លោក Lev Parnas ដែលជាអ្នកធ្វើការជាមួយនឹងមេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលមេធាវីរបស់លោក Trump នោះបានធ្វើការដើម្បីដាក់សម្ពាធលើប្រទេសអ៊ុយក្រែនឲ្យស៊ើបអង្កេតលើលោក Joe Biden នោះ បានប្រាប់កាសែត The New York Times និងបណ្ដាញព័ត៌មាន MSNBC របស់សហរដ្ឋអាមេរិក ថា លោក Trump ដឹងអំពីសកម្មភាពរបស់មេធាវីរបស់លោកគឺលោក Rudy Giuliani នៅក្នុងប្រទេសអ៊ុយក្រែន។
លោក Parnas បានប្រាប់អ្នកស្រី Rachel Maddow នៅក្នុងកិច្ចសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃពុធម្សិលមិញថា លោក Trump «ដឹងយ៉ាងច្បាស់អំពីអ្វីដែលបានកើតឡើង»។
កាសែត The New York Times បានស្រង់សម្ដីរបស់លោក Parnas ដែលបាននិយាយដូច្នេះថា៖ «ខ្ញុំហ៊ានភ្នាល់ដាក់ជីវិតថា លោក Trump ដឹងរឿងអ្វីៗទាំងអស់ដែលលោក Rudy Giuliani បានធ្វើនៅក្នុងប្រទេសអ៊ុយក្រែន»។
កាលពីមុន លោក Trump បានបដិសេធថា លោកមិនបានបញ្ជូនលោក Giuliani ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីតាមដានរឿងអាក្រក់ណាមួយលើលោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក និងអាចជាគូប្រជែងរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះទេ។
លោក Parnas បានបញ្ជាក់ថា តួនាទីរបស់លោកនៅក្នុងការធ្វើការជាមួយនឹងលោក Giuliani គឺការជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ដើម្បីស្វែងរកភស្តុតាងអំពីអំពើពុករលួយរបស់លោក Joe Biden និងកូនប្រុសរបស់លោក Biden គឺលោក Hunter Biden ដែលធ្វើការឲ្យក្រុមហ៊ុនឧស្ម័ន Burisma របស់ប្រទេសអ៊ុយក្រែន។
លោក Trump ត្រូវបានគេចោទប្រកាន់ថា បានផ្អឹបទុកជំនួយយោធារបស់អ៊ុយក្រែន លុះត្រាណាតែប្រធានាធិបតីអ៊ុយក្រែនលោក Volodymir Zelenskiy យល់ព្រមស៊ើបអង្កេតលើលោក Joe Biden និងលោក Hunter Biden ហើយការចោទប្រកាន់ទាំងនេះគឺជាចំណុចស្នូលនៃការចោទប្រកាន់របស់រដ្ឋសភាដើម្បីទម្លាក់លោក Trump ពីតំណែង៕