ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​ថ្មី​​មួយ៖ ​មាន​សត្វ​ស្រមោច​សរុប​ចំនួន​ប្រមាណ​២.០០០​លាន​លាន​នៅ​លើ​ផែនដី


រូបឯកសារ៖ សត្វស្រមោច​នាំគ្នា​ពាំ​ស្លឹកឈើ​ ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩។ (Photo by Thomas BOCHYNEK / Northwestern University / AFP)
រូបឯកសារ៖ សត្វស្រមោច​នាំគ្នា​ពាំ​ស្លឹកឈើ​ ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩។ (Photo by Thomas BOCHYNEK / Northwestern University / AFP)

របាយ​ការណ៍​សិក្សា​ថ្មី​មួយ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​«បែប​អភិរក្ស»ថា ​មាន​សត្វស្រមោច​សរុប​ចំនួន​ប្រមាណ​២០០​បកោដិ​ ឬ​២០​ពាន់​លាន​លាន​ក្បាល ​ឬ​ប្រហែល​២លាន​៥​សែនក្បាល​ប្រៀប​ធៀប​នឹង​ចំនួនមនុស្ស​ម្នាក់​នៅ​លើ​ផែនដី។​

ការ​សិក្សា​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យក្រុង​ហុងកុង​ និង​សាកល​វិទ្យាល័យ​ Wurzburg ​នៅ​អាល្លឺម៉ង់ ​ដែលបាន​កត់​សម្គាល់​ថា ​សត្វ​ស្រមោច​គឺ​ជា​ភាវៈរស់​ដែល​ជោគជ័យ​និង​មាន​អំណាច​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក។ ​ប៉ុន្តែ​ការ​សិក្សា​នេះ​បាន​លើក​ឡើង​ថា ​ការ​សន្មត់​ពី​ចំនួនសរុប​របស់​សត្វស្រមោច​គឺ​នៅ​មាន​ភាព​ខ្វះចន្លោះ ​ហើយ​គ្រាន់​តែ​ជា​ការ​ទស្សន៍ទាយ​ដោយ​ផ្អែក​លើ​ព័ត៌មាន​ស្រាវជ្រាវ​តែ​ប៉ុណ្ណោះ។​

នៅ​ក្នុង​ការ​សិក្សា​ ដែល​បានចុះ​ផ្សាយនៅ​ពាក់​កណ្តាល​ខែ​កញ្ញា​នេះ​នៅ​ក្នុង​របាយ​ការណ៍​ស្រាវជ្រាវ​ឈ្មោះ​ទម្រង់​ការ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​ជាតិ​ ​Proceedings of the National Academy of Sciences ​ ក្រុម​អ្នក​ស្រាវជ្រាវ​ពន្យល់​ថា ​ពួកគេ​បាន​ប្រមូល​ទិន្នន័យសត្វ​ស្រមោច​ដែលរស់​នៅលើ​ដី​និង​លើ​ដើម​ឈើ​ពី​ការ​ស្រាវជ្រាវចំនួន​៤៨៩ ​ពី​ «គ្រប់​ទ្វីប ​ជីវសហ​ពន្ធ ​និង​ជម្រក​ផ្សេងៗ»​ ដើម្បី​ឈាន​ទៅ​ដល់​អ្វី​ដែល​ពួកគេ​ហៅ​ថា ​ជា​ការ​ប៉ាន់​ប្រមាណ​ «បែប​អភិរក្ស»​ថា ​ មាន​សត្វស្រមោច​សរុប​ប្រមាណ​២០០​បកោដិ​ ឬ​២០​ពាន់​លាន​លាន​ក្បាល​ ហើយបើ​ប្រមូល​ផ្តុំ​ចូល​គ្នា​គឺ​មានជីវ​ថាមពល​ចំនួន​ ​១២​មេហ្គាតោន។ ​

ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា ​ជីវ​ថាមពល​នេះ​គឺ​ច្រើន​ជាង​ការ​ប្រមូល​ផ្តុំ​ចូល​គ្នា​នៃ​ជីវ​ថាមពល​បក្សី​ព្រៃ ​និង​ថនិក​សត្វ​ព្រៃ ​ហើយ​ស្មើ​នឹង​២០​ភាគរយ​នៃ​ជីវ​ថាមពលរបស់​មនុស្ស​លើ​ផែនដី។​

រូបឯកសារ៖ សត្វស្រមោច​មួយក្បាល​ដើរ​លើ​ដំបូល​រថយន្ដ​មួយ​គ្រឿង​នៅ​រដ្ឋ Virginia សហរដ្ឋ​អាមេរិក ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២។ (Photo by Diaa Bekheet)
រូបឯកសារ៖ សត្វស្រមោច​មួយក្បាល​ដើរ​លើ​ដំបូល​រថយន្ដ​មួយ​គ្រឿង​នៅ​រដ្ឋ Virginia សហរដ្ឋ​អាមេរិក ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២។ (Photo by Diaa Bekheet)

នៅ​ក្នុង​របាយ​ការណ៍​ចេញ​ផ្សាយ​ពី​សាកល​វិទ្យាល័យក្រុង​ហុងកុង​ ក្រុម​អ្នក​ស្រាវជ្រាវ​ពន្យល់​ថា ​ការ​ដឹង​ចំនួន​ជាក់លាក់​ពី​សត្វស្រមោច​នៅ​លើ​ផែនដី ​និង​ការ​យល់​ដឹង​ពី​ទម្រង់​សម្បូរ​ហូរ​ហៀរ​របស់​សត្វ​ស្រមោច​អាច​ជួយ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី ​និង​ពពូជ​ភាវៈ​ផ្សេងៗ​នៅ​ជុំវិញ​ពិភពលោក។​

ការ​សិក្សា​ក៏​បាន​រក​ឃើញ​ថា ​ ស្រមោច​មិន​មានចំនួន​ស្មើគ្នា​នោះ​ទេ​នៅ​លើ​ដី​នៅ​លើ​ពិភពលោក។​ ជា​ទម្រង់​ទូទៅ ​សត្វ​ស្រមោច​គឺ​ មាន​ច្រើន​នៅ​តំបន់​ត្រូពិច ​ប៉ុន្តែ​ចំនួនស្រមោច​គឺ​ខុស​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ​ផ្អែក​លើ​ប្រព័ន្ធ​អេកូឡូស៊ី។ ​

អ្នកស្រី ​Sabine Nooten ​អ្នក​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត​ជីវៈ​នៃ​សាកល​វិទ្យាល័យក្រុង​ហុងកុង​ និង​ជា​សហ​និពន្ធ​របាយ​ការណ៍​ស្រាវជ្រាវ​នេះ​ បាន​និយាយ​ថា ​ សត្វ​ស្រមោច​បំពេញ​ «សេវា​ផ្នែក​អេកូឡូស៊ី» ​ដូចជា​បំបែក​សារធាតុ​សរីរាង្គ ​និង​គ្រប់គ្រង​លើ​ចំនួន​សត្វ​ល្អិត​ នៅ​តាមកន្លែងណា​ដែល​ពួក​វា​រស់នៅ។​

លោក​ Benoit Guénard ​ អ្នក​រៀបរៀង​ចម្បង​នៃ​របាយ​ការណ៍​ខាង​លើ ​និង​ជា​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ក្រុង​ហុងកុង ​បាន​និយាយ​ថា ​ តួលេខសត្វ​ស្រមោច​នេះ​ឆ្លុះ​បញ្ចាំង​ពី​កង្វះ​ខាត​ទិន្នន័យ​ច្រើនអំពី​ធម្មជាតិ​របស់​ពិភព​លោក។ ​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ និង​សង្គម​នានា​មាន​ភាព​សកម្ម​ជាង​មុន​ ក្នុង​ការ​ជំរុញ​ឱ្យពលរដ្ឋ​ចូលរួម​ជួយ​បំពេញ​ចន្លោះ​ប្រហោង​ផ្នែក​ចំណេះ​ដឹង​នេះ៕​

(ព័ត៌មាន​ខ្លះ​នៅ​ក្នុង​របាយ​ការណ៍​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters)​

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG