ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេរីភាព​អ៊ីនធឺណិត​ចុះ​ថយ​នៅ​ទូទាំង​ពិភពលោក


រដ្ឋមន្រ្តី​ក្រសួងការបរទេស​ លោក​John Kerry ​ដែល​ស្ថិតនៅ​ខាងឆ្វេង​នៃ​ផ្ទៃខាងមុខ​ ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចពិភាក្សា​ជាមួយ​អ្នកសរសេរប្លុក​ជនជាតិចិន​ទៅលើ​បញ្ហា​មួយចំនួន​ រួមមាន​សេរីភាពអ៊ីនធឺណិត ​ជម្លោះ​ព្រំប្រទល់​ចិន​ជាមួយ​ជប៉ុន​ កូរ៉េខាងជើង​ និង​សិទ្ធិមនុស្ស ​កាលពី​ថ្ងៃសៅរ៍​ ទី១៥ ​ខែកុម្ភៈ ​ឆ្នាំ២០១៤ ​នា​ទីក្រុង​ ប៉េកាំង​ ប្រទេស​ចិន។ (រូបថតដោយ: AP/Evan Vucci, Pool)

របាយការណ៍​ថ្មី​មួយ និយាយ​ថា​ប្រទេស​កាន់​តែ​ច្រើន​ឡើងៗ កំពុង​បង្កើនការ​ចាប់​ពិរុទ្ធ ការ​ប្រើ​ប្រាស់​ អ៊ីនធឺណិត​ ​ព្រម​ទាំង​តាក់​តែង​ច្បាប់ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ឃ្លាំ​មើល​ថា​តើ​ ប្រជា​ពល​រដ្ឋ​ របស់​ខ្លួន ​ប្រើ​ប្រាស់ អ៊ីនធឺណិត​ ដើម្បី​ធ្វើ​អ្វី​ខ្លះ និងដើម្បី​និយាយ​អ្វី​ខ្លះ។

អង្គការ Freedom House ​បាន​ចេញ​របាយការណ៍​មួយ នៅ​ថ្ងៃ​ព្រហស្សតិ៍ ដែល​មាន​ចំណង​ជើង​ថា «សេរីភាព​នៃ​អ៊ីនធឺណិត​ឆ្នាំ២០១៤‍» ដែល​ជា​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ប្រចាំ​ឆ្នាំ​មួយ នៃ​រដ្ឋាភិបាល​ចំនួន ​៦៥ ​និង​គោលនយោបាយ​របស់​ពួកគេ​ ទាក់ទង​នឹង​ការ​ឃ្លាំ​មើលអត្ថបទ​លើ​អ៊ីនធឺណិត​។​ របាយការណ៍​នេះ​ ថែម​ទាំង​ពិនិត្យ​មើល ប្រភេទ​ឃ្លាំមើល​អេឡិចត្រូនិច​ ដែល​រដ្ឋាភិបាល​ទាំង​នោះ​ប្រើប្រាស់​ និង​វិធី​ដែល​ពួកគេ ដាក់​ទណ្ឌកម្ម​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​ធ្វើ​សកម្មភាព​ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​ខ្លួន​មិន​អនុញ្ញាត​នោះ។

អ្នកស្រី Laura Reed ​ដែល​ជា​អ្នក​វិភាគ​ម្នាក់​នៃ​អង្គការ​ Freedom House ​និង ដែល​ជា​សហ​និពន្ធ នៃ​របាយការណ៍​នេះ បាន​ថ្លែង​ថា ការ​ធ្លាក់​ចុះ​ខ្លាំង​ជាង​គេ គឺ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ទួគី ​ហើយនិង​ អ៊ុយក្រែន។ អ្នកស្រី​បន្ថែម​ទៀត​ថា​ អ៊ីរ៉ង់ ស៊ីរី ​និង​ចិន ត្រូវបានចាត់​ទុក​ថា មាន​ស្ថាន​ភាព​អាក្រក់​ជាងគេ ជា​ទូទៅ ជា​ថ្មី​ម្តង​ទៀត ដូច​នៅ​ក្នុង​របាយការណ៍​ឆ្នាំ​មុន​ៗ​ដែរ។

ក្នុង​ចំណោម​ប្រទេស​ ៦៥ ដែល​គេ​ស្ទង់​មតិ​នោះ ប្រទេស​ ៣៦ បាន​ទទួល​ពិន្ទុ​ទាប​ជាង​ឆ្នាំ​មុន ចំពោះវិធានការណ៍​របស់​ខ្លួន​ ពាក់​ព័ន្ធ​និងសេរី​ភាព​អ៊ីនធឺណិត។​ ក្នុង​ចំណោម​នោះ គេ​សង្កេត​ឃើញប្រទេស​១២ ដែលបាន​ចាត់​វិធានការណ៍​ ល្អ​ប្រសើរ​ជាង​មុន ទាក់​ទងសេរី​ភាព​ នៃ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​។

ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ភាព​ល្អ​ប្រសើរ​ឡើង​នោះ រួមមាន​ប្រទេស មីយ៉ាន់ម៉ា ទុយណេស៊ី គុយបា និងឥណ្ឌា។ អ៊ីរ៉ង់​ត្រូវសន្មត់​ថា មាន​សេរីភាព​តិច​តួច ដោយ​សារ​ការ​បន្ធូរ​ព័ត៌មាន​បន្តិច ទោះ​ជា​អ្នក​និពន្ធ​របាយការណ៍ បាន​សន្មត់​ថា​ អ៊ីរ៉ង់ នៅ​តែ​ជា​ប្រទេសយ៉ាង​អាក្រក់​បំផុត​មួយ ដែលបំពាន​លើ​សេរីភាព​សម្តែង​មតិ​ដោយ​សេរី ​និង​សិទ្ធិ​រក្សា​រឿង​ឯកជន​ របស់​អ្នក​ប្រើ​ប្រាស់ ក៏​ដោយ។

បណ្តា​ប្រទេស​ដែល​ត្រូវ​ចាត់​ទុកថា​ មាន​សេរីភាព​ កាន់​តែ​តិចជាង​មុន រួម​មាន​ប្រទេស​ដែលរំលោភ​លើ​សិទ្ធិ​សេរីភាព យ៉ាង​រ៉ាំរៃ ដូច​ជា​ប្រទេស អារ៉ាប៊ី សាអូឌីត ស៊ីម បាវេ និង​វៀតណាម​ ព្រម​ទាំង​ សរអា ដែល​អ្នក​និពន្ធរបាយការណ៍ និយាយ​ថា​មាន​ការ​កើន​បន្តិច ​ក្នុង​ការ​កំណត់ ​អត្ថបទ ​ហើយ​និង ការ​បំពាន​លើ​សិទ្ធិ​របស់​អ្នក​ប្រើ​ប្រាស់៕

XS
SM
MD
LG