ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី៖ លោក ត្រាំ បាន​រំលោភ​ច្បាប់​ចាយវាយ​ថវិកា​របស់​សហរដ្ឋ​អាមេរិក


លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​នៅ​ក្នុង​ការ​ជួប​ជុំ​ឃោសនា​បោះឆ្នោត​មួយ​កន្លែង​នៅ​សាកលវិទ្យាល័យ Wisconsin-Milwaukee នៅ​ក្រុង Milwaukee រដ្ឋ​ Wisconsin កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ​២០២០។
លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​នៅ​ក្នុង​ការ​ជួប​ជុំ​ឃោសនា​បោះឆ្នោត​មួយ​កន្លែង​នៅ​សាកលវិទ្យាល័យ Wisconsin-Milwaukee នៅ​ក្រុង Milwaukee រដ្ឋ​ Wisconsin កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ​២០២០។

ដោយ​ពិធី​បើក​ជា​ផ្លូវការ​នៃ​នីតិវិធី​ជំនុំជម្រះ​នេះ​បាន​ប្រព្រឹត្ត​រួច​ហើយ​នោះ ​ការ​ជំនុំជម្រះ​ដោយ​ព្រឹទ្ធសភា​ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ដក​តំណែង​លោក​ត្រាំ​ឬ​អត់​នេះ នឹងចាប់​ផ្ដើមយ៉ាង​ពិត​ប្រាកដ​ នៅ​ថ្ងៃ​អង្គារ​ទី​២១​ខែ​មករា​នេះ ចាប់​ពី​ម៉ោង​១​រសៀល​ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ (Donald Trump) បាន​រំលោភ​ច្បាប់​ចាយវាយ​ថវិកា​របស់​ប្រទេស​នេះ​កាល​ពី​ឆ្នាំ​មុន នៅ​ពេល​ដែល​លោកផ្អាកជា​បណ្ដោះ​អាសន្នការ​ផ្តល់​នូវ​ទឹក​ប្រាក់​ចំនួន​៣៩១​លាន​ដុល្លារ ជា​ជំនួយ​យោធា​ដែល​សភាសហរដ្ឋ​អាមេរិក​បាន​អនុម័ត​រួច​ហើយ ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន ទន្ទឹម​ពេល​ដែល​លោក​បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​កៀវ ឱ្យ​បើក​ការ​ស៊ើបអង្កេត​មួយ ដើម្បី​ផ្ដល់​ប្រយោជន៍​ខាង​នយោបាយ​ដល់​រូប​លោក​ផ្ទាល់។ នេះ​បើ​យោង​សេចក្ដី​សន្និដ្ឋាន​នៃ​របាយការណ៍​របស់​ទីភ្នាក់ងារ​ឃ្លាំមើល​រដ្ឋាភិបាល​មួយ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ សេចក្ដី​សន្និដ្ឋាន​នេះ គឺ​ស្ថិត​នៅចំណុច​ស្នូលក្នុង​សំណុំ​រឿង​ចោទប្រកាន់​ដក​តំណែង​មេដឹកនាំ​សហរដ្ឋ​អាមេរិក​រូប​នេះ។

​លោក ត្រាំ បាន​បញ្ចេញ​ប្រាក់​ជំនួយ​យោធា​នេះ ដែលប្រទេស​អ៊ុយក្រែន​ចង់​បាន​ជំនួយ​នេះ ដើម្បី​ជួយ​វាយ​ប្រយុទ្ធ​ក្រុម​ផ្ដាច់​ខ្លួន​ដែល​គាំទ្រ​ប្រទេស​រុស្សី នៅ​ប៉ែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន កាល​ពី​ខែ​កញ្ញា បន្ទាប់​ពី​បាន​ផ្អាក​ប្រាក់​ជំនួយ​នេះ​អស់​រយៈពេល​៥៥​ថ្ងៃ ដោយ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) មិន​បាន​បើក​ការ​ស៊ើបអង្កេត​លើ​អតីត​អនុប្រធានាធិបតី​ លោក ចូ បាយដិន (Joe Biden) ដែល​ជា​គូប្រជែង​នយោបាយ​កំពូល​ម្នាក់ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២០​នេះ​ទេ។ ប្រធានាធិបតី​អ៊ុយក្រែន ក៏មិន​បាន​ស៊ើបអង្កេត​លើ​ការងារ​ដែល​បាន​ប្រាក់កម្រៃ​ដ៏​ច្រើន​របស់​កូន​ប្រុស​លោក​បាយដិន គឺ​លោក ហាន់ធើ បាយដិន (Hunter Biden) ដែល​បម្រើ​ការងារ​ឱ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិមួយ​របស់​អ៊ុយក្រែន​នោះ​ដែរ។

ប៉ុន្តែ ការិយាល័យ​គណនេយ្យភាព​រដ្ឋាភិបាល (Government Accountability Office ឬ​ហៅ​កាត់​ថា GAO) បាន​ចេញ​សេចក្ដី​សម្រេច​ ក្រោយ​ពី​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ថា៖ «‍ការ​អនុវត្ត​ច្បាប់​ដោយ​សុចរិត មិន​បាន​អនុញ្ញាត​ឱ្យ​លោក​ប្រធានាធិបតី ជំនួស​អាទិភាព​នៃ​គោលនយោបាយ​ដែល​សភា​បាន​អនុម័ត​ជា​ច្បាប់​រួចហើយ ដោយ​អាទិភាព​នៃ​គោល​នយោបាយ​របស់​លោកផ្ទាល់​នោះ​ទេ»។

ទីភ្នាក់ងារ​ឃ្លាំមើល​រដ្ឋាភិបាល​នេះ បាន​បញ្ជាក់​ថា ​ទីភ្នាក់ងារ​ចាត់ចែង​ថវិកា​សហរដ្ឋ​អាមេរិក ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​លោក​ត្រាំ បាន​រាំង​ខ្ទប់​ការ​បញ្ចេញ​ទឹក​ប្រាក់​ជំនួយ​យោធា​នោះ «‍ដោយ​សារ​មូលហេតុ​គោល​នយោបាយ» ដែលច្បាប់​សហរដ្ឋ​អាមេរិក​ មិន​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដូច្នេះ​ឡើយ។​

សេចក្ដី​សម្រេច​របស់ GAO ដែល​ជា​ទីភ្នាក់ងារ​សវនកម្ម ស៊ើបអង្កេត​និង​វាយតម្លៃ​របស់​សភា​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ឡើង មិន​ដល់​ពីរ​ម៉ោង​ផង ​មុន​ការ​ចាប់ផ្ដើម​ជា​ផ្លូវ​ការ​នៃនីតិវិធី​ការ​ជំនុំ​ជម្រះ​នៅព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ ដើម្បី​សម្រេចថា ​តើ​ត្រូវ​ដក​តំណែង​លោក​ប្រធានាធិបតី​ ត្រាំ ឬ​អត់ ក្រោម​បទ​ចោទប្រកាន់​ចំនួន​ពីរ​ករណី។

