ពិធីបុណ្យនានាធ្វើឡើងនៅភាគខាងត្បូងប្រទេសថៃដើម្បីរំឭកខួប១០ឆ្នាំនៃការរញ្ជួយដីដែលនាំឲ្យមានរលកយក្ស Tsunami កាលពីឆ្នាំ២០០៤។ ពិធីនេះមានអ្នកចូលរួមជាជនជាតិថៃជនបរទេសនិងឥស្សរជនច្រើនរយនាក់។ថ្វីបើមានការចំណាយលុយច្រើនលានដុល្លារសម្រាប់ធ្វើប្រព័ន្ធប្រកាសអាសន្នជាមុនក្តី តែគុណវិបត្តិនៅតែមានក្នុងការត្រៀមខ្លួនទប់ទល់គ្រោះមហន្តរាយក្នុងតំបន់នេះ។
នៅខេត្ត Phang Nga នៅភាគខាងត្បូងប្រទេសថៃនេះមានការរៀបចំពិធីជាច្រើនធ្វើឡើងដើម្បីរំឭកសោកនាដ្ឋកម្មដោយសាររលកយក្ស Tsunami នៅក្នុងមហាសមុទ្រឥណ្ឌាកាលពីឆ្នាំ២០០៤។ ពិធីនេះធ្វើនៅក្បែរទូករបស់ប៉ូលិសថៃពណ៌ត្នោតចាស់មួយដែលរលកយក្ស Tsunami បានបោកបក់មកនៅលើគោកកាលពីមួយទសវត្សរ៍មុន។
ពិធីរំឭកក្នុងពេលរសៀល ដឹកនាំដោយលោកប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីថៃនោះ មានការចូលរួមពីអ្នករួចជីវិតពីគ្រោះមហន្តរាយនេះ សមាជិកគ្រួសាររបស់គេ និងឥស្សរជនមកពីប្រទេសចំនួន១៤ផ្សេងទៀត ដែលជនជាតិរបស់គេបានស្លាប់ក្នុងគ្រោះមហន្តរាយធម្មជាតិនេះ។
មានជនបរទេសជាង២២០០នាក់ ភាគច្រើនជាអ្នកទេសចរណ៍ ដែលដើរលេងនៅប្រទេសថៃអំឡុងបុណ្យណូអែល ឬ Christmas ឆ្នាំនោះ បានស្លាប់បាត់បង់ជីវិតនៅជិតខេត្ត Phang Nga នេះ។ជនរងគ្រោះជាង១០០០នាក់ ដែលក្នុងនោះមាន៥៣៤នាក់មកពីប្រទេសអាល្លឺម៉ងនិង៥២៦នាក់មកពីប្រទេសស៊ុយអែត។ ជនរងគ្រោះសរុបនៅក្នុងប្រទេសថៃមាន៥៤០០នាក់បានស្លាប់បាត់បង់ជីវិត ក្នុងនោះមានជនជាតិថៃ២៥០០នាក់។ ជនរងគ្រោះដទៃទៀតមកពីប្រទេសហ្វាំងឡង់ ប្រទេសអង់គ្លេសនិងប្រទេសស្វីស ហើយនឹងប្រទេសអូស្ត្រាលី ប្រទេសកូរ៉េ ប្រទេសជប៉ុន ហើយនឹងស.រ.អា.។
ពលករចំណាកស្រុករាប់រយនាក់មកពីប្រទេសភូមា ឬ Myanmar ក៏បានបាត់បង់ជីវិតនៅទីនេះដែរ។
ក្នុងតំបន់អាស៊ីទាំងមូលមានមនុស្ស២៣ម៉ឺននាក់បានស្លាប់ក្នុងនោះមាន១៣ម៉ឺននាក់ស្លាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងខេត្ត Banda Aceh ដែលប្រឈមនឹងអំណាចរបស់រលកយក្ស Tsunami ធ្ងន់ធ្ងរជាងគេ។
សោកនាដ្ឋកម្មនេះបានបណ្តាលឲ្យមានការប្រឹងប្រែងយ៉ាងទូលំទូលាយជាអន្តរជាតិដើម្បីបង្កើតប្រព័ន្ធប្រកាសអាសន្ននៅទីនោះ ដើម្បីការពារកុំឲ្យគ្រោះថ្នាក់បាត់បង់ជីវិតបែបនេះកើតមានជាថ្មីទៀត។ ប្រព័ន្ធប្រាប់ឲ្យដឹងជាមុននេះត្រូវបានបង្កើតឡើងនៅក្នុងប្រទេសជាង២០ គួបផ្សំនឹងពោងត្រួតពិនិត្យដែលត្រៀមជាស្រេចដើម្បីស្ទង់ចលនាសមុទ្រ។ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ការរញ្ជួយដីនិងរលកយក្សTsunami បានឆក់យកជីវិតមនុស្សជាង៩១ម៉ឺននាក់តាំងពីឆ្នាំ១៩៧០មក។ តែបច្ចុប្បន្ននេះ ការភ័យខ្លាចកើនឡើងក្នុងចំណោមប្រជាពលរដ្ឋក្នុងស្រុក និងរដ្ឋាភិបាលនានា។
អ្នកស្រី Shamika Sirimanne ដែលធ្វើការនៅគណៈកម្មការសេដ្ឋកិច្ចអ.ស.ប.សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកផ្តោតលើការកាត់បន្ថយគ្រោះមហន្តរាយ និយាយថា រដ្ឋាភិបាលនានាត្រូវចំណាយច្រើនទៀតដើម្បីចៀសវាងកុំឲ្យគ្រោះថ្នាក់ដូចកាលពីឆ្នាំ២០០៤នេះកើតមានជាថ្មីទៀត។
«គ្រោះមហន្តរាយនេះប៉ះពាល់ខ្លាំងក្លាខាងហិរញ្ញវត្ថុនិងការធ្វើផែនការដូចនេះគេដឹងថា ត្រូវមានការវិនិយោគទុនយ៉ាងច្រើនសម្បើម ហើយត្រូវមានទីបញ្ចប់ដើម្បីបញ្ចប់ប្រព័ន្ធប្រកាសអាសន្ននេះ ដែលមានការងារច្រើនទៀតត្រូវធ្វើ។ នេះជារបៀបវារៈមិនចេះចប់ទេ»។
លោក Damith Dharmasaroja ឧតុនិយមវិទូជនជាតិថៃបានព្រមានអំពីគ្រោះមហន្តរាយ ដែលអាចកើតមាននៅអាស៊ីប៉ាស៊ីហ្វិក ដោយសារតែការរញ្ជួយដី និងរលកយក្ស Tsunami មុនកើតមានសោកនាដ្ឋកម្មក្នុងឆ្នាំ២០០៤នោះ។
ឥឡូវនេះលោក Samith និយាយថា ប្រព័ន្ធព្រមានអំពីគ្រោះថ្នាក់នេះមិនមានការថែរក្សាគ្រប់គ្រាន់ទេ។
«ប្រព័ន្ធប្រកាសអាសន្នដែលខ្ញុំបានដំឡើង ហើយដែលមានមណ្ឌលជិត១០០នៅភាគខាងត្បូងប្រទេសថៃ នៅភាគខាងនិរតីនោះ គ្មានអ្នកណាទទួលខុសត្រូវទេ គ្មានអ្នកណាធ្វើការងារថែរក្សាប្រព័ន្ធនេះគឺប៉មព្រមានអំពីគ្រោះអាសន្ននេះ។ គ្មានការថែរក្សាប៉មទាំងនោះទៀងទាត់ទេ»។
អ្នកស្រី Pornthip Rojannasunand អ្នកវិទ្យាសាស្ត្រកំពូលខាងនីតិក្រមបានចំណាយពេលជិត៦សប្តាហ៍នៅភាគខាងត្បូងប្រទេសថៃ ធ្វើការខាងសម្គាល់អត្តសញ្ញាណជនរងគ្រោះជាមួយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ និងប៉ូលិស។
អ្នកស្រីនិយាយថា ប៉ូលិសក្នុងស្រុក និងសហគមន៍នៅតែមិនបានត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយក្នុងពេលអនាគតទេ។
«ក្រោយពីមានគ្រោះថ្នាក់ភ្លាមៗ ខ្ញុំគិតដូច្នេះ យើងនៅតែមិនទាន់អាចទប់ទល់នឹងគ្រោះថ្នាក់បែបនេះនៅឡើយទេ។ ខ្ញុំចង់និយាយអំពីគ្រោះមហន្តរាយទ្រង់ទ្រាយធំបន្ទាប់ពី Tsunami។ ប៉ូលិសនៅតែរង់ចាំ។ ចំណេះដឹងខាងនីតិក្រមអំពីកិច្ចការនេះនឹងសាបរលាបបន្តិចម្តងៗ។ ប៉ូលិសដែលធ្វើការនៅជំនាន់មានរលកយក្ស Tsunami នឹងប្តូរវេនទៅកន្លែងផ្សេង ហើយអ្នកខ្លះចូលនិវត្តន៍។ ដូច្នេះក្នុងពេលអនាគត យើងនឹងនៅតែមានបញ្ហា»។
ប្រព័ន្ធដែលមានតម្លៃជាង៤០០លានដុល្លារដែលព្រមានអំពីគ្រោះថ្នាក់នេះត្រូវដំឡើងនៅក្នុងប្រទេសចំនួន២៨។ ប៉ុន្តែនៅមានការខ្វះខាតក្នុងការអប់រំសាធារណជនអំពីប្រព័ន្ធនេះ ហើយផ្នែកខ្លះមិនដំណើរការទេ។
នៅពេលការរញ្ជួយដីមានកម្លាំងរំញ័រ៨,៦បានបក់បោកទៅលើខេត្ត Banda Aceh ប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ២០១២នោះ ប្រជាជននាំគ្នាភ័យស្លន់ស្លោ ហើយមិនរកជម្រកការពារទេ។ ពួកគេបែរជានាំគ្នាខំភៀសខ្លួនស្ទះពេញផ្លូវ ហើយស៊ីរ៉ែនប្រកាសអាសន្នមិនដំណើរការគឺអត់បញ្ចេញភេរវសញ្ញាអ្វីសោះ៕
លោកពិន ស៊ីសុវណ្ណជូនសេចក្តីប្រែសម្រួល