ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ព្រួយបារម្ភ​ពី​ការរឹតត្បិត​សេរីភាព​អ៊ីនធឺណិត


និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បើក​មើល​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)
និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បើក​មើល​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

ក្នុង​ពេល​ដែល​សកម្មជននានា​ បាន​រិះគន់​ដល់​ការធ្លាក់​ចុះ​នៃ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា គេបាន​ទទួល​ស្គាល់​ថា ​សេរីភាព​តាម​បណ្តាញ​អ៊ីនធឺ​ណិត​និង​ការ​បញ្ចេញ​មតិ​តាម​បណ្តាញ​សង្គម​ដែល​កំពុង​តែ​មាន​ប្រជាប្រិយ៍​ភាព​យ៉ាង​ខ្លាំង​ នៅ​មិន​ទាន់​រងផល​ប៉ះពាល់​អ្វី​នៅ​ឡើយទេ ប៉ុន្តែ​ពួកគេ​ព្រួយ​បារម្ភ​សម្រាប់​រយៈ​ពេល​ខាងមុខ ​បើ​ទោះបី​ជាមានការអះអាងពី​អ្នក​តាក់​តែង​គោល​នយោបាយ​ថា​ នឹង​មិន​មាន​ការប្រែប្រួល​ក៏ដោយ។

លោកស្រី​ ចក់ សុភាព​នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។
លោកស្រី​ ចក់ សុភាព​នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

លោកស្រី​ ចក់ សុភាព​នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ស្នើ​សុំ​ឱ្យ​លំហរ​នៃ​សេរីភាព​ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​អ៊ីនធឺណិតនៅ​មាន​ដូចពេល​បច្ចុប្បន្ននេះ៖

«អ្វី​ដែល​យើ​ងស្វាគមន៍​គឺ​រដ្ឋាភិបាល​មិន​ទាន់​ទប់​ស្កាត់​ខ្លាំង​ទៅលើ​ប្រព័ន្ធ​អ៊ីនធឺណិតដែល​ជាចរន្ត​មួយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ពលរដ្ឋ​គាត់​អាច​ប្រើ​ប្រាស់​ជាពិសេស​យុវជន​ គាត់​អាច​សម្តែង​មតិ​ចែក​រំលែក​ព័ត៌មាន ​ហើយ​វាជាអ្វី​ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង​ មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ការបោះឆ្នោត​អណត្តិ​ទីប្រាំ​នេះ​»។

ប៉ុន្តែសេរីភាព​នេះ​អាច​នឹង​រងការ​គំរាម​កំហែង​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះនៅ​ពេល​ដែល​សេចក្តី​ព្រាងច្បាប់​ថ្មី​មួយ​គ្រប់​គ្រង​លើ​បណ្តាញ​នេះ​អាច​នឹង​ត្រូវដាក់​ឱ្យ​ប្រើប្រាស់។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោកស្រី​ចក់ សុភាពនិង​សកម្មជន​នានា។​

លោក​ស្រី​ចក់​ សុភាព​បន្ថែម​ថា​៖

«អ្វី​ដែល​យើង​កំពុង​តែ​ព្រួយ​បារម្ភ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ក៏មាន​ដែរ​គឺ​ពាក់​ព័ន្ធ​នឹង​រដ្ឋាភិបាលចាប់​ផ្តើម​ដាក់​ចេញ​នូវ​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ មក​ដល់​ពេល​នេះ​សង្គម​ស៊ីវិល​នៅ មិន​ទាន់​ទទួល​បាន​សេចក្តី​ព្រាងច្បាប់​ចុងក្រោយ​នៅឡើយ​ទេ​»។

​លោកស្រី​យល់​ថា​វានឹង​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ប៉ះពាល់​ដល់​សេរីភាពនៃ​ការ​ទទួល​បាន​ព័ត៌មាន។​

លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេស​និង​ព័ត៌មាន​នៃ​សភាជាតិ​កម្ពុជាដែល​ជា​អ្នក​ជំរុញ​ឱ្យមាន​ច្បាប់​នេះបាន​បញ្ជាក់​ថា​លោកគាំទ្រ​ដល់​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​និង​បណ្តាញ​សង្គម​ក្នុង​ផ្លូវ​ល្អ​សម្រាប់​ប្រាស្រ័យ​ទាក់​ទង​និង​ចែក​រំលែក​ព័ត៌មាន​នៅ​ក្នុង​សង្គម​។ ប៉ុន្តែ​លោកមានការ​ព្រួយ​បារម្ភ​ពី​ការ​យក​បណ្តាញ សង្គម​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​ផ្លូវ​អាក្រក់​ដូច​ជា​ផ្សាយ​រូបភាព​អាសអាភាស ធ្វើ​ជា​មធ្យោបាយជំរិត​ទាប្រាក់ ការធ្វើ​អត្ថាធិប្បាយ​មិន​សមរម្យ​និង​ការ​បណ្តុះ​បណ្តាល​គំនិត​អាក្រក់​ដល់​ស្រទាប់យុវជន​ជំនាន់​ថ្មី។

«ការធ្វើ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​មិន​មែន​មាន​ន័យ​ថា​ធ្វើ​ឱ្យ​ប្រព័ន្ធ​ហ្នឹង​ថយ​ក្រោយ​ទេ​ហើយ​ធ្វើការ​ឃាត់​ឃាំង​មិន​ឱ្យ​ប្រើ​ប្រព័ន្ធ​ហ្នឹង​ទេ​។ កុំ​ឱ្យ​យល់​ច្រឡំ​ គឺ​យើង​កំពុង​តែ​ទាញ​មនុស្ស​ដែល​ប្រើ​ប្រាស់​ឱ្យ​ដើរ​ក្នុង​ផ្លូវ​ល្អ​ ផ្លូវ​ត្រូវ​សម្រាប់​សង្គម​មួយ​ថ្ងៃ​ថ្នូរ»។

ច្បាប់​មួយ​ទៀត​ដែល​លោក​ឈាង​ វុន ប្តេជ្ញា​ជំរុញ​ឱ្យ​ចេញដែរ​នៅ​ក្នុង​អណត្តិ​ទីប្រាំ​នេះ​គឺ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​។

សកម្មជន​នានាដែល​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះបាន​លើក​ឡើង​ថា​ទោស​ទណ្ឌ​ដែល​ច្បាប់នេះ​កំណត់​មាន​រហូត​ដល់​បី​ឆ្នាំ​ចំពោះ​ជន​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលគេ​ចាត់​ទុក​ថាធ្វើ​ឱ្យ​ខូច​ដល់​អធិបតេយ្យ​ភាព​និង​បូរណភាព​ប្រទេស​កម្ពុជា។ ពួកគេមើល​ឃើញ​ថា​ប្រជាប្រិយ៍ភាព​នៃ​បណ្តាញ​ព័ត៌មាន​សង្គម​កាន់តែ​ឈាន​ឡើង​ជាលំដាប់​បើ​មិន​មាន​ការ​ទប់​ស្កាត់​ឬ​បង្រ្កាបទេ​។ ការពេញ​និយម​ដែល​មិន​ដែល​មាន​ពី​មុន​មកនេះ ​បាន​ជះ​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោតកាលពីខែកក្កដា​ឆ្នាំ​២០១៣​ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​កើន​ប្រជាប្រិយ៍ភាព​យ៉ាង​ខ្លាំង។

កាលពី​ចុង​ខែ​កញ្ញា​ក្រុម​យុវជន​កម្ពុជា​បាន​រៀបចំ​វេទិការ​ដើម្បី​សម្តែង​ក្តី​កង្វល់​របស់​ពួកគេនិង​ចងក្រង​ជា​មតិ​យោបល់​សម្រាប់​ដាក់​ទៅ​អាជ្ញាធរពាក់​ព័ន្ធឱ្យ​រក្សា​លំហរ​នៃ​សេរីភាព​នេះ។

កញ្ញា​រៀម សោភា​ មន្ត្រី​ចងក្រង​នៃ​បណ្តាញ​យុវជន​កម្ពុជា​បាន​បញ្ជាក់ថា​ពួកគេ​នឹងនាំ​យក​ក្តី​កង្វល់​របស់​ពួកគេ​ទៅ​ឱ្យ​រដ្ឋាភិបាល​បាន​ដឹង​ប៉ុន្តែ​បាន​ព្រមាន​ថា​អាច​នឹង​មាន​ការ​ធ្វើ​យុទ្ធនាការ​តស៊ូ​ដើម្បី​សេរីភាព​របស់​ពួកគេប្រសិន​បើ​មិន​មាន​ចំណាត់ការ។

«បើសិន​ជា​គាត់[រដ្ឋាភិបាល​]​នៅ​តែមិន​ព្រម​យើង​នឹង​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​មួយ​មាន​ការ​ចូលរួម​របស់​យុវជន​ច្រើន​កុះករ​ដើម្បី​ទាមទារ​មិន​ឱ្យ​បង្កើត​ច្បាប់​នេះឡើង»។

ត្រឹម​ដំណាច់​ឆ្នាំ​២០១៣​មាន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺ​ណិត​ចំនួន​២,៧​លាន​នាក់នៅ​ក្នុង​ប្រទេស​ដ៏ក្រី​ក្រមួយ​នេះដោយ​ប្រើ​តាម​កុំ​ព្យូទ័រ​និង​ភាគច្រើន​តាម​ទូរស័ព្ទ​ដៃ៕

XS
SM
MD
LG