ដប់ឆ្នាំបន្ទាប់ពីផ្ទះរបស់អ្នកស្រី Renata បានទឹកជន់លិចនោះ អ្នកស្រីនិងក្រុមគ្រួសារបន្តធ្វើការជួសជុល។ អ្នកស្រីនិយាយថា៖
«ពួកយើងនៅតែជួសជុលផ្ទះរបស់ពួកយើងនៅឡើយ ប៉ុន្តែពួកយើងបានធ្វើឲ្យផ្ទះពួកយើងអាចរស់នៅបាន។»
កាលពី១០ឆ្នាំមុន ទឹកដែលបាញ់ចេញពីទំនប់ដែលធ្លាយនោះ បានធ្វើឲ្យលិចស្ទើរគ្រប់កន្លែងក្នុងតំបន់នេះដែលគេស្គាល់ថាសង្កាត់ Lower Ninth Ward។
ទោះបីមនុស្សជាច្រើនបានសាងសង់ផ្ទះពួកគេឡើងវិញក៏ដោយ ក៏នៅតែមានដីទំនេរនិងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតជាច្រើន។
នៅក្រោយព្រឹត្តិការណ៍មហាព្យុះ Katrina មក ទីភ្នាក់ងារទទួលបន្ទុកខាងវិស្វកម្មរបស់កងទ័ពសហរដ្ឋអាមេរិក បានជំនួសទំនប់ដែលខូចខាតនោះ ដោយទំនប់ថ្មីមួយដែលល្អជាងមុន។ ទំនប់ថ្មីនោះ ត្រូវបានសាងសង់ឡើងជ្រៅជាងមុន និងរឹងមាំជាងមុន ប៉ុន្តែក្រុមអ្នករិះគន់ទីភ្នាក់ងារទទួលបន្ទុកខាងវិស្វកម្មរបស់កងទ័ពសហរដ្ឋអាមេរិកជាច្រើនបាននិយាយថា ទំនប់របៀបនេះ គួរតែត្រូវបានសាងសង់ឡើងតាំងពីដំបូងមកម្ល៉េះ។
លោក Andy Kopplin អភិបាលរងទីក្រុង New Orleans ថ្លែងថា៖
«វាគឺជាគម្រោងស្ថាបត្យកម្មដែលបរាជ័យខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ព្យុះ Katrina មិនមែនខ្លាំងជាងទំនប់ដែលគួរត្រូវគេបានសាងសង់ដើម្បីការពារនោះទេ»។
លោក Martez Lynch និងក្រុមគ្រួសាររស់នៅក្បែរទំនប់ថ្មីនៅសង្កាត់ Lower Ninth Ward។ លោកបានថ្លែងថា៖
«ខ្ញុំមានអារម្មណ៍ប្រសើរជាងមុនចំពោះទំនប់នាបច្ចុប្បន្ននេះ។ ខ្ញុំចង់មានន័យថា ទីភ្នាក់ងារទទួលបន្ទុកខាងវិស្វកម្មរបស់កងទ័ពសហរដ្ឋអាមេរិក និងអ្នករាល់គ្នាដែលជួយក្នុងរឿងនេះ អាចជួយតាមកម្រិតមួយប៉ុណ្ណោះ។ មាតាធម្មជាតិនឹងនៅតែអាចនាំឲ្យព្យុះសង្ឃរាកើតជាថ្មី បើវាគង់នឹងកើតមានឡើងនោះ។
ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធសាងសង់ដោយមនុស្សនោះ បានបំផ្លាញកម្លាំងទប់ទល់ពីធម្មជាតិ ដោយបានកាត់បន្ថយតំបន់លិចទឹក និងកោះទំនប់រលកនៃទីក្រុង New Orleans។
«អ្វីដែលទាំងកោះទំនប់រលកនិងវាលលិចទឹកបានធ្វើនោះគឺ ពួកគេកាត់បន្ថយកម្លាំងព្យុះ ដូច្នេះបើព្យុះនេះបក់បោកមកលើសហគមន៍នោះ វានឹងថយកម្លាំងខ្លះ»។
លោក Graham ថ្លែងថា អាជ្ញាធររដ្ឋនិងសហព័ន្ធកំពុងធ្វើការរួមគ្នា ក្នុងការស្តារកោះទំនប់រលកទាំងនោះឡើងវិញដើម្បីការពារកុំឲ្យមានការរើបឡើងវិញជាថ្មីម្តងទៀតនៃអ្វីដែលបានកើតមានឡើងកាលពី១០ឆ្នាំមុន៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា