ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ក្រៅ​រដ្ឋាភិបាល​៖ វៀតណាម​សង្គ្រោះ​សត្វ​​បាន​៣៥%​នៃ​ករណី​បទ​​ឧក្រិដ្ឋ​សត្វ​ព្រៃ


កូនសត្វ​ខ្លារខិនដែល​បាន​កើត​កាលពី​ខែមីនា ឆ្នាំ២០១៥ត្រូវ​បានបង្ហាញ​នៅ​សួនសត្វ Olmense Zoo ទីក្រុង Olmen ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ២០១៥។
កូនសត្វ​ខ្លារខិនដែល​បាន​កើត​កាលពី​ខែមីនា ឆ្នាំ២០១៥ត្រូវ​បានបង្ហាញ​នៅ​សួនសត្វ Olmense Zoo ទីក្រុង Olmen ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ២០១៥។

ការ​ផ្ទុះ​រាតត្បាត​​ជា​សាកល​នៃ​​ជំងឺ​កូវីដ១៩​បាន​បង្ហាញ​ពី​​ភាព​ចាំបាច់​កាន់​តែ​ខ្លាំង​នៃ​ការ​លុប​បំបាត់​ការ​ជួយ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់ ដោយ​សារ​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​ត្រូវ​គេ​ជឿ​ថា​បាន​ឆ្លង​ពី​សត្វ​ព្រៃ​មក​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន។

ប៉ូលិស​នៅ​ប្រទេស​វៀតណាម​បាន​ទៅ​ដល់​គេហដ្ឋាន​ឯកជន​មួយ​កាលពី​ឆ្នាំ​មុន​ហើយ​ក៏​ប្រទះ​ឃើញ​អ្វីដែល​ពួកគេ​បាន​សង្ស័យ គឺ​សត្វ​ចិញ្ចឹម​ខុស​ច្បាប់​ជាច្រើ​ន​ក្បាល​តាំង​ពី​ខ្លា​រខិន ដល់​សត្វ​កំប្រុក​ហោះ។​ក្រុម​ប៉ូលិស​ប្រតិបត្តិ​ដោយ​ពឹង​លើព័ត៌មាន​គេ​ផ្តល់​ឲ្យ ហើយបាន​រក​ឃើញ​សត្វ​ព្រៃ​សរុប​១៦​ក្បាល​ដែល​ក្លាយជា​សួន​សត្វ​ឯកជន​មួយ​របស់​ម្ចាស់​ផ្ទះ​នោះ។

អង្គការ​ការពារ​បរិស្ថាន​មួយ​ឈ្មោះ(អង្គការ)​«អប់រំ​ដើម្បី​ធម្មជាតិ​វៀតណាម» (Education for Nature Vietnam) បាន​ផ្តល់​ព័ត៌មាន​ដែល​ទទួល​បាន​ពីប្រជាជន​ទៅ​ឲ្យ​ប៉ូលិស​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​សត្វ​ព្រៃ ដែល​អង្គការ​នេះបាន​និយាយ​ថា​កាន់តែ​បន្ទាន់​ដោយសារ​ជំងឺកូវីដ​១៩។ ខណៈដែល​ពិភពលោក​កំពុង​ប្រយុទ្ធ​ជាមួយ​វីរុស​ដែល​ឆ្លង​ពី​សត្វ​មក​មនុស្ស អង្គការ​នេះ​បាន​ចេញ​របាយការណ៍​វាយតម្លៃ​មួយ​ស្តី​ពី​ភាព​ជោគជ័យ​របស់​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​សត្វ​ព្រៃ ប៉ុន្តែ​មិន​បាន​ឲ្យ​ចំណាត់​ថ្នាក់​ល្អនោះទេ។

ក្រុម​សមត្ថកិច្ចបាន​អនុវត្ត​ច្បាប់​ទៅលើ​៨៤ ភាគរយ​នៃឧក្រិដ្ឋកម្ម​សត្វព្រៃ​ដែល​ត្រូវបាន​រាយការណ៍​ក្នុង​ប្រទេស​វៀតណាម​ប៉ុន្តែ​ដោះ​ស្រាយ​បាន​តែ​៣៥ភាគ​រយ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៩ នេះបើយោង​តាម​របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០​ខែ​ឧសភា។ របាយការណ៍​នោះស្នើ​ឲ្យ​អាជ្ញាធរ​ឆ្លើយ​តប​លឿន​ជាង​មុន​ចំពោះករណីឧក្រិដ្ឋកម្ម​សត្វ​ព្រៃ​មុន​នឹងឧក្រិដ្ឋជន​រត់គេច​ជាមួយ​នឹង​សត្វ​ទាំងនោះ​បាន។​

អ្នក​ស្រី​ Bui Thi Ha ​ប្រធាន​ផ្នែក​គោលយោបាយ​និង​ច្បាប់​នៃ​អង្គការនេះ​បាន​និយាយ​ថា៖ «ដោយ​មាន​ការ​រាតត្បាត​ជំងឺកូវីដ​១៩​ជា​ឧទាហរណ៍​ការ​ជួញដូរ​សត្វ​ព្រៃ​មិន​គួរ​មាន​វត្តមាន​ក្នុង​សង្គម​បច្ចុប្បន្ន​នោះ​ទេ ហើយ​ត្រូវតែ​លុប​បំបាត់​ចោល​ទាំង​ស្រុង​ឲ្យ​បាន​ឆាប់»។​

អ្នក​ស្រី​បាន​និយាយ​ថា​ការ​ជួញ​ដូរ​នោះ«​បាន​គំរាម​កំហែង​ដល់​សុខភាព​សាធារណៈ​ជាសាកល»។

របាំងការពារ​មេរោគ​លែង​មាន

នៅ​ប្រទេស​ចិន​ដែល​នៅ​ក្បែរ​ខាង​នោះ មាន​មនុស្សម្នាក់​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា​ពី​សត្វ​មួយ​ក្បាល ហើយ​បង្ក​ជា​ជំងឺឆ្លង​ដែល​កំពុង​រាតត្បាត​បច្ចុប្បន្ន។ អ្នក​វិទ្យាសាស្ត្រ​ឥឡូវជឿ​ថា​វីរុស​នោះ​ប្រហែល​ជា​ត្រូវ​បាន​ចម្លងពី​សត្វ​ប្រជៀវ ទៅ​សត្វ​ពង្រូល ដែល​ត្រូវ​បាន​មនុស្ស​ប៉ះពាល់។ តាំង​ពីពេល​នោះមក តំបន់​អាស៊ីអាគ្នេយ៍ រួម​មាន​វៀតណាម​ផង កំពុង​ប្រឹងប្រែង​បង្រ្កាប​ការ​ជួញដូរ​សត្វ​ព្រៃ​ដូចរដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដែរ ដោយសារ​តែ​តំបន់​អាស៊ី​អាគ្នេយ៍នេះ​គឺ​ជា​មណ្ឌល​នៃ​ផលិត​ផល​សត្វ​ព្រៃ​ដែល​នាំទៅកាន់​ប្រទេស​ចិន។​

អង្គការការ​អប់រំ​ដើម្បី​ធម្មជាតិ​វៀតណាម(Education for Nature Vietnam) បាន​និយាយ​ថា​ខ្លួន​សង្ឃឹម​ថា​របាយការណ៍​នោះ​នឹងរួម​ចំណែក​ក្នុង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​។ អង្គការ​នោះ​ទទួល​បានព័ត៌មាន​គេ​ផ្តល់​ឲ្យ​ជាមធ្យម ៥​ប្រភព​ក្នុង​មួយ​ថ្ងៃ​ពីលេខ​ទូរស័ព្ទ​ទាន់​ហេ​តុការណ៍អំពី​ឧក្រិដ្ឋកម្ម​សត្វ​ព្រៃ ហើយ​បន្ទាប់​មក​សហការ​ជាមួយ​នឹង​ក្រុម​អនុវត្ត​ច្បាប់​ដើម្បី​ដោះស្រាយ​វា។ កិច្ច​សហការ​នេះ​កាល​ពី​ឆ្នាំ​មុន​បាន​ជួយ​ឲ្យ​វៀតណាម​សង្គ្រោះ​បាន​សត្វទោច​ស្វា​ត្រោល និង​ប្រភេទ​សត្វ​ដែល​រង​ការ​ផុត​ពូជ​ដូច​ជា​អណ្តើក​ឥណ្ឌូចិន (Indochinese box turtle)។

សំណុំ​រឿង​កាលពី​ឆ្នាំ​មុន​ដែល​សង្គ្រោះ​បាន​សត្វ​១៦ក្បាល​ក្នុង​ផ្ទះ​មួយ​រួម​មាន​ ស្វាព្រាម​ពីរក្បាល ដែលវា​គួរ​ឲ្យ​កត់សម្គាល់​ដោយសារ​តែ​ស្វា​នោះជាពពួក​ថនិកសត្វភាគ​តិច​ដែល​អាច​ចម្លង​វីរុស​ដូចជា​វីរុស​កូរ៉ូណា​បាន។

អង្គការការ​អប់រំ​ដើម្បីធម្មជាតិ​វៀតណាម​បាននិយាយថាកាលពី​ឆ្នាំ​២០១៩​ខ្លួន​បាន​វាយតម្លៃ​របាយការណ៍​ឧក្រិដ្ឋកម្ម​សត្វព្រៃ​ចំនួន​៧០៨​ករណី​ទូទាំង​ខេត្ត​ចំនួន​៦៣​របស់ប្រទេស​វៀតណាម៕

ប្រែសម្រួល​ដោយ​ទុំ ម្លិះ​

XS
SM
MD
LG