ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​ទូរគមនាគមន៍​ថ្មី​ដាក់​ទោស​ធ្ងន់​ធ្ងរ​ដល់​អ្នក​ល្មើស


បុរស​ទាំង​នេះ ប្រើប្រាស់​​​អ៊ីនធឺណេត​​នៅ​​ហាង​​កាហ្វេ​ក្នុង​ទីក្រុង​ភ្នំពេញ​​នៅ​ប្រទេស​កម្ពុជា។
បុរស​ទាំង​នេះ ប្រើប្រាស់​​​អ៊ីនធឺណេត​​នៅ​​ហាង​​កាហ្វេ​ក្នុង​ទីក្រុង​ភ្នំពេញ​​នៅ​ប្រទេស​កម្ពុជា។

ក្រសួង​ប្រៃសនីយ៍និង​ទូរគមនា​គមន៍បាន​បញ្ចប់សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីទូរគមនាគមន៍រួ​ច​រាល់​ហើយ​ដែល​បង្ហាញវិសាល​ភាពអំណាច​របស់​ខ្លួន​យ៉ាង​ធំ​ធេងលើ​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ទូរស័ព្ទ​និងការ​ពង្រឹងការ​រឹត​បន្តឹង​ការ​ត្រួតត្រា​កាន់​តែ​ខ្លាំង​លើ​សេវាកម្ម​អ៊ីនធឺណែតបន្ថែម​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីគ្រប់​គ្រង​អ៊ីន​ធឺណែត​ដែល​ទទួល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ក្លា​នោះ។​

នៅ​ក្នុង​មាត្រា១​នៃ​ច្បាប់​ដែល​VOA​សំឡេង​សហរដ្ឋ​អាមេរិក​ទទួល​បានរៀបរាប់​ថា​ច្បាប់​នេះ​មាន​គោល​បំណង​ធានា​ដល់​ការ​ប្រើ​ប្រាស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​បណ្តាញ​និង​ការ​ផ្តល់​សេវា​ទូរគម​នាគមន៍​ប្រកបដោយ​ប្រសិទ្ធភាព ​សុវត្ថិភាព ​គុណភាព​ ភាព​អាចទុកចិត្តបាន​និង​ថ្លៃសមរម្យ​ដែល​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​នៃ​ការ​អភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច។

​សេចក្តី​ព្រាង​ច្បាប់​ដដែលនេះ​បង្ហាញ​ថា​ក្រសួង ​មាន​សិទ្ធិ ​គ្រប់​គ្រង ​តាមដាន​ប្រតិបត្តិការ​ទូរគមនា​គមន៍​នៅ​ក្នុង​ប្រទេស​ តាមដាន​ថ្លៃសេវា​ទូរគមនាគមន៍​ដោយ​បញ្ជាក់​ពី​ការ​ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ​លើកំណត់​តម្លៃ​យ៉ាង​ច្បាស់​លាស់។​ ក្រៅ​ពី​នោះ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីទូរគមនាគមន៍​ក៏​បាន​បញ្ជាក់​ពី​ធានា​ដល់​អភិបាលកិច្ច​ គ្រប់​គ្រងប្រតិបត្តិករ​ទូរគមនាគមន៍​និង​ការ​ប្រកួត​ប្រជែង​ស្រប​ច្បាប់​ ស្មោះ​ត្រង់​និង​មាន​តម្លា​ភាព។

មាត្រា​៥​ចែង​ថា​ក្រសួង​ប្រៃសណីយ៍​មាន​សិទ្ធិ​អំណាច«គ្រប់​គ្រង ត្រួត​ពិនិត្យ និង​តាម​ដានការ​ប្រើ​ប្រាស់»សេវា​កម្ម​អ៊ីនធឺណែត។ក្នុង​នោះមាត្រា​៦​ចែង​ថា​«ទិន្នន័យ ​សេវាទូរគមនាគមន៍/បច្ចេកវិទ្យា​និង​ព័ត៌​មាន»​ត្រូវ​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។​ហើយ​ប្រតិបត្តិករ​ឬ​ផ្នែក​ពាក់​ព័ន្ធ​ត្រូវ​ផ្តល់​ទិន្នន័យ​នៃ​ប្រតិបត្តិការ​របស់​ខ្លួន​ដល់​ក្រសួង»។

​ក្រៅ​ពី​នោះ​ទៀតរដ្ឋមន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​មាន​សិទ្ធិ​បញ្ជា​ឲ្យ​ផ្ទេរ​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ទូរគមនាគមន៍​មក​ឲ្យ​ក្រសួង​ឬ​បំពាក់​បរិក្ខា​បន្ថែម​ចាំ​បាច់​សម្រាប់ ​ធានា​ការ​គ្រប់​គ្រង​ប្រតិបត្តិ​ការ​ទូរគមនាគមន៍​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ​ដើម្បី​«ធានា​ដល់​ផល​ប្រយោជន៍ ​សន្តិសុខ​និង​ស្ថិរភាព​ របៀប​រៀប​រយ​សាធារណៈ»។ ​នេះ​បើយោង​តាម​សេចក្តី​ព្រាង​ច្បាប់​ត្រង់​មាត្រា​៧។

លោក​សឿង សារឿន នាយក​ប្រតិបត្តិ​នៃគណៈកម្មា​ធិការសហ​ប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​ដែល​មាន​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ជា​សមាជិកលើក​ឡើង​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​ប៉ះ​ពាល់​ដល់ការ​ប្រើ​ប្រាស់​និង​ការ​ផ្គត់​ផ្គង់​និង​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែតជា​អវិជ្ជមាន។

«ច្បាប់​នេះ​បើ​វិភាគ​មួយ​ភ្លែត​វា​គ្រប​ដណ្តប់​តែ​លើ​វិស័យ​ឯកជន​និង​ក្រុម​ហ៊ុន។ តែ​បើ​យើង​វិភាគឲ្យ​ស៊ី​ជម្រៅ​ជាង​នេះ​ទៅ​ទៀតគឺ​វា​អាច​ប៉ះពាល់​ដល់​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីន​ធឺណែត​ឬ​អ្នក​ប្រើ​ប្រាស់​ជា​IP User ​នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​នោះ​សម្តែង​មតិ​ឬ​ការ​ចូល​រួម​បែប​ណា​មួយ​ដែល​រដ្ឋា​ភិបាល​វិភាគ​ថា​មិន​ប្រក្រតី​និង​ប៉ះពាល់​ដល់​សង្គមគឺ​រដ្ឋា​ភិបាល​អាច​ធ្វើ​ការ​តាម​រយៈ​ក្រុមហ៊ុន​ឯក​ជន​ក្នុ​ងការ​បិទ​IP address ​របស់​អ្នក​ប្រើប្រាស់»។ ​

​VOA​សំឡេង​សហ​រដ្ឋ​អាមេរិក​ជា​ខេមរ​ភាសា​បាន​ព្យាយាមទូរស័ព្ទ​ទៅ​កាន់​មន្ត្រី​ផ្លូវ​ការ​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមន៍​ជាច្រើន​ថ្ងៃ​ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ណាមួយ​តាម​ទូរស័ព្ទ​នោះ​ទេ។

លោកផៃ ស៊ីផាន ​រដ្ឋ​លេខា​ធិការនិង​ជា​អ្នក​នាំពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​នៅថ្ងៃ​សុក្រ​នេះ​ថា​លោក​មិន​ទាន់​ទទួល​ដំណឹង​ថា​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីទូរគមនាគមន៍​ត្រូវ​បញ្ជូន​មក​ដល់​គណៈ​រដ្ឋមន្ត្រី​ហើយ​ឬនៅ​នោះ​ទេ។

«រហូត​មកដល់​ពេល​នេះ​ខ្ញុំ​មិន​ទាន់​ដឹង​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​មក​ដល់​ទីណា​នៅឡើយ​ទេ»។

យ៉ាង​ណា​ក៏​ដោយ​សេចក្តី​ព្រាង​ច្បាប់​នេះ​កើត​ឡើង​ក្រោយ​ពេល​មានការប្រកួត​ប្រជែង​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុនលើ​ការ​ផ្តល់​តម្លៃ​ថោក​បំផុត​សម្រាប់​អ្នក​ប្រើ​ប្រាស់។​

​សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​មាន​ចែង​អំពី​ការ​បង្កើត​និយ័តករ​ទូរមនាគមន៍​កម្ពុជាមួយ​ផងដែរ​ដែល​ជា​អង្គ​ភាព​ដើរ​តួ​ត្រួត​ពិនិត្យ​និង​ដាច់​ដោយឡែក​ពី​ក្រសួង។​ហើយក្រសួង​ធានា​ការ​ប្រកួត​ប្រជែង​លើ​ផ្នែក​តម្លៃនិង​មាន​សិទ្ធិ​សើរើ​តម្លៃ​តាម​ការ​ចាំ​បាច់។
មួយ​វិញ​ទៀតសេចក្តី​ព្រាង​ច្បាប់បាន​ចែង​អំពី​ការ​ដាក់​ទោស​យោង​តាម​ក្រម​ព្រហ្មទណ្ឌ។
អ្នកលក់​លេខ​ទូរគមនាគមន៍រូម​មាន​លេខ​ទូរស័ព្ទ​ជា​ដើម​ដោយមិនមាន​បណ្ណ​សំគាល់​អត្តសញ្ញាណ​អ្នក​ប្រើ​ប្រាស់នឹង​ត្រូវ​ពិន័យ​ពី​៥០​លាន​ទៅ​១០០​លាន​រៀល​ឬ​ស្មើ​នឹង​ពី​១២.៥០០​ដុល្លារ​អាមេរិក​ដល់​២៥.០០​០​ដុល្លារ។ ដោយឡែក​ការផាក​ពិន័យ​ត្រូវ​កំណត់​ចាប់​ពី ១២.៥០០​ដុល្លារ​អាមេរិក​រហូត​ដល់​១.២៥០.០០០​ដុល្លារ​អាមេរិក។​ហើយ​ទោស​ជាប់​ពន្ធនាគារ​ចាប់​ពីមួយ​សប្តាហ៍ដល់​១៥​ឆ្នាំ៕

XS
SM
MD
LG