លោក Michael Stenger ប្រធាន​សន្តិសុខ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក អម​ដំណើរ​ក្រុមរដ្ឋអាជ្ញា​ពី​រដ្ឋសភា​ដែល​ដឹកនាំ​ការ​កាត់ទោស​ដក​តំណែង​ប្រធានាធិបតី (impeachment managers) ចូល​ទៅ​ក្នុង​សាល​ព្រឹទ្ធសភា ​ពី​ក្រោយ​លោក Mitch McConnell មេ​ដឹកនាំ​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធ​សភា​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ ខណៈ​ពួក​គេ​មក​ចូល​រួម​ដំណាក់កាល​ដំបូង​នៃនីតិវិធីដ៏​កម្រ​នៃ​ការ​កាត់​ទោស​ដក​តំណែង​ប្រធានាធិបតីនៅ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែ​មករា ឆ្នាំ​២០២០។ ក្រុមរដ្ឋអាជ្ញា​ពី​រដ្ឋសភា​ដែល​ដឹកនាំ​ការ​កាត់ទោស​ដក​តំណែង​ប្រធានាធិបតី ​រួម​មានលោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើប​ការណ៍​សម្ងាត់​នៃ​រដ្ឋសភា លោក Jerrold Nadler គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​ លោក Hakeem Jeffries ប្រធាន​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​ និង​លោកស្រី​ Zoe Lofgren អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ។
លោក Michael Stenger ប្រធាន​សន្តិសុខ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក អម​ដំណើរ​ក្រុមរដ្ឋអាជ្ញា​ពី​រដ្ឋសភា​ដែល​ដឹកនាំ​ការ​កាត់ទោស​ដក​តំណែង​ប្រធានាធិបតី (impeachment managers) ចូល​ទៅ​ក្នុង​សាល​ព្រឹទ្ធសភា ​ពី​ក្រោយ​លោក Mitch McConnell មេ​ដឹកនាំ​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធ​សភា​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ ខណៈ​ពួក​គេ​មក​ចូល​រួម​ដំណាក់កាល​ដំបូង​នៃនីតិវិធីដ៏​កម្រ​នៃ​ការ​កាត់​ទោស​ដក​តំណែង​ប្រធានាធិបតីនៅ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែ​មករា ឆ្នាំ​២០២០។ ក្រុមរដ្ឋអាជ្ញា​ពី​រដ្ឋសភា​ដែល​ដឹកនាំ​ការ​កាត់ទោស​ដក​តំណែង​ប្រធានាធិបតី ​រួម​មានលោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើប​ការណ៍​សម្ងាត់​នៃ​រដ្ឋសភា លោក Jerrold Nadler គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​ លោក Hakeem Jeffries ប្រធាន​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​ និង​លោកស្រី​ Zoe Lofgren អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ។

ករណី​ទី​១​គឺ​ការ​ចោទ​ថា​ លោក​ត្រាំ បាន​បំពាន​អំណាច​ក្នុង​នាម​ជា​ប្រធានាធិបតី ដោយ​ការ​ព្យាយាម​ឱ្យ​លោក Zelenskiy បើក​ការ​ស៊ើបអង្កេត​លើ​លោក Biden និង​កូនប្រុស​របស់​លោក ស្រប​ពេល​ដែល​មាន​ផ្អាក​ការ​ផ្ដល់​ជំនួយ​យោធា​នោះ។ ករណី​ទី​២​ គឺ​ការ​ចោទ​ប្រកាន់​ពី​បទ​រារាំង​កិច្ចប្រឹងប្រែង​របស់​សភា​ក្នុង​ការស៊ើបអង្កេត​ទង្វើ​របស់​លោក​ត្រាំ ​ទាក់ទង​នឹង​ប្រទេស​អ៊ុយក្រែន។

ដោយ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​មាន​សំឡេង​ភាគច្រើន​គឺ​៥៣​ទល់​នឹង​៤៧​នោះ គេ​រំពឹង​ថា លោក ត្រាំ នឹង​ត្រូវ​លើកលែង​ការ​ចោទប្រកាន់ ហើយ​នឹង​បន្ត​កាន់​តំណែង​តទៅ​ទៀត ដោយសារ​តែ​ការ​កាត់ទោស​ចំពោះ​បទ​ចោទ​ណា​មួយ​ក្នុង​ករណី​ទាំង​ពីរ​នេះ និង​ការ​ដក​លោក​ត្រាំ​ចេញ​ពី​តំណែង ត្រូវ​ការ​សំឡេងភាគច្រើន២ភាគ៣។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ខ្លះ បាន​រិះគន់​ទង្វើ​របស់​លោក​ត្រាំ ដែល​ចង់​ឱ្យ​មាន​ការ​ស៊ើបអង្កេតលោក Biden​ និង​កូន​ប្រុស​របស់​លោក តែ​គ្មាន​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ណា​ម្នាក់ បាន​អំពាវនាវ​ឱ្យ​មាន​ការ​កាត់ទោស​លោក​ត្រាំ និង​ការ​ដក​លោក​ចេញ​ពី​តំណែង​នោះ​ទេ។

លោក​ត្រាំ នៅ​កាន់​តំណែងជា​ប្រធានាធិបតី​ មិន​ដល់​មួយ​ឆ្នាំ​ទៀតទេ មុន​ពេល​លោកត្រូវ​ប្រឈម​មុខ​នឹង​អ្នក​បោះឆ្នោត​ម្ដង​ទៀត​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​វិច្ឆិកា ខណៈ​ដែល​លោក​ព្យាយាម​យក​ជ័យជម្នះ​សម្រាប់​អាណត្តិ​ទី​២ក្នុង​សេតវិមាន​(គណៈរដ្ឋមន្ត្រី​សហរដ្ឋ​អាមេរិក)។​

ប៉ុន្តែ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ខ្លះ បាន​ប្រញាប់ប្រញាល់​ភ្ជាប់​របាយការណ៍​របស់ GAO ​នោះ នៅ​ពេល​ដែល​ភស្តុតាង​កាន់​តែ​ច្រើន បាន​គាំទ្រ​ការ​ចោទប្រកាន់​លើ​លោក​ត្រាំ​ថា​បាន​បំពាន​អំណាច។

សមាជិក​ព្រឹទ្ធសភា​លោក គ្រីស្ត វែនហូឡិន (Chris Van Hollen) មក​ពី​រដ្ឋMaryland បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ទូរទស្សន៍​ CNN​ ថា៖

«‍របាយការណ៍​របស់ ​GAO ​នេះ ប្រាកដ​ជា​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការជំនុំ​ជម្រះ​ដោយ​ព្រឹទ្ធសភា។ របាយការណ៍​បង្ហាញ​ថា​ លោក​ប្រធានាធិបតី បាន​រំលោភ​ច្បាប់​សហរដ្ឋ​អាមេរិក។ លោក​ប្រធានាធិបតី បាន​បំពាន​អំណាច​របស់​លោក​ដោយ​ទង្វើ​ខុសច្បាប់​នេះ»។

​តំណាងរាស្ត្រ​ចំនួន​៧​នាក់​ ដែល​គេ​ហៅ​ថា ក្រុម​រដ្ឋអាជ្ញា​ពី​រដ្ឋសភា​ដែល​ដឹកនាំ​ការ​កាត់ទោស​ដក​តំណែង​ប្រធានាធិបតី ឬ​ impeachment managers អ្នក​គ្រប់គ្រង​សំណុំរឿង​ប្រឆាំង​លោក ត្រាំ។ ពួក​គេ​បាន​ប្រគល់​ជូន​ជា​ផ្លូវការ​នូវ​បទ​ចោទ​ប្រកាន់​ដក​តំណែង​លោក​ប្រធានាធិបតី ក្នុង​រដ្ឋសភា​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ប្រធាន​គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា​ លោក អាដាំ ស៊ីហ្វ (Adam Schiff ) ដែល​ស្ថិត​ក្នុង​ចំណោម​តំណាងរាស្ត្រ​ទាំង​៧​រូប​នោះ បាន​អាន​បទ​ចោទ​ប្រកាន់​ទាំង​ពីរ​ករណី ប្រឆាំង​នឹង​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​សាល​ព្រឹទ្ធសភា

លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើប​ការណ៍​សម្ងាត់​នៃ​រដ្ឋសភា​អាន​ផ្លូវ​ការបទ​ចោទ​ប្រកាន់​ចំនួន​ពីរ​ចំណុច កាល​ពី​ថ្ងៃ​ព្រហស្បតិ័​ទី ១៧ ខែមករា ឆ្នាំ​២០២០។។
លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើប​ការណ៍​សម្ងាត់​នៃ​រដ្ឋសភា​អាន​ផ្លូវ​ការបទ​ចោទ​ប្រកាន់​ចំនួន​ពីរ​ចំណុច កាល​ពី​ថ្ងៃ​ព្រហស្បតិ័​ទី ១៧ ខែមករា ឆ្នាំ​២០២០។។

សវនាការ​ដក​តំណែង​ប្រធានាធិបតី​ដែល​ធ្វើ​ឡើង​ដោយ​ព្រឹទ្ធសភាដ៏​កម្រ​នេះ នឹង​ក្លាយ​ជា​សវនាការ​លើក​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​ជិត​២៥០​ឆ្នាំ​មក​នេះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ផង​ដែរ ប្រធាន​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ លោក ចន រ៉ូប៊តស៍​ (John Roberts) បាន​ស្បថ ធ្វើ​ជា​ប្រធាន​ក្រុម​ជំនុំជម្រះ​ក្នុង​សវនាការ​លើ​លោក​ត្រាំ ហើយ​លោក​Roberts​ ក៏​បាន​ដឹកនាំ​ពិធី​សម្បថ​សម្រាប់​សមាជិក​ព្រឹទ្ធសភា​ទាំង​១០០​នាក់ ដែល​នឹង​ធ្វើ​ជា​ចៅក្រម ដើម្បី​សម្រេច​ជោគវាសនា​របស់​លោក​ត្រាំ។​

ក្នុង​រូបថត​ថត​ពី​វីដេអូ​ផ្សាយ​ពី​ក្នុង​សាល​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៦ ខែ​មករា ឆ្នាំ​២០២០ លោក Chuck Grassley សមាជិក​ព្រឹទ្ធសភាពី​គណបក្ស​សាធារណរដ្ឋធ្វើការស្បថ​ប្រធាន​តុលាការ​កំពូល​លោក John Roberts ឲ្យ​ចូល​តួនាទី​ជា​ប្រធាន​នៃ​ដំណើរការ​កាត់ទោស​ដក​តំណែង​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៅ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។
ក្នុង​រូបថត​ថត​ពី​វីដេអូ​ផ្សាយ​ពី​ក្នុង​សាល​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៦ ខែ​មករា ឆ្នាំ​២០២០ លោក Chuck Grassley សមាជិក​ព្រឹទ្ធសភាពី​គណបក្ស​សាធារណរដ្ឋធ្វើការស្បថ​ប្រធាន​តុលាការ​កំពូល​លោក John Roberts ឲ្យ​ចូល​តួនាទី​ជា​ប្រធាន​នៃ​ដំណើរការ​កាត់ទោស​ដក​តំណែង​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៅ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។

ដោយ​ពិធី​បើក​ជា​ផ្លូវការ​នៃ​នីតិវិធី​ជំនុំជម្រះ​នេះ​បាន​ប្រព្រឹត្ត​រួច​ហើយ​នោះ ​ការ​ជំនុំជម្រះ​ដោយ​ព្រឹទ្ធសភា​ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ដក​តំណែង​លោក​ត្រាំ​ឬ​អត់​នេះ នឹងចាប់​ផ្ដើមយ៉ាង​ពិត​ប្រាកដ​ នៅ​ថ្ងៃ​អង្គារ​ទី​២១​ខែ​មករា​នេះ ចាប់​ពី​ម៉ោង​១​រសៀល​ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ។

មន្ត្រី​សេតវិមាន​ ព្យាករណ៍​ថា​ ដំណើរការ​ជំនុំជម្រះ​នេះ​ នឹង​មាន​រយៈពេល​មិន​លើស​ពី​ពីរ​សប្ដាហ៍​នោះ​ទេ ហើយ​ថា ​លោក​ត្រាំ នឹង​ត្រូវ​គេសម្រេច​ឱ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់​យ៉ាង​ឆាប់​រហ័ស។ ប៉ុន្តែ ដំណើរការជំនុំជម្រះ​នេះ​ អាច​អូស​បន្លាយ​ពេល​យូរ​ជាង​នេះ បើ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ អាច​បញ្ចុះបញ្ចូល​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​យ៉ាង​តិច​៤​នាក់ ឱ្យ​បោះឆ្នោត​ស្រប​តាម​ពួកគេ ដើម្បី​កោះហៅ​សាក្សី​ថ្មីៗ ដែល​មិន​បាន​ធ្វើ​កសិណសាក្សី​ក្នុង​អំឡុង​ពេលរដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ បាន​ស៊ើបអង្កេត​អស់​ជាច្រើន​សប្ដាហ៍​កន្លងមក​នោះ។​

សមាជិក​រដ្ឋសភា​ខាងគណបក្ស​ប្រជាធិបតេយ្យ ចង់​សាកសួរ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក ចន បុលថុន (John Bolton) ​និង​នាយ​ខុទ្ទកាល័យសេតវិមាន លោក Mick Mulvaney អំពី​ការណ៍​ថា​ តើ​ពួកគេ​បាន​ដឹង​អ្វីអំពី​សកម្មភាព​របស់​លោក​ត្រាំ ដែល​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ុយក្រែន ឱ្យ​ស៊ើបអង្កេត​លោក Biden ​និង​កូន​ប្រុស​របស់​លោក​ដែរ​ឬ​ទេ។

ចំណែក​ឯ សមាជិក​រដ្ឋសភា​ខ្លះ​ខាងគណបក្ស​សាធារណរដ្ឋ​វិញ និយាយថា បើ​មន្ត្រី​ទាំង​នោះ​ត្រូវ​បាន​សាកសួរ​មែន ពួកគេ​ក៏​ចង់​កោះហៅ​ទាំង​លោកBiden ទាំង​កូន​ប្រុស​របស់​លោក ឬ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ ព្រមទាំង​អ្នក​លួច​ផ្ដល់​ព័ត៌មាន​សម្ងាត់​ដែល​រហូត​មក​ដល់​ពេល​នេះ​នៅ​មិនទាន់​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​នៅ​ឡើយ​នោះ​ផង​ដែរ។

អ្នក​លួច​ផ្ដល់​ព័ត៌មាន​សម្ងាត់​នោះ បាន​លាតត្រដាង​មុន​គេ​នូវ​សំណើ​របស់​លោក​ត្រាំ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​កក្កដា ឆ្នាំ​២០១៩ ដល់​លោក Zelenskiy ឱ្យ «‍ជួយ​យើង​រឿង​មួយ» ដោយ​ស៊ើបអង្កេត​លោកBiden​ និង​កូន​ប្រុស​របស់​លោក។​

​ការ​បញ្ចេញ​កំណត់​ហេតុ​ជា​លាយលក្ខណ៍​អក្សរ​ដោយ​មាន​ការ​លុប​ព័ត៌មាន​ច្រើន​អន្លើ នៃការ​សន្ទនា​របស់​លោក​ត្រាំ​ជាមួយមេដឹកនាំ​អ៊ុយក្រែន​រូប​នោះ បាន​បង្ហាញ​ពី​ការណ៍​ពិត​ជា​មូលដ្ឋានថា ពាក្យ​បណ្ដឹង​ប្រឆាំង​លោក ត្រាំ ដែល​បាន​ដាក់​ដោយអ្នក​លួច​ផ្ដល់​ព័ត៌មាន​សម្ងាត់​នោះ ពិត​ជា​ត្រឹមត្រូវ​មែន។

ពាក្យ​បណ្ដឹង​នោះ ​បញ្ជាក់​ថា​ លោក ត្រាំ បាន​ព្យាយាម​ស្វះស្វែង​រក​ការ​ស៊ើបអង្កេត​លើ​គូប្រជែង​នយោបាយ ទោះបីជា​លោក ត្រាំ បាន​អះអាង​ផ្ទុយ​ពី​នេះ​ក៏ដោយ។

ខណៈ​ដែល​ដំណើរការ​ចោទប្រកាន់​ដក​តំណែង​ប្រធានាធិបតី​ កំពុង​ពុះកញ្ជ្រោល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លោក​ត្រាំ ​បាន​សើចចំអក​ស្ទើរ​តែ​រៀងរាល់​ថ្ងៃ ​ដល់​កិច្ច​ប្រឹងប្រែង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បាន​តម្រង់​គោលដៅ​លើ​រូប​លោក ដោយ​លោក​បាន​ហៅ​ការ​ស៊ើបអង្កេត​នេះ​ថា​អយុត្តិធម៌​និង​ជា​ល្បិច​ឆ្ពិន​ភ្នែក។

ប៉ុន្តែ ពេល​ដែល​ក្រុម​តំណាងរាស្ត្រ​ដែល​បាន​ដំណើរការ​សំណុំរឿងចោទប្រកាន់​លើ​រូប​លោកក្នុង​រដ្ឋសភា បាន​ធ្វើ​ដំណើរ​ដល់​ព្រឹទ្ធសភា​ហើយ​នោះ លោក​ត្រាំ លែង​មាត់​ករ​អំពី​រឿង​នេះ​តាម​បណ្ដាញ ​Twitter តទៅទៀត។​

មេដឹកនាំសមាជិក​ព្រឹទ្ធសភាសំឡេង​ភាគច្រើនមក​ពី​គណបក្ស​សាធារណរដ្ឋ​គឺ ​លោក មីត ម៉ាក់ខូនែល ‍(Mitch McConnell) បាន​កំណត់​វិធាន​ចុងក្រោយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយពី​ការ​អាន​បទ​ចោទ​ប្រកាន់​ទាំង​ពីរ​ករណី​ប្រឆាំង​នឹង​លោក​ត្រាំ ហើយ​ការ​ស្បថ​របស់​សមាជិក​ព្រឹទ្ធសភា ចូលតួនាទី​ជាសមាជិកគណៈវិនិច្ឆ័យ (jurors) ដែល​ជំហាន​បន្ទាប់​នោះ​រួម​មានការ​ជូន​ដំណឹង​ជា​ផ្លូវការ​ដល់​សេតវិមាន និង​«‍កោះ​ហៅ​ប្រធានាធិបតី ឱ្យ​មកឆ្លើយ​តប​នឹង​បទ​ចោទ​ទាំង​ពីរ ហើយ​បញ្ជូន​ក្រុម​មេធាវី​ការពារ​ក្ដី​របស់​លោក​មក​ចូលរួម»។

លោកស្រី​ Nancy Pelosi ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ចុះ​ហត្ថលេខា​លើ​បទ​ចោទ​ពីរ​ករណី​ដើម្បី​ចោទ​ដក​តំណែង​លោក​ប្រធានាធិបតី Donald Trump មុន​នឹង​បញ្ជូន​បទ​ចោទ​ទាំង​ពីរ​ករណី​នេះ​ទៅ​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ ២០២០។
លោកស្រី​ Nancy Pelosi ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ចុះ​ហត្ថលេខា​លើ​បទ​ចោទ​ពីរ​ករណី​ដើម្បី​ចោទ​ដក​តំណែង​លោក​ប្រធានាធិបតី Donald Trump មុន​នឹង​បញ្ជូន​បទ​ចោទ​ទាំង​ពីរ​ករណី​នេះ​ទៅ​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ ២០២០។

ប្រធាន​រដ្ឋសភា​ អ្នកស្រី នែនស៊ី ប៉េឡូស៊ី (Nancy Pelosi) បាន​ចុះហត្ថលេខា​លើ​បទ​ចោទ​ប្រកាន់​ទាំង​ពីរ​ករណី​នៅ​ក្នុង​ពិធី​មួយ​កាល​ពី​ថ្ងៃ​ពុធ ដោយ​បាន​រុញ​ដំណើរការ​ចោទប្រកាន់​ដក​តំណែង​ប្រធានាធិបតី​នេះ​ទៅ​មុខ​ទៀត ក្រោយពីវា​បាន​ត្រូវពន្យារ​ពេល​ប្រហែល​១ខែ នៅ​ពេល​ដែល​ក្រុម​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ព្យាយាម​ឱ្យ​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភាយល់​ព្រម​លើ​ការ​អនុញ្ញាត​ឱ្យ​មាន​សក្ខីកម្មពី​សាក្សី​ថ្មីៗ​ទៀត​ក្នុង​អំឡុង​ពេល​សវនាការ​ក្នុង​ព្រឹទ្ធសភា។

