៅ​ទីនោះ ដោយ​បំភ្លេញ​ថា ទឹកដី​ទាំង​នោះ​ធ្លាប់​ជា​របស់​កម្ពុជា។

ដូច្នេះ​លោក ធុន ធារ៉ា ឲ្យ​ដឹង​ថា វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​យល់​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ដែល​សរសេរ​ដោយ​ប្រទេស​ជិត​ខាង​អំពី​កម្ពុជា​ ដែល​ការ​យល់​ដឹង​ទាំង​នេះ​អាច​ជួយ​ឲ្យ​សាធារណជន​និងអ្នក​តាក់​តែង​គោលនយោបាយ​សម្រេច​ចិត្តបាន​ត្រឹម​ត្រូវ៕

XS
SM
MD
LG