លោក Wang Dexin មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានប្រើបាឋកថាមួយនៅរាជធានីភ្នំពេញស្តីពី «ទំនាក់ទំនងសហរដ្ឋអាមេរិកនិងអាស៊ីអាគ្នេយ៍» ដើម្បីជាវេទិកាបង្ហាញសារថា ប្រទេសចិនគ្មានបំណងបង្កឲ្យមានការផ្លាស់ប្តូររបបនយោបាយនៅក្នុងប្រទេសណាមួយនោះទេ។
ការអធិប្បាយរបស់លោក Wang Dexin នាយកផ្នែកកិច្ចការនយោបាយរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាធ្វើឡើង បន្ទាប់ពីលោក John Brandon នាយកជាន់ខ្ពស់កម្មវិធីទំនាក់ទំនងអន្តរជាតិរបស់អង្គការមូលនិធិអាស៊ី (The Asia Foundation) បានធ្វើអធិប្បាយក្នុងពេលផ្តល់បាឋកថានោះថា អាស៊ីអាគ្នេយ៍គួរឈរនៅកណ្តាលក្នុងការទាក់ទងជាមួយចិននិងសហរដ្ឋអាមេរិក។
ថ្លែងក្នុងម៉ោងសំណួរចម្លើយបន្ទាប់ពីការបិទបញ្ចប់បាឋកថារបស់ John Brandon លោក Wang អះអាងថា ប្រទេសក្នុងតំបន់អាស៊ីមានវប្បធម៌មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងប្រទេសណាមួយឡើយ។ លោកក៏បានសង្កត់ធ្ងន់ថា ចិនគ្មានបំណងធ្វើឲ្យមានការផ្លាស់ប្តូររបបនយោបាយក្នុងប្រទេសដទៃឡើយ ដែលខុសគ្នាពីវប្បធម៌នៃប្រទេសលោកខាងលិចមួយចំនួនដែលបានធ្វើ។
«យើងជឿជាក់ថា វប្បធម៌អាស៊ីគឺខុសពីវប្បធម៌លោកខាងលិច ហើយប្រទេសនីមួយៗ មានសិទ្ធិជ្រើសរើសផ្លូវដើរដោយខ្លួនឯង»។
ដំណាលគ្នានឹងពេលលោក Wang ប្រតិកម្មលើកឡើងពីការផ្លាស់ប្តូររបបនយោបាយនេះ លោក John បានប្រតិកម្មភ្លាមៗថា លោកមិនបាននិយាយលើកឡើងអំពីបញ្ហា[ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង]នេះក្នុងបាឋកថារបស់លោកទេ។
នៅពេលលោក John Brandon កំពុងផ្តល់បាឋកថាលើទំនាក់ទំនងសហរដ្ឋអាមេរិក និងអាស៊ីអាគេ្នយ៍នោះ អ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិរបស់អង្គការមូលនិធិអាស៊ីរូបនេះបានកត់សម្គាល់ថា ទំនាក់ទំនងល្អរវាងចិននិងអាមេរិកគឺជាគន្លឹះសំខាន់នៃភាពចម្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកបញ្ជាក់ទៀតថា ប្រទេសក្នុងតំបន់អាស៊ីអាគេ្នយ៍មិនអាចភ្ជាប់ខ្លួនជាមួយនឹងមហាអំណាចមួយប្រឆាំងនឹងមហាអំណាចមួយទៀតឡើយ។
លោក John Brandon ថ្លែងថា៖
«អាស៊ាននឹងមិនសម្របតាមអាមេរិកដើម្បីប្រឆាំងនឹងចិនទេ ហើយអាស៊ានក៏នឹងមិនសម្របតាមចិនប្រឆាំងនឹងអាមេរិកនោះដែរ។ អាស៊ានមានគំនិតផ្តួចផ្តើមរបស់ខ្លួនឯង ទាំងការទូតនិងវប្បធម៌ ហើយគួរតែនិងមិនត្រូវបោះបង់ចោលអធិបតេយ្យរបស់ខ្លួនដែរ»។
