ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមយុទ្ធ​នាវា​ថ្មី​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​គឺ​ជាការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង


រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​លោក Mike Pompeo ចាប់ដៃ​ជាមួយ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ចិន​ Wang Yi និង​មន្រ្តី​ការទូត​ផ្សេងទៀត​អំឡុង​វេទិកា​អាស៊ាន​ថ្នាក់​តំបន់​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​កាលពីថ្ងៃទី០២ សីហា ឆ្នាំ២០១៩។
រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​លោក Mike Pompeo ចាប់ដៃ​ជាមួយ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ចិន​ Wang Yi និង​មន្រ្តី​ការទូត​ផ្សេងទៀត​អំឡុង​វេទិកា​អាស៊ាន​ថ្នាក់​តំបន់​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​កាលពីថ្ងៃទី០២ សីហា ឆ្នាំ២០១៩។

សហរដ្ឋអាមេរិក​និងសមាជិក​១០​ប្រទេស​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន ​នឹង​ធ្វើ​សមយុទ្ធ​​រួមគ្នា​ជា​លើក​ដំបូង​នៅ​ជិត​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ។

សមយុទ្ធ​នេះ​ត្រូវ​គេ​រំពឹង​ថា ​នឹង​មាន​រយៈ​ពេល​៥​ថ្ងៃ​ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី២ ​ខែ​កញ្ញា​ខាង​មុខ​នេះ។

ប្រទេស​ថៃ​ដែល​ចូលរួម​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀបចំ​សមយុទ្ធនាវានេះ ស្របពេល​ធ្វើ​ជាប្រធាន​សមា​គម​អាស៊ាន​នៅ​ឆ្នាំ​នេះ ​បាន​បដិសេធ​ថា សមយុទ្ធ​នាវា​នេះមិនមែន​ជាវិធានការ​ទប់​ទល់​នឹងការ​ខិតខំ​ប្រឹងប្រែង​កាន់​តែ​ខ្លាំង​ឡើង​របស់​ចិន​ដើម្បី​ត្រួតត្រា​ផ្ទៃ​ទឹក​ដែល​ប្រកួត​ប្រជែង​គ្នាដ៏ក្តៅ​គគុក​នោះ។

លោកThaksaphon Namhonប្រធាន​កិច្ច​ប្រតិបត្តិការ​និង​ស៊ើបការណ៍​សម្ងាត់​នាវា​យាមល្បាត​របស់​កងទ័ព​ភូមិន្ទ​ថៃ ​បាន​ប្រាប់ VOAថា «មិន​មាន​អ្វី​ទាក់​ទិន​នឹង​ប្រទេស​ចិន​ទេ»។

ក៏ប៉ុន្តែ​ពួក​អ្នក​វិភាគ​និយាយ​ថា ដោយ​ខណ្ឌ​ចែក​ផ្លូវ​ទឹក​រវាង​វៀតណាម​ខាង​ត្បូង​និង​ច្រក​សមុទ្រ​ម៉ាឡា​កា ​ដែល​ជា​ផ្លូវ​ដង្ហើម​ដ៏​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​រវាងមហា​សមុទ្រ​ឥណ្ឌា​និង​ប៉ាស៊ីហ្វិក ពួកគេ​ចង់​បញ្ជូន​សារ​យ៉ាង​ច្បាស់​ក្រឡែត​មួយ​ទៅ​កាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា ​អាស៊ាន​អាច​ធ្វើ​ដៃគូ​ជាមួយ​ប្រទេស​ណាក៏​បាន​ដែល​ខ្លួន​ចូល​ចិត្ត។ ការណ៍​នេះ​អាច​កាត់​បន្ថយ​ភាព​តាន​តឹង​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ​អ្នក​វិភាគ​ខ្លះ​និយាយ​ថា សមយុទ្ធ​នាវា​នេះ​ជួយ​ធ្វើ​ឲ្យ​មាន​ការពិនិត្យ​មើល​មហិច្ឆិតា​របស់​ចិន។

លោក Collin Kohអ្នក​ស្រាវជ្រាវខាង​កិច្ចការ​សន្តិសុខ​នាវាចរណ៍​នៅ​ឯ​សាលា​ S.​Rajaratnamសម្រាប់​ការ​សិក្សា​អន្តរជាតិ​ក្នុង​ប្រទេស​សិង្ហបុរី ​បាន​និយាយថា «​នៅ​ទី​បញ្ចប់ សមយុទ្ធ​នេះ​ទាំង​មូល ​គឺ​ជា​ការ​បង្ហាញ​ថា ​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​និង​ការ​ហោះ​ហើរ​កាត់​សមុទ្រ​ចិន​ខាង​ត្បូង។ សំខាន់​ជាង​នេះ​ទៅ​ទៀត បណ្ដា​ប្រទេស​នៅ​ក្នុងសមាគម​អាស៊ាន ឬ​បណ្ដា​ប្រទេស​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​តំបន់​អា​ស៊ី​អាគ្នេយ៍​មាន​សិទ្ធិ​និង​សេរីភាពដើម្បី​ជ្រើសរើស​ប្រទេស​ណា​ដែល​ពួកគេ​ចង់​ធ្វើ​សមយុទ្ធ​ជាមួយ ដោយ​គ្មាន​សម្ពាធ​មក​ពី​ប្រ​ទេស​ណាមួយឡើយ»។

រដ្ឋាភិបាល​ក្រុង ​ប៉េកាំង ទាមទារ​ជាង​៨០​ភាគរយ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​បាន​កែច្នៃ​ដែនទឹក​ដែល​សម្បូរ​ទៅ​ដោយ​ផ្កាថ្ម កូនកោះ​តូចៗ និង​ធនធាន​ថាមពល ទៅ​ជា​ប៉ុស្តិ៍​យោធា​របស់​ខ្លួន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ដែល​ពេល​ខ្លះ​បាន​បង្ក​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​យ៉ាង​តានតឹង​ជាមួយ​នឹង​បណ្ដា​ភាគី​៥​ផ្សេង​ទៀត​ដែល​ទាមទារ​ដូចគ្នា​ដែរ គឺ​មាន​ប្រទេស ប៊្រុយណេ ប្រទេស ម៉ាឡេស៊ី ប្រទេស ហ្វីលីពីន កោះតៃវ៉ាន់ និង​ប្រទេស វៀតណាម។

សមយុទ្ធ​រវាង​អាមេរិក​និង​អាស៊ាន​នៅ​តាម​បណ្ដោយ​សមុទ្រ​ចិន​ខាង​ត្បូង​ប៉ែក​ខាង​និរតី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ចិន​បាន​ធ្វើ​សមយុទ្ធ​នាវា​ជា​លើក​ដំបូង​បង្អស់​ជាមួយ​នឹង​អាស៊ាន កាល​ពី​ខែ​តុលា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ នៅ​ប៉ែក​ខាង​ជើង​សមុទ្រ​ចិន​ខាង​ត្បូង។

ដូច​នឹង​សមយុទ្ធ​នាវា​ជាមួយនឹង​ចិន​ដែរ សមយុទ្ធ​នាវា​ជាមួយ​នឹង​សហរដ្ឋអាមេរិក​នេះ​នឹង​ធ្វើ​ឡើង​រយៈពេល​មួយ​សប្ដាហ៍ ដោយ​មាន​នាវា​ចម្បាំង​ចំនួន​៨។ នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​កងទ័ព​ជើង​ទឹក​ថៃ។​

អ្នក​វិភាគ​និយាយ​ថា ការ​ធ្វើ​សមយុទ្ធ​នាវា​ជាមួយ​នឹង​អាមេរិក​ឲ្យ​ស្រដៀង​នឹង​សមយុទ្ធ​យោធា​ជាមួយ​នឹង​ចិន​គឺ​ជា​ចេតនា​មួយ។

លោក William Choong អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​សន្ដិសុខ​អាស៊ី-ប៉ាស៊ីហ្វិក នៃ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​មាន​ទីតាំង​នៅ​ប្រទេស សិង្ហបុរី បាន​ថ្លែង​ថា៖ «កិច្ចប្រតិបត្តិការ​ស្ដង់ដារ​ដែល​អាស៊ាន​កំពុង​តែ​ប្រើប្រាស់​នេះ​គឺ​ថា អាស៊ាន​មិន​ចង់​ធ្លាក់​ចូល​ទៅ​ក្នុង​អំណាច​របស់​ប្រទេស​មហាអំណាច​ណា​មួយ​នោះ​ទេ។ វា​ជា​សញ្ញា​បង្ហាញ​ថា អាស៊ាន​គាំទ្រ​ចិន​និង​អាមេរិក​ស្មើ​គ្នា។ សកម្មភាព​ទាំង​អស់​នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ឲ្យ​ដឹង»។

ចិន​បាន​ដាក់​សម្ពាធ​លើ​អាស៊ាន​ឲ្យ​គាំទ្រ​ខ្លួន។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក Carl Thayer សាស្ត្រាចារ្យ​កិត្តិយស​នៃ​បណ្ឌិត​សភា​កងកម្លាំង​ការពារជាតិ​អូស្ត្រាលី។ ​

​រដ្ឋាភិបាល​ក្រុង ប៉េកាំង កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ស្នើឲ្យ​មាន​ក្រមសីលធម៌​ជា​លាយលក្ខណ៍​អក្សរ​ ដែល​ខ្លួន​បាន​ចរចា​ជាមួយនឹង​អាស៊ាន​ជុំវិញ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​រួម​ទាំង​អ្វី​ដែល​លោក​ហៅ​ថា «ជា​ការ​ប្រយ័ត្ន​មុខ​ប្រយ័ត្ន​ក្រោយ» ចំពោះ​ប្រទេស​ណាមួយ​ដែល​ហ៊ាន​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​នឹង​ប្រទេស​មហាអំណាច​ខាង​ក្រៅ គឺ​ត្រូវ​មាន​ការ​ព្រមព្រៀង​ពី​បណ្ដា​ប្រទេស​ទាំងអស់​នៅ​ក្នុង​សមាគម​អាស៊ីអាគ្នេយ៍​នេះ។

លោក Carl Thayer បាន​ពន្យល់​ទៀត​ថា «និយាយ​ម៉្យាងទៀត ប្រទេស​ចិន​ចង់​ចង​អាស៊ាន​ឲ្យ​ធ្វើ​សមយុទ្ធ​យោធា​ធម្មតា​ជាមួយ​ខ្លួន និង​រក្សា​សិទ្ធិ​មិន​ឲ្យ​អាស៊ាន​ធ្វើ​សមយុទ្ធ​យោធា​ជាមួយនឹង​បណ្តា​ប្រទេស​នៅ​ក្រៅ​តំបន់​ឡើយ ជាពិសេស​គឺ​សហរដ្ឋអាមេរិក​តែ​ម្ដង»។

លោក​បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​សហការ​ជាមួយ​តែ​សហរដ្ឋអាមេរិក​ឬ​ចិន ការ​ធ្វើ​សមយុទ្ធ​នាវា​ទាំង​ពីរ​លើក​នេះ​គឺ​ជា​ការ​បង្ហាញ​តុល្យភាព​របស់​អាស៊ាន​ជាមួយនឹង​ចិន​និង​អាមេរិក​ស្មើ​គ្នា។

អ្នក​វិភាគ​និយាយ​ថា សមយុទ្ធ​យោធា​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ក៏​ជា​ឱកាស​សម្រាប់​សហរដ្ឋអាមេរិក​ក្នុង​ការ​បង្ហាញ​សញ្ញា​ថា ខ្លួន​មាន​ការ​ប្ដេជ្ញា​ក្នុង​ការ​រក្សាដែន​សមុទ្រ​ដ៏​សំខាន់​នៅ​ក្នុងតំបន់​នេះ​ឲ្យ​នៅ​បើក​ចំហ​ដដែល។ ​

ខណៈចំនួន​នាវា​របស់​ចិន​និង​អាស៊ាន​មាន​ស្មើគ្នា​នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​នាវា​កាល​ពី​លើក​មុន​ជាមួយ​នឹង​ចិន លោក Choong និយាយ​ថា សមយុទ្ធ​នាវា​នៅ​សប្ដាហ៍​ក្រោយ​នេះ​ក៏​ជា​ដំណើរ​វិវត្តន៍​ធម្មតា​មួយ​ដែល​សហរដ្ឋអាមេរិក​ធ្លាប់​បាន​ធ្វើ​កន្លង​មក​ជាមួយ​នឹង​បណ្ដា​ប្រទេស​អាស៊ាន​មួយ​ទល់​នឹង​មួយ ឬ​ជា​ក្រុម​តូចៗ។

សមយុទ្ធ​យោធា​នេះ​ក៏​ធ្វើឡើង​ស្រប​ជាមួយ​នឹង​ការ​កើនឡើង​នូវ​អ្វី​ដែល​ហៅ​ថា ជា​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ដែល​កងទ័ព​ជើង​ទឹក​អាមេរិកបាន​ធ្វើ​ដំណើរ​ដល់​សមុទ្រ​ចិន​ខាង​ត្បូង ប្រឈម​នឹង​ការ​ទាមទារ​របស់​ចិន​ចង់​យក​ដែនទឹក​ទាំង​មូល ចាប់​តាំង​ពី​ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ ឡើង​កាន់​តំណែង​កាល​ពី​ខែ មករា ឆ្នាំ ២០១៧​មក។ ​

លោក Koh បាន​ថ្លែង​ថា៖ «ក្រឡេក​មើល​ទៅ​លើ​យន្តការ​គោលនយោបាយ​ផ្សេង​ទៀត​របស់​រដ្ឋបាល​លោក ត្រាំ វា​មាន​ន័យ​ថា គឺ​ដើម្បី​សង្កត់ធ្ងន់​ទៅ​លើ​ការ​តស៊ូ​របស់​វត្តមាន​និង​ផលប្រយោជន៍​អាមេរិក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង»។​

លោក​បាន​និយាយ​ទៀត​ថា ស្របពេល​ដែល​ចិន​ទំនង​ជា​មិន​ចាត់ទុក​សមយុទ្ធ​នាវា​របស់​អាស៊ាន​ជាមួយ​នឹង​អាមេរិក​ជា​ការ​គំរាមកំហែង​យ៉ាង​ច្បាស់​ក្រឡែត​នេះ រដ្ឋាភិបាល​ក្រុង ប៉េកាំង ប្រហែល​ជា​នៅ​តែ​មើលឃើញ​ថា សមយុទ្ធ​នេះ​គឺ​ជា​ឧបសគ្គ​ផ្នែក​សន្ដិសុខ។ ប៉ុន្តែ​ជាជាង​បង្កើន​ភាព​តានតឹង សកម្មភាព​ធ្វើ​ឲ្យ​មាន​តុល្យភាព​នេះ​អាច​ជួយ​រក្សា​សន្ដិភាព​បាន តាមរយៈ​ការ​បង្កើន​ទស្សនវិស័យ​ថា សហរដ្ឋអាមេរិក​នឹង​លូក​ដៃ​ចូល ប្រសិន​បើ​ចិន​ឈាន​ជើង​ចូល​ក្នុង​ខ្សែ​បន្ទាត់​ក្រហម​ តាមរយៈ​ការ​បង្ខិតបង្ខំ​ប្រទេស​ជិតខាង​របស់​ខ្លួន​នោះ។​

លោក Koh បាន​ថ្លែង​ថា «ខ្ញុំ​នឹង​មិន​និយាយ​ថា វា​អាច​បញ្ឈប់​សកម្មភាព​បង្ខិតបង្ខំ​បាន​ទាំងស្រុង​នោះ​ទេ។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ វា​អាច​ធានា​បាន​ថា សកម្មភាព​របៀប​នេះ​ប្រហែល​ជា​មិនអាច​មាន​ហួសហេតុ​ដល់​ថ្នាក់​ប្រើ​កម្លាំង​បង្ខំ​នោះ​ទេ»។

អ្នក​វិភាគយល់​ស្រប​គ្នា​ថា សមយុទ្ធ​យោធា​របស់​អាស៊ាន​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន អាច​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ទៀងទាត់​ពី​ពេល​នេះ​ទៅ បើទោះ​ជា​មិន​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​ក៏​ដោយ។

ដូច​ដែល​លោក Choong បាន​លើកឡើង​ថា «ឥឡូវ​នេះ សមយុទ្ធ​យោធា​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រជែង​គ្នា​រវាង​ចិន​និង​អាមេរិក​ក្នុង​ការ​ជះ​ឥទ្ធិពល​នៅ​ក្នុង​តំបន់​នេះ»៕

ប្រែសម្រួល​ដោយ​ ហុង ចិន្ដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG