ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ត្រូវ​តុលាការ​ខេត្ត​កោះ​កុង​សម្រេច​ឃុំ​ខ្លួន


រូបភាពថតពី​ទំព័រ Facebook ចលនា​​មាតា​​ធម្មជាតិ​ (Mother Nature Cambodia)។
រូបភាពថតពី​ទំព័រ Facebook ចលនា​​មាតា​​ធម្មជាតិ​ (Mother Nature Cambodia)។

សាលាដំបូង​ខេត្ត​កោះកុង​សម្រេច​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​បី​នាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិញ​នេះ​​ ក្រោម​​បទ​គំរាម​កំហែង​និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វី​មួយ។

សាលាដំបូង​ខេត្ត​កោះកុង​សម្រេច​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​បី​នាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិញ​នេះ ក្រោមបទ​គំរាម​កំហែង​និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វី​មួយ។ នេះ​បើតាម​ការ​បញ្ជាក់​ពី​មន្ត្រីសិទ្ធិមនុស្ស​ និង​សមាជិក​នៃ​ចលនា​មាតា​ធម្មជាតិ​ (Mother Nature Cambodia)។

ការ​សម្រច​ឃុំ​ខ្លួន​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំង​បីនាក់​កើត​មាន​ឡើង​បន្ទាប់​ពី​ពួក​គេ​បើក​យុទ្ធនាការ​កាល​ពី​ខែ​កក្កដា​ដើម្បីបណេ្តញ​សាឡង់​បូម​ខ្សាច់​របស់​ក្រុម​ហ៊ុន​ពីរ​ ​ដែល​សកម្មជន​សិទ្ធិ​មនុស្ស​ និង​បរិស្ថាន​ និយាយ​ថា​ ​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ក្នុង​តំបន់ជីផាត់ ​និង​ព្រែក​អណ្តូង​ទឹក​ ស្ថិត​នៅ​ក្នុង​ស្រុក​បទុម​សាគរខេត្ត​កោះកុង។​

លោក​អ៊ិន គង់ជិត​ មន្ត្រីសិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ប្រចាំ​នៅ​ខេត្ត​កោះកុង​ បាន​ឲ្យដឹង​ថា​ សកម្មជន​ទាំង​បី​រូបនេះ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​បញ្ជា​របស់​លោក​សួង ស៊ីថា​ អភិបាល​រង​ស្រុកបទុម​សាគរ​ដែល​បាន​ដឹក​បាន​នាំកម្លាំង​មាន​សមត្ថកិច្ច​ជាង​១០​នាក់​ចុះចាត់​ខ្លួន​នោះ។​ ការ​ចាប់​ខ្លួន​នេះធ្វើឡើង​ ខណៈ​ពេល​ដែល​សកម្មជន​បរិស្ថាន​ទាំង​នេះ និង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​តំបន់​ព្រែក​អណ្តូង​ទឹក​ កំពុង​បើក​យុទ្ធនាការ​បញ្ឈប់​សាឡង់​បូម​ខ្សាច់​របស់​ក្រុមហ៊ុន Direct Assess​ និង​ International Rainbow ​Company ​ដែល​បាន​ដំណើរ​ការ​ជាច្រើន​ខែ​មក​ហើយ​នៅ​ក្នុង​តំបន់​នោះ។​

«ចំណាត់​ការ​នេះ​ហាក់​ដូច​ជា​ការ​ដាក់​សម្ពាធ ឬ​ក៏​គំរាម​កំហែង​ទៅ​លើ​សកម្ម​ជន​ការពារ​ធនធាន​ធម្មជាតិ​ដែល​កំពុង​ផុល​ផុស​ក្នុង​ការ​បើក​យុទ្ធនាការ​ការពារ​ធនធាន​ធម្មជាតិ​ ដែល​លេច​ធ្លោ​នៅ​ក្នុង​ខេត្ត​កោះកុង»។​

សកម្ម​ជន​បរិស្ថាន​វ័យ​ក្មេង​ទាំង​បីនាក់ដែល​ត្រូវតុលាការ​សម្រេចឃុំខ្លួន​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​នេះ​ ​រួម​មាន​លោក​សាន់ ម៉ាឡា​ អាយុ​២៣​ឆ្នាំ​ ជា​ស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​ លោក​ទ្រី សុវិគា​ អាយុ​២៤​ឆ្នាំ​ និង​លោក​ស៊ីម សំណាង​ អាយុ​២៦​ឆ្នាំ។​

លោក​ម៉េង ហេង ​អាយុ​២៣​ឆ្នាំ​ សមាជិក​នៃ​ចលនា​មាតា​ធម្មជាតិ​ បាន​ថ្លែង​ការពារ​ភាព​ស្អាត​ស្អំ​នៃ​ក្រុម​ការងារ​របស់​លោក​ ដោយ​លោក​បាន​ហៅ​ការ​ចាប់​ឃុំ​ក្រុម​ការងារ​របស់​លោកនេះ​ថា​ ជា​ការ​គំរាម​កំហែង​ និង​បំបិទ​សំឡេង​ក្រុម​អ្នក​ប្រឆាំងការ​បំផ្លិច​បំផ្លាញ​បរិស្ថាន។​

«ខ្ញុំ​គិត​ថា​ ការ​ធ្វើ​របស់​យើង​គឺ​ជា​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​បង ​ពី​ព្រោះ​ថា ​យើង​មិន​មាន​ចម្លោះ​ប្រហោង​ណា​មួយ​ដែល​គិត​ថា​ វាមាន​កំហុស​ ពីព្រោះ​ថា​ ការណ៍​ដែល​ក្រុមហ៊ុន​ហ្នឹង​បូម​ខ្សាច់​ហ្នឹងមាន​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​ ជា​ពិសេស​ អាការ​ប្រកប​របប​នេសាទ​របស់​អ្នក​ភូមិ​ មិន​តែ​ប៉ុណ្ណោះ​ក្រុម​ហ៊ុន​បាន​រំលោភ​ទៅ​លើ​អាជ្ញាបណ្ណ​របស់​ខ្លួន​ឯង​ទៀត»។​

លោក​អ៊ិន គង់ជិត​ សកម្មជន​សិទ្ធិ​មនុស្ស​ និង​លោក​ម៉េង ហេងសកម្មជន​បរិស្ថាន​ បាន​ថ្លែង​ថា ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល។​ ​ ទោះបី​ជាយ៉ាងណា​ក៏​ដោយ​ ពួក​គេ​មិនអាច​បញ្ជាក់ពី​សុពល​ភាព​របស់​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​បាន​ទេ។​

លោក​ទាំង​ពីរ​ថ្លែង​ថា​ ក្រុមហ៊ុន​ទាំង​ពីរ​កំពុង​ដាក់​សាឡង់​ដឹក​ខ្សាច់​ និង​បូម​ខ្សាច់​ប្រមាណ​៧០​គ្រឿង​ ឲ្យ​ដំណើរ​ការក្នុង​ការ​ធ្វើអាជីវកម្ម​បូម​ខ្សាច់​ ដែល​កំពុង​ធ្វើឲ្យ​ខូចខាត​ធនធាន​ធម្មជាតិ​ ដូច​ជា​ព្រៃ​កោងកាង ​និង​ជីវចម្រុះ​ ហើយ​និង​ផល​នេសាទជាដើម។​ ពួកគេ​ថា​ ខ្សាច់​ដែល​បូម​នោះ​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​សិង្ហបុរី ​តែ​ពួកគេ​ពុំអាច​បញ្ជាក់​បាន​ទេ​ ថា​តើ​ម្ចាស់​ក្រុម​ហ៊ុន​ទាំង​ពីរនេះ​ជា​ជន​ខ្មែរ​ ឬ​បរទេស​នោះ​ឡើយ។​

ដោយឡែក​ អ្នក​ស្រី​សាម សុគន្ធា​ មេធាវី​ប្រចាំ​នៅអង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា​ អ្នកស្រី​បាន​ទទួល​សំណើ​ពីសកម្ម​ជន​បរិស្ថានទាំង​បី​នាក់​នេះ​ដែល​សុំ​ជំនួយ​ខាង​ផ្លូវ​ច្បាប់​ពី​អង្គការ​លីកាដូ​ ហើយ​ថា​ អ្នក​ស្រី​បាន​ដាក់​ពាក្យ​សុំ​ការពារ​ក្តី​ឲ្យ​សកម្មជន​ទាំង​បី​នាក់​នេះ​រួច​ហើយ​នៅ​ឯ​សាលា​ដំបូង​ខេត្ត​កោះកុង។​ ​ ប៉ុន្តែ​អ្នក​ស្រី​មិន​អាច​បញ្ជាក់​បាន​ភ្លាមៗ​ទេ​អំពី​អង្គហេតុ​ដែល​នាំ​ទៅ​រក​ការ​ចោទ​ប្រកាន់​ដោយតុលាការ​ ព្រោះអ្នក​ស្រី​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ដើម្បី​សិក្សា​លើ​សំណុំ​រឿងនេះ។​

ការចោទ​ប្រកាន់​ពី​បទគំរាម​កំហែង​និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វី​មួយ​នេះ​គឺមាន​ចែង​នៅ​ក្នុង​មាត្រា​៤២៤​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។​

មាត្រា​៤២៤​នៃ​ក្រមព្រហ្ម​ទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​ថា៖​ «អំពើគំរាម​កំហែង​ តាម​មធ្យោបាយ​ណាក៏​ដោយ​ ថា​ នឹង​ប្រព្រឹត្ត​ការ​បំផ្លិច​បំផ្លាញ​ ការ​ធ្វើ​ឲ្យ​ទ្រុឌ​ទ្រោម​ ឬ​ការ​ធ្វើ​ឲ្យ​ខូចខាត ​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​២​ឆ្នាំ​ និង​ពិន័យ​ជាប្រាក់​ពី​២.០០០.០០០​រៀល​ទៅ​៤.០០០.០០០​រៀល​ ប្រសិនបើ​ការ​គំរាម​កំហែង​នេះ​មាន​ភ្ជាប់​នូវ​បញ្ជា​ឲ្យ​បំពេញ​ ឬ​មិន​បំពេញ​កិច្ច​អ្វីមួយ»។​

លោក​សំ ឃិតវៀន​ ស្នង​ការ​ប៉ូលិស​ខេត្ត​កោះកុង​ មិន​អាច​បញ្ជាក់​ពី​ដើម​ចម​នៃ​ការ​ប្តឹង​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ និង​ឃុំ​ខ្លួន​អ្នកទាំងបី​នាក់​នេះ​ទេ។ ​លោក​ស្នងការ​និយាយថា​ អាជ្ញាធរ​មិន​ទាន់​អាច​កំណត់​បាន​ថា​ ពួក​គេ​ពិត​ជា​សកម្ម​ជន​បរិស្ថាន​ពិតប្រាដក​ ឬយ៉ាង​ណា​នោះ​ទេ។​

«ខ្ញុំ​គឺ​បាន​អនុវត្ត​ទៅ​តាម​ដីការ​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​សាលាដំបូង​ខេត្ត​កោះកុង​ ហើយ​ចំពោះ​ក្រុម​ជន​មនុស្ស​ចំនួន​បី​នាក់​ហ្នឹង​ គឺ​ខ្ញុំ​ក៏​មិន​ទាន់​ប្រាកដ​ថា​ គាត់​ជា​សកម្ម​ជន​របស់​អង្គការ​ណាមួយ​ទេ​ ព្រោះ​គាត់​អត់​មាន​បង្ហាញ​អត្ត​សញ្ញាណ​ឲ្យ​ប៉ូលិស​ខ្ញុំដឹង»។

វីអូអេ​ពុំអាច​ទំនាក់​ទំនង​អ្នក​ស្រី​ឈុន ដាវី​ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កោះកុង​បាន​ទេ ​ដោយ​សារ​ទូរស័ព្ទ​រោទិ៍​ តែ​គ្មាន​អ្ន​ក​ទទួល។

លោក​ពេជ្រ ស៊ីយ៉ុន​ ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត​កោះកុង​ បាន​បដិសេធ​មិន​ធ្វើ​អធិប្បាយ​ទេ ហើយ​លោក​បានបង្វែ​សំណួរ​មក​ក្រសួង​រ៉ែ​ និង​ថាមពល​វិញ។​ ​ វីអូអេ​បាន​ព្យាយាមទាក់​ទង​តាម​ទូរស័ព្ទ​ដើម្បី​សុំការ​បំភ្លឺ​ពី​លោក​ម៉េង សក្តធារ៉ា​ អ្នក​នាំពាក្យ​ក្រសួងរ៉ែ ​និង​ថាមពល​ តែ​មិន​អាច​ទាក់ទង​បាន​ទេ។​

លោក​អន ភារ័ក្ស ​អភិបាល​ស្រុក​បទុម​សាគរ​ និង​ក្រុមហ៊ុន​ Direct Assess គឺ​ជា​អ្នក​ប្តឹង​សកម្ម​ជន​ទាំង​បីនាក់​ដែល​កំពុង​ជាប់​ឃុំ​នេះ។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក​អ៊ិន គង់ជិត​ ប៉ុន្តែ​លោក​មិន​ទាន់​បានដឹងទេ​អំពី​កាល​បរិច្ឆេទ​នៃ​សំណុំ​រឿង​ប្តឹង​សកម្ម​ជន​ទាំង​បីនាក់​ ដែល​ព្យាយាម​ទប់​ស្កាត់​ការបូម​ខ្សាច់​នោះ៕

XS
SM
MD
LG