ការវាយប្រហាររបស់លោក Wang Dexin នាយកផ្នែកកិច្ចការនយោបាយរបស់ស្ថានទូតចិនទៅលើប្រទេសដែលមានចេតនាបង្កឲ្យមានការផ្លាស់ប្តូររបបនយោបាយក្នុងប្រទេសដទៃនោះកើតមានឡើង បន្ទាប់ពីលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានវាយប្រហារសហរដ្ឋអាមេរិកដោយប្រើសម្តីធ្ងន់ៗថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ស្ថិតនៅពីក្រោយខ្នងនៃការតវ៉ាដ៏ជ្រួលច្របល់នៅទីក្រុងហុងកុង។
កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោកក៏ធ្លាប់បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែរ ដោយបានសហការជាមួយក្រុមប្រឆាំងដើម្បីបង្កើតចលនា«បដិវត្តន៍ពណ៌» និងមានបំណងផ្តួលរំលំរដ្ឋាភិបាលរបស់លោក។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបដិសេធមិនផ្តល់ការអធិប្បាយណាមួយទៅលើពាក្យសម្តីវាយប្រហារខ្លាំងៗរបស់ឯកអគ្គរដ្ឋទូតចិននៅកម្ពុជានោះទេ។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ីនិងជាអ្នកវិភាគកិច្ចការតំបន់ យល់ស្របចំពោះការលើកឡើងរបស់លោក John Brandon ដែលថា ទំនាក់ទំនងល្អរវាងចិននិងអាមេរិកអាចកសាងនូវវិបុលភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។
ដោយឡែក លោកបានចាត់ទុកអធិប្បាយរបស់ លោក Wang Dexin ក្នុងចំណុចនៃគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសណាមួយនោះ ថា ជាសារព្រមានទៅកាន់សហរដ្ឋអាមេរិក មិនឲ្យលូកដៃចូលក្នុងភាពច្របូកច្របល់ ក្នុងតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន។
«ហ្នឹងគឺជាសញ្ញាបញ្ជាក់ថា ព្រមានក៏អាចថាបាន ការព្រមានដល់សហរដ្ឋអាមេរិកដែរ កុំលូកដៃចូល នៅក្នុងបញ្ហាហុងកុង ដើម្បីធ្វើការ មានការផ្លាស់ប្តូររបបឬក៏លូកដៃចូលនៅក្នុងបណ្តាប្រទេសនៅក្នុងតំបន់ផ្សេងទៀត»។
ការចេញមុខរបស់មន្ត្រីនយោបាយស្ថានទូតចិនប្រចាំកម្ពុជា មកបកស្រាយក្នុងវេទិកាសាធារណៈអំពីគោលនយោបាយរបស់ប្រទេសចិនបែបនេះគឺជារឿងដ៏កម្រមួយ។ ក៏ប៉ុន្តែឯកអគ្គរដ្ឋទូតចិនដែលទើបតែចូលកាន់តំណែង លោក Wang Wentian ជារឿយៗប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុកមកវាយប្រហារសហរដ្ឋអាមេរិក ទាំងក្នុងវិស័យពាណិជ្ជកម្មនិងនយោបាយ។
ចុងក្រោយនេះ លោក Wang បានចោទសហរដ្ឋអាមេរិកចំៗថា «ជាតួអង្គមិនល្អនិងកំពុងដើរតួក្នុងស្ថានភាពចលាចលទីក្រុង ហុងកុង»។ ឯកអគ្គរដ្ឋទូតចិនដដែលបានភ្ជាប់សហរដ្ឋអាមេរិកទៅនឹងចលនាបដិវត្តន៍ពណ៌ ដែលបានកើតឡើងនៅអឺរ៉ុបខាងកើត អាស៊ីកណ្តាល ព្រមទាំងក្នុងបណ្តាប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក៕