ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សត្វ​ល្អិត​ចេះ​ខាំ​​​អាច​ការ​ពារ​សំបុករបស់ខ្លួន​នៅ​លើ​ដើម​ឈើ​ពី​សត្វ​ស៊ី​សាច់​​ឆៅ​ជា​អាហារ​​


ដំរី​ដើរ​​ត្រាច់​ចរ​​​ស៊ី​ស្លឹក និង​សំបក​ឈើ​ តែ​រុក្ខ​ជាតិ​​មាន​​ស្រមោច​រស់នៅ​​វិញ ដំរី​មិន​បាន​ប៉ះ​ពាល់​ដើម​ឈើ​​ទាំង​នោះ​ទេ​។
ដំរី​ដើរ​​ត្រាច់​ចរ​​​ស៊ី​ស្លឹក និង​សំបក​ឈើ​ តែ​រុក្ខ​ជាតិ​​មាន​​ស្រមោច​រស់នៅ​​វិញ ដំរី​មិន​បាន​ប៉ះ​ពាល់​ដើម​ឈើ​​ទាំង​នោះ​ទេ​។

ដូច​ជាសាច់​រឿង ដេវីត(David) និង​ហ្គោ​ឡាយត៍​ (Goliath) កើត​មាន​ឡើង​នៅ​តំបន់សា​វ៉ា​ណា (savanna) ក្នុង​ទី្វប​អាហ្រ្វិកដូច្នោះ​ដែរ​ សត្វ​ស្រមោច​ដែល​ស្រឡាញ់​ដើម​ឈើ​ កំពុង​ការ​ពារ​ខ្លួន​ពី​ហ្វូងសត្វ​ដំរីដែល​ឃ្លាន​ចង់​ស៊ី​ដើម​ឈើ​នោះ​ជា​អាហារ ជា​រឿង​ដែល​បង្ហាញ​ភស្ដុតាង​ជា​ថ្មី​ម្តង​ទៀត​ថា​ តាម​ធម្ម​ជាតិ មាឌ និង​កម្លាំង មិន​អាចទទួលជ័យ​ជំនះ​រហូត​បាន​ទេ។ ហើយការ​ដែល​ ស្រមោច​ការពារ​ដើម​ឈើ​ដែលជា​សំបុក​របស់​ខ្លួន ក៏​កំពុង​រក្សា​តុល្យភាព​បរិស្ថាន​អេ​កូដ៏​មាន​សារៈ​សំខាន់ផង​ដែរ​ នៅ​តាម​វាល​ស្មៅ​ក្នុង​ព្រៃ​ឈើ​នៃ​ទី្វប​អាហ្រិ្វក។

តំបន់​សា​វ៉ា​ណា​ស្ថិត​នៅ​លើ​ខ្ពង់​រាប​ភាគ​កណ្តាល​នៃ​ប្រទេស​កេនយ៉ា (Kenya) ជា​កន្លែង​ដ៏​លំបាក​ឲ្យ​រុក្ខ​ជាតិ ដូច​ជា​ដើម​អា​កា​ស្យា (Acacia) ចាក់​ឫស​បាន​។ ដី​ច្រើនមានសណ្ឋានជាស្រទាប់ដី​ឥដ្ឋ​យ៉ាង​ក្រាស់។ ​ដី​រីក​ ​ហើយ​រួមមក​វិញជាបន្ត​បន្ទាប់នៅរដូវវស្សា និងរដូវ​ប្រាំង។ ​ហើយ​ហ្វូង​ដំរី​ដែល​ដើរត្រាច់​ចរ​ចូល​ចិត្ត​ស៊ី​ស្លឹក និង​សំបក​ឈើ​ ដោយ​ធ្វើ​ឲ្យ​ដើម​ឈើ​ជា​ច្រើនដាច់​ដោច​គ្មាន​សល់។ នេះ​ក៏​ជា​ទីកន្លែង​ដែល​លោកថឌ​ ផាមើ (Todd Palmer) ​សាស្ត្រាចារ្យ​ខាង​ជីវសាស្ត្រ នៃសាកលវិទ្យាល័យហ្ល័ររីដា​ (University of Florida) សិក្សា​អំពី​ប្រតិកម្ម​ទៅ​វិញ​ទៅ​មក​ដ៏​ចម្លែករវាង​ស្រមោច និង​ដំរី នៅ​ក្នុង​កន្លែងមួយ​នៃ​តំបន់​សា​វ៉ា​ណា ​ដែល​គ្រប​ដណ្តប់​ទៅ​ដោយដើម​ឈើ​អាកាស្យា​មាំ​ល្អពាស​ពេញនិង​យ៉ាង​ក្រាស់។

«ដំរី​មិន​ប៉ះ​ពាល់​ដើម​ឈើ​ទាំង​នេះ​ទាល់​តែ​សោះ។ ពួក​វា​ពិត​ជា បំផ្លាញ​ដើម​ឈើដុះ​នៅ​ដី​មានលក្ខណ:​ម៉្យាង​នៅ​ក្បែរ​នោះ ដែលមានដើម​អាកាស្យាដុះ ប៉ុន្ដែគ្មាន​ស្រមោច​រស់​នៅ។ ពួក​វាបោច​ ​ដើមឈើ​ដាច់​ចេញ​ពីគ្នា។​ ប៉ុន្តែ​នៅ​លើ​ដី​ពណ៌​ខ្មៅ​ មាន​ដាំ​កប្បាស ដែល​ជា​’​រុក្ខ​ជាតិ​មាន​ស្រមោច​’រស់នៅវិញ ដំរី​មិន​បាន​ប៉ះ​ពាល់​ដើម​ឈើ​ភាគ​ច្រើន​ទាំង​នោះ​ទេ»។

លោក​ផា​មើ​ធ្វើ​ ​ការសាក​ល្បងមើល​ ការ​ស៊ី​អាហារ​ដែល​លោក​អាច​ត្រួត​ពិនិត្យបាន​ ដើម្បី​រកឲ្យឃើញ​ថា​តើ​រុក្ខជាតិ​ទាំង​នោះ​គ្មាន​រស់​ជាតិ​ឆ្ងាញ់ ចំពោះ​សត្វ​ស្បែក​ក្រាស់​ទាំង​នេះ ឬ​ក៏​ថា​តើ​ស្រមោចធ្វើជា​សត្វការ​ពារ​ដើម​ឈើ ជា​ទង្វើ​ដើម្បី​ជា​ថ្នូរ​ដូរ​ទុក​ដើម​ឈើ​នោះ​ធ្វើ​ជា​អាហារ និង​ទី​ជម្រករបស់​ខ្លួនឬ​យ៉ាង​ណា​។

«នៅ​ពេល​ដែល​អ្នក​យក​ស្រមោច​ចេញ​ពី​ដើម​ឈើ អ្នក​អាច​ឃើញ​ថា ​ដំរី​ចូល​ចិត្តស៊ី​ដើម​ឈើ​នោះ​ដូច​គ្នា​។ នៅ​ពេល​ដែល​អ្នក​ដាក់​ស្រមោច​នៅ​លើ​ដើម​ឈើ​ទាំង​ពីរ​នោះ​វិញ អ្នក​អាច​ឃើញថាដំរី​ គេចចេញដូច​គ្នា​ដែរ។ ដូច្នេះ ដំរី​មិន​ចូល​ចិត្ដស៊ី​រុក្ខ​ជាតិ​ដែល​មាន​ស្រមោច​ទេ នៅ​ពេល​ដែលរុក្ខ​ជាតិ​នោះ​មាន​ស្រមោច។ ដំរី​ក៏​មិន​ចូល​ចិត្ដ​ស៊ី​រុក្ខ​ជាតិ​ជា​អាហារ​ដែល​ខ្លួន​ចូលចិត្ត​ដែរ​ ប្រសិន​បើ​រុក្ខ​ជាតិ​នោះ មាន​ជាប់​ក្លិន​ស្រមោច»។

ប្រសិន​បើ​ស្រមោច​ ត្រូវ​ដំរី​ដែល​កំពុង​ស៊ី​អាហារ​យាយី​ខ្លួន ស្រមោចនឹង​ចោម​រោម ប្រម៉ោយ​ដំរី​ទាំង​នោះ ហើយ​ចាប់​ផ្តើម​ខាំ​។ ខណៈ​ដែល​ផ្នែក​ខាង​ក្រៅ​នៃ​ច្រមុះ​យ៉ាង​វែងនេះ មាន​ភាព​ស្វិតហើយ​ក្រាស់​ជាងខ្សែ​កាបធ្វើ​ពី​ដែក​ថែបទៅ​ទៀត​នោះ ផ្នែក​ខាង​ក្នុង​មានសភាពទន់ និង​ឆាប់​ឈឺ​ចុក​ចាប់​។ លោកផា​មើមាន​ប្រសាសន៍​ថា ដំរី​អាច​ដឹង​យ៉ាង​ឆាប់​រហ័ស​ថា​ត្រូវ​គេចចេញ​ពី​ដើម​ឈើមានស្រមោច។

«ថាតើដំរី​ធំៗបង្ហាញឧទាហរណ៍​ដល់​ដំរី​តូចៗ​ ថារុក្ខ​ជាតិ​ជា​អាហារ​អ្វី​ខ្លះ​ដែលខ្លួនអាច​ស៊ីបាន​ ​និង​មិន​អាច​ស៊ី​បាន នៅ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ក៏​អាច​យល់​បាន​ថា មួយដង​មួយ​កាល កូន​ដំរី​នឹង​ព្យាយាមក្របួច​ស្លឹក​ឈើមួយបាច់​ និង​ចុង​មែក​ឈើតូច​ៗ ពី​ដើម​ឈើ​ដែល​មាន​ស្រមោច​ ហើយ​ត្រូវ​ស្រមោច​ចូល​ច្រមុះ​ពេញ ហើយពេល​នោះ គិត​ថា «ខ្ញុំ​លែងធ្វើអញ្ជឹង​ទៀត​ហើយ»។

ខណៈ​ដែល​ចំនួន​ដំរី​កំពុង​ធ្លាក់​ចុះ​ជា​ទូទៅ​នៅ​ក្នុង​ទី្វប​អាហ្វ្រិក​ នៅ​តាម​កន្លែង​ដូច​ជាតំបន់​សាវ៉ាណានៅ​លើ​ខ្ពង់​រាប​ភាគ​កណ្តាល​នៃ​កេនយ៉ា ជា​ទី​ដែល​គេ​ការពារ​សត្វ ចំនួន​ដីរីកំពុង​កើន​ឡើង​ជា​ប្រចាំ។ ហើយ​ប្រការ​នោះ​ ​ជា​ការ​ដាក់​សម្ពាធ​ច្រើន​ថែមទៀតទៅ​លើ​ចំនួន​ដើម​ឈើវិញ។ លោក​ផាមើបាន​ឲ្យ​ដឹង​ទៀត​ថា ដើម​ឈើ​ទាំង​នោះបាន​ដើរតួនាទី​ដ៏​មាន​សារៈសំខាន់​ខាង​ប្រព័ន្ធ​បរិស្ថាន​អេ​កូវាល​ស្មៅ​ ហើយ​ត្រូវ​ការថែ​រក្សាទុក។

«ចំនួន​ដើម​ឈើ​គ្រប​ដណ្តប់​នៅ​ក្នុង​ប្រព័ន្ធ​នោះដឹក​នាំ​ ឲ្យ​មាន​សម្បត្ដិខាង​ប្រព័ន្ធ​បរិស្ថាន​អេ​កូ​ ដូច​ជាសារធាតុចិញ្ចឹមដី​វិល​ចុះ​វិល​ឡើង ប្រភព​ទឹក និង​អ្វីៗគ្រប់​យ៉ាង​នៅតំបន់សាវ៉ាណា។​ ដូច្នេះ ​កត្តា​ដែល​គ្រប់​គ្រង​តុល្យភាព​រវាងដើម​ឈើនិង​ស្មៅ​ពិត​ជា​មាន​សារៈ​សំខាន់ណាស់​»។

កត្តា​ទាំង​នោះរួម​មាន​ភ្លើង ភ្លៀង ប្រភេទ​ដី និង​សកម្មភាព​របស់​សត្វ​ស៊ី​រុក្ខជាតិ​ជា​អាហារ។ លោក​ផា​មើនិយាយ​ថា ​ស្រមោច​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​បរិស្ថានអេ​កូ​នេះដែរ​។

«ការរាំងខ្ទប់សត្វ​ដែល​មាន​មាឌ​ធំៗ​ទាំង​នេះ​កុំ​ឲ្យ​បំផ្លាញ​ផល​ដំណាំ និង​ផល​ផ្សេងៗ​ទៀត​គឺ​ថា​ ដំរីគិត​ឃើញ​ភ្លាមៗថា «ផល​ទាំង​នោះ​មាន​ក្លិន​អាក្រក់​ ។ ប៉ុន្តែ​គ្មាន​ស្រមោច​នៅ​ទី​នោះ​ទេ»។ ប៉ុន្តែយើង​នៅ​រង់​ចាំ​មើល​សិន​ យើង​នៅ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ខាង​វិទ្យា​សាស្ត្រច្រើន​ថែម​ទៀត​»។

រូប​ភាព​តាម​ផ្កាយ​រណប​នៅ​ចន្លោះ​ឆ្នាំ​២០០៣ និង​២០០៨​ បញ្ជាក់​បន្ថែម​ចំពោះ​ការ​សិក្សារបស់​លោក​ផា​មើ ហើយ​បង្ហាញ​ថា ស្រមោច​កំពុង​មាន​ផល​ប៉ះ​ទង្គិច​ដ៏​មាន​ប្រយោជន៍​យ៉ាង​ទូលំ​ទូ​លាយទៅ​លើ​ព្រៃ​ឈើ ដែល​គ្រប​ដណ្តប់​លើ​តំបន់​សាវ៉ាណា។ ការ​សិក្សាត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ មាន​ចំណង​ជើង​ថា ជីវសាស្ត្រ​បច្ចុប្បន្ន (Current Biology)។ លោក​ផាមើនិយាយ​ថា​ ការ​រក​ឃើញអាច​យក​ទៅ​អនុវត្ត​សម្រាប់ក្រុមអ្នក​គ្រប់​គ្រង​លើ​ការ​អភិរក្សទូ​ទាំងពិភព​លោក។ ប្រព័ន្ធ​បរិស្ថានអេ​កូនៃ​ព្រៃ​ឈើ​មានវាល​ស្មៅ ដែល​គ្រប​ដណ្តប់​លើផ្ទៃ​ដី​ខាង​លើ​ ចំនួន​២០​ភាគ​រយ​របស់​ផែនដី៕.

ប្រែ​សម្រួល​ដោយ​លី​សុខ​ខឃាង

XS
SM
MD
LG