ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ឯកទេស៖ បណ្តាញ​សង្គម​ជួយ​លើក​កម្ពស់​​អភិបាលកិច្ច​ល្អ

  • ម៉ែន គឹមសេង

ការ​ស្រាវជ្រាវ​នានា​បាន​រក​ឃើញ​ថា​មាន​ពលរដ្ឋ​កម្ពុជា​ជាង​មួយ​លាន​នាក់​បាន​ចុះ​ឈ្មោះ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​។

បណ្តាញ​សង្គម​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ហើយ​អ្នក​ឯកទេស​មើល​ឃើញ​ថា​វា​ជា​គន្លឹះ​មួយ​ដែរក្នុង​ការ​ចូលរួម​ចំណែក​ដល់​ការ​ជំរុញ​ឱ្យ​មាន​អភិបាល​កិច្ច​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ ឱក សេរីសុភ័ក្រ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA ​ថា​និន្នាការនៃការ​និយម​ប្រើ​ហ្វេសប៊ុក​នឹង​រីករាលដាល​ដល់​មូលដ្ឋាន​ដែល​មាន​បញ្ហា​ច្រើន​ហើយ​ចង់​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​ដោយសារ​តែ​ប្រជាប្រិយភាព​និង​សារៈសំខាន់​ដល់​សង្គម។

លោ​កបាន​បន្ថែមថា៖ «អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​បាន​ផ្តល់ព័ត៌មាន​ជាច្រើន​ដែល​ទាក់​ទង​ទៅ​នឹង​តម្លាភាព​ ការដឹកនាំ​របស់​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់ក្រោមជាតិ​គ្រប់​វិស័យ​ហើយ​មាន​រឿង​ជាច្រើនដែល​យើង​រវល់​ធ្វើការ​ផ្សេងៗ​យើង​មិន​បាន​ដឹង​ហើយ​ដែល​យើង​អាច​ដឹង​ដោយ​គ្រាន់​តែ​ប្រើ​ពេលវេលា​បន្តិច​បន្តួច​តាម​រយៈ​ហ្វេសប៊ុក​តែប៉ុណ្ណោះ។ ដូច្នេះ​នេះ​ជា​ការ​សំខាន់​ណាស់​នៅ​ក្នុង​ការ​ចែក​ចាយ​ព័ត៌មាន​ដែល​ជាគន្លឹះ​នៅ​ក្នុង​ផ្នែក​អភិបាលកិច្ច»។​

លោក​ ឱក សេរីសុភ័ក្រ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​
លោក​ ឱក សេរីសុភ័ក្រ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​

លោក​សង្ឃឹម​ថា​នៅ​ឆ្នាំ​២០១៥​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ចូល​ក្នុង​សហគមន៍​អាស៊ាន​នោះ​ការ​បើក​ឱ្យ​មាន​តម្លាភាព​និង​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សង្គម​នឹង​កាន់តែ​រីកចម្រើន​ទៀត។

ការ​ស្រាវជ្រាវ​នានា​បាន​រក​ឃើញ​ថា​មាន​ពលរដ្ឋ​កម្ពុជា​ជាង​មួយ​លាន​នាក់​បាន​ចុះ​ឈ្មោះ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយពួកគេ​បាន​ចែក​រំលែក​ព័ត៌មាន​នយោបាយ សេដ្ឋកិច្ច ឧក្រិដ្ឋកម្ម វេទិការ​ពិភាក្សា​និង​ការ​កម្សាន្ត​ជាដើម។​

លោក​បញ្ជាក់​ថា​ អ្នក​គ្មាន​ហ្វេសប៊ុក​គួរ​សិក្សា​ពី​ការ​ប្រើ​ប្រាស់​ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​បើ​មិន​ទាន់​មាន​លទ្ធភាព​ហើយ​មាន​ព័ត៌មាន​គួរបញ្ជូនត​មកអ្នក​ដែល​ស្គាល់​គាត់​នៅ​ភ្នំពេញ​ហើយ​ចែក​ចាយបន្ត។

មាន​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ការងារ​របស់​ពួកគេ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​និង​បណ្តាញ​សង្គម​ដូច​ជា​ក្រសួង​បរិស្ថាន ក្រសួង​អប់​រំ ក្រសួង​យុត្តិធម៌​និង​អគ្គស្នងការ​នគរបាល​ជាតិ​ជាដើម។

​វាគឺ​ជា​ការ​ចំណេញ​សម្រាប់​ស្ថាប័ន​រដ្ឋ​ដែល​ផ្សាយ​ការងារ​របស់​ពួកគេ​តាម​បណ្តាញ អ៊ីនធឺណិត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ឱក សេរីសុភ័ក្រ។

លោកស្រី ចក់ សុភាព នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ទទួល​ស្គាល់​ពី​ប្រសិទ្ធភាព​នៃ​បណ្តាញ​សង្គម​ដែល​ជួយ​ផ្សព្វផ្សាយ​ពី​បញ្ហា​សង្គម​និង​មាន​ឥទ្ធិពល​ដល់​ការ​កែប្រែ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​មួយ​ចំនួន។

ប៉ុន្តែ​លោក​ស្រី​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា​វា​សំខាន់​បំផុត​ដែល​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ជាពិសេស​ប្រទេស​កម្ពុជា​យើងគួរ​មាន​គោលការណ៍​មួយ​ច្បាស់​លាស់​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ច្បាស់​លាស់​ទៅ​តាម​គោលការណ៍​ច្បាប់​ជាជាង​យោង​ទៅ​តាម​ប្រជាប្រិយភាព។ ដូច​ជា​លើក​លែង​តែ​ប្រជាពលរដ្ឋ​ស្រែក​បាន​យើង​ចាត់​ការ​នោះ​ខ្ញុំ​មើល​ឃើញ ថា​វា​អាច​បង្ក​ជា​បញ្ហា​មួយ»។​

លោក​ស្រី​បាន​លើក​ឡើង​ដូច​ជាករណី​លោកស្រី សម មុន្នីកា អតីត​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ដែល​ប្តឹង​ទារប្រាក់​៤០០០​ដុល្លារ​ពីអ្នកបើក​រថយន្ត​តាក់​ស៊ីនិង​ករណីធ្វើ​ទារុណកម្ម​កូន​ក្មេងក្រៅ​ច្បាប់នៅ​ខេត្ត​ព្រៃវែង​ដោយសារ​លួច​ផ្លែដូង​ ដែល​ករណី​ទាំង​ពីរ​នេះ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដាក់​កំហុស​ខ្លាំង​ទៅ​លើ​លោក​ស្រី​សម មុន្នីកា​និង​អ្នក​ធ្វើ​ទារុណកុមារ​នោះ ដោយ​មិន​បាន​ពិភាក្សា​ពី​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​បើក​រថយន្ត​តាក់​ស៊ី​លើ​សុវត្ថិភាព​អ្នក​ដំណើរ​និង​ក្មេងប្រុសនោះ​ក្នុងការ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃទេ។

យ៉ាង​ណា​ក៏ដោយ​ការប្រើប្រាស់​ពាក្យ​ពេចន៍​មិន​សមរម្យវាយ​ប្រហារ​លើ​ថ្នាក់ដឹកនាំ​នយោបាយ​ និងការ​ផ្សាយ​រូបភាព​អាសអាភាស​ត្រូវ​បាន​ស្ថាប័ន​សភាជាតិ​មើល​ឃើញ​ថា​អាច​នឹង​ធ្វើ​ឱ្យ​ខូច​ដល់​បរិយាកាស​និង​វប្បធម៌​ខ្មែរ​ដែល​តម្រូវ​ឱ្យ​ត្រូវ​មាន​ច្បាប់​គ្រប់​គ្រងការប្រើប្រាស់​តាម​អ៊ីនធឺណិត​នេះ។ ប៉ុន្តែ​អ្នក​រិះគន់​ខ្លះបាន​លើក​ឡើង​ថា​នេះ​គ្រាន់​តែ​ជា​លេស​ដើម្បី​ទប់​ស្កាត់​ប្រជាប្រិយភាព​នៃ​បណ្តាញ​នេះ​ដែល​ហាក់​ដូច​ជា​ការគំរាម​មួយ​ដល់​គណបក្ស​កាន់អំណាច។

លោក ឱក សេរីសុភ័ក្រ​វិញ​យល់ថាការប្រើ​ប្រាស់​ពាក្យ​ពេចន៍​ទាំង​នេះ​ជា​ការ​ធ្លាក់​ចុះ​មួយ​ខាង​ផ្នែក​សីលធម៌​សង្គម​ហើយបើ​ស្ថានភាព​ដុនដាប​រហូត​ដល់​ត្រូវ​ធ្វើ​ច្បាប់​គ្រប់គ្រង​បណ្តាញសង្គម​មែន​គឺ​ត្រូវ​សរសេរ​ឱ្យ​ប្រយ័ត្ន​ប្រយែង​កុំ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ។

លោក​បាន​បន្ថែម​ថា៖​«យើង​សួរ​ថា​តើ​ច្បាប់​អាចឃាត់​ឃាំង​នូវ​ឥរិយាបទ​សង្គម​ អាច​ឃាត់​ឃាំង​នូវ​រឿង​ទាំងអស់​នេះ​បាន​ទេ? ហើយ​បើ​សិន​ជា​យើង​សរសេរ​មិន​ស្រួល​ការដែល​គ្រាន់​តែ​ហាមឃាត់​ជ្រុង​អវិជ្ជមាន​ណាមួយ​នៅ​ក្នុង​ហ្វេសប៊ុក វា​អាច​ប៉ះពាល់​ទៅដល់​សិទ្ធិ​សេរីភាពហើយ​ដែល​ផ្តល់​នូវ​អ្វីៗ​ដែល​ជា​លក្ខណៈ​វិជ្ជមានដល់​អ្នក​ប្រើ​ហ្វេសប៊ុក ឬ​មួយ​អ្នក​ទទួលបាន​ព័ត៌មាន​ពី​ហ្វេសប៊ុក»។

ក្នុង​រយៈ​ពេល​ខាងមុខ​រហូត​ដល់​មាន​ការ​បោះឆ្នោត​ថ្មី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​គួរផ្តោ​តលើ​បញ្ហា ដែលទាក់ទង​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ ដូច​ជា​កំណែទម្រង់​ផ្នែក​សុខាភិបាល ការអប់​រំ សេវាកម្ម​សាធារណៈ និង​អំពើ​ពុករលួយ។​ នេះ​បើតាម​លោក​សុភ័ក្រ។

លោក​ក៏​ស្នើ​សុំ​ឱ្យ​ពួកគេ​ពិភាក្សា​លើ​បញ្ហា​សីលធម៌​ដែល​លើក​កម្ពស់​ទិដ្ឋភាព​ល្អ​នៃ​កេរ៍​ដំណែល​កម្ពុជា និង​ដោយសារ​ហ្វេសប៊ុក​គ្មាន​ដែន​កំណត់​ដូច្នេះ​ត្រូវ​បង្ហាញ​ពី​ជ្រុង​វិជ្ជមាន​ដែល​ពលរដ្ឋ​កម្ពុជា​មាន៕

XS
SM
MD
LG