ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ទាំងមួយរយ​រូបនឹង​ស្បថ​ចូល​បំពេញ​តួនាទី​សម្រាប់​សវនាការ​កាត់ទោស​លោក Trump


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងមុនពេលការចុះហត្ថលេខាដំណាក់កាលទីមួយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងចិននៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងមុនពេលការចុះហត្ថលេខាដំណាក់កាលទីមួយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងចិននៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

ការ​កាត់ទោស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ព្រឹទ្ធសភា នឹង​ចាប់ផ្ដើម​ដោយ​មាន​សវនាការ​បឋម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​នៅ​ក្នុង​នោះ សមាជិក​រដ្ឋសភា​ដែល​ដើរ​តួ​ជា​រដ្ឋអាជ្ញា​នឹង​បង្ហាញ​ជូន​សមាជិក​ព្រឹទ្ធសភា​ដែល​ដើរ​តួ​ជា​គណៈកម្មការ​វិនិច្ឆ័យ នូវ​បទ​ចោទ​ប្រកាន់​ដើម្បី​ដក​លោក Trump ចេញ​ពី​តំណែង។

ប្រធាន​តុលាការ​កំពូល​លោក​ចៅក្រម John Roberts នឹង​ស្បថ​ចូល​បំពេញ​តួនាទី​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ដំណើរការ​កាត់ទោស​នេះ ហើយ​បន្ទាប់​មក សមាជិក​ព្រឹទ្ធសភា​ទាំង ១ រយ​នាក់​នឹង​ស្បថ​ចូល​បំពេញ​តួនាទី​សម្រាប់​ដំណើរការ​នេះ​ផង​ដែរ។

មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​លោក Mitch McConnell បាន​និយាយ​ថា ជំហាន​ចុង​ក្រោយ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ការ​ជូន​ដំណឹង​ដល់​សេតវិមាន និង «កោះហៅ​លោក​ប្រធានាធិបតី Trump ឲ្យ​ឆ្លើយ​សំណួរ​អំពី​បទ​ចោទ​នេះ និង​ឲ្យ​លោក​បញ្ជូន​មេធាវី​របស់​លោក​មក​កាន់​សវនាការ»។

ផ្នែក​សំខាន់​នៃ​សវនាការ​កាត់​ទោស​លោក Trump នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ។

ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi បាន​ចុះ​ហត្ថលេខា​លើ​បទ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក Trump ពី​តំណែង​នេះ នៅ​ក្នុង​ពិធី​មួយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​ធ្វើ​ឲ្យ​ដំណើរការ​នេះ​វិវត្តន៍​ទៅ​មុខ បន្ទាប់ពី​ត្រូវ​បាន​ពន្យារពេល​អស់​ប្រហែល ១ ខែ ដោយសារតែ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​បាន​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា​យល់ព្រម​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ដល់​សក្ខីកម្ម​ពី​សាក្សី​ថ្មីៗ​នៅ​ក្នុង​សវនាការ។ ប៉ុន្តែ លោក McConnell បាន​បញ្ជាក់​ថា ការ​សម្រេច​អំពី​ការ​កោះហៅ​សាក្សី​នឹង​ធ្វើ​ឡើង​នៅ​ពេល​ក្រោយ​នៅ​ក្នុង​សវនាការ។

រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ក៏​បាន​បោះ​ឆ្នោត​ផង​ដែរ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដើម្បី​ជ្រើសរើស​ជា​ផ្លូវការ​នូវ​ថ្នាក់​ដឹកនាំ​រឿង​ចោទ​ប្រកាន់​លោក Trump នេះ ឲ្យ​ធ្វើ​ជា​រដ្ឋអាជ្ញា។ រដ្ឋអាជ្ញា​ទាំង​នេះ​បាន​ចោទ​ប្រកាន់​លោក Trump ថា​បាន​រំលោភ​អំណាច និង​រារាំង​ដំណើរការ​ស៊ើប​អង្កេត​របស់​សភា៕

XS
SM
MD
LG