លោក McConnell បាន​ប្រឆាំង​នឹង​ការកោះហៅ​សាក្សី​នានា ដោយ​លោក​និយាយ​ថា ​ការ​សម្រេចចិត្ត​នេះ នឹង​ត្រូវ​ធ្វើឡើង​ក្នុង​ពេល​សវនាការ​ផ្ទាល់។

​ខណៈ​ពេល​អ្នកស្រី Pelosi បាន​ប្រកាស​តែងតាំង​ក្រុម​រដ្ឋអាជ្ញា​ពី​រដ្ឋសភា​ដែល​ដឹកនាំ​ការ​កាត់ទោស​ដក​តំណែង​ប្រធានាធិបតី​ត្រាំ នៅ​ក្នុង​សន្និសីទកាសែតពេលព្រឹក​មួយ លោក​ត្រាំ បាន​សរសេរ​តាម ​Twitterថា ​ការ​ចោទប្រកាន់​ដក​តំណែង​នេះ គឺ​ជា ​«‍ការ​កុហក​ដោយ​ពួក​ប្រជាធិបតេយ្យ​ដែល​គ្មាន​ធ្វើ​អ្វី​សោះ»។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​រដ្ឋបាល​លោក​ត្រាំ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​សេតវិមាន​បាន​ត្រៀមខ្លួន​រួច​រាល់​ហើយ​សម្រាប់ការ​ជំនុំជម្រះនេះ «‍ដោយសារ​ការពិត​ច្រើន​លើសលប់​បង្ហាញ​ថា​លោក​ប្រធានាធិបតី មិន​បាន​ធ្វើ​អ្វី​ខុស​ទេ»។

អ្នក​នាំ​ពាក្យ​សេតវិមាន អ្នកស្រី ស្ទីហ្វានី ហ្គ្រីសហ៊ែម (Stephanie Grisham) បាន​និយាយ​ថា លោក​ត្រាំ​ «‍ទន្ទឹង​រង់ចាំ​ទទួល​បាន​សិទ្ធិ​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ក្នុង​ព្រឹទ្ធសភា ដែល​សិទ្ធិ​នេះ ត្រូវ​បាន​បដិសេធដល់​លោក​ដោយ​ប្រធាន​រដ្ឋសភា​ អ្នកស្រី Pelosi​ និង​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ហើយ​រំពឹង​ថា ​លោក​នឹង​ត្រូវ​ប្រកាស​ឱ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់​ទាំង​ស្រុង»។

នេះ​គឺ​សវនាការ​លើក​ទី​៣​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​២៤៤​ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក ដែល​ប្រធានាធិបតី​ត្រូវ​បាន​ចោទប្រកាន់​ដក​តំណែង​ជា​ផ្លូវការ។

អតីត​ប្រធានាធិបតី​លោក អែនឌ្រូ ចនសុន​ (Andrew Johnson) ត្រូវ​បាន​រដ្ឋសភា​ចោទប្រកាន់​ដក​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ​១៨៦៨ ហើយ​លោក ប៊ីល គ្លីនតុន (Bill Clinton) ត្រូវ​បាន​ចោទប្រកាន់​បែប​នេះ​ដែរ​នៅ​ឆ្នាំ​១៩៩៨ ប៉ុន្តែ លោក​ទាំង​ពីរ​ ត្រូវ​បាន​ប្រកាស​ឱ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់​ក្នុង​សវនាការ​របស់​ព្រឹទ្ធសភា។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ម្នាក់​ទៀត គឺ​លោក រីឆាត នីកសុន (Richard Nixon) បាន​លាលែង​ពី​តំណែង​នៅ​ឆ្នាំ​១៩៧៤ ពេល​លោក​ប្រឈម​នឹង​ការ​ចោទប្រកាន់​ដក​តំណែង​យ៉ាង​ប្រាកដប្រជា ដោយសារ​រឿង​អាស្រូវ​ពុករលួយ​នយោបាយ Watergate៕

ប្រែ​សម្រួល​ដោយ សាយ មុន្នី